« សូមកុំខកខានទៅបេសកកម្មរៀមច្បង » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤
ចម្រើនវ័យដោយស្មោះត្រង់
សូមកុំខកខានទៅ បេសកកម្មរៀមច្បង
សេចក្ដីសញ្ញារបស់យើងអញ្ជើញយើងឲ្យបម្រើគ្នាទៅវិញទៅមក ឈរជាសាក្សីនៃព្រះ ហើយលួងលោមដល់អ្នកដែលត្រូវការការលួងលោមចិត្ត ។ ការបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បង គឺជាវិធីមួយដើម្បីបំពេញតាមការអញ្ជើញទាំងនេះ ផ្ដល់ពរដល់ជីវិតរបស់យើងផ្ទាល់ និងអ្នកទាំងឡាយដែលយើងបម្រើ ។
មានពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងចំនួន ៣៤,០០០ នាក់ ដែលបម្រើពេញម៉ោង ឬនៅក្នុងបេសកកម្មផ្នែកសេវាកម្មនៅពេលនេះដែលដូចជាដៃគូវ័យក្មេងរបស់ពួកគេ ដែលកំពុងរកឃើញនូវអំណរដ៏បរិបូរណ៍នៅក្នុងដំណើរនេះ ។ អ្នកនៅលីវ និងគូស្វាមីភរិយាអាចបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងនៅក្នុងកិច្ចការចាត់តាំងផ្សេងៗ ។
ហើយតម្រូវការនេះគឺចាំបាច់ណាស់ ។ នៅក្នុងសន្និសីទទូទៅប្រចាំ ខែ តុលា ឆ្នាំ ២០២៣ អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានលើកទឹកចិត្ដសមាជិកចាស់ៗឲ្យពិចារណាអំពីបេសកកម្មរៀមច្បង ។ លោកបានសួរថា « ‹ តើបងប្អូនកំពុងធ្វើអ្វីនៅដំណាក់កាលនេះក្នុងជីវិតរបស់បងប្អូន › ? មានរបៀបជាច្រើនដែលពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងអាចធ្វើដែលគ្មានអ្នកផ្សេងទៀតអាចធ្វើបាន ។ បងប្អូនគឺជាកម្លាំងដ៏អស្ចារ្យនៃសេចក្ដីល្អ មានបទពិសោធន៍ច្រើនក្នុងសាសនាចក្រ និងមានគោលជំហរលើកទឹកចិត្ត និងសង្គ្រោះបុត្រាបុត្រីរបស់ព្រះ ។
ដោយពន្យល់អំពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងត្រូវបានហៅ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ៖ « ឱកាសសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសន៍រៀមច្បងគឺមានច្រើន និងខុសៗគ្នា ។ ការហៅឲ្យបម្រើរបស់ពួកគេត្រូវបានធ្វើឡើងជាផ្លូវការបន្ទាប់ពីមានការពិចារណាប្រកបដោយការអធិស្ឋានដែលត្រូវបានផ្តោតទៅលើប្រវត្តិការងារ បទពិសោធន៍ភាសា និងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្នុងចំណោមគុណសម្បត្តិទាំងអស់ដើម្បីបម្រើ នោះ បំណងប្រាថ្នា ដើម្បីបម្រើអាចជារឿងដ៏សំខាន់បំផុត » ។ លោកក៏បានរៀបរាប់អំពីការរួមចំណែករបស់ពួកអ្នកផ្សព្វផ្សាយរៀមច្បងថា « មិនអាចជំនួសបានឡើយ » ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងបានថ្លែងថា « ពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងខ្លះធ្វើការនៅក្នុងការិយាល័យបេសកកម្ម ឬជាមួយនឹង BYU–Pathway ឬកម្មវិធីផ្តួចផ្តើមមនុស្សធម៌ដែលមានរចនាសម្ព័ន្ធដែលបានកំណត់យ៉ាងល្អ » ។ « យើងបានបម្រើបេសកកម្មជាច្រើនប្រភេទនោះដោយខ្លួនយើងផ្ទាល់ ។ ហើយយើងមិនសូវច្បាស់ប៉ុន្មានទេ នៅពេលយើងត្រូវបានហៅឲ្យទៅធ្វើបេសកកម្ម គ.ស.អ. ( ការគាំទ្រសមាជិក និងអ្នកដឹកនាំ ) ។ នៅពេលយើងចាប់ផ្ដើម យើងពិតជាចូលចិត្តភាពបត់បែន និងភាពច្នៃប្រឌិតដែលបេសកកម្មប្រភេទនោះបានផ្តល់ឲ្យយើងទៅជួបសមាជិក និងពង្រឹងសាខាក្នុងមូលដ្ឋានទាំងឡាយ » ។
បងស្រីរៀមច្បងដែលកំពុងបម្រើការនៅក្នុងមជ្ឈមណ្ឌលអ្នកទស្សនាម្នាក់បាននិយាយថា « នៅពេលស្វាមីរបស់ខ្ញុំបានទទួលមរណភាពទៅ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីជាមួយពេលវេលារបស់ខ្ញុំទេ ។ ឥឡូវខ្ញុំមានការងារដែលត្រូវធ្វើ កន្លែងដែលត្រូវទៅ មនុស្សដែលត្រូវជួប ។ ខ្ញុំមានមនុស្សពឹងពាក់លើខ្ញុំ » ។
ប្អូនស្រីម្នាក់បន្ទាប់ពីត្រឡប់មកផ្ទះវិញពីបេសកកម្មរៀមច្បងរបស់នាងបានលើកឡើងថា « មិនចាំបាច់ព្រួយបារម្ភទេ ទោះបីជាអ្នកមិនបានបម្រើកាលនៅក្មេងក៏ដោយ » ។ « វាជាតួនាទីថ្មីមួយសម្រាប់មនុស្សគ្រប់គ្នា ! យើងទាំងអស់គ្នាបានរៀនរួមគ្នាដើម្បីពឹងផ្អែកលើព្រះអម្ចាស់ក៏ដូចជាពឹងលើគ្នាទៅវិញទៅមកផងដែរ ហើយបានរកឃើញថា ‹ ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន › [ អាល់ម៉ា ៣៧:៦ ] » ។
ពរជ័យសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា
បេសកកម្មរៀមច្បងមានភាពខុសៗគ្នាច្រើនដូចពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងដែរ ។ មានគ្រប់ប្រភេទទាំងអស់—នីមួយៗមានបញ្ហាប្រឈមមុខ អំណរ និងអត្ថប្រយោជន៍ផ្ទាល់ខ្លួនរៀងៗខ្លួន ។ ប៉ុន្តែមានចំណុចរួមមួយចំនួនសម្រាប់បេសកកម្មរៀមច្បងគ្រប់ប្រភេទទាំងអស់ ៖ ការសិក្សាព្រះគម្ពីរដ៏មានអត្ថន័យ ការអធិស្ឋានដ៏ស្មោះត្រង់ជាញឹកញាប់ ការចូលរួមក្នុងការបម្រើ ការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធជាបន្តបន្ទាប់ និងឱកាសដ៏ពិសេសមួយដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរ ។
ពួកអ្នកផ្សព្វផ្សាយរៀមច្បងម្នាក់បានមានប្រសាសន៍ថា « ខ្ញុំមិនដែលមានអារម្មណ៍ជិតស្និទ្ធនឹងព្រះអម្ចាស់ជាងពេលដែលយើងកំពុងបម្រើជាអ្នកផ្សព្វផ្សាយរៀមច្បងនោះទេ » ។ « ខ្ញុំបានដឹងថារឿងមួយចំនួនគឺហួសពីការគ្រប់គ្រងរបស់ខ្ញុំ ជាពិសេសការត្រឡប់មកផ្ទះវិញនៅជាមួយកូនៗ និងចៅៗ ។ ដូច្នេះហើយខ្ញុំដាក់រឿងទាំងឡាយនៅក្នុងព្រះហស្ថរបស់ព្រះអម្ចាស់ ។ ហើយទ្រង់បានប្រទានពរដល់គ្រួសាររបស់យើង ។ យើងមិនដែលជិតសិ្នទ្ធជាមួយនឹងចៅរបស់យើងជាងការជួបជាមួយពួកគេជារៀងរាល់សប្តាហ៍នៅតាមហ្សូមនោះទេ ។ យើងបាននិយាយអំពីរឿងដែលពួកគេមិនធ្លាប់ចាប់អារម្មណ៍ពីមុនមក ។ ខណៈដែលវាមិនកើតឡើងចំពោះមនុស្សគ្រប់គ្នា តែក្នុងករណីរបស់យើង នោះកូនប្រុសម្នាក់បានត្រឡប់មកព្រះវិហារវិញខណៈដែលយើងបម្រើ ហើយកូនប្រុសម្នាក់ទៀតបានរៀបការម្ដងទៀត ហើយក្រោយមកត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ » ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងម្នាក់ទៀតបាននិយាយថា « ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាមួយដៃគូប្រចាំថ្ងៃរបស់យើងបានកាន់តែមានន័យខ្លាំងឡើង ដោយសារយើងកំពុងស្វែងរកវិធីដើម្បីអនុវត្តព្រះគម្ពីរ ដោយមិនមែនគ្រាន់តែអានវាប៉ុណ្ណោះទេ ។ ខ្ញុំមិនគ្រាន់តែអានឲ្យចប់ដូចដែលពេលខ្លះខ្ញុំបានធ្វើកាលពីមុននោះទេ ។ នៅក្នុងការបម្រើរបស់យើង វាហាក់ដូចជាខ្ញុំតែងតែយោងទៅលើខគម្ពីរមួយដែលយើងបានអាននៅថ្ងៃនោះ ឬសប្តាហ៍នោះអ៊ីចឹង ដូច្នេះហើយខ្ញុំបានចាប់ផ្ដើមគិតថានឹងប្រើខគម្ពីរថ្មីៗដែលខ្ញុំបានអានក្នុងថ្ងៃនីមួយៗ ។ ខ្ញុំមិនសូវអសកម្មក្នុងការសិក្សាព្រះគម្ពីររបស់ខ្ញុំទេ ដោយរំពឹងថាខ្ញុំនឹងយោងទៅលើអ្វីដែលខ្ញុំបានអាននៅថ្ងៃនោះ » ។
ស៊ីស្ទើររៀមច្បងម្នាក់បានមានប្រសាសន៍ថា « ការបម្រើបេសកកម្មបានផ្តល់ឲ្យខ្ញុំនូវហេតុផលថ្មីមួយអំពីជីវិត » ។ « វាបានផ្តល់ឲ្យខ្ញុំនូវគោលបំណងដ៏មានអត្ថន័យមួយ គឺជាសេចក្តីរីករាយថ្មីសម្រាប់ការរស់នៅ និងអ្វីដែលធ្វើលើសពីលេងវាយកូនហ្គោល ឬការមើលចៅៗ » ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងម្នាក់ទៀតបានបញ្ជាក់ថា « ការបម្រើគឺជាផ្លូវទ្វេទិស » ។ « កាលណាយើងគិត—សន្មតតិចតួច—ថាតើយើងបានធ្វើច្រើនប៉ុន្មានដើម្បីអ្នកដទៃ នោះយើងមិនទទួលបានជោគជ័យច្រើននោះទេ ។ ប៉ុន្តែនៅពេលយើងបានដឹងថាយើងកំពុងរៀន និងពង្រីកខ្លួនឯងប៉ុណ្ណា នោះមិនត្រឹមតែយើងបានផ្លាស់ប្ដូរប៉ុណ្ណោះទេ ប៉ុន្តែអ្នកផ្សេងទៀតហាក់ដូចជាចាប់អារម្មណ៍កាន់តែខ្លាំងទៅលើអ្វីដែលយើងកំពុងនិយាយ និងធ្វើផងដែរ ។ យើងធ្វើដោយមិនចង់បានប្រយោជន៍ ហើយទីបំផុត និងទទួលបានរង្វាន់ជាទីគាប់ចិត្ត » ។
ទំនាក់ទំនងកាន់តែរឹងមាំ
នៅពេលដែលមនុស្សបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បង នោះពួកគេអភិវឌ្ឍទំនាក់ទំនងដ៏ជ្រាលជ្រៅដែលមានរយៈពេលពេញអស់មួយជីវិត ។ មនុស្សជាច្រើនកាន់តែជិតស្និទ្ធជាមួយមនុស្សដែលពួកគេបម្រើ ។ ពួកគេក៏បង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត និងថ្នាក់ដឹកនាំក្នុងតំបន់ផងដែរ ។ អ្នកផ្សព្វផ្សាយសាសនារៀមច្បងម្នាក់បានមានប្រសាសន៍ថា « យើងបានបង្កើតចំណងមិត្តភាពជាមួយពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង គូស្វាមីភរិយាផ្សេងទៀត និងមនុស្សដែលយើងនឹងមិនដែលជួបទេប្រសិនបើយើងនៅផ្ទះ » ។ « យើងនៅតែបន្តទាក់ទងគ្នាទៅវិញទៅមក ។ នៅគ្រាមួយដែលខ្ញុំគិតថារាល់ថ្ងៃនឹងដូចគ្នា ការធ្វើបេសកកម្មមួយបានធ្វើឲ្យយើងចាប់ផ្ដើមថ្មី និងមិត្តភក្តិថ្មីដើម្បីធ្វើដំណើរជាមួយនឹងយើង » ។
បេសកកម្មរៀមច្បងអាចជួយគូស្វាមីភរិយាពង្រឹងអាពាហ៍ពិពាហ៍របស់ខ្លួនផងដែរ ។ នៅពេលដែលមនុស្សចូលនិវត្ដន៍ ឬកាត់បន្ថយពេលវេលាធ្វើការ នោះគូស្វាមីភរិយាអាចរកឃើញថាពួកគេត្រូវពិចារណាឡើងវិញនូវគោលបំណងរួមមួយជាមួយគ្នា ដោយសារពួកគេប្រហែលជាមិនចិញ្ចឹមកូននៅក្នុងផ្ទះរបស់ពួកគេទៀតនោះទេ ។ ពួកគេក៏អាចធ្លាប់រស់តាមរបៀបរបបផ្ទាល់ខ្លួនជាមួយនឹងកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេ ។ ចម្រើនវ័យ ឬការចូលនិវត្ដន៍អាចធ្វើឲ្យមានការផ្លាស់ប្ដូរបាន ។ ការចាប់ផ្ដើមថ្មី បទពិសោធន៍ដែលបានចែកចាយជាមួយគ្នា មិនថាការបម្រើពីផ្ទះ ឬពេញម៉ោងនៅក្នុងបេសកកម្មរៀមច្បងក៏ដោយ អាចជួយបង្កើតគោលបំណងថ្មីសម្រាប់គូស្វាមីភរិយា និងពង្រឹងការពឹងផ្អែកគ្នាទៅវិញទៅមករបស់ពួកគេបាន ។
ស៊ីស្ទើរម្នាក់បានមានប្រសាសន៍ដោយសើចថា « មានពាក្យចាស់មួយពោលថា នៅពេលចូលនិវត្តន៍ ‹ អ្នកទទួលបានប្រាក់ចំណូលពាក់កណ្តាល ហើយអាចចំណាយពេលជាមួយស្វាមីបានច្រើនជាងមុនដល់ទៅពីរដង › » ។ « ការបម្រើបេសកកម្មនៅកន្លែងមួយដែលនៅឆ្ងាយពីផ្ទះ បានអនុញ្ញាតឲ្យយើងនិយាយតាមរយៈការផ្លាស់ប្តូរទាំងនេះតាមរបៀបដែលយើងមិនដែលមានពីមុនបេសកកម្មរបស់យើងឡើយ ។ បន្ទាប់ពីស្វាមីខ្ញុំបានចូលនិវត្ដន៍ យើងមិនបានប្រាស្រ័យទាក់ទងគ្នាដើម្បីដោះស្រាយជម្លោះរបស់ពួកយើងទេ ដោយខឹងសម្បារនឹងគ្នាទៅវិញទៅមក ។ ឥឡូវនេះជំនួសឲ្យការធ្វើរឿងរៀងៗខ្លួនរបស់យើង និងការមិនអើពើដាក់គ្នាទៅវិញទៅមក យើងមិនចង់ឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ការងាររបស់ព្រះអម្ចាស់ទេ ដូច្នេះយើងនិយាយគ្នាអំពីអ្វីដែលធ្វើឲ្យរំខានដល់យើង » ។
អ្នកផ្សព្វផ្សាយរៀមច្បងម្នាក់បាននិយាយថា « ភរិយារបស់ខ្ញុំ និងខ្ញុំបានចាប់ផ្តើមនិយាយគ្នាជារៀងរាល់យប់អំពីសេចក្តីមេត្តាករុណាដែលយើងមានជារៀងរាល់ថ្ងៃនៅពេលកំពុងបម្រើបេសកកម្មរបស់យើង » ។ « វាមិនត្រឹមតែជួយយើងឲ្យផ្ដោតអារម្មណ៍កាន់តែខ្លាំងទៅលើអ្វីដែលបានកើតឡើងជាជាងលើខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ឱកាសឲ្យយើងមើលឃើញភាពល្អដែលនៅជុំវិញយើងទាំងអស់គ្នា ទោះជានៅពេលដែលផ្នែកខ្លះនៃថ្ងៃមិនបានដំណើរការបានល្អក៏ដោយ » ។
ភរិយារបស់គាត់បានបន្ថែមថា « ហើយដោយសារតែវាជារឿងចុងក្រោយដែលយើងបានធ្វើជារៀងរាល់យប់ » យើងបានចូលសម្រាន្តមិនសូវមានភាពតានតឹង និងពេញចិត្តច្រើនជាងមុនជាងពេលដែលយើងមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ វាថែមទាំងជួយឲ្យខ្ញុំគេងបានល្អជាងមុនដែរ ! »
ពរជ័យសម្រាប់អ្នកដែលពួកគេបម្រើ
ជីវិតមានឡើងនិងមានចុះ—វាមានថ្ងៃល្អ និងថ្ងៃអាក្រក់របស់វា ។ ដូចជាបេសកកម្មដែរ ។ ប៉ុន្តែការបម្រើព្រះអម្ចាស់ដែលមានរង្វាន់ជាច្រើនក្នុងនោះ មិនត្រឹមតែបន្ទាប់ពីបេសកកម្មបានបញ្ចប់នោះទេ តែក្នុងអំឡុងពេលបេសកកម្មផងដែរ ។ ដូចដែលបងប្អូនជីដូនមួយរបស់នាង ឈ្មោះ ម៉ាដេកាយ បាននិយាយទៅកាន់នាងអេសធើរថា « ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សម្រាប់ពេលនេះឯងទេដឹង ? » ( អេធើរ ៤:១៤ បានបន្ថែមការគូសបញ្ជាក់ ) ។ ដោយសម្លឹងមើលទៅក្រោយលើការបម្រើរបស់ពួកគេ ពួកអ្នកផ្សព្វផ្សាយរៀមច្បងជាច្រើនបានមានអារម្មណ៍ថាពួកគេត្រូវបានចាត់តាំងឲ្យធ្វើកិច្ចការមួយ ឬទៅតំបន់មួយដែលពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពិសេស ដើម្បីបំពេញតម្រូវការជាក់លាក់មួយ ។
ខ្ញុំបានដកពិសោធន៍នូវផលល្អដ៏មានឥទ្ធិពលដែលគូស្វាមីភរិយាអ្នកផ្សព្វផ្សាយសាសនារៀមច្បងអាចធ្វើបានដោយផ្ទាល់នៅពេលខ្ញុំរស់នៅរដ្ឋល្វីស៊ីយ៉ាណា ក្នុងសហរដ្ឋអាមេរិក ។ មិនយូរប៉ុន្មាន បន្ទាប់ពីត្រូវបានហៅឲ្យបម្រើនៅក្រុមប្រឹក្សាជាន់ខ្ពស់ ស្តេកញ៉ូវអ័លីនល្វីស៊ីយ៉ាណា ខ្ញុំត្រូវបានចាត់តាំងឲ្យជួយដល់សាខាផតស៊ុលហ្វួរ ។ មានតែបងប្អូនបព្វជិតភាពសកម្មពីបីនាក់ប៉ុណ្ណោះនៅក្នុងសាខានេះ ។ ការបង្រៀន និងមុខតំណែងជាអ្នកដឹកនាំភាគច្រើនត្រូវបានធ្វើដោយស្ត្រីដែលស្វាមីរបស់ពួកគេមិនមែនជាសមាជិក ។ ជួនកាលពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បង ឬថ្នាក់ដឹកនាំស្តេកត្រូវបានចាត់តាំងឲ្យទៅសាខា ប៉ុន្តែពួកគេបានទទួលជោគជ័យមានកម្រិតនៅក្នុងការទាក់ទងដល់ក្រុមគ្រួសារដែលមានរណាម្នាក់ជាសមាជិក ។
បន្ទាប់មក គូស្វាមីភរិយារៀមច្បងមកពីរដ្ឋវ៉ាយអូមីង សហរដ្ឋអាមេរិក ត្រូវបានចាត់តាំងឲ្យទៅជួយសាខានេះ ។ ពួកគេធ្លាប់ជាកសិករអស់រយៈពេលជាច្រើនឆ្នាំ ហើយបានធ្វើការនៅក្នុងរោងចក្រធ្វើឈីសក្នុងតំបន់មួយនៅជិតផ្ទះរបស់ពួកគេ ។ ដោយសារតែប្រវត្តិ និងបទពិសោធន៍ជីវិតរបស់ពួកគេ នោះពួកគេទំនាក់ទំនងយ៉ាងងាយស្រួលទៅនឹងមនុស្សជាច្រើននៅផតស៊ុលហ្វួរ ដែលបានធ្វើការក្នុងឧស្សាហកម្មប្រេង ។ គូស្វាមីភរិយារៀមច្បងនេះបានចំណាយពេលជាច្រើនក្នុងការកសាងទំនាក់ទំនង និងធ្វើការបម្រើទៅដល់ក្រុមគ្រួសារដែលមាននរណាម្នាក់ជាសមាជិកនៅក្នុងសាខានេះ ។ ដោយសារតែការបម្រើ និងសេចក្ដីស្រឡាញ់របស់ពួកគេក្នុងអំឡុងពេលរបស់ពួកគេនៅផតស៊ុលហ្វួរ សាខានេះត្រូវបានពង្រឹង និងផ្ដល់ពរយ៉ាងពិសេសតាមរយៈការបម្រើដ៏ស្មោះត្រង់របស់ពួកគេ ។ បុរសជាច្រើននាក់មកពីគ្រួសារដែលមាននរណាម្នាក់ជាសមាជិក បានចូលរួមក្នុងសាសនាចក្រពង្រឹងដល់ពួកកូរ៉ុមអែលឌើរ និងសាខា ។
ពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្តល់ពរជ័យដល់ជីវិត—របស់ពួកគេផ្ទាល់ក៏ដូចជាអ្នកឯទៀត ។ សូមកុំខកខានចំពោះឱកាសដ៏អស្ចារ្យក្នុងការបម្រើ និងរីកចម្រើនឲ្យសោះ !