លីអាហូណា
សេចក្តីពិត​ពីរ​ដែល​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​ការ​បន្ទាប​ខ្លួន​
ខែ កក្កដា ឆ្នាំ ២០២៤


« សេចក្តីពិត​ពីរ​ដែល​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​ការបន្ទាបខ្លួន » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។

យុវមជ្ឈិមវ័យ

សេចក្តីពិត​ពីរ​ដែល​ជួយ​ខ្ញុំ​ឲ្យ យល់​អំពី​ការបន្ទាបខ្លួន

ការបន្ទាបខ្លួន​អាច​ជួយ​បាន​ទាំង​ការមាន​អំនួត និង​អារម្មណ៍​នៃ​ភាពមិន​គ្រប់គ្រាន់ ។

យុវមជ្ឈិមវ័យ​ប្រុស​នៅ​ក្នុង​ថ្នាក់​រៀន​នៅ​ព្រះវិហារ

រូបថត​សមាជិក​នៅ ប៉ារ៉ាហ្គាយ ដោយ ឡេសលី និលសុន

ការពិត ៖ ខ្ញុំ​ជា​កូន​របស់​ព្រះ ហើយ​នោះ​គឺ​ជា​សេចក្ដីពិត​ដ៏​អស្ចារ្យ និង​ទេវភាព​មួយ ។

ការពិត​ដែល​សំខាន់​ដូចគ្នា ៖ ដោយសារ​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី​នេះ​ក៏​ជា​កូន​របស់​ព្រះ​ដែរ នោះ​ពួកគេ​ក៏​ជា​មនុស្ស​អស្ចារ្យ និង​ទេវភាព​ផងដែរ ។

សេចក្ដីពិត​ទាំង​ពីរ​នេះ​ប្រហែល​ជា​ហាក់​ដូច​ជា​សាមញ្ញ​ពេក ប៉ុន្តែ​ខ្ញុំ​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដីពិត​ទាំង​នោះ​ជ្រួលជ្រាប ហើយ​យល់​អំពី​អត្ថន័យ​នៃ​សេចក្ដីពិត​ទាំងនោះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ពេលខ្លះ​ខ្ញុំ​មាន​កំហុស​ក្នុង​ការប្រឈម​នឹង​ស្ថានភាព​ដោយ​អំនួត ដោយ​គិត​ថា​ផ្លូវ​របស់​ខ្ញុំ​គឺ​ជា​វិធី​ត្រឹមត្រូវ ឬ​ថា​ខ្ញុំ​មាន​សមត្ថភាព​ច្រើន​ជាង​មនុស្ស​ដទៃ​ទៀត ។ ពេល​ខ្លះ​ខ្ញុំ​ធ្វើ​ផ្ទុយ​ទៅ​វិញ ដោយ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​សូវ​ស័ក្តិសម ឬ​មិនសូវ​មាន​តម្លៃ​ជាង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​ខ្ញុំ​នោះទេ ។

ចម្លើយ​ចំពោះ​ការពុះពារ​ទាំង​ពីរ​នោះ​គឺ​ដូច​គ្នា ៖

ការបន្ទាបខ្លួន

តើ​ខ្ញុំ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ទេ​ឬ ?

បទពិសោធន៍​មួយ​ដែល​ពិត​ជា​ធ្វើឲ្យ​ខ្ញុំ​បន្ទាបខ្លួន​បាន​កើត​ឡើង​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ ។ ខ្ញុំ​គិត​ថា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ភាគ​ច្រើន​ជួបនឹង​អារម្មណ៍​នៃ​ភាព​មិន​គ្រប់គ្រាន់ ខណៈ​ដែល​កំពុង​ព្យាយាម​នាំ​មនុស្ស​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​គ្រាន់​តែ​ព្យាយាម​ស្វែងរក​នរណា​ម្នាក់​ដើម្បី​បង្រៀន ហើយ​ត្រូវ​បានគេ​បដិសេធ​ម្តង​ហើយ​ម្តងទៀត ។ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ ។ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ការខិតខំ​របស់​ខ្ញុំ​គ្រប់​គ្រាន់​ទេ ។ នៅ​ទីបំផុត ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា ខ្ញុំ មិន​គ្រប់គ្រាន់​ទេ ។

ទោះបី​ជា​វា​ហាក់​ដូចជា​ការបន្ទាបខ្លួន​គឺជា​អ្វី​ដែល​ខ្ញុំ​ត្រូវការ​ក៏​ដោយ នៅ​ពេល​ខ្ញុំ​បាន​ពន្យល់​ពី​អារម្មណ៍​របស់​ខ្ញុំ​ទៅកាន់​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ថា ផ្នែក​មួយ​នៃ​បញ្ហា​របស់​ខ្ញុំ​គឺ​ការគិត​ថា ខ្ញុំ​ត្រូវ​បាន​លើក​លែង​ពី​បញ្ហា​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទូទាំង​ពិភព​លោក​ប្រឈម​មុខ ។ ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​ដែល​មាន​អារម្មណ៍​ថា​ត្រូវ​បានគេ​បដិសេធ​នោះ​ទេ ហើយ​ខ្ញុំ​ប្រាកដណាស់​មិន​មែន​ជា​អ្នក​ផ្សព្វផ្សាយ​ចុង​ក្រោយ​ដែរ ។

ពេលខ្លះ​ខ្ញុំ​បាន​បញ្ចុះបញ្ចូល​ខ្លួនឯង​ថា​ការលំបាក​របស់​ខ្ញុំ​គឺ​ជា​កំហុស​របស់ខ្ញុំ​ទាំងស្រុង ទោះបីជា​ការពិត​ដែល​ថា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏ល្អ​បំផុត​មួយចំនួន​ក្នុង​ប្រវត្តិសាស្ត្រ—ដូចជា​សាវក​ទាំង​ដប់ពីរ​ពីដើម ពួកបុត្រា​នៃ​សេ្ដច​ម៉ូសាយ និង​អាលម៉ា​ជាកូន—ធ្លាប់​ប្រឈមមុខ​នឹង​ការបដិសេធ និង​បៀតបៀន​ដ៏​អាក្រក់​ជាង​ខ្ញុំ​ធ្លាប់​ជួប​ក៏ដោយ ។

ជំនួស​ឲ្យ​ការ​មាន​អារម្មណ៍​សោកសៅ​ចំពោះ​ខ្លួន​ខ្ញុំឯង ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​ឈរ​កៀកស្មា​ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការតស៊ូ​របស់​ខ្ញុំ ។ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាស​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ ខ្ញុំ​បាន​ចងចាំ​ពី​អ្វី​ដែល​ប្រធាន ជែហ្វ្រី អ័រ ហូឡិន ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « ដង្វាយធួន [ របស់​ព្រះគ្រីស្ទ ] នឹង​ដឹកនាំ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ប្រហែល​ជា​កាន់តែ​សំខាន់​ជាង​អ្វី​ដែល​វា​នឹង​ដឹកនាំ​អ្នករៀន​ទៅទៀត ។ ពេល​បងប្អូន​ពុះពារ ពេល​បងប្អូន​ត្រូវ​គេ​បដិសេធ … បងប្អូន​កំពុង​ស្ថិតនៅ​ក្នុង​ជីវិត​ដ៏ល្អ​បំផុត​ដែល​ពិភពលោក​នេះ​មិន​ធ្លាប់​បាន​ស្គាល់ ជីវិត​ដ៏​បរិសុទ្ធ និង​ល្អ​ឥតខ្ចោះ​តែមួយគត់​ដែល​ធ្លាប់​បាន​រស់នៅ​ពីមុនមក » ។

ខ្ញុំ​នៅ​តែ​ក្រឡេក​មើល​ទៅ​បទពិសោធន៍​នេះ​នៅពេល​ខ្ញុំ​ត្រូវ​ចងចាំ​ឲ្យ​បន្ទាប​ខ្លួន និង​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។

មេរៀន​មួយ​អំពី​ការបន្ទាបខ្លួន

ខ្ញុំ​បាន​រៀន​ជាច្រើន​អំពី​អត្តសញ្ញាណ​របស់​ខ្ញុំ​ជា​កូន​របស់​ព្រះ ខណៈ​ដែល​ខ្ញុំ​កំពុង​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ។ ប៉ុន្ដែ​ក្រោយ​ពី​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​នៅ​តែ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​រៀន​អំពី​សារៈសំខាន់​នៃ​ការចងចាំ​ថា មនុស្ស​ដទៃ​ទៀត​ក៏​ជា​បុត្រាបុត្រី​របស់​ព្រះ​ដែរ ។

មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​ការបម្រើ​មួយ​យ៉ាង​លំបាក ហើយ​ឲ្យ​ទទួល​ខុសត្រូវ​លើ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដ៏​លើសលប់ ហើយ​ខ្ញុំ​មិន​អាច​ទាក់ទង​នរណា​ម្នាក់​ដែល​ត្រូវ​ជួយ​ខ្ញុំ​បាន​ទេ ។ ខ្ញុំ​បាន​ផ្ញើ​អ៊ីមែល​មួយ​ដែល​ពិត​ជា​មាន​ពាក្យសម្តី​មិន​សូវ​ពិរោះពិសា​នោះទេ ។

ខ្ញុំ​គិត​ត្រូវ​ដែល​ថា​ការហៅបម្រើ​នេះ​គឺ​មាន​សារៈ​សំខាន់ ហើយ​ថា​ខ្ញុំ​ត្រូវការ​ការគាំទ្រ​បន្ថែម​ទៀត ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ភ្លាមៗ​ថា​នេះ​ប្រហែលជា​មិន​មែន​ជា​វិធី​ល្អ​បំផុត​ដើម្បី​លើកទឹកចិត្ត​មនុស្ស​នោះ​ទេ ។ ខ្ញុំ​ត្រូវការ​ការបន្ទាបខ្លួន ខ្ញុំ​ត្រូវការ​ចងចាំ​ថា​មនុស្ស​ផ្សេងទៀត​ប្រហែលជា​មាន​រឿង​ផ្ទាល់​ខ្លួន​ដែល​ធ្វើឲ្យ​ពួកគេ​តានតឹង ។

ដូច​ដែល​អែលឌើរ ស្ទីវិន អ៊ី ស្នូ បាន​បង្រៀន​នៅ​ពេល​លោក​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់ « បើ​យើង​បន្ទាបខ្លួន នោះ​ការអធិស្ឋាន​របស់​យើង​នឹង​ទទួល​ចម្លើយ យើង​រីករាយ​នឹង​ភាពសុខសាន្ត​ក្នុង​ចិត្ត យើង​បម្រើ​ក្នុង​ការហៅ​របស់​យើង​កាន់តែ​មាន​ប្រសិទ្ធិភាព ហើយ​បើ​យើង​បន្ត​មាន​ចិត្ត​ស្មោះត្រង់ នៅ​ទីបញ្ចប់​យើង​នឹង​ត្រឡប់​ទៅឯ​វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ » ។

ពិត​ណាស់ ខ្ញុំ​មាន​អារម្មណ៍​អំណរ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការហៅបម្រើ​របស់​ខ្ញុំ និង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​កាល​ដែល​ខ្ញុំ​បាន​រៀន​ដើម្បី​មាន​ការបន្ទាប​ខ្លួន​កាន់​តែ​ខ្លាំងដែរ ។

តុល្យភាព​សេចក្ដីពិត​ពីរ

សម្រាប់​ខ្ញុំ ការរៀន​បន្ទាបខ្លួន​ពិត​គឺ​អំពី​តុល្យភាព​នៃ​សេចក្តីពិត​ទាំង​ពីរ​នេះ ៖

ខ្ញុំ​ជា​បុត្រ​របស់​ព្រះ ។ ហើយ​ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​បុត្រាបុត្រី​ផ្សេង​ទៀត​របស់​ព្រះ ។

នៅពេល​ខ្ញុំ​បាន​រៀន​បន្ថែម​ទៀត​អំពី​ការបន្ទាបខ្លួន ខ្ញុំ​បាន​ដឹង​ថា​អ្វី​ដែល​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​គឺ​ពិត « ចិត្ត​រាបសា​ពុំ​មែន​ជា​ការសម្រេច​បាន​ដ៏​ធំ ឬ​ជា​ការយក​ឈ្នះ​ឧបសគ្គ​ដ៏​ធំ​មួយ​ចំនួន​នោះ​ទេ ។ … វា​គឺជា​ការ​មាន​ទំនុកចិត្ត​ដ៏​ស្ងប់ស្ងាត់​ថា គ្រប់​ពេល​វេលា​យើង​អាច​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ បម្រើ​ទ្រង់ ហើយ​សម្រេច​ព្រះរាជ​បំណង​របស់​ទ្រង់ » ។ ខ្ញុំ​បាន​រៀន​ថា​ខ្ញុំ​ពិត​ជា​អាច​សម្រេច​គោលបំណង​របស់​ព្រះ​អម្ចាស់​បាន​មែន—ប៉ុន្តែ​មានតែ​នៅពេល​ដែល​ខ្ញុំ​បង្វែរ​ឆន្ទៈ​របស់​ខ្ញុំ​ទៅ​រក​ទ្រង់ ហើយ​ទុក​ចិត្ត​ថា​ទ្រង់​ជ្រាបដឹង​ថា​អ្វី​ដែល​ល្អ​បំផុត​ប៉ុណ្ណោះ ។

ខ្ញុំ​ដឹង​ថា​នៅ​ពេល​យើង​ព្យាយាម​ដើម្បី​ក្លាយ​ទៅជា​មនុស្ស​មាន​ចិត្ត​រាបសា​កាន់តែ​ខ្លាំង ហើយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ នោះ​ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរ​ដល់​យើង​ក្នុង​កិច្ចខិតខំ​របស់​យើង ។

អ្នកនិពន្ធ​រស់នៅ ហ្វ្រែងហ្វើត ប្រទេស​អាល្លឺម៉ង់ ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « Missionary Work and the Atonement » Ensign ខែ មីនា ឆ្នាំ ២០០១ ទំព័រ ១៥ ។

  2. ស្ទីវិន អ៊ី ស្នូ « Be Thou Humble » Liahona ខែ​ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៦ ។

  3. ឃ្វីនថិន អិល ឃុក « The Eternal Everyday » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥៤ ។