« សូមជួយនាងផង » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
« សូមជួយនាងផង »
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិបានជួយខ្ញុំឲ្យយកឈ្នះលើអារម្មណ៍នៃការបរាជ័យ និងភាពឯកោ ។
ថ្ងៃមួយនៅកន្លែងធ្វើការ ខ្ញុំមានអារម្មណ៍សោកសៅ និងឯកា ។ ខ្ញុំជឿថា ខ្ញុំបានធ្វើឲ្យបុព្វការីជនរបស់ខ្ញុំខកចិត្ត ដោយសារកំហុសជាច្រើនដែលខ្ញុំបានធ្វើ ។ ខ្ញុំបានទូលអង្វរព្រះវរបិតាសួគ៌របស់ខ្ញុំឲ្យប្រទានកម្លាំងដល់ខ្ញុំ ។
មួយសប្តាហ៍ ឬពីរសប្តាហ៍ក្រោយមក បងស្រីម្នាក់បានមករកខ្ញុំបន្ទាប់ពីព្រះវិហារចប់ ហើយបានសួរថាតើខ្ញុំជា ជេននី កាសាម៉ា មែនទេ ។ គាត់បានណែនាំខ្លួនដល់ខ្ញុំថាគាត់ឈ្មោះ មីឆែល ( មីឆ ) ប៊ូទីស្តា ដែលជាអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដរបស់យើង ។ គាត់បានពន្យល់ថាគាត់មានសុបិនមួយ ដែលមានស្ត្រីបីនាក់ស្លៀកពាក់ពណ៌ស ហើយមានគោត្តនាមថា កាសាម៉ា បានមករកគាត់ដើម្បីសុំជំនួយ ។ ពួកគាត់បានអង្វរបងស្រី ប៊ូទីស្តា ថា « សូមជួយនាងផង » ។
បងស្រី មីឆ ដឹងថាស្ត្រីទាំងនេះបានសុំឲ្យគាត់ជួយសាច់ញាតិរបស់ពូកគាត់—ខ្ញុំ—ដើម្បីរៀនបន្ថែមអំពីកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
បងស្រី មីឆ បាននិយាយមកកាន់ខ្ញុំថា « តោះរកមើលថាតើយើងអាចរកឃើញស្ត្រីទាំងនោះនៅក្នុងមែកធាងគ្រួសាររបស់ប្អូនឬអត់ » ។
នៅលើគេហទំព័រកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងបានរកឃើញកំណត់ត្រាសម្រាប់លោកយាយរបស់ខ្ញុំឈ្មោះ ដាម៉ាសា កាសាម៉ា បងស្រីរបស់គាត់ អេមីលីយ៉ាណា កាសាម៉ា និងលោកយាយទួត យូជីណៀ កាសាម៉ា ។ ដោយគ្មានការសង្ស័យ យើងបានដឹងថាពួកគាត់គឺជាស្ត្រីនៅក្នុងសុបិននោះ ។ អារម្មណ៍ដ៏ផ្អែមល្ហែមមួយនៃសេចក្ដីសុខសាន្តបានមានមកលើខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាសេចក្ដីស្រឡាញ់របស់បុព្វការីជនខ្ញុំមានពោរពេញនៅពេលនោះ ។ យើងយំដោយសារតែសុភមង្គលដែលយើងមាននៅក្នុងដួងចិត្តរបស់យើង ។ ខ្ញុំមានអារម្មណ៍ថាពួកគាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្ញុំ ហើយជាលទ្ធផលខ្ញុំទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះពួកគាត់ ។
បន្ទាប់មក ខ្ញុំបានដឹងពីទំនួលខុសត្រូវរបស់ខ្ញុំនៅក្នុងការជួយដល់ពួកគាត់ និងបុព្វការីជនផ្សេងទៀតរបស់ខ្ញុំដើម្បីទទួលបានពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ បុព្វការីជនរបស់យើងបានទន្ទឹងរង់ចាំ—បុព្វការីជនខ្លះចាំយូរមកហើយ—ដើម្បីយើងនៅលើផែនដីធ្វើពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងនេះសម្រាប់ពួកគាត់ ។
មួយឆ្នាំក្រោយមក ខ្ញុំបានជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនទាំងបីរូបនេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីភាពស្រស់ស្អាតនៃកិច្ចការពង្សប្រវត្តិ និងអំណាចដែលវានាំមកកាន់ក្នុងជីវិតរបស់ខ្ញុំ ។
ដូចប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ៖ « ខណៈដែលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិមានអំណាចផ្ដល់ពរដល់អ្នកចែកឋាននោះវាមានអំណាចផ្ដល់ពរដល់មនុស្សដែលនៅរស់ដូចគ្នា ។ វាមានឥទ្ធិពលបន្សុទ្ធដល់បងប្អូនណាដែលចូលរួមនៅក្នុងកិច្ចការនេះ ។ ពួកគាត់ពិតជាជួយលើកតម្កើងក្រុមគ្រួសាររបស់ពួកគេ » ។
ខ្ញុំដឹងថាសាសនាចក្រនេះគឺជាសាសនាចក្រពិត ហើយថាយើងមិនអាចបានល្អឥតខ្ចោះដោយគ្មានបុព្វការីជនរបស់យើងទេ ។