« សារលិខិតរបស់ខ្ញុំមកពីព្រះ » លីអាហូណា ខែកក្កដា ឆ្នាំ ២០២៤ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
សារលិខិតរបស់ខ្ញុំមកពីព្រះ
ខ្ញុំមិនមានទីបន្ទាល់អំពីព្រះគម្ពីរមរមនទេរហូតទាល់តែព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំតាមរយៈគម្ពីរហេលេមិន ។
នៅពេលមិត្តម្នាក់បានអញ្ជើញខ្ញុំឲ្យទៅសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងឆ្នាំ ២០២០ ខ្ញុំបានយល់ព្រមដោយស្ទាក់ស្ទើរ ។ ជាដំបូង ខ្ញុំមិនមានអារម្មណ៍ថាវាជាកន្លែងដែលត្រូវទៅនោះទេ ប៉ុន្តែខ្ញុំបានបន្តចូលរួមការប្រជុំសាក្រាម៉ង់ ។ នៅទីបំផុត ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានយល់ពីគំនិតនៃការមានទីបន្ទាល់ដូចដែលសមាជិកផ្សេងទៀតនៃសាសនាចក្របាននិយាយនោះទេ ។ ពួកអ្នកផ្សព្វផ្សាយសាសនាស្រី និងខ្ញុំបានអានខគម្ពីរមួយចំនួនជាមួយគ្នា ប៉ុន្តែខ្ញុំមិនដែលអានព្រះគម្ពីរមរមនដោយខ្លួនឯងទេ ។ ទោះបីជាមានការខិតខំយ៉ាងខ្លាំងពីសមាជិកសាសនាចក្រស្វាគមន៍ខ្ញុំ និងជួយខ្ញុំឲ្យសកម្មក៏ដោយ មិនយូរប៉ុន្មានខ្ញុំបានចាប់ផ្ដើមទៅព្រះវិហារយឺត មិនចូលការប្រជុំ ហើយត្រឡប់ទៅកាន់ស្ថានភាពលោកិយវិញ ។
បន្ទាប់មក នៅថ្ងៃមួយខ្ញុំមានអារម្មណ៍ មួម៉ៅដោយមានបញ្ហាក្នុងចិត្ត ។ ខ្ញុំមានអារម្មណ៍ថាវៀចវេរទោរទៅខាងលោកិយ និងប្រឆាំងទៅនឹងរឿងទាំងឡាយនៃព្រះ ។ ខ្ញុំបានដឹងថា ខ្ញុំមិននៅលើផ្លូវត្រឹមត្រូវទេ ។ នៅពេលមានអារម្មណ៍នេះ ខ្ញុំបានសម្លឹងមើលទៅព្រះគម្ពីរដែលនៅលើគ្រែរបស់ខ្ញុំ ។
ខ្ញុំបានអំពាវនាវដល់ព្រះ ឲ្យទ្រង់មានបន្ទូលអ្វីមួយមកកាន់ខ្ញុំ ។ ខ្ញុំបានពោលពាក្យអធិស្ឋានខ្លីមួយ ហើយរង់ចាំស្តាប់ ។ ខ្ញុំត្រូវការការលួងលោម និងភាពច្បាស់លាស់មួយចំនួន ។
បន្ទាប់មក ខ្ញុំបានឮអ្វីមួយ ។ ខ្ញុំមិនដឹងទេថាសំឡេងនោះចេញមកពីក្នុងគំនិតរបស់ខ្ញុំ ឬនៅក្នុងត្រចៀករបស់ខ្ញុំទេ ប៉ុន្តែខ្ញុំឮពាក្យ « ហេលេមិន ៣:២៧ » ។ ខ្ញុំបានដឹងថា ព្រះគម្ពីរហេលេមិនគឺនៅក្នុងព្រះគម្ពីរមរមន ដូច្នេះខ្ញុំបានយកព្រះគម្ពីរ ហើយបើកទៅតារាងមាតិកាដើម្បីរកគម្ពីរនោះ ។
អ្វីដែលខ្ញុំបានអានបន្ទាប់នោះគឺជាសារលិខិតមួយមកពីព្រះចំពោះខ្ញុំជាពិសេសសម្រាប់គ្រានោះនៃជីវិតរបស់ខ្ញុំ ៖ « ម្ល៉ោះហើយ យើងអាចឃើញថា ព្រះអម្ចាស់ទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា ដល់អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ដោយចិត្តស្មោះសរ » ។
វគ្គនេះបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំអំពីទង្វើរបស់ខ្ញុំ និងអំពីព្រះគម្ពីរមរមន ។ ខ្ញុំបានដឹងថាទង្វើ និងភាពមិនទៀងទាត់របស់ខ្ញុំចំពោះព្រះគឺខុស ហើយថាខ្ញុំចាំបាច់ត្រូវអំពាវនាវដល់ទ្រង់ ហើយប្រែចិត្ត ។ ខ្ញុំដឹងថា ព្រះនឹងមិនបដិសេធខ្ញុំចំពោះសេចក្ដីមេត្តាករុណា និងព្រះពរដ៏ច្រើនរបស់ទ្រង់ឡើយ ដរាបណាខ្ញុំមានចិត្តស្មោះក្នុងការអំពាវនាវដល់ទ្រង់ ហើយធ្វើតាមទ្រង់ ។
នោះគឺជារបៀបដែលទីបន្ទាល់របស់ខ្ញុំបានមកពីព្រះគម្ពីរមរមន—ជាព្រះគម្ពីរមួយដែលខ្ញុំមិនចង់អានសោះ ។ ខ្ញុំដឹងថាព្រះទ្រង់មានព្រះជន្មរស់ ថាទ្រង់មានបន្ទូលមកកាន់យើងនៅសព្វថ្ងៃនេះ ហើយថាព្រះគម្ពីរមរមនគឺពិត ។