« ការនិយាយអំពីការធ្វើអត្តឃាតក្នុងគ្រួសារ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។
ការនិយាយក្នុងគ្រួសារអំពីការធ្វើអត្តឃាត
ក្នុងនាមជាឪពុកម្ដាយ យើងចង់ត្រៀមកូនៗរបស់យើងសម្រាប់គ្រោះថ្នាក់ណាមួយដែលពួកគេអាចប្រឈមមុខ ។ ទោះបីជាវាមិនងាយស្រួលក្នុងការនិយាយអំពីរឿងនោះក៏ដោយ ការធ្វើអត្តឃាតគឺជាគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ទាំងនោះ ។
ជីវិតគ្រួសារគឺដូចជាការជិះទូកឆ្លងកាត់ខ្សែទឹកហូរយ៉ាងលឿន និងគ្រោះថ្នាក់មួយអ៊ីចឹង ។ ពេលក្រុមគ្រួសារពាក់អាវពោង និងមួកការពារជីវិតហើយ ឪពុកម្ដាយគឺដូចជាអ្នកដឹកនាំលើផ្ទៃទឹកដែលបានឆ្លងកាត់ផ្លូវនេះពីមុនមកហើយ ។ កូនៗត្រូវការយើងព្រមានពួកគេពីចរន្តទឹក ឬថ្មដែលនៅខាងមុខ ។ ប្រសិនបើនៅក្នុងទន្លេដ៏ឆ្ងាយអាចនឹងមានទឹកធ្លាក់ដ៏ជ្រៅមួយ តើយើងនឹងព្រមានកូនៗរបស់យើងអំពីវាដែរឬទេ ? តើយើងនឹងណែនាំពួកគេអំពីរបៀបអុំទូក និងកន្លែងដែលត្រូវកាច់ចង្កូតបង្វែរផ្លូវរបស់ពួកគេ ឬតើយើងនឹងចាំមើលរហូតដល់ក្រោយពីពួកគេកំពុងតោងនឹងផ្ទាំងថ្មដើម្បីព្រមានពួកគេឬ ?
នៅក្នុងនាមជាឪពុកម្ដាយ យើងប្រហែលជាងាយស្រួលពិភាក្សាអំពីប្រធានបទមួយដែលមិនសូវល្អដូចជាការធ្វើអត្តឃាតនោះទេ ប៉ុន្តែយើងអាចជួយការពារ និងរៀបចំខ្លួនកូនៗរបស់យើង មុនពេល ពួកគេមានគំនិតដែលមានគ្រោះថ្នាក់នានា ។
ឪពុកម្ដាយអាចជួយកូនៗឲ្យរៀនមានភាពអត់ធ្មត់ខាងផ្លូវចិត្ត ហើយដឹងពីកន្លែងដែលពួកគេអាចបែរទៅរកនៅពេលពួកគេត្រូវការជំនួយខាងផ្លូវចិត្ត ។ រ៉េណា អ៊ី អាប៊ើតូ ដែលកាលនោះជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធាននៃសមាគមសង្គ្រោះទូទៅ បានបង្រៀនថា « នេះអាចរួមបញ្ចូលទាំងការទទួលបានព័ត៌មានអំពីជំងឺផ្លូវចិត្ត ការស្វែងរកធនធានដែលអាចជួយដោះស្រាយបញ្ហាទាំងនេះ ហើយនៅទីបំផុតនាំខ្លួនយើង និងអ្នកដទៃមកកាន់ព្រះគ្រីស្ទដែលជាអង្គព្យាបាល » ។
បញ្ហាសំខាន់មួយដើម្បីនិយាយអំពី
ការធ្វើអត្តឃាតមួយចំនួនកើតឡើងដោយគ្មានការព្រមានច្បាស់លាស់ណាមួយឡើយ ។ សម្រាប់មនុស្សមួយចំនួនមានតែសញ្ញាតិចតួចប៉ុណ្ណោះ ឬពេលខ្លះសញ្ញាទាំងនោះគឺមិនអាចមើលរំលងបានទេ ។ យើងមិនអាចដឹងច្បាស់ពីអ្វីដែលកូនៗរបស់យើងកំពុងគិតបានទេ ដូច្នេះយើងត្រូវរៀបចំពួកគេនៅពេលពួកគេនៅក្មេង—នៅក្នុងករណីដែលគំនិតនៃការធ្វើអត្តឃាតចាប់ផ្ដើមកើតឡើងនៅក្នុងគំនិតរបស់ពួកគេ ។
ស៊ីស្ទើរ អាប៊ើតូ បានបញ្ជាក់ថា « វាគឺជារឿងសំខាន់ដើម្បីនិយាយពីបញ្ហាទាំងនេះជាមួយនឹងកូនៗ ក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងគេហដ្ឋាន វួដ និងសហគមន៍របស់យើង ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖ « យើងម្នាក់ៗមានសមាជិកគ្រួសារ មិត្តភក្តិជាទីស្រឡាញ់ ឬអ្នកស្គាល់ដែលធ្លាប់មានគំនិតធ្វើអត្តឃាត ការប៉ុនប៉ងធ្វើអត្តឃាត ឬក៏បានយកជីវិតខ្លួនឯង ។ … វួដ និងស្តេកជាច្រើន [ និងក្រុមគ្រួសារ ] ចាត់ទុកការពិភាក្សាអំពីការទប់ស្កាត់ការធ្វើអត្តឃាតក្រោយពីនរណាម្នាក់បានសម្លាប់ខ្លួនឯងហើយ ។ សំណួររបស់ខ្ញុំគឺ—ហេតុអ្វីរង់ចាំ ? ហេតុអ្វីមិនធ្វើវាឥឡូវនេះ ? ពីព្រោះនរណាម្នាក់នៅក្នុងវួដ ឬស្តេកកំពុងតែមានគំនិតធ្វើអត្តឃាតនេះ » ។
ខ្ញុំបានអង្គុយជាមួយកូនៗរបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុនបន្ទាប់ពីសោកនាដកម្មមួយបានកើតឡើងក្នុងមូលដ្ឋាន ។ ខ្ញុំមានអារម្មណ៍ថាត្រូវចែកចាយជាមួយពួកគេថា តាមរយៈព្រះយេស៊ូវគ្រីស្ទ វា តែងតែ មានផ្លូវឆ្ពោះទៅមុខជានិច្ច ។ គ្មានអ្វីដែលពួកគេអាចធ្វើ ឬធ្វើមិនបាន ដែលនាំឲ្យការធ្វើអត្តឃាតជាចម្លើយនោះទេ ។ នៅវ័យក្មេងខ្ចីរបស់ពួកគេ ខ្ញុំគ្មានហេតុផលណាដែលគិតថាពួកគេមានគ្រោះថ្នាក់នោះទេ ប៉ុន្តែខ្ញុំបានដឹងថាមានអ្វីជាច្រើនទៀតដែលខ្ញុំអាចធ្វើដើម្បីរៀបចំកូនៗរបស់ខ្ញុំសម្រាប់ដោះស្រាយគំនិតដែលអាចឈានទៅដល់អត្តឃាតដ៏គ្រោះថ្នាក់បាន ។
ការនិយាយអំពីការធ្វើអត្តឃាតដើម្បីបង្ការការធ្វើអត្តឃាត
សេចក្តីណែនាំសម្រាប់ធនធានរបស់សាសនាចក្រសម្រាប់ការពារការធ្វើអត្តឃាតបានជូនដំណឹងថា ៖ « ការនិយាយអំពីការធ្វើអត្តឃាតនឹងមិនធ្វើឲ្យនរណាម្នាក់ទំនងជាប៉ុនប៉ងធ្វើអត្តឃាតនោះទេ ។ តាមពិតទៅ ការនិយាយដោយបើកចំហអំពីការធ្វើអត្តឃាត គឺជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីជួយការពារការធ្វើអត្តឃាត » ។
យោងតាមបណ្ឌិត ចន អាកើមិន ជាអ្នកចាត់ការផ្នែកគ្លីនិកការពារការធ្វើអត្តឃាតនៅមន្ទីរពេទ្យកុមារទូទាំងប្រទេស « ការបង្កើតកន្លែងមានសុវត្ថិភាពសម្រាប់និយាយអំពីការធ្វើអត្តឃាតអាចជួយសង្គ្រោះជីវិតកុមារបាន » ។ តាមពិតលោកបន្ថែមទៀតថា ៖ « ប្រសិនបើក្មេងម្នាក់កំពុងជួបការលំបាកនឹងគំនិតធ្វើអត្តឃាត ដោយដឹងថាមនុស្សពេញវ័យដែលមានការព្រួយបារម្ភមានឆន្ទៈចង់មានការសន្ទនាដោយបើកចំហ ជារឿយៗគឺជាការធ្វើឲ្យធូរស្បើយ » ។
ស៊ីស្ទើរ អាប៊ើតូ បង្រៀនថា « តាមការពិត ការនិយាយអំពីការធ្វើអត្តឃាតតាមរបៀបដែលត្រឹមត្រូវជួយការពារមិនឲ្យធ្វើអត្តឃាត ជាជាងការលើកទឹកចិត្តឲ្យធ្វើវា » ។ ឪពុករបស់គាត់បានស្លាប់ដោយការធ្វើអត្តឃាត ។ អស់ជាច្រើនឆ្នាំមកហើយ គាត់បានចៀសវាងការនិយាយអំពីការស្លាប់របស់ឪពុកគាត់ជាមួយគ្រួសាររបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលគាត់បានរៀនអំពីតម្លៃក្នុងការនិយាយអំពីរឿងនេះដោយស្មោះត្រង់ និងយ៉ាងសាមញ្ញ ។ « ឥឡូវនេះ ខ្ញុំបានពិភាក្សាដោយបើកចំហអំពីការស្លាប់របស់ឪពុកខ្ញុំជាមួយនឹងកូនៗរបស់ខ្ញុំ ហើយបានឃើញពីការព្យាបាលដែលព្រះអង្គសង្គ្រោះអាចប្រទានឲ្យនៅទាំងសងខាងនៃវាំងនន » ។
ការនិយាយបើកចំហអំពីការធ្វើអត្តឃាតអាចផ្តល់អំណាចដល់កុមារឲ្យមករកឪពុកម្ដាយរបស់ពួកគេ និងមជ្ឈិមវ័យដែលគួរឲ្យទុកចិត្តផ្សេងទៀតជំនួសឲ្យការព្យាយាមរុករកគំនិតធ្វើអត្តឃាតដោយខ្លួនឯង ប្រសិនបើរឿងនោះធ្លាប់កើតឡើង ។
កុមារដែលមានអាយុប្រាំមួយ ឬប្រាំពីរឆ្នាំបានរាយការណ៍អំពីគំនិតចង់ធ្វើអត្តឃាត ។ « វាធ្លាប់បែបនោះ … អ្នកព្យាបាល និងអ្នកស្រាវជ្រាវ និងឪពុកម្តាយមិនជឿថាក្មេងៗក្រោមអាយុ ១០ ឬ ១១ ឆ្នាំ មានគំនិតធ្វើអត្តឃាតទេ » ប្រសាសន៍វេជ្ជបណ្ឌិត អាកើមិន ។ « យើងដឹងថាវាពិតជាមិនមែនជាការពិតទេ » ។ លោកបញ្ជាក់ថាសូម្បីតែកុមារតូចៗក៏អាចភ្ជាប់គំនិតធ្វើឃាត ជាមួយនឹងមានអារម្មណ៍ដូចជាបន្ទុក ការមានអារម្មណ៍ឈឺចាប់ខាងផ្លូវចិត្ត ឬក៏ជួបនឹងភាពអស់សង្ឃឹមផងដែរ ។
ស៊ីស្ទើរ អាប៊ើតូ បានអះអាងថា « ការដឹងអំពីរបៀបដើម្បីស្គាល់សញ្ញា និងរោគសញ្ញាក្នុងខ្លួនរបស់យើង និងមនុស្សដទៃអាចជារឿងមានប្រយោជន៍ ។ យើងក៏អាចរៀនស្គាល់ពីគន្លងការគិតមិនត្រឹមត្រូវ ឬខុសឆ្គង និងរបៀបប្ដូរវាទៅជាការគិតមួយដែលត្រឹមត្រូវហើយល្អវិញផងដែរ » ។
ការធ្វើអត្តឃាតគឺកើតញឹកញាប់ជាងអ្វីដែលយើងអាចគិតដល់
នៅទូទាំងពិភពលោក ការស្លាប់ដោយការធ្វើអត្តឃាតកើតឡើងរៀងរាល់ ៤០ វិនាទីម្តង ហើយវាជាមូលហេតុទីពីរនៃការស្លាប់នៅលើពិភពលោក សម្រាប់មនុស្សដែលមានអាយុពី ១៥ ឆ្នាំ ទៅ អាយុ ២៤ ឆ្នាំ ។ នៅក្នុងការសិក្សាកាលពីពេលថ្មីៗនេះដែលធ្វើឡើងក្នុងចំណោមយុវវ័យរាប់ពាន់នាក់នៅក្នុងរដ្ឋយូថាហ៍សហរដ្ឋអាមេរិក អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យព្រិកហាំ យ៉ង់ បានរកឃើញថា យុវវ័យប្រមាណ ១២ ភាគរយនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានគិតចង់ធ្វើអត្តឃាត ហើយ ៤ ភាគរយបានប៉ុនប៉ងធ្វើអត្តឃាត ។
ចំពោះបរិបទនៅក្នុងក្រុមក្មេងជំទង់ ២៥ នាក់ ក្នុងចំណោមនោះមាន ៣ នាក់បើនិយាយតាមស្ថិតិ បានគិតចង់ធ្វើអត្តឃាតយ៉ាងខ្លាំង ហើយម្នាក់បានប៉ុនប៉ងធ្វើអត្តឃាត ។
ប្រសិនបើយើងអាចជួយឲ្យកូនៗរបស់យើងស្វែងរកការគាំទ្រដែលពួកគេត្រូវការមុនពេលពួកគេឈានដល់ចំណុចនៃវិបត្តិ—នៅពេលដែលគំនិតប្រែទៅជាផែនការមួយ—យើងអាចជួយពួកគេបង្វែរផ្លូវមុនពេលវាយឺតពេល ។
កន្លែងចាប់ផ្តើម
កាលនៅពីក្មេង កុមារអាចចាប់ផ្ដើមយល់ពីអារម្មណ៍ ប៉ុន្តែយើងអាចបង្រៀនដល់ពួកគេឲ្យចេះពិពណ៌នាអំពីអារម្មណ៍របស់ពួកគេឲ្យបានត្រឹមត្រូវ ។ ជំហានដំបូងអាចជួយកុមារតូចម្នាក់បង្កើតវាក្យសព្ទផ្លូវចិត្តរបស់ពួកគេ ។ យើងអាចបង្រៀនកុមារឲ្យយល់ពីភាពខុសគ្នារវាងខឹង សោកសៅ តានតឹងជាដើម ។ ប្រសិនបើកុមារអាចពន្យល់អំពីអ្វីដែលគេមានអារម្មណ៍ នោះយើងអាចធ្វើការជាមួយគ្នាពីចំណុចនោះមក ។ ទៅតាមវ័យដែលសមរម្យ យើងអាចពិភាក្សាអំពីអារម្មណ៍ដ៏ស៊ីជម្រៅរបស់ពួកគេជាមួយកុមារដែលមានអាយុប្រាំមួយឆ្នាំ ហើយជួយពួកគេឲ្យស្គាល់និងដោះស្រាយអារម្មណ៍ទាំងនេះ ។
ការសន្ទនាពីមុនទាំងនេះក៏នឹងជួយឪពុកម្តាយឲ្យស្គាល់អារម្មណ៍ជាទូទៅរបស់កូនៗពួកគាត់ផងដែរ ។ កុមារភាគច្រើនមានអារម្មណ៍ល្អ និងមិនល្អនៅក្នុងសុខុមាលភាពផ្លូវចិត្ត ។ នេះជារឿងធម្មតាទេ ។ ការនិយាយជាមួយកូនតូចៗតាំងពីក្មេង និងជាញឹកញាប់អាចផ្តល់ឲ្យឪពុកម្ដាយនូវទែម៉ូម៉ែត្រស្ទង់អារម្មណ៍ ដើម្បីដឹងពីភាពខុសគ្នារវាងអារម្មណ៍ល្អ និងមិនល្អនៃកុមារភាព និងគំនិតគ្រោះថ្នាក់នានា ។
ការនិយាយអំពីវិធីបង្ការការធ្វើអត្តឃាតគឺដូចជាការបណ្តុះបណ្តាលវិធានការផ្សេងទៀតដែលឪពុកម្តាយផ្តល់ឲ្យ ។ យើងអាចរៀបចំកុមារ និងយុវវ័យសម្រាប់បទពិសោធន៍ដែលអាចមាននៃគំនិតចង់ធ្វើអត្តឃាតតាមរបៀបដូចគ្នាដែលយើងនឹងរៀបចំពួកគេឲ្យរៀនបើកឡាន និងអ្វីដែលត្រូវធ្វើក្នុងករណីមានគ្រោះថ្នាក់ ។ « យើងចង់រៀបចំកូនៗរបស់យើងឲ្យយល់អំពីអ្វីដែលអាចកើតឡើងដោយសតិអារម្មណ៍ និងអ្វីដែលពួកគេអាចមើលឃើញនៅក្នុងមិត្តភក្តិរបស់ពួកគេ » ប្រសាន៍វេជ្ជបណ្ឌិត អាកើមិន ។
សូមបន្តការសន្ទនា
នៅពេលកុមារមានអាយុកើនឡើង ការសន្ទនាដែលយើងមានជាមួយពួកគេក៏នឹងមានភាពចាស់ទុំផងដែរ ។ យើងអាចសួរសំណួរបកស្រាយដែលតម្រូវឲ្យឆ្លើយលើសពីគ្រាន់តែឆ្លើយបាទ ឬចាស ហើយបន្ទាប់មកអនុញ្ញាតឲ្យកុមារឆ្លើយដោយស្មោះត្រង់ ។ សូមលើកទឹកចិត្តកុមារឲ្យស្មោះត្រង់ជាមួយអារម្មណ៍ដ៏លំបាករបស់ពួកគេ ។ ការស្រាវជ្រាវនេះបង្ហាញថាការនិយាយពីអារម្មណ៍ដ៏លំបាកអាចកាត់បន្ថយកម្រិត និងរយៈពេលមានអារម្មណ៍បែបនោះ ។
តាមរយៈការប្រាស្រ័យទាក់ទងដោយបើកចំហអំពីជំងឺធ្លាក់ទឹកចិត្ត ការធ្វើអត្តឃាត ឬអារម្មណ៍បាក់ទឹកចិត្ត ក្មេងៗដឹងថាពួកគេអាចចែកចាយគំនិតដ៏ស្មោះរបស់ពួកគេ ហើយថាពួកគេមានសុវត្ថិភាពខាងផ្លូវចិត្តជាមួយនឹងយើង ។ អ្នកប្រឹក្សាសុខភាពផ្លូវចិត្តម្នាក់និយាយថា « ពួកគេក៏ទទួលបានសារដ៏ច្បាស់លាស់ថា បងប្អូនយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើពួកគេ និងសុភមង្គល និងសុខុមាលភាពរបស់ពួកគេគឺសំខាន់ចំពោះបងប្អូន » ។
សេចក្ដីស្រឡាញ់ និងការគាំទ្ររបស់យើងចំពោះកូនៗរបស់យើងអាចយកគំរូតាមសេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានសម្រាប់យើងម្នាក់ៗ ។ « ព្រះវរបិតាសួគ៌របស់បងប្អូនស្រឡាញ់បងប្អូន—បងប្អូនម្នាក់ៗ » បង្រៀនដោយប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) ។ « សេចក្តីស្រឡាញ់នោះមិនដែលផ្លាស់ប្តូរឡើយ ។ … វាមាននៅទីនោះសម្រាប់បងប្អូននៅពេលបងប្អូនសោកសៅ ឬរីករាយ បាក់ទឹកចិត្ត ឬមានសេចក្តីសង្ឃឹម ។ ក្ដីស្រឡាញ់របស់ព្រះមាននៅទីនោះសម្រាប់បងប្អូន មិនថាបងប្អូនគិតថាបងប្អូនសមនឹងទទួលបានសេចក្ដីស្រឡាញ់នោះ ឬក៏អត់នោះទេ ។ វាតែងតែមាននៅទីនោះ » ។
ភ្លាមៗបន្ទាប់ពីខ្ញុំបានពិភាក្សាអំពីការធ្វើអត្តឃាតជាមួយកូនៗរបស់ខ្ញុំផ្ទាល់ កូនប្រុសអាយុប្រាំបួនឆ្នាំរបស់ខ្ញុំបានសួរថា តើគាត់អាចនិយាយជាមួយខ្ញុំដោយឯកជនបានឬទេ ។ គាត់បានប្រាប់ខ្ញុំអំពីគ្រាដែលគាត់បានស្រមៃគិតអំពីការសម្លាប់ខ្លួនរបស់គាត់ ដោយមានទាំងរបៀបដែលគាត់នឹងធ្វើវាទៀតផង ។ ខ្ញុំមិនដែលគិតថាគាត់មានគំនិតទាំងនេះទេ ។ ខ្ញុំបានឱបគាត់ អរគុណគាត់ចំពោះភាពក្លាហានរបស់គាត់ក្នុងការប្រាប់ខ្ញុំ ហើយបានប្រាប់គាត់ថាមិនថាគាត់ធ្លាប់ធ្វើអ្វី ឬធ្លាប់គិតអ្វីនោះទេ គាត់មានតម្លៃ និងសំខាន់នៅក្នុងគ្រួសាររបស់យើង ។ ហើយខ្ញុំបានប្តេជ្ញាចិត្តខ្លួនឯងថាចាំឃ្លាំមើលគាត់ចំពោះសញ្ញាបន្ថែមទៀតនៃគំនិតចង់ធ្វើអត្តឃាត ឬជំងឺផ្លូវចិត្ត ។
អត្តឃាតមិនមែនជាចម្លើយទេ
យុវវ័យមួយចំនួនប្រហែលជាភ័យខ្លាចថាការធ្វើអត្តឃាតគឺជាផ្លូវតែមួយគត់របស់ពួកគេចេញពីភាពអស់សង្ឃឹមរបស់ពួកគេ ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន ជាប្រធានស្តីទីនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបញ្ជាក់ថា ៖ « មិនថាកំហុសច្រើនប៉ុនណាដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើ … ឬការឃ្លាតឆ្ងាយពីផ្ទះ និង គ្រួសារ និង ព្រះដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើដំណើរមកឆ្ងាយយ៉ាងណានោះទេ ខ្ញុំសូមថ្លែងទីបន្ទាល់ថាអ្នក មិន បានធ្វើដំណើរឆ្ងាយផុតពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះឡើយ ។ វាមិនអាចទៅរួចសម្រាប់បងប្អូនដើម្បីលិចទៅជ្រៅជាងពន្លឺនៃដង្វាយធួនរបស់ព្រះគ្រីស្ទ ដែលចែងចាំងដ៏និរន្តរបានទេ » ។
ក្រៅពីនិយាយជាមួយកូនៗរបស់យើង យើងអាចនិយាយជាមួយយុវវ័យតាមគំរូដែលបានផ្តល់ដោយប្រធាន ហូឡិន ថា « ចំពោះយុវវ័យរបស់យើងដែលកំពុងមានបញ្ហាអើយ មិនថាប្អូនៗមានកង្វល់ ឬទុក្ខលំបាកយ៉ាងណាទេ សេចក្ដីស្លាប់ដោយការធ្វើអត្តឃាត ពុំមែន ជាចម្លើយនោះទេ ។ វានឹងមិនបំបាត់ការឈឺចាប់ដែលប្អូនកំពុងមានអារម្មណ៍ ឬដែលប្អូនគិតថាប្អូនកំពុងបង្កនោះទេ ។ នៅក្នុងពិភពលោកមួយដែលត្រូវការពន្លឺយ៉ាងខ្លាំងក្រៃលែង សូម កុំ បន្ថយពន្លឺដ៏អស់កល្បដែលព្រះបានដាក់នៅក្នុងព្រលឹង របស់ប្អូនៗ តាំងតែពីមុនប្អូនៗមកកាន់ពិភពលោកនេះឡើយ ។ សូម កុំ បំផ្លាញជីវិតដែលព្រះគ្រីស្ទបានលះបង់ព្រះជន្ម ទ្រង់ ដើម្បីរក្សាជីវិតយើងនោះឡើយ ។ ប្អូនៗអាចរែកបញ្ហាជីវិតនៃជីវិតរមែងស្លាប់នេះបានដោយសារតែយើងនឹងជួយប្អូនៗឲ្យរែកវាបាន ។ ប្អូនៗរឹងមាំជាងអ្វីដែលប្អូនៗគិតទៅទៀត ។ ប្អូនៗ មាន ជំនួយមកពីមនុស្សដទៃ ជាពិសេសមកពីព្រះ ។ ប្អូនៗមានអ្នកស្រឡាញ់ មានតម្លៃ ហើយប្អូនៗសំខាន់ ! ពួកយើងត្រូវការប្អូនៗ ! »
បងប្អូន និងស្វាមី ឬភរិយារបស់បងប្អូនអាចពិភាក្សានៅពេលដែលវាជាពេលវេលាល្អដើម្បីចាប់ផ្តើមនិយាយអំពីរឿងនោះ—ពីមុនពេលមានវិបត្តិ ប្រសិនបើមានវិបត្តិណាមួយកើតឡើង ។ បងប្អូនអាចស្វែងរកព្រះវិញ្ញាណដោយអធិស្ឋានដើម្បីជួយណែនាំទាំងពេលវេលា និងពាក្យសន្ទនាជាមួយកូនៗរបស់បងប្អូន។
យើងមិនដែលទទួលខុសត្រូវចំពោះជម្រើសរបស់នរណាម្នាក់ក្នុងការបញ្ចប់ជីវិតនោះទេ ប៉ុន្តែមានរឿងខ្លះដែលយើងអាចធ្វើដើម្បីជួយការពារវាបាន ។ ដូចប្រធាន ហូឡិន បានបង្រៀន ៖
« ព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះបានយាងមក ដើម្បីប្រទានជីវិតដល់យើងដោយយកឈ្នះលើសេចក្ដីស្លាប់ ។
យើងត្រូវតែប្ដេជ្ញាចិត្តទាំងស្រុងចំពោះអំណោយនៃជីវិតនេះ ហើយផ្ដល់ជំនួយដល់អស់អ្នកដែលកំពុងចង់បោះបង់អំណោយដ៏ពិសិដ្ឋនេះចោល » ។