ឆ្នាំ​២០១៦
ការយល់​ដឹង​ពី​អត្តឃាត ៖ សញ្ញា​ព្រមាន និង វិធានការ​បង្ការ
October 2016


ការយល់​ដឹង​ពី អត្តឃាត ៖ សញ្ញា​ព្រមាន និង វិធានការបង្ការ

sitting at the edge of a dock

រូបថត © iStock/Thinkstock

កាល ខេវីន អាយុ ១៦ ឆ្នាំ ឪពុក​ម្ដាយ​របស់​គាត់​បាន​លែងលះ​គ្នា ។ នៅ​ពេល​ដំណាល​គ្នា​នោះ គាត់​បាន​ឈប់​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ឆ្កួត​ជ្រូក​របស់​គាត់ ដែល​ជួយ​រម្ងាប់​អារម្មណ៍​របស់​គាត់ ។ ដោយ​ពុំ​បាន​ដឹង​ថា​គាត់​មាន​វិបត្តិ​សតិអារម្មណ៍ នោះ​គាត់​បាន​ចាប់ផ្តើម​ជួប​នូវ​ជំងឺ​សសៃ​ប្រសាទ និង ការ​ថប់​បារម្ភ​ដ៏​ធ្ងន់ធ្ងន់ ។ ថ្នាំ​សង្កូវ​ហាក់បី​ដូច​ជា​ពុំ​បាន​ជួយ​អ្វី​ដល់​គាត់​ឡើយ ។ វា​ឈាន​ដល់​ចំណុច​មួយ​ដែល​គាត់​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​នឹង​អ្វីៗ​គ្រប់​យ៉ាង គាត់​បាន​សម្រេច​ចិត្ត​ថា​នឹង​ផ្តាច់​ជីវិត​ខ្លួន ដោយ​ពុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​បំណង​គាត់​ឡើយ ។

ខេវីន រៀបរាប់​ពី​ថ្ងៃ​ដែល​គាត់​បាន​ប៉ង​ផ្តាច់​ជីវិត​ខ្លួន ៖ « ខ្ញុំ​បាន​យំ ។ ខ្ញុំ​ធុញ​ទ្រាន់ បាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​ក្រឡេក​មើល​មនុស្ស ចង់​ឲ្យ​មនុស្ស​ម្នាក់ ជា​នរណា​ម្នាក់​ក៏​បាន​ដែរ និយាយ​ថា ‹ តើ​អ្នក​សុខ​សប្បាយ​ឬ​ទេ ? › កាលណា​ខ្ញុំ​ចង់​ឮ​ឃ្លា​នោះ​កាន់តែ​ខ្លាំង នោះ​ខ្ញុំ​ឮ​សំឡេង​នេះ [ នៅក្នុង​ក្បាល​ខ្ញុំ ] ដោយ​និយាយ​ថា ‹ អ្នក​ត្រូវតែ​ស្លាប់ › ។ … ខ្ញុំ​បាន​បន្ត​អង្វរ​ខ្លួន​ឯង​មិន​ឲ្យ [ សម្លាប់​ខ្លួន​ឡើយ ] ប៉ុន្តែ​សំឡេង​នោះ​វា​ឮ​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​យក​ឈ្នះ​វា​បាន​ឡើយ » ។

ជា​អកុសល គ្មាន​នរណា​ម្នាក់​កត់សម្គាល់​ពី​ការបាក់​ទឹកចិត្ត​របស់​គាត់​ឡើយ ។ ដោយ​ជឿ​ថា​គ្មាន​នរណា​ម្នាក់​ខ្វល់ខ្វាយ​ពី​គាត់ នោះ​គាត់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន—ប៉ុន្តែ​គាត់​មិន​បាន​ស្លាប់​ឡើយ ។

យ៉ាង​ហោច​ណាស់ តើ​យើង​អាច​ដឹង​ពី​អារម្មណ៍​បាក់​ទឹក​ចិត្ត និង អស់​សង្ឃឹម​ដ៏​លើសលុប​របស់​គាត់ ដែល​ស្រែក​រក​ជំនួយ​ដោយ​ស្ងាត់ៗ​ដែរ​ឬ​ទេ ?

អត្តឃាត​គឺ​ជា​ការសាកល្បង​មួយ​ដ៏​លំបាក​បំផុត​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ សម្រាប់​ទាំង​អ្នក​ដែល​រកទុក្ខ​ដោយ​ការ​មានគំនិត​ធ្វើ​អត្តឃាត និង គ្រួសារ​ជន​រងគ្រោះ ។ អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា ៖ « ខ្ញុំ​ជឿ​ថា គ្មាន​គ្រា​ណា​ដែល​លំបាក​សម្រាប់​គ្រួសារ ជាង​ពេល​ដែល​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​សម្លាប់​ខ្លួន​គាត់​នោះ​ឡើយ ។ អត្តឃាត​គឺ​ជា​បទពិសោធន៍​ដ៏​ហិនហោច​ខ្លោចផ្សា​មួយ​សម្រាប់​គ្រួសារ » ។ ដោយ​ពិចារណា​អំពី​លក្ខណៈ​ដ៏​ធ្ងន់ធ្ងរ​នៃ​ការសាកល្បង​នេះ ចូរ​យើង​ពិភាក្សា​អំពី (១) អ្វី​ដែល​យើង​ត្រូវ​ដឹង​អំពី​អត្តឃាត រួមមាន​សញ្ញា​ព្រមាន​របស់​វា និង កិច្ចការ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​បង្ការ​វា (២) កិច្ចការ​នានា​ដែល​គ្រួសារ​ជនរងគ្រោះ និង សហគមន៍​អាច​ធ្វើ និង (៣) កិច្ចការ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​សេចក្តី​សង្ឃឹម និង ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ ប្រយោជន៍​ឲ្យ​យើង​មិន​អស់​សង្ឃឹម ។

ការ​យល់​ដឹង​អំពី​អត្តឃាត

ជា​រៀងរាល់​ឆ្នាំ មាន​មនុស្ស​ជាង ៨០០០០០ នាក់​នៅ​ទូទាំង​ពិភពលោក​បាន​បញ្ចប់​ជីវិត​របស់​ពួកគេ​ដោយ​អត្តឃាត ។ នោះ​មាន​ន័យ​ថា មាន​មនុស្ស​ម្នាក់​នៅក្នុង​ពិភព​លោក​នេះ​កំពុង​សម្លាប់​ខ្លួន​រៀងរាល់ ៤០ វិនាទី​ម្តង ។ តួលេខ​ពិតប្រាកដ​ទំនង​ជា​កើន​ខ្ពស់​ឡើង ដោយសារ​អត្តឃាត​គឺ​ជា​រឿង​រសើប ហើយ​ខុស​ច្បាប់​នៅក្នុង​ប្រទេស​មួយ​ចំនួន ហេតុ​ដូច្នោះ​ហើយ​តួលេខ​ដែល​បាន​រាយការណ៍​គឺ​ទាប​ជាង​ការ​ធ្វើ​អត្តឃាត​ពិត​ប្រាកដ ។ អត្តឃាត​គឺ​ជា​មូលហេតុ​ចម្បង​ទី​ពីរ​ដែល​បណ្តាល​ឲ្យ​មាន​មរណភាព​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ឆ្នាំ និង ២៩ ឆ្នាំ ។ នៅក្នុង​ប្រទេស​ជាច្រើន អាត្រា​អត្តឃាត​មាន​កម្រិត​ខ្ពស់​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៧០ ឆ្នាំ ។ អត្តឃាត​ប៉ះពាល់​ដល់​សង្គម​ជាតិ​របស់​យើង​យ៉ាង​ខ្លាំង ទាំង​ផ្ទាល់ និង មិន​ផ្ទាល់​ក្តី ។

សញ្ញា​ព្រមាន

នៅពេល​ឧបសគ្គ​នៃ​ជីវិត​លើស​ពី​សមត្ថភាព​របស់​យើង​ដើម្បី​ដោះស្រាយ យើង​អាច​ជួប​នូវ​ការ​តានតឹង​ផ្លូវ​ចិត្ត​ជា​ខ្លាំង ។ នៅពេល​អារម្មណ៍​បាក់​ទឹកចិត្ត​នោះ​ពុំ​អាច​ទ្រាំទ្រ​បាន គំនិត​របស់​បុគ្គល​ម្នាក់​នោះ​អាច​ប្រែកាន់តែ​អាប់អួរ ហើយ​អាច​នាំ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា សេចក្តី​ស្លាប់​គឺ​ជា​ជម្រើស​តែ​មួយ​គត់ ។ ពួកគេ​អាច​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​អាច​ជួយ​គេ​បាន​ឡើយ ការណ៍​នេះ​នាំ​ឲ្យ​គេ​ផ្តាច់​ខ្លួន​ពី​សង្គម ហើយ​ធ្វើ​ឲ្យ​ទុក្ខព្រួយ និង អារម្មណ៍​នៃ​ការជាប់​គាំង​ដោះស្រាយ​មិន​រួច និង ភាព​អស់​សង្ឃឹម​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ទីបំផុត​នាំ​ទៅ​រក​គំនិត​ថា អត្តឃាត​គឺ​ជា​ជម្រើស​តែ​មួយ​គត់ ។

នៅពេល​នរណា​ម្នាក់​បង្ហាញ​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ ណា​មួយ ដូច​តទៅ​នេះ យើង​គប្បី​ស្វែងរក​ជំនួយ​ភ្លាមៗ​ពី​ពេទ្យ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត ឬ សេវាកម្ម​សង្គ្រោះ​បន្ទាន់​ដូច​ជា​ប៉ូលីស​ជា​ដើម ៖

  • គំរាម​ធ្វើ​បាប​ខ្លួន ឬ សម្លាប់​ខ្លួន​ឯង

  • ប៉ុនប៉ង​រក​វិធី ឬ មធ្យោបាយ​សម្លាប់​ខ្លួន

  • និយាយ ឬ សរសេរ​អំពី​មរណភាព ការស្លាប់ ឬ អត្តឃាត

សញ្ញា​ដូច​តទៅ​នេះ​កម្រ​កើត​មាន ប៉ុន្តែ​យើង​មិន​គួរ​រុញរា​ចិត្ត ដើម្បី​ជួយ និង​ស្វែងរក​ជំនួយ​សម្រាប់​បុគ្គល​ដែល​បង្ហាញ​សញ្ញា​ណា​មួយ​ដូច​នេះ ៖

  • បង្ហាញ​ពី​ភាពអស់​សង្ឃឹម និង បាត់បង់​បំណង​ក្នុង​ការរស់នៅ

  • បង្ហាញ​ពី​ភាព​ឆេវឆាវ ឬ កំហឹង ឬ ព្យាយាម​សងសឹក

  • មាន​អាកប្បកិរិយា​ពុំ​ខ្វល់ខ្វាយ

  • មាន​អារម្មណ៍​ថា​ដូច​ជាប់​ទ្រុង

  • បង្កើន​ការផឹកស្រា ឬ ប្រើ​ថ្នាំ​ញៀន

  • ផ្តាច់​ខ្លួន​ចេញ​ពី​មិត្តភិក្ត គ្រួសារ ឬ សង្គម

  • មាន​អារម្មណ៍​ថប់​បារម្ភ ឬ ឡេះឡះ ឬ មាន​ការផ្លាស់ប្តូរ​អារម្មណ៍​យ៉ាង​គំហុក

  • ដេក​ពុំ​លក់ ឬ ដេក​រហូត

  • មាន​អារម្មណ៍​ថា ពួកគេ​ជា​បន្ទុក​មួយ​សម្រាប់​អ្នក​ដទៃ

មិនមែន​គ្រប់​មនុស្ស​ដែល​ព្យាយាម​ធ្វើ​អត្តឃាត អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​ចិត្ត​ប៉ុនប៉ង​របស់​ពួកគេ​ឡើយ ប៉ុន្តែ​ភាគច្រើន​បង្ហាញ​ពី​សញ្ញា​ព្រមាន​ទាំង​នេះ ។ ដូច្នេះ​សូម​កុំ​ធ្វេសប្រហែស​នឹង​សញ្ញា​ទាំង​នេះ​ឡើយ !

ទោះ​ជា​គ្មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​ជំនួយ​ពី​អ្នក​ជំនាញ​ក្តី ក៏​ឥទ្ធិពល​មក​ពី​មិត្តភក្តិ និង គ្រួសារ​ដែល​មាន​ការខ្វល់ខ្វាយ​ពិតប្រាកដ​អាច​មាន​ប្រយោជន៍​ជា​ខ្លាំង ។

ការបង្ការ

elderly man with a cane

នៅពេល​នរណា​ម្នាក់​ចង់​ធ្វើ​អត្តឃាត គ្រួសារ និង មិត្តភក្តិ​ដើរ​តួ​យ៉ាង​សំខាន់ ។ ដូច​អាលម៉ា​បាន​បង្រៀន​ថា យើង​ត្រូវតែ « ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល… ទួញយំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែនហើយ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​កម្សាន្ត​ទុក្ខ » ( ម៉ូសាយ ១៨:៨, ៩ ) ។

នេះ​គឺ​ជា​កិច្ចការ​មួយ​ចំនួន​ដ៏​មាន​ប្រយោជន៍​ដែល​គ្រួសារ និង មិត្តភក្តិ​អាច​ធ្វើ ៖

ឈោង​ទៅ​ជួយ ហើយ​ស្តាប់​ដោយ​ក្តីស្រឡាញ់ ។ ដូច​អែលឌើរ បាឡាដ បាន​ទូន្មាន​ថា « គ្មាន​ឥទ្ធិពល​ណា​ដែល​ខ្លាំង​ជាង​រង្វង់​ដៃ​នៃ​សេចក្តី​ស្រឡាញ់​ដែល​ឱប​អ្នក​ដែល​កំពុង​ជួប​ការលំបាក​នោះ​ឡើយ »  អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « យើង​ត្រូវ​មើល​ពួកគេ … តាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតាសួគ៌ » ។ នៅ​ពេល​នោះ​ហើយ​ទើប​យើង​ទទួល​អារម្មណ៍​ពី​ការ​ព្រួយ​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ ។ … ការពង្រីក​ទស្សនវិស័យ​នេះ​នឹង​បើក​ដួងចិត្ត​យើង ចំពោះ ការខក​ចិត្ត ការភ័យខ្លាច និង ការខូចចិត្ត​របស់​មនុស្ស​ដទៃ​ទៀត » ។

សូម​ផ្តល់​ជំនួយ​ឲ្យ​ឃើញ​ជាក់ស្តែង ។ ប្រសិនបើ​បុគ្គល​ម្នាក់​កំពុង​ឆ្លង​កាត់​វិបត្តិ​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព និង តម្រូវការ​ចាំបាច់​របស់​ពួកគេ សូម​ផ្តល់​ជំនួយ​ឲ្យ​ឃើញ​ជាក់ស្តែង ប៉ុន្តែ​សូម​ឲ្យ​បុគ្គល​នោះ​ជ្រើសរើស​ទទួល​យក​វា ឬ មិន​យក​វា ។ ឧទាហរណ៍ ប្រសិនបើ​នរណា​ម្នាក់​ចង់​ធ្វើ​អត្តឃាត ដោយសារ​បាត់បង់​ការងារ សូម​ជួយ​រក​ការងារ​ឲ្យ​ពួកគេ ផ្តល់​ជម្រើស​ឲ្យ​ពួកគេ​ជ្រើសរើស ហើយ​ជួយ​ពួកគេ​កុំ​ឲ្យ​មាន​អារម្មណ៍​ជាប់​គាំង​ដោះស្រាយ​មិន​រួច​នោះ ។

សូម​សួរ​ប្រសិនបើ​ពួកគេ​កំពុង​គិត​ពី​ការធ្វើ​អត្តឃាត ។ នៅពេល​អ្នក​បារម្ភ​ថា​មនុស្ស​ម្នាក់​បាក់​ទឹកចិត្ត​ខ្លាំង ហើយ​បង្ហាញ​ពី​សញ្ញា​ព្រមាន​នៃ​អត្តឃាត សូម​សួរ​ប្រសិនបើ​ពួកគេ​កំពុង​គិត​ចង់​ធ្វើ​អត្តឃាត ។ ការសួរ​បែប​នោះ​អាច​មិន​ងាយ​ស្រួល ប៉ុន្តែ​វា​ជា​របៀប​ល្អ​បំផុត​ដើម្បី​ដឹង ដោយ​ការសួរ​ដោយ​ផ្ទាល់ ប្រសិនបើ​ពួកគេ​គិត​ចង់​ធ្វើ​អត្តឃាត ។ វា​អាច​ផ្តល់​មធ្យោបាយ​មួយ​ដល់​បុគ្គល​នោះ​និយាយ​អំពី​ក្តី​អំពល់ និង កង្វល់​របស់​ពួកគេ ។

ឧទាហរណ៍​នៃ​សំណួរ​ទាំង​នោះ​មាន​ដូច​ជា « រឿង​នោះ​វា​ពិបាក​ឲ្យ​មនុស្ស​ម្នាក់​ដោះស្រាយ​ណាស់ ។ តើ​ឯង​កំពុង​គិត​ពី​ការចង់​ធ្វើ​អត្តឃាត​ឬ ?» ឬ « ដោយសារ​ការឈឺចាប់​ទាំងអស់​ដែល​ឯង​មាន ខ្ញុំ​ឆ្ងល់​ថា តើ​ឯង​កំពុង​គិត​ចង់​សម្លាប់​ខ្លួន​ឬ » ។ ប្រសិនបើ​ពួកគេ​ពុំ​ចង់​សម្លាប់​ខ្លួន​ទេ​នោះ ពួកគេ​ទំនង​ជា​អនុញ្ញាត​ឲ្យ​អ្នក​ដឹង ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា ពួកគេ​ពុំ​ប្រាប់​អ្នក​អំពី​គំនិត​ចង់​ធ្វើ​អត្តឃាត​ទេ​នោះ សូម​យក​ចិត្ត​ទុកដាក់​ស្តាប់​ព្រះវិញ្ញាណ​ដើម្បី​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត ។ អ្នក​អាច​ត្រូវបាន​បំផុស​គំនិត​ឲ្យ​នៅ​ជាមួយ​ពួកគេ រហូត​ដល់​ពួកគេ​អាច​ប្រាប់​អ្នក​អំពី​រឿង​នោះ ។

សូម​នៅ​ជាមួយ​បុគ្គល​នោះ ហើយ​ស្វែងរក​ជំនួយ ។ ប្រសិនបើ​នរណា​ម្នាក់​អនុញ្ញាត​ឲ្យ​អ្នក​ដឹង​ថា​ពួកគេ​ចង់​ធ្វើ​អត្តឃាត សូម​នៅ​ជាមួយ​ពួកគេ ហើយ​ឲ្យ​ពួកគេ​និយាយ​ជាមួយ​អ្នក​អំពី​ក្តី​អំពល់​ដែល​ពួកគេ​កំពុង​មាន ។ ប្រសិនបើ​ពួកគេ​និយាយ​អំពី​វិធីសាស្ត្រ និង ពេលវេលា​ជាក់លាក់​នានា​ដើម្បី​ធ្វើ​អត្តឃាត សូម​ជួយ​បុគ្គល​នោះ​ទាក់ទង​ទៅ​អ្នក​ដោះស្រាយ​វិបត្តិ ឬ ការិយាល័យ​បន្ទាន់​ផ្នែក​ផ្លូវ​ចិត្ត​ក្នុង​មូលដ្ឋាន ។

ប្រតិកម្ម​ចំពោះ​ការ​ធ្វើ​អត្តឃាត

ទោះបី​ជា​ពួកគេ​បាន​បង្ហាញ ឬ មិន​បង្ហាញ​សញ្ញា​ព្រមាន​ក្តី មនុស្ស​មួយ​ចំនួន​ពិត​ជា​សម្លាប់​ខ្លួន​ឯង ។ នៅពេល​ជួប​នឹង​បទពិសោធន៍​ដ៏​ឈឺ​ចាប់ ដែល​មនុស្ស​ជាទីស្រឡាញ់​របស់​ខ្លួន​ធ្វើ​អត្តឃាត ជាញឹកញាប់​សមាជិក​គ្រួសារ និង មិត្តភក្តិ​ជន​រងគ្រោះ​ជួប​នូវ​ការកើត​ទុក្ខ​យ៉ាង​ខ្លាំង ធ្ងន់ធ្ងរ និង ស្មុគស្មាញ ។ ប្រតិកម្ម​មួយ​ចំនួន​នោះ អាច​រួមមាន​ដូច​តទៅ​នេះ ៖

  • មាន​អារម្មណ៍​អៀនខ្មាស និង អាប់​ឱន​កិត្តិយស

  • ភ្ញាក់ផ្អើល និង មិន​គួរ​ឲ្យ​ជឿ

  • ខឹង ខូច​ចិត្ត ឬ មាន​កំហុស

  • លាក់​ពី​បុព្វហេតុ​នៃ​មរណភាព

  • ផ្តាច់​ខ្លួន​ចេញ​ពី​សង្គម ហើយ​ផ្តាច់​ទំនាក់ទំនង​ក្នុង​រង្វង់​គ្រួសារ

  • សកម្ម និង ទាក់ទង​ច្រើន​ហួសហេតុ​ជាមួយ​នឹង​កិច្ចប្រឹងប្រែង​បង្ការ​ការធ្វើ​អត្តឃាត

  • មាន​បំណង​ចង់​យល់​ពី​មូលហេតុ

  • មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះបង់ ឬ បដិសេធ

  • ស្តីបន្ទោស​ដល់​អ្នក​ដែល​ស្លាប់ ខ្លួន​ឯង អ្នក​ដទៃ និង ព្រះ

  • បង្កើន​គំនិត​ធ្វើ​អត្តឃាត ឬ អារម្មណ៍​បំផ្លាញ​ខ្លួន​ឯង

  • បង្កើន​ភាព​តានតឹង​ផ្លូវ​ចិត្ត អំឡុង​ពេល​រដូវ​វិស្សមកាល និង បុណ្យ​ខួប​របស់​បុគ្គល​ដែល​ស្លាប់

កិច្ចការ​នានា​ដែល​គ្រួសារ​ជន​រងគ្រោះ និង សហគមន៍​អាច​ធ្វើ

woman sitting on bench

ទប់​អារម្មណ៍​ពី​ការ​វិនិច្ឆ័យ​នានា ។ ដោយសារ​អត្តឃាត​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ នោះ​អែលឌើរ បាឡាដ ក៏​បាន​រំឭក​យើង​ផងដែរ ៖ « ជាក់​ស្ដែង​ណាស់ យើង​ពុំ​ដឹង​ពី​កាលៈទេសៈ​គ្រប់​ជ្រុងជ្រោយ​នៃ​ការធ្វើ​អត្តឃាត​ឡើយ ។ មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​ទ្រង់​ជ្រាប​ដឹង​ព័ត៌មាន​លម្អិត​ទាំងអស់ ហើយ​ទ្រង់​គឺ​ជា​អង្គ​ដែល​នឹង​កាត់​សេចក្តី​ពី​ទង្វើ​របស់​យើង​នៅលើ​ផែនដី​នេះ ។ នៅពេល [ ព្រះអម្ចាស់ ] ជនុំជម្រះ​ពួកយើង នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ទ្រង់​នឹង​លើក​យក​អ្វីៗ​ទាំងអស់​មក​ព្រះដំរិះ ៖ ស្សែន និង លក្ខណៈ​នៃ​ធាតុ​គីមី ស្ថានភាព​ផ្លូវចិត្ត សមត្ថភាព​នៃ​បញ្ញា​របស់​យើង ការបង្រៀន​ដែល​យើង​បាន​ទទួល សណ្តាប់​នៃ​ជីដូនជីតា​របស់​យើង និង សុខភាព​យើង​ជាដើម » ។

អនុញ្ញាត និង យល់​ពី​ទុក្ខព្រួយ​ជាក់លាក់​របស់​បុគ្គល​ម្នាក់ៗ ។ មនុស្ស​កើត​ទុក្ខ​តាម​របៀប​ផ្សេងៗ​គ្នា ដូច​ជា​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​បុគ្គល​ដែល​ស្លាប់​មាន​ភាព​ផ្សេង​គ្នា​ទៅ​នឹង​មនុស្ស​ម្នាក់​ទៀត ។ ដូច្នោះ​សូម​ទទួល​ស្គាល់ និង យល់​ដល់​របៀប​កើត​ទុក្ខ​របស់​បុគ្គល​ម្នាក់ៗ ។

នៅពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ឃ្លាត​ចាក​ពី​យើង នោះ​យើង​អាច​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង និង ច្រើន​លើសលុប ។ ប៉ុន្តែ ការកើត​ទុក្ខ​ពុំ​មែន​មាន​ន័យ​ថា ជា​ការខ្វះ​ជំនឿ​ឡើយ ។ ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « ចូរ​រស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់ រហូត​ដល់​អ្នក​ត្រូវ​យំ​សោក​ចំពោះ​ការ​បាត់បង់​នៃ​មនុស្ស​ដែល​ស្លាប់ » ( គ. និង ស. ៤២:៤៥ ) ។ ការកើត​ទុក្ខ​ព្រួយ​គឺ​ជា​សញ្ញា​មួយ​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ស្លាប់​ដ៏​ជា​ទីស្រឡាញ់​របស់​យើង និង ថា​ទំនាក់ទំនង​របស់​ពួកគេ​នឹង​យើង​មាន​អត្ថន័យ​យ៉ាង​ណា ។

ចូរ​ស្វែងរក​ជំនួយ ។ នៅពេល​អ្នក​កើត​ទុក្ខ អ្នក​អាច​មាន​អារម្មណ៍​ថា​អ្វីៗ​ដូចជា​ស្មុគស្មាញ ។ ការស្វែងរក​ជំនួយ​អាច​ផ្តល់​ឱកាស​ដ៏​ពិសិដ្ឋ​សម្រាប់​អ្នក​ដទៃ​ឲ្យ​ស្រឡាញ់ និង បម្រើ​ដល់​អ្នក ។ ការអនុញ្ញាត​ឲ្យ​ពួកគេ​ជួយ អាច​ព្យាបាល និង ពង្រឹង​ដល់​យើង​នឹង​ដល់​ពួកគេ​ផងដែរ ។

បន្ដ​ទាក់ទង​គ្នា ។ មនុស្ស​មួយ​ចំនួន​ទួញយំ​ដោយ​ស្ងាត់ស្ងៀម ហើយ​មាន​ពេលខ្លះ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​គេ ដូច្នោះ​សូម​បន្ត​ទាក់ទង​គ្រួសារ និង មិត្តភក្តិ​របស់​អ្នក ។ ជា​ទៀងទាត់ សូម​ឈោង​ទៅ​ជួយ​សមាជិក​គ្រួសារ​របស់​អ្នក សាច់​ញាតិ និង មិត្តភក្តិ​ដែល​កើត​ទុក្ខ ហើយ​ផ្តល់​ជំនួយ​ដល់​ពួកគេ ដោយសារ​ពួកគេ​អាច​មិន​មក​រក​អ្នក​ឡើយ ។

សូម​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ ។ ព្រះអង្គសង្គ្រោះ​គឺ​ជា​ប្រភព​នៃ​ការព្យាបាល និង ភាពសុខសាន្ត ។ « ដង្វាយធួន​របស់​ទ្រង់…ប្រទាន​ឱកាស​ដល់​យើង ឲ្យ​អំពាវនាវ​រក​ទ្រង់​ដែល​បាន​ដកពិសោធន៍​ពី​គ្រប់​ជំងឺ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ដើម្បី​ចម្រើន​កម្លាំង​ដល់​យើង ឲ្យ​ទ្រាំទ្រ​នឹង​បន្ទុក​នៃ​ជីវិត​រមែង​ស្លាប់ ។ ទ្រង់​ស្គាល់​ពី​ការឈឺចាប់​របស់​យើង ហើយ​ទ្រង់​នៅ​ទីនោះ​សម្រាប់​យើង ។ គឺ​ដូចជា​សាសន៍​សាម៉ារី​ចិត្ត​ល្អ​ម្នាក់​នោះ​ដែរ នៅពេល​ទ្រង់​ឃើញ​ថា យើង​មាន​របួស​នៅតាម​ផ្លូវ​នោះ​ទ្រង់​នឹង​រុំ​របួស​របស់​យើង ហើយ​ថែទាំ​យើង ( សូមមើល លូកា ១០:៣៤ ) » ។

ចូរ​ឲ្យ​យើង​ដឹង​ថា យើង​ទាំងអស់​គ្នា​ត្រូវតែ​ពឹងផ្អែក​ទាំងស្រុង​លើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ នៅពេល​យើង​ព្យាយាម​ធ្វើ​ផ្នែក​របស់​យើង ។ នៅក្នុង​ការទទួល​ស្គាល់​ដ៏​រាបទាប​នេះ ចូរ​យើង​ព្យាយាម​យល់​ចិត្ត​គ្រួសារ និង អ្នក​ជិតខាង​យើង​ក្នុង​ពេល​បាក់​ទឹកចិត្ត សូម​ឈោង​ទៅ​ជួយ​ពួកគេ​ដោយ​ក្តីស្រឡាញ់ ហើយ​បណ្តុះ​សេចក្តី​ជំនឿ និង ការទុកចិត្ត​កាន់តែ​ច្រើន​ឡើង​ជាមួយ​គ្នា លើ​ព្រះអង្គសង្គ្រោះ ដែល​នឹង​យាង​ត្រឡប់​មក​វិញ ហើយ « ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ » ( វិវរណៈ ២១:៤ ) ។

កំណត់​ចំណាំ

  1. ខេវីន ហាយ នៅក្នុង Amanda Bower « A Survivor Talks About His Leap » Time ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០០៦ Time.com ។

  2. អិម រ័សុល បាឡឺដ នៅក្នុង Jason Swenson « Elder Ballard Offers Comfort and Counsel to Those Affected by Suicide » Church News ថ្ងៃ​ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៤ news.lds.org ។

  3. សូមមើល World Health Organization Preventing Suicide: A Global Imperative ( ឆ្នាំ ២០១៤ ) ទំព័រ ២ ។

  4. សូម​មើល អិម ដាវីឌ រ៉ុដ និង អ្នក​ដទៃ​ផ្សេង​ទៀត « Warning Signs for Suicide: Theory, Research, and Clinical Applications » Suicide and Life-Threatening Behavior ភាគ​ទី ៣៦ លេខ ៣ ( ឆ្នាំ ២០០៦ ) ទំព័រ ២៥៥–៦២ ។

  5. អិម រ័សុល បាឡឺដ នៅក្នុង « Sitting on the Bench: Thoughts on Suicide Prevention » ( វីដេអូ ) lds.org/media-library ។

  6. អែលឌើរ ឌេល ជី រេនឡាន់ « Through God’s Eyes » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៤ ។

  7. សូមមើល ចន អ័រ យ៉ូហាន « Is Suicide Bereavement Different ? A Reassessment of the Literature » Suicide and Life-Threatening Behavior ភាគ​ទី ៣១ លេខ ១ ( ឆ្នាំ ២០០១ ) ទំព័រ ៩១–១០២ ។

  8. អិម រ័សុល បាឡឺដ « Suicide: Some Things We Know, and Some We Do Not » Ensign ខែ តុលា ឆ្នាំ ១៩៨៧ ទំព័រ ៨ ។

  9. ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៤ ។