គេហដ្ឋានរបស់យើង ក្រុមគ្រួសាររបស់យើង
ការតមអាហារ និង ការអធិស្ឋានសម្រាប់ អិមម៉ា
អ្នកនិពន្ធរស់នៅក្នុងតំបន់រដ្ឋធានីនៃប្រទេសដាណឺម៉ាក ។
បន្ទាប់ពីកូនស្រីរបស់ខ្ញុំធ្លាក់តាមមាត់បង្អួចមក ខ្ញុំបានគិតថា ការភ័យខ្លាចដ៏ខ្លាំងរបស់យើងបានក្លាយជាការពិត ។
រូបថត © iStock/Thinkstock
គ្រួសារខ្ញុំទើបត្រឡប់មកពីវិស្សមកាលមួយដ៏រីករាយ ។ បន្ទាប់ពីអាហារពេលល្ងាចហើយ ខ្ញុំបានទុកកូនពីរនាក់របស់យើង ម្នាក់អាយុបួនឆ្នាំ ម៉ាឃើស ហើយម្នាក់ទៀតអាយុបីឆ្នាំ អិមម៉ា ឲ្យលេងនៅគ្រែដេកជាន់ខាងលើនៅជាន់ទីបួនក្នុងផ្ទះយើង ។ នៅក្នុងប្រទេសដាណឺម៉ាក គេបើកបង្អួចដូចជាបង្ហា ។ ជាទូទៅបង្អួចត្រូវបានចាក់គន្លឹះ ប៉ុន្តែយើងបានទុកវាឲ្យហើបបន្តិចអំឡុងពេលវិស្សមកាលរបស់យើង ប្រយោជន៍ឲ្យផ្ទះរបស់យើងមានខ្យល់ចេញចូលអំឡុងពេលដំណើរកម្សាន្តរបស់យើងនោះ ។
ខណៈដែលខ្ញុំកំពុងលាងចាន ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយអាក្រក់បានកើតឡើង ។ ខ្ញុំបានរត់ចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ នៅពេលម៉ាឃើស កំពុងរត់ចុះជណ្តើរ ។ គាត់បានស្រែកដោយភិតភ័យ ដោយនិយាយថា អិមម៉ាបានធ្លាក់តាមបង្អួច—បង្អួចនោះមានកម្ពស់ប្រហែល ១២ ម៉ែត្រពីលើផ្លូវដើរដែលមានក្រាលស៊ីម៉ង់ ។ ខ្ញុំបានរត់ចុះជណ្តើរដោយស្រែកហៅឈ្មោះអិមម៉ាម្តងហើយម្តងទៀត ។ ខ្ញុំបានឃើញកូនស្រីតូចរបស់ខ្ញុំ ដេកលើកម្រាលស៊ីម៉ង់នោះ ដូចជាស្លាប់ ។ នាងបានទន់ខ្លួនទាំងស្រុង កាលខ្ញុំបានលើកនាងឡើង ហើយខ្ញុំបានគិតថា នាងស្លាប់ហើយ ។ ស្វាមីរបស់ខ្ញុំដែលរត់តាមខ្ញុំពីក្រោយមកក្រៅផ្ទះនោះ បានលើកបីនាងឡើង ហើយផ្តល់ការប្រសិទ្ធពរបព្វជិតភាពដល់នាង ។
ភ្លាមនោះឡានពេទ្យបានមក ហើយម៉ាឃើស និង ខ្ញុំបានអធិស្ឋានខណៈដែលជំនួយការវេជ្ជបណ្ឌិតកំពុងជួយអិមម៉ា ។ មិនយូរប៉ុន្មាន យើងទាំងអស់គ្នាបានជិះក្នុងឡានពេទ្យហើយធ្វើដំណើរទៅមន្ទីរពេទ្យ ។
នៅឯបន្ទប់សង្គ្រោះបន្ទាន់ យើងបានជួបនឹងសមាជិកគ្រួសារយើងដែលបានមកជួយពួកយើង ។ ម៉ាឃើស បានទៅផ្ទះវិញជាមួយបងប្អូនជីដូនមួយគាត់ ហើយស្វាមីខ្ញុំ និង ខ្ញុំបន្តនៅទីនោះ ដោយពុំទាន់ដឹងពីស្ថានភាពរបស់អិមម៉ានៅឡើយ ។
បន្ទាប់ពីរង់ចាំអស់ពេលជាយូរមក វេជ្ជបណ្ឌិតមួយរូបបានចេញមក ហើយបានសាកសួរព័ត៌មានលម្អិតពីគ្រោះថ្នាក់នោះ ។ ពួកគាត់បាននិយាយថា ជាធម្មតាការធ្លាក់ពីកម្ពស់បែបនោះនឹងធ្វើឲ្យមានរបួសគ្រាំក្នុង ហើយមានឱកាសនៅរស់តិចតួចណាស់ ។ អិមម៉ាបាក់ឆ្អឹងត្រគាក ហើយក្រឡកខួរក្បាល ប៉ុន្តែស្នាមរលាត់នោះគឺនៅសើៗខាងលើប៉ុណ្ណោះ ។ វេជ្ជបណ្ឌិតនោះបាននិយាយថា ទេវតាបានទ្រនាង ។
ទោះបីការនៅរស់រានមានជីវិតរបស់អិមម៉ាជាអព្ភូតហេតុក្តី នាងនៅតែសន្លប់បាត់ស្មារតី ដោយសារការប៉ះទង្គិចក្បាល ។ ស្វាមីខ្ញុំ និង មិត្តភក្តិជិតស្និទ្ធពីរនាក់ទៀតបានប្រសិទ្ធពរដល់អិមម៉ាម្តងទៀត ។ នៅក្នុងការប្រសិទ្ធពរនោះ នាងត្រូវបានសន្យាថា នឹងបានជាសះស្បើយទាំងស្រុង ដោយគ្មានបញ្ហាអ្វីនៅសល់ទៀតឡើយ ហើយថាការណ៍នេះនឹងក្លាយជាបទពិសោធន៍វិជ្ជមានមួយនៅក្នុងជីវិតរបស់នាង ។ ខ្ញុំមានអារម្មណ៍អរគុណជាខ្លាំង ដល់ព្រះចេស្តានៃបព្វជិតភាព ។ ការទូលអង្វរពេញមួយយប់របស់ខ្ញុំបានទទួលចម្លើយ ។
បួនថ្ងៃក្រោយមក អិមម៉ាបានដឹងខ្លួនឡើងវិញ ។ អំឡុងពេលបួនថ្ងៃនោះ មិត្តភក្តិ សមាជិកសាសនាចក្រ និង អ្នកដទៃទៀតបានតមអាហារ និង អធិស្ឋានសម្រាប់នាង ។ ខ្ញុំមានអារម្មណ៍ថា ការអធិស្ឋានរបស់ពួកបរិសុទ្ធស្មោះត្រង់នៅជុំវិញខ្លួនខ្ញុំ គាំទ្រគ្រួសារខ្ញុំ និង ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថា ព្រះវរបិតាសួគ៌បានឱបខ្ញុំ ហើយលួងលោមចិត្តខ្ញុំ ។
ស្តេករបស់យើងបានធ្វើការតមអាហារនៅមួយថ្ងៃមុននាងបានដឹងខ្លួនឡើងវិញ ។ យើងជឿថាព្រះវរបិតាសួគ៌បានស្តាប់ការអធិស្ឋានរបស់យើង ហើយថាការដឹងខ្លួនរបស់អិមម៉ាគឺជាលទ្ធផលផ្ទាល់ដែលកើតមកពីការតមនេះ ។ ចាប់តាំងពីនោះមកអិមម៉ាបានជាសះស្បើយទាំងស្រុង ។ ចាប់តាំងពីគ្រោះថ្នាក់នោះមកបានប្រាំថ្ងៃនាងអាចនិយាយបានវិញ ហើយប្រាំបួនថ្ងៃក្រោយមកនាងបានចេញពីមន្ទីរពេទ្យ ។ នាងបាននៅលើកៅអីរុញអស់រយៈពេលប្រាំសប្តាហ៍ ហើយក្រោយមកបានចាប់ផ្តើមទទួលការព្យាបាលដោយចលនា ។
ប្រហែលមួយខែ បន្ទាប់ពីគ្រោះថ្នាក់នោះមក ខ្នងរបស់ខ្ញុំបានឈឺដោយសារតែការលើកអិមម៉ា ។ អារម្មណ៍នៃភាពទន់ខ្សោយទាំងខាងរូបកាយ និង ខាងវិញ្ញាណបានសន្ធប់លើរូបខ្ញុំ ។ តើខ្ញុំអាចបន្តមើលថែនាងយ៉ាងដូចម្តេច ?
នាយប់មួយអារម្មណ៍បន្ទោសខ្លួនឯងដែលមានភាពទន់ខ្សោយនោះ បានប្រែកាន់តែធ្ងន់ឡើងដែលមិនអាចទ្រាំទ្របាន ។ ខ្ញុំបានចេញពីផ្ទះ ហើយបានឃើញកៅអីវែងមួយនៅសួនឧទ្យាន ជាកន្លែងដែលខ្ញុំបានអធិស្ឋានទៅព្រះវរបិតាសួគ៌អស់ប្រហែលជាមួយម៉ោង ។ នោះជាគ្រាដំបូងនៅក្នុងជីវិតខ្ញុំ ដែលខ្ញុំទទួលអំណាចដ៏មហិមានៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះលើរូបខ្ញុំ ។ គ្រប់ការឈឺចាប់ និង ទុក្ខព្រួយដែលខ្ញុំបានរែកពន់ត្រូវបានដកចេញពីរូបខ្ញុំ បន្ទុកទាំងអស់របស់ខ្ញុំត្រូវបានសម្រាលពីស្មារបស់ខ្ញុំ បន្ទាប់ពីការអធិស្ឋាននោះ ។ អិមម៉ាបន្តជិះរទេះរុញ ហើយខ្ញុំបានទទួលការព្យាបាលខ្នងរបស់ខ្ញុំជាទៀងទាត់ ប៉ុន្តែខ្ញុំត្រូវបានពង្រឹងឲ្យបន្តឆ្ពោះទៅមុខទៀត ។
មួយឆ្នាំក្រោយមក អិមម៉ាអាចរត់ សើច និទានរឿង ហើយគិតគូរដូចជាកូនក្មេងអាយុបួនឆ្នាំ ។
យើងដឹងថាមានព្រះវរបិតាគង់នៅស្ថានសួគ៌ដែលពេញដោយសេចក្តីស្រឡាញ់ ដែលមានព្រះទ័យខ្វាយខ្វល់ចំពោះពួកយើង ហើយស្គាល់យើងម្នាក់ៗ ។ ទ្រង់ជ្រាបពីឧបសគ្គនានាដែលយើងឆ្លងកាត់ ។ ខ្ញុំនឹងគ្មានមន្ទិលសង្ស័យអំពីអព្ភូតហេតុនានា ដែលទ្រង់បានប្រទានដល់ពួកយើងតាមរយៈការអធិស្ឋាន តមអាហារ និង ការប្រសិទ្ធពរបព្វជិតភាពឡើយ ។