ព្រះបន្ទូលដែលបានព្យាករ នៅ កន្លែងដែលមិនបានរំពឹងទុក
អ្នកនិពន្ធបានរស់នៅប្រទេសអាហ្សង់ទីន ខណៈដែលស្វាមីរបស់គាត់កំពុងបម្រើជាប្រធានបេសកកម្ម ។
ទស្សនាវដ្តីដែលបានបោះចោលបានផ្លាស់ប្តូរជីវិតរបស់ អូស្កា ខាសត្រូ ជារៀងរហូត ។
នៅថ្ងៃដែលភរិយារបស់ អូស្កា បានចាកចោលគាត់ និង កូនតូចពីរនាក់របស់គាត់ គឺជាថ្ងៃមួយដ៏សែនលំបាកនៅក្នុងជីវិតរបស់គាត់ ។ មានការសម្រេចចិត្តមួយចំនួន ដែលចាំបាច់ត្រូវធ្វើឡើង ។ គាត់បានព្យាយាមស្វែងរកការងារ ហើយឥឡូវនេះគាត់ត្រូវការកន្លែងថ្មីមួយដើម្បីរស់នៅ ។ វាហាក់បីដូចជាជីវិតគាត់ស្ថិតក្នុងភាពច្របូកច្របល់ ។ គាត់បានគិតពីការបោះបង់ចោលអ្វីៗទាំងអស់ ហើយគាត់ប្រហែលជាអាចបោះបង់វាមែន ប្រសិនបើគាត់គ្មានកូនដ៏ស្រស់ស្អាតទាំងពីរនាក់នោះ ។
នៅទីក្រុង សាំង ហ្សង់ ប្រទេស អាហ្សង់ទីន គ្មានផ្ទះច្រើនដែលឲ្យ អូស្កាជួលក្នុងតម្លៃប្រាក់ដែលគាត់អាចរត់រួចឡើយ ។ ប៉ុន្តែមានផ្ទះតូចមួយនៅក្នុងភូមិតូចដ៏មានសុវត្ថិភាពមួយ ដែលយុវជនមួយក្រុមទើបតែចេញ នោះអូស្កាបានជួលផ្ទះនោះ ហើយរៀបចំវាដើម្បីចាប់ផ្តើមជីវិតថ្មីជាមួយនឹងកូនៗរបស់គាត់ ។
នៅក្នុងផ្ទះថ្មីរបស់គាត់ មានទស្សនាវដ្តី និង សៀវភៅមួយចំនួនដែលបានបន្សល់ទុកនៅលើកម្រាលឥដ្ឋ ហើយបន្ទាប់ពីធ្វើការសម្អាត ហើយរៀបចំរបស់របរឲ្យមានសណ្តាប់ធ្នាប់វិញ នោះអូស្កាបានអង្គុយ ហើយបានមើលទស្សនាវដ្តីមួយក្បាល ។ គម្របទស្សនាវដ្តីនោះបានទាក់ទាញអារម្មណ៍របស់គាត់ដោយហេតុផលមួយចំនួន ។ នៅក្រោមចំណងជើង លីអាហូណា មានរូបភាពរបស់បុរសចំណាស់ម្នាក់ឈរនៅលើប៉មមួយនិយាយទៅកាន់មនុស្ស ។ រូបបុរសនោះបានធ្វើឲ្យគាត់នឹកចាំពីរូបមួយរបស់ព្យាការីក្នុងព្រះគម្ពីរប៊ីប ។
អូស្កា បានបើកទស្សនាវដ្តី ហើយចាប់ផ្តើមអាន « យើងម្នាក់ៗដឹងរួចហើយថា យើងត្រូវតែប្រាប់អស់អ្នកដែលយើងស្រឡាញ់ថាយើងស្រឡាញ់ពួកគេ ។ ប៉ុន្តែអ្វីដែលយើងដឹងពុំតែងតែសម្តែងនូវអ្វីដែលយើងធ្វើនោះទេ » ។១ អូស្កា បានគិតដល់ពាក្យសម្តីខ្លាំងៗ ដែលគាត់ និង ភរិយាគាត់ធ្លាប់បាននិយាយជាច្រើនដង ។ ទ្រង់មានព្រះទ័យចង់បង្រៀនកូនចៅទ្រង់ ឲ្យបានល្អប្រសើរជាងនោះ ។ អូស្កាបានបន្តអានទស្សនាវដ្តី ហើយគាត់បានចាប់ផ្តើមមានអារម្មណ៍សង្ឃឹមកើនឡើងនៅក្នុងខ្លួនគាត់ ។ ពីមុនអាទិត្យនោះចប់ គាត់បានអានគ្រប់អត្ថបទ ហើយចង់ដឹងបន្ថែមទៀត ។
មួយខែក្រោយមក មានអ្នកផ្សព្វផ្សាយសាសនាពីរនាក់បានដើរនៅក្នុងភូមិតូចរបស់ អូស្កា ។ អូស្កា បានទៅជួបពួកគេ ហើយសួរប្រសិនបើពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនាពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយថាតើគាត់ត្រូវបង់ប្រាក់ប៉ុន្មានដើម្បីទទួលបានទស្សនាវដ្តីសាសនាចក្រថែមទៀត ។ អែលឌើរបានប្រាប់គាត់ថា វានឹងត្រូវការពេលវេលារបស់អ្នកតែ ២០ នាទីប៉ុណ្ណោះ ។
លុះថ្ងៃស្អែកឡើង អ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់នោះបានមកជួប អូស្កា នៅផ្ទះរបស់គាត់ ។ អូស្កាបានប្រាប់ពួកគេអំពីការប្តូរមកនៅទីនោះ ហើយឃើញសៀវភៅ ទស្សនាវដ្តីចាស់ៗ ដែលនាំឲ្យគាត់ស្គាល់ពីសាសនាចក្រ ។ គាត់បានពន្យល់ថាអត្ថបទដំបូងដែលគាត់បានអាន គឺទាក់ទងផ្ទាល់ទៅនឹងជីវិតរបស់គាត់នាគ្រានោះ ។ គាត់បានដឹងជាស្រេចអំពីសារៈសំខាន់នៃគ្រួសារ ហើយចង់ដឹងបន្ថែមទៀតអំពីរាត្រីជួបជុំក្រុមគ្រួសារ និង ការអធិស្ឋានជាគ្រួសារ ។ គាត់បានប្រាប់ពួកអែលឌើរពីអ្វីៗផ្សេងទៀតដែលគាត់បានអានអំពីសាសនាចក្រ រួមទាំងអំពីយ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញនៃដំណឹងល្អ ។
គាត់បានសម្លឹងភ្នែករបស់ពួកអែលឌើរចំៗ ហើយនិយាយពាក្យដែលអ្នកផ្សព្វផ្សាយសាសនាគ្រប់រូបចង់ឮ ៖ « យ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះ » ។ ពួកអែលឌើរបានអញ្ជើញគាត់ឲ្យទទួលបុណ្យជ្រមុជទឹក ហើយអូស្កាបានទទួលយល់ព្រមទាំងយំ ។ ពីរបីសប្តាហ៍ក្រោយមក អូស្កា ខាសត្រូ បានទទួលបុណ្យជ្រមុជទឹក និងបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ ។
ព្រះអម្ចាស់បានរៀបចំ អូស្កា ហើយគាត់មានវិញ្ញាណទន់ទាប ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីរៀន និង រីកចម្រើន ។ នៅថ្ងៃដែលមិនអាចបំភ្លេចបាន និង ដ៏រំភើបនោះ ខ្លឹមសារនៃសារលិខិតនៅក្នុងសន្និសីទទូទៅដែលបានចេញផ្សាយនៅក្នុង លីអាហូណា បានរំជួលដួងចិត្តរបស់ អូស្កា ។ ម្ចាស់ផ្ទះមុនពុំដឹងពីលទ្ធផលដ៏អស្ចារ្យដែលបានកើតឡើង ដោយសារការបន្សល់ទុកទស្សនាវដ្តីសាសនាចក្រមួយចំនួននោះឡើយ ប៉ុន្តែសារលិខិតដំណឹងល្អនៅក្នុងទស្សនាវដ្តីនោះបានក្លាយជាឧបករណ៍ដ៏សំខាន់មួយរបស់អ្នកផ្សព្វផ្សាយសាសនា ។ នៅក្នុងការនាំគាត់ឲ្យស្គាល់សេចក្តីពិត ដែលគាត់បានស្វែងរក នោះវាបានផ្លាស់ប្តូរជីវិតរបស់អូស្កាជារៀងរហូត ។