ការបម្រើ នៅខាងនាយទន្លេយ័រដាន់
ឬនៅកន្លែងណាផ្សេងទៀតដែលព្រះអម្ចាស់ត្រូវការអ្នក ។
ការត្រូវការនោះគឺសំខាន់ណាស់ ។
កាលពីដើមឆ្នាំ ២០១៣ មានជំងឺកញ្ជ្រិលផ្ទុះឡើងប្រាំករណីនៅក្នុងជំរុំជនភៀសខ្លួន ស្សាអាតារី នៅមជ្ឈិមបូព៌ាប្រទេសយ័រដាន់ ។ មានជនភៀសខ្លួន ស៊ីរី ជាង ១០០០០០ នាក់ រស់នៅក្នុងស្ថានភាពដែលមានហ្វូងមនុស្សកកកុញ ដែលវាប្រថុយប្រថានយ៉ាងខ្លាំងនឹងការឆ្លងជំងឺនេះ ដែលជាវីរុសដ៏កាចសាហាវ ។ រដ្ឋាភិបាលប្រទេសយ័រដាន់បានគ្រោងធ្វើយុទ្ធនាការដ៏ធំមួយដើម្បីចាក់ថ្នាំបង្ការ កា រពារការឆ្លងរាលដាលនៃជំងឺនេះ ។ គម្រោងចាក់ថ្នាំបង្ការនោះគឺធ្វើឡើងលើជនភៀសខ្លួន ស៊ីរី យ៉ាងហោចណាស់ ៩០០០០ នាក់ ដែលមានអាយុចន្លោះពី ៦ ខែ ដល់ ៣០ ឆ្នាំ ក្នុងរយៈពេលពីរសប្តាហ៍ ។
ប៉ុន្តែមានបញ្ហាមួយ ។ មូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិសម្រាប់កុមារ ( យូនីសែហ្វ ) មានសេរ៉ូម ។ ក្រួសួងសុខាភិបាលរបស់ប្រទេសយ័រដាន់មានគ្លីនិក ។ អ្វីដែលពួកគេគ្មាននោះគឺសម្ភាររក្សាឧបករណ៍នានាឲ្យត្រជាក់—ម្ជុល, ធុងដាក់ឧបករណ៍មុតស្រួច ធុងត្រជាក់ដាក់សេរ៉ូម—ហើយមានពេលខ្លី ។១
ពេលនោះ រ៉ុន និង សានឌី ហាមមុន អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសុខុមាលភាព បម្រើជានាយកប្រចាំប្រទេសនៅក្នុងប្រទេសយ័រដាន់សម្រាប់សប្បុរសធម៌ អិល. ឌី. អេស. បានចូលរួមចំណែក ។ ដោយសារ រ៉ុន និង សានឌី មានទំនាក់ទំនងរួចជាស្រេចជាមួយនឹង អង្គការ យូនីសែហ្វ និង ក្រសួងសុខាភិបាល នោះពួកគាត់បានចូលរួមក្នុងកិច្ចសហការភ្លាមជាមួយអង្គការទាំងនេះ ដើម្បីកំណត់ពីរបៀបដែលអង្គការសប្បុរសធម៌ អិល. ឌី. អេស.អាចជួយបាន ។
រ៉ុននិយាយថា « យើងបានសួរអំពីតម្លៃនៃសម្ភាររក្សាឧបករណ៍នានាឲ្យត្រជាក់នោះ ។ នៅពេលពួកគេបានប្រាប់ពួកយើង យើងនិយាយថា ‹ យើងគិតថា អង្គការសប្បុរសធម៌ អិល. ឌី. អេស. អាចជួយបាន › ។ ពួកគេនិយាយថា ‹ តើវាយូរប៉ុណ្ណាទៅ ? យើងត្រូវតែរូតរះធ្វើកិច្ចការ ! › »
អំឡុងពេលតែ ២០ ម៉ោងប៉ុណ្ណោះ អង្គការសប្បុរសធម៌ អិល. ឌី. អេស. បានអនុមតិការទិញសម្ភាររក្សាឧបករណ៍នានាឲ្យត្រជាក់ដ៏ចាំបាច់នោះ ។ រ៉ុននិយាយថា « នៅពេលយើងជូនដំណឹងនេះដល់ក្រសួងសុខាភិបាល និង អង្គការ យូនីសែហ្វ ពួកគេមានក្តីរំភើបជាខ្លាំង ។ តើអង្គការ អិន. ជី. អូ. [ អង្គការក្រៅរដ្ឋាភិបាល ] ធ្វើកិច្ចការនេះយ៉ាងលឿនដូចម្តេច ? វាមិនត្រឹមតែយុទ្ធនាការចាក់ថ្នាំបង្ការនេះដំណើរការទៅមុខតាមកាលវិភាគប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបំផុសឲ្យមានយុទ្ធនាការទូទាំងប្រទេស ដែលបានចាក់ថ្នាំបង្ការដល់ប្រជាជន យ័រដាន់ និង ជនភៀសខ្លួនស៊ីរីរាប់រយពាន់នាក់ផងដែរ » ។
វិបត្តិនេះត្រូវបានបង្ការ ។
លើសពីនេះទៀត លទ្ធផលនៃភាពជាដៃគូក្នុងចំណោមអង្គការ យូនីសែហ្វ ក្រសួងសុខាភិបាលរបស់ប្រទេសយ័រដាន់ និង អង្គការសប្បុរសធម៌ អិល. ឌី. អេស. បានបង្កើតឲ្យមានសក្តានុពលសម្រាប់កិច្ចសហការនាពេលអនាគត ។
ឱ វាអស្ចារ្យអ្វីម៉្លេះ ដែលរ៉ុន និង សានឌី ហាមមុន បានមកដល់ចំគ្រាដ៏សំខាន់នេះនៅមជ្ឈិមបូព៌ាដែរជាសក្ខីបទមួយនៃសេចក្តីជំនឿរបស់អែលឌើរ និង ស៊ិស្ទើរ ហាមមុន និង ការបំផុសគំនិតដែលបង្កប់នៅកម្មវិធីអ្នកផ្សព្វផ្សាយសាសនារៀមច្បងរបស់សាសនាចក្រ ។
ត្រូវការ ៖ ពួកអ្នកផ្សព្វផ្សាយសាសនាប្ដីប្រពន្ធ
ក្នុងឆ្នាំ ២០១២ អែលឌើរ និង ស៊ិស្ទើរ ហាមមុន កំពុងបម្រើជា អ្នកធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ រ៉េចប៊ើក អៃដាហូ ។ រ៉ុនមានភាពជោគជ័យនៅក្នុងអាជីពជាទន្តបណ្ឌិត ហើយកំពុងបង្រៀននៅក្នុងការិយាល័យផ្នែកសាសនានៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ ។ ប៉ុន្តែទម្លាប់រស់នៅដ៏សុខសាន្តរបស់ពួកគេបានផ្លាស់ប្តូរភ្លាម ជាមួយនឹងក្តីរំភើបខាងវិញ្ញាណយ៉ាងអស្ចារ្យ ដើម្បីដាក់ពាក្យបម្រើបេសកកម្មភ្លាមៗ ។ ពេលវេលានោះបានធ្វើឲ្យពួកគាត់មានក្តីរំភើបជាខ្លាំង ។ កូនៗរបស់ពួកគាត់ដែលបានរៀបការហើយ កំពុងមានមុខរបរតាមឋានៈផ្សេងៗផ្លាស់ប្តូរទីលំនៅ និង តាំងលំនៅថ្មី ហើយរ៉ុនពុំទាន់គិតពីការចូលនិវត្តន៍នៅឡើយ ។ ប៉ុន្តែព្រះវិញ្ញាណបានបញ្ជាក់ពួកគាត់ថា ព្រះត្រូវការពួកគាត់ ហើយអ្វីៗនឹងបានស្រួលទាំងអស់ ។
ជាក់ស្ដែង ថ្នាក់ដឹកនាំបព្វជិតភាពនៅទីស្នាក់សាសនាចក្របានតមអាហារ និង អធិស្ឋាន ដើម្បីស្វែងរកគូស្វាមី ភរិយាដែលសមស្រប ដើម្បីបម្រើជានាយកប្រចាំប្រទេសផ្នែកសប្បុរសធម៌ អិល. ឌី. អេស. នៅទីក្រុង អែមម៉ាន ប្រទេស យ័រដាន់ ។
សានឌី និយាយថា « វាបញ្ជាក់ច្បាស់ថា ព្រះអម្ចាស់គង់នៅខាងមុខយើង រៀបចំសេចក្ដីលម្អិតនៃការចាត់តាំងជាក់លាក់ដែលទ្រង់មានសម្រាប់ពួកយើង ។ យើងដឹងថា ទ្រង់បានធ្វើការណ៍នេះដល់អ្នកផ្សព្វផ្សាយសាសនាគ្រប់រូបដែលបម្រើ ។ វាជាការលួងលោមមួយដែលដឹងថា ព្រះអង្គសង្គ្រោះកំពុងរៀបចំកិច្ចការនានាសម្រាប់អ្នក ឲ្យបម្រើពីមុនអ្នកទៅបម្រើទៅទៀត » ។
រ៉ុននិយាយថា « ក្រឡេកមើលទៅអតីតកាលវិញ ពួកយើងមានអំណរគុណដែលយើងពុំបានសូមពីទីកន្លែងជាក់លាក់ ឬ មានចិត្តរឹងរូសអំពីកន្លែងដើម្បីបម្រើឡើយ ។ ការទុកបញ្ហានេះនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ធ្វើឲ្យទ្រង់ប្រទានបទពិសោធន៍មួយ ដែលយើងពុំធ្លាប់មាន » ។
បទពិសោធន៍នោះរួមមាន ការធ្វើការជាមួយនឹងព្រះញាតិវង្សានុវង្សរបស់ប្រទេសយ័រដាន់ស្តីពីគម្រោងជំនួយមនុស្សធម៌ ដែលព្រះរាជវស្សានុវង្សមានការចាប់អារម្មណ៍ជាខ្លាំង ។ អែលឌើរ និង ស៊ិស្ទើរ ហាមមុនបានសហការជាមួយមន្ទីរពេទ្យ និង គ្លីនិកក្នុងមូលដ្ឋាន ផ្តល់ការបំពាក់បំប៉នដល់បុគ្គលិកពេទ្យនៃប្រទេសយ័រដាន់ស្តីពីការជួយសង្គ្រោះជីវិតទារកជំនាញប្រពោធនកម្ម ដែលជាលទ្ធផលមានការកាត់បន្ថយបានច្រើននូវអត្រាមរណៈរបស់ទារក ។ តាមរយៈកិច្ចខិតខំរបស់ពួកគាត់ និង អ្នកផ្សព្វផ្សាយសាសនាស្វាមីភរិយាផ្សេងទៀត នោះអង្គការសប្បុរសធម៌ អិល. ឌី. អេស. បានផ្តល់ការបំពាក់បំប៉ន និង ឧបករណ៍នានាទៅកាន់គ្លីនិកព្យាបាលភ្នែក និង អង្គការនានាដែលបម្រើដល់ជនពិការ ។ ក្នុងកិច្ចប្រឹងប្រែងទាំងនោះដែល អែលឌើរ និង ស៊ិស្ទើរ ហាមមុន ព្រមទាំងអ្នកផ្សព្វផ្សាយសាសនាផ្នែកសុខុមាលភាពផ្សេងទៀតបានគាំទ្រនោះគឺ មានមជ្ឈមណ្ឌលមួយដែលបង្រៀនស្ត្រីពិការ អំពីរបៀបច្នៃម៉ូដ និង ផលិតសម្លៀកបំពាក់ ព្រមទាំងឧបករណ៍ហត្ថកម្មពិសេសៗ ។ ជំនាញទាំងនេះផ្តល់ឱកាសដល់និស្សិត ដើម្បីផ្គត់ផ្គង់ខ្លួនពួកគេផ្ទាល់ និង ក្រុមគ្រួសារឲ្យបានប្រសើរឡើង ។
គម្រោងផ្សេងទៀតរួមមាន ការធ្វើការជាមួយ អិន. ជី. អូ. ផ្សេងទៀត និង រដ្ឋាភិបាលប្រទេសយ័រដាន់ស្តីពីការឆ្លើយតបបន្ទាន់ និង ការជ្រើសរើសនិស្សិតយ័រដាន់ឲ្យទទួលបានអាហារូបករណ៍មួយ ឬ ពីរទៅសិក្សានៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ជារៀងរាល់ឆ្នាំ ។ បទពិសោធន៍មួយដ៏ពេញចិត្តបំផុសដែល អែលឌើរ និង ស៊ិស្ទើរ ហាមមុនបានជួប គឺការធ្វើការជាមួយនឹងព្រះវិហារ កាតូលិក ឡាទីន ដើម្បីសាងសង់បន្ទប់សាលារៀនដល់ពួកគ្រិស្តសាសនិកអ៊ីរ៉ាក់ដែលគ្មានទីតាំងប្រជុំ ។
ជាមួយព្រះអម្ចាស់នៅក្នុងចម្ការទំពាំងបាយជូររបស់ទ្រង់
អំឡុងពេលនៅប្រទេសយ័រដាន់ អែលឌើរ និង ស៊ិស្ទើរ ហាមមុន បានរៀនសេចក្តីពិតដែលព្រះអម្ចាស់បានសន្យាដល់អស់អ្នកដែលបម្រើទ្រង់ ៖ « យើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គ. និង ស. ៨៤:៨៨ ) ។
រ៉ុននិយាយថា « ព្រះបានយាងចុះប្រឡូកក្នុងកិច្ចការនេះ ។ ទ្រង់យាងចុះមកក្នុងចម្ការទំពាំងបាយជូរជាមួយនឹងអ្នកបម្រើរបស់ទ្រង់ ។ គូស្វាមីភរិយាណាដែលទៅបម្រើបេសកកម្ម គឺបានចូលរួមនៅក្នុងចម្ការជាមួយព្រះអម្ចាស់ដែលជាម្ចាស់ចម្ការទំពាំងបាយជូរ ។ យើងពិតជាមិនជឿពីអព្ភូតហេតុនៅក្នុងប្រទេសយ័រដាន់ឡើយ យើងបានរស់នៅក្នុងអព្ភូតហេតុទាំងនោះ » ។
ដោយមិនអាចប្រកែកបាន ពួកទេវតាដែលពួកគាត់មានអារម្មណ៍ថា « ព័ទ្ធជុំវិញ » ពួកគាត់នោះ រួមមានពួកស្ថានសួគ៌ និង មនុស្សជាច្រើនផ្សេងទៀត ជាពិសេសកូនចៅរបស់ពួកគាត់ ដែលគាំទ្រការសម្រេចចិត្តរបស់ពួកគាត់ដើម្បីបម្រើបេសកកម្មឆ្ងាយពីផ្ទះ ។
ជាលទ្ធផលគ្រួសាររបស់ពួកគាត់ត្រូវបានប្រទានពរ ឲ្យមានការការពារពីព្រះអម្ចាស់ ដោយព្រះចេស្តានៃការគាំទ្រ ។ ការសម្រេចចិត្តទាក់ទងនឹងអាជីពសំខាន់ៗ និង ការតាំងទីលំនៅថ្មីត្រូវបានធ្វើឡើង ហើយកង្វល់នានាដែលនឹងអាចកើតមានភាពស្មុគស្មាញត្រូវបានដោះស្រាយ នៅពេលកូនៗរបស់ពួកគាត់បានបែរទៅរកព្រះអម្ចាស់ ប្រឹក្សាជាមួយគ្នា ហើយអធិស្ឋាន និង តមអាហារឲ្យគ្នាទៅវិញទៅមក ។
ពរជ័យដែលកូនចៅរបស់ពួកគាត់បានទទួលពិតជាអស្ចារ្យណាស់ថា នៅពេលដែលបងប្រុស និង បងស្រី ហាមមុន ត្រូវបានអញ្ជើញឲ្យទទួលការពន្យាពេលនៃការហៅបម្រើរបស់ពួកគាត់ពីបេសកកម្មពីរឆ្នាំ ទៅបីឆ្នាំ វិញ នោះកូនៗរបស់ពួកគាត់បានបង្ហាញពីការគាំទ្រយ៉ាងពេញចិត្ត ។ ពួកគេបានយល់ថា ព្រះអម្ចាស់បានធ្វើអ្វីមួយដែលពិសេសបំផុតសម្រាប់ពួកគេ ដែលជាលទ្ធផលផ្ទាល់មកពីការបម្រើរបស់ឪពុកម្តាយរបស់ពួកគេ ។
ទោះបីជាយ៉ាងណា ការបែកគ្នានេះ គ្រួសារហាមមុនមានអារម្មណ៍ថាជាការបូជាមួយ ។ ការនៅឯជ្រុងម្ខាងទៀតនៃផែនដីនេះ ឆ្ងាយពីអស់អ្នកដែលពួកគេស្រឡាញ់គឺមានការលំបាកណាស់ ។ ប៉ុន្តែវាមិនលំបាក ដូចកាលពីជំនាន់មុនឡើយ ។ បច្ចេកវិទ្យាបានធ្វើឲ្យគ្រួសារនេះ អាចទាក់ទងគ្នាដឹងពីសុខទុក្ខគ្នា តាមពេលវេលាសមរម្យ ។ សានឌី និយាយថា « អ្នកផ្សព្វផ្សាយសាសនាស្វាមីភរិយា ពុំបាត់ទំនាក់ទំនងជាមួយគ្រួសាររបស់ពួកគេឡើយ ។ យើងបន្តទាក់ទងមកកាន់ក្រុមគ្រួសាររបស់កូនៗយើងនៅឯផ្ទះជាញឹកញាប់ ។ តាមរយៈ ហ្វេស ថាម និង អ៊ីម៉ែល ចៅថ្មីរបស់យើងបួននាក់ បានកើតអំឡុងពេលយើងបម្រើ ពួកគេបានស្គាល់ពួកយើង ហើយមានភាពកក់ក្តៅ និង មានអារម្មណ៍ស្វាគមន៍នៅពេលពួកយើងត្រឡប់មកផ្ទះវិញ » ។
ការបើកភ្នែក និង ដួងចិត្ត
ក្នុងចំណោមពរជ័យជាច្រើនដែលអែលឌើរ និង ស៊ិស្ទើរ ហាមមុនមានអារម្មណ៍ថា បានទទួលពីព្រះអម្ចាស់ពីការបម្រើរបស់ពួកគាត់នោះគឺថា ភ្នែករបស់ពួកគាត់បានមើលឃើញពីចិត្តសប្បុរស និង មិត្តភាពនៃប្រជាជនយ័រដាន់ ។ នៅពេលដំបូងដែលអែលឌើរ និង ស៊ិស្ទើរ ហាមមុន បានទទួលការហៅ នោះពួកគាត់ពុំប្រាកដក្នុងចិត្តអំពីមនុស្សដែលពួកគាត់នឹងបម្រើឡើយ ។
រ៉ុន បាននិយាយថា « ប៉ុន្តែយើងបានឃើញថាមិត្តភក្តិពួកម៉ូស្លីមរបស់យើង មានចិត្តសុភាព និង សប្បុរស ហើយយើងប្រាកដក្នុងចិត្តថា បើពួកគេបានដឹងថាយើងស្ថិតក្នុងភាពគ្រោះថ្នាក់ នោះពួកគេនឹងចេញមកការពារពួកយើង ។
សេចក្តីសប្បុរសរបស់ពួកគេមានភាពអស្ចារ្យណាស់ ។ ប្រជាជនយ័រដាន់ពុំព្រងើយកន្តើយក្នុងការជួយអ្នកដទៃឡើយ ប្រសិនបើពួកគេអាចជួយបាននោះ ។ ពួកគេធ្លាប់បានស្វាគមន៍ជនភៀសខ្លួនតាំងពីជំនាន់មុនស្តេចដាវីឌម៉្លេះ ។ ព្រះគម្ពីរប៊ីបមានខគម្ពីរយោងជាច្រើនអំពី ‹ ខាងនាយទន្លេយ័រដាន់ › ហើយពួកយើងបានចាប់ផ្តើមច្រៀង ‹ ខាងនាយទន្លេយ័រដាន់ › ដែលទទួលស្គាល់ពីការបម្រើដោយសេចក្តីមេត្តា ដែលយើងមានឯកសិទ្ធិផ្តល់ដល់ប្រទេសដ៏ពោរពេញដោយក្ដីអាណិតអាសូរជាប្រវត្តិសាស្ត្រនេះ ។ ដ្បិតអស់ជាច្រើនទសវត្សរ៍មកហើយ យ័រដាន់ជាកន្លែងមួយនៃសេចក្តីសប្បុរស ហើយព្រះអម្ចាស់បានប្រទានពរដល់ប្រជាជនដោយសារតែសេចក្តីសប្បុរសនោះ » ។
ដោយការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជនយ័រដាន់ ធ្វើឲ្យអែលឌើរ និង ស៊ិស្ទើរ ហាមមុនបង្កើនមិត្តភាពកាន់តែខ្លាំងឡើង ។ សានឌី និយាយថា « យើងត្រូវបានអញ្ជើញឲ្យទៅបរិភោគអាហារ អ៊ីថា ជាអាហារឈ្មោះ រ៉ាម៉ាដាន ដែលគេបរិភោគបញ្ចប់ការតមអាហារប្រចាំថ្ងៃ ។ មិត្តភក្តិម៉ូស្លីមរបស់យើងក៏អញ្ជើញពួកយើងឲ្យចូលរួមពិធីភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ និង កម្មវិធីផ្សេងៗទៀត ដែលផ្តោតទៅលើគ្រួសារ » ។
សាសនាចក្រពុំផ្សព្វផ្សាយ ឬ អនុញ្ញាតឲ្យពួកម៉ូស្លីមនៅក្នុងប្រទេសយ័រដាន់ ឬ នៅកន្លែងផ្សេងទៀត ដែលមានច្បាប់ហាមឃាត់ ឲ្យជ្រមុជទឹកឡើយ ដូច្នេះអែលឌើរ និង ស៊ិស្ទើរ ហាមមុនពុំចែកចាយព័ត៌មានអំពីសាសនាចក្រឡើយ ។ ផ្ទុយទៅវិញ ពួកគេផ្តោតចិត្តទុកដាក់លើការស្ថាបនា និង ការរក្សានូវទំនាក់ទំនង—ជាមួយព្រះញាតិវង្សានុវង្ស ដៃគូជំនួយសប្បុរសធម៌ក្នុងតំបន់ អ្នកផ្សព្វផ្សាយសាសនាស្វាមី ភរិយាផ្សេងទៀតដែលបម្រើជាមួយពួកគាត់ និង ថ្នាក់ដឹកនាំសាសនា និង រដ្ឋាភិបាល ។ នៅពេលមានគេសួរព័ត៌មានលម្អិតអំពីសាសនាចក្រ អែលឌើរ និង ស៊ិស្ទើរ ហាមមុន បានលើកទឹកចិត្តអ្នកសួរឲ្យមើលគេហទំព័រ LDS.org ។
ការហៅឲ្យបម្រើ
ដោយគិតអំពីបទពិសោធន៍ដ៏អស្ចារ្យដែល រ៉ុន និង សានឌីមាន នោះពួកគាត់មានអារម្មណ៍ថា ពួកគាត់មានបទពិសោធន៍អស្ចារ្យក្នុងចំណោមគូស្វាមីភរិយាដែលត្រូវបានហៅបម្រើ—ឬ ដែលអាចត្រូវបានហៅឲ្យបម្រើ ?
អែលឌើរ និង ស៊ិស្ទើរ ហាមមុននិយាយថា « ប្រាកដមែន—យើងបានបម្រើនៅកន្លែង និង ពេលវេលាដែលព្រះអម្ចាស់បានត្រូវការគូស្វាមីភរិយា ដែលមានជំនាញ និង បទពិសោធន៍នៃជីវិតដ៏ពិសេសរបស់យើង ។ ប៉ុន្តែការណ៍នោះ ពិតចំពោះអ្នកផ្សព្វផ្សាយសាសនារៀមច្បងទាំងអស់ ។ ស្វាមីភរិយាដែលមានលទ្ធភាពបម្រើបេសកកម្ម ត្រូវបានរៀបចំដើម្បីបម្រើតាមរបៀបដ៏ពិសេសចំពោះពួកគេ ។ ពួកគេគ្រាន់តែអនុវត្តសេចក្តីជំនឿគ្រប់គ្រាន់ ដើម្បីទៅកន្លែងដែលព្រះអម្ចាស់ត្រូវការពួកគេ ហើយទ្រង់នឹងប្រើពួកគេដើម្បីផ្លាស់ប្តូរជីវិតមនុស្សជាច្រើន » ។
អែលឌើរ រ៉ូបឺត ឌី ហ៊ែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មានប្រសាសន៍ថា « គូស្វាមីភរិយាអាចធ្វើឲ្យមានការផ្លាស់ប្តូរបាន ។ ស្វាមីភរិយាអាចសម្រេចបាននូវកិច្ចការអស្ចារ្យនានាដែលគ្មាននរណាអាចធ្វើបាន ។…
… របៀបនានាដែលស្វាមីភរិយាអាចបម្រើគឺគ្មានដែនកំណត់ឡើយ ។ រាប់តាំងពីការគាំទ្រមកពីការិយាល័យបេសកកម្ម និង ការបំពាក់បំប៉នថ្នាក់ដឹកនាំរហូតដល់ការបម្រើផ្នែកពង្សប្រវត្តិ កិច្ចការព្រះវិហារបរិសុទ្ធ និង មនុស្សធម៌—មានឱកាសមួយដើម្បីប្រើជំនាញ ឬ ទេពកោសល្យស្ទើរតែទាំងអស់ដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក ។ …
… អ្នកបានទទួលអ្វីៗជាច្រើននៅក្នុងជីវិតរបស់អ្នក ចូរចេញទៅ ហើយផ្តល់ឲ្យគេដោយសេរីនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះរបស់អ្នកចុះ ។ ចូរមានជំនឿ នោះព្រះអម្ចាស់ជ្រាបដឹងពីទីកន្លែងដែលទ្រង់ត្រូវការអ្នក ។ បងប្អូនប្រុសស្រី តម្រូវការនោះមានច្រើនណាស់ ហើយអ្នកធ្វើការមានតិចទេ » ។២