ឆ្នាំ​២០១៦
មនុស្ស​មួយ​ចំនួន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវការ​មាន​មិត្តភក្តិ​ដែល​គ្មាន​បទដ្ឋាន​ដូច​ខ្ញុំ​ដើម្បី​ពង្រឹង​បទដ្ឋាន​ខ្ញុំ​ឡើង ។ តើ​ការណ៍​នេះ​ពិត​ទេ ?
October 2016


សំណួរ និង ចម្លើយ

« មនុស្ស​មួយ​ចំនួន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវការ​មាន​មិត្តភក្តិ​ដែល​គ្មាន​បទដ្ឋាន​ដូច​ខ្ញុំ​ដើម្បី​ពង្រឹង​បទដ្ឋាន​ខ្ញុំ​ឡើង ។ តើ​ការណ៍​នេះ​ពិតឬ​ទេ ? »

ការពង្រឹង​បទដ្ឋាន​របស់​អ្នក​កើត​មក​ពី​ការរៀនសូត្រ និង ការរស់នៅ​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​មិត្តភក្តិ​អាច​ជួយ ឬ រារាំង​អ្នក​ក្នុង​ការធ្វើ​វា ។ មិត្តភក្តិ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​អ្នក—ទាំង​របៀប​ដែល​អ្នក​គិត និយាយ និង ទង្វើ​របស់​អ្នក ។ សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ផ្តល់​អនុសាសន៍​ថា « ចូរ​ជ្រើសរើស​មិត្តភក្តិ​ណា​ដែល​ឲ្យ​តម្លៃ​ដល់​អ្នក​ដើម្បី​អ្នក​អាច​ពង្រឹង និង លើក​ទឹកចិត្ត​គ្នាទៅវិញ​ទៅមក​ក្នុង​ការ​រស់​នៅ​តាម​បទដ្ឋាន​ដ៏​ខ្ពង់ខ្ពស់ » ( [ ឆ្នាំ ២០១១ ] ទំព័រ ១៦ ) ។ មិត្តភក្ដិ​បែប​នេះ​ជួយ​អ្នក​ឲ្យ​រស់នៅ​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ រក្សា​បទដ្ឋាន​របស់​អ្នក ហើយ​ប្រែ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ។

ប៉ុន្តែ​មិនមែន​មនុស្ស​ទាំងអស់​ដែល​អ្នក​ទាក់ទង នឹង​មាន​បទដ្ឋាន​ស្រដៀង​គ្នា​នឹង​អ្នក ឬ ជា​សមាជិក​សាសនាចក្រ​ឡើយ ។ វា​សំខាន់​ណាស់​ដើម្បី​មាន​ភាពរស់រាយ​ចំពោះ​មនុស្ស​គ្រប់​គ្នា ហើយ​ប្រព្រឹត្ត​ដាក់​ពួកគេ​តាម​របៀប​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ប្រព្រឹត្ត​ដាក់​ពួកគេ—ដោយ​សេចក្តីស្រឡាញ់ និង ចិត្ត​សប្បុរស ។ នៅពេល​អ្នក​បន្ត​រស់នៅ​តាម​បទដ្ឋាន​របស់​អ្នក នោះ​អ្នក​អាច « ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នកជឿ ដោយ​ពាក្យ​សម្ដី​កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ និង​សេចក្ដី​បរិសុទ្ធ » (ធីម៉ូថេទី ១ ៤:១២) ។ តាមរយៈ​គំរូ​របស់​អ្នក នោះ​ពួកគេ​នឹង​ឃើញ​ពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរ តាម​ការរស់នៅ​តាម​បទដ្ឋាន​ខ្ពង់ខ្ពស់ ហើយ​អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ដូច​អ្នក​ដែរ ។

ចូរស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ—ហើយ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត​របស់​ទ្រង់—នៅពេល​អ្នក​ជ្រើសរើស​មិត្តភក្តិ ហើយ​ព្យាយាម​ពង្រឹង​បទដ្ឋានរបស់​អ្នក ។

មិត្តភក្តិ​ពិតប្រាកដ

កាល​ឆ្នាំ​ទីមួយ​របស់​ខ្ញុំ​នៅ​អនុវិទ្យាល័យ ខ្ញុំ​មាន​ការភ័យខ្លាច​ថា ខ្ញុំ​មិន​អាច​រក​មិត្តភក្តិ​ដែល​គោរព​បទដ្ឋាន​របស់​ខ្ញុំ​ឡើយ ។ បន្ទាប់​ពី​មួយ​រយៈ​ពេល​ខ្លី​ក្រោយ​មក ខ្ញុំ​ក្លាយ​ជា​មិត្តភក្តិ​ល្អ​ជាមួយ​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​ជា​ពួកមរមន ។ គាត់​បាន​សួរ​ខ្ញុំ​អំពី​រឿង​នោះ ហើយ​ខ្ញុំ​បានឲ្យ​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ទៅ​គាត់ ។ ចាប់តាំង​ពី​ថ្ងៃ​នោះ​មក គាត់​ឈប់​និយាយ​ពាក្យ​ជេរ​នៅ​ចំពោះ​មុខ​ខ្ញុំ ។ ប្រសិនបើ​មិត្តភក្តិ​របស់​អ្នក​ជា​មិត្ត​ពិតប្រាកដ នោះ​ពួកគេ​នឹង​គោរព​ដល់​ការសម្រេច​ចិត្ត​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​រក្សា​បទដ្ឋាន​របស់​ខ្លួន ។

ខេនដេឡា អិម អាយុ ១៣ ឆ្នាំ ប៊ូណូស អ៊ែរ៉េស ប្រទេស​អាហ្សង់ទីន

ធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី

ពេលខ្លះ វា​មាន​ការលំបាក​ដើម្បី​តទល់​នឹង​ការល្បួង ប្រសិនបើ​យើង​ដើរ​លេង​ជាមួយ​មិត្តភក្តិ ដែល​ជ្រើសរើស​ធ្វើ​អាក្រក់ ឬ ព្យាយាម​ឲ្យ​យើង​ធ្វើ​អាក្រក់​នោះ ។ ព្យាការី​បាន​ប្រាប់​ពួកយើង​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ថា​មិត្តភក្ដិ « នឹង​មាន​ឥទ្ធិពល​ដ៏​ក្រៃលែង​មក​លើ​ការគិត និង ការប្រព្រឹត្ត​របស់​អ្នក ហើយ​ថែមទាំង​ជួយ​កំណត់​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ផងដែរ » ( [ ឆ្នាំ ២០១១ ] ទំព័រ ១៦ ) ។ ខ្ញុំ​គិត​ថា​យើង​គួរ​មាន​មិត្តភក្តិ ដែល​មាន​ឆន្ទៈ​គោរព​បទដ្ឋាន​របស់​យើង ហើយ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​យើង​ក្នុង​ការរក្សា​បទដ្ឋាន​របស់​យើង ។

ខាវីន ដបុលយូ អាយុ ១៦ ឆ្នាំ អារីហ្សូណា ស.រ.អា.

ចងចាំ​ពី​បទដ្ឋាន​របស់​អ្នក

មិត្តភក្តិ​ដែល​ពុំ​មាន​បទដ្ឋាន​ដូច​អ្នក ពិតជា​អាច​ធ្វើ​ឲ្យ​បទដ្ឋាន​របស់​អ្នក​ចុះ​ខ្សោយ ហើយ​ខូតខាត​បាន ។ កាល​ខ្ញុំ​ប្តូរ​សាលា​ទៅ​រៀន​នៅ​សាលា​ថ្មី​មួយ ខ្ញុំ​បាន​ព្យាយាម​សម្រប​ខ្លួន​ជាមួយ​ពួកគេ ដោយ​និយាយ​អ្វី​ដែល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​និយាយ ។ ខ្ញុំ​ស្ទើរតែ​ភ្លេច​បទដ្ឋាន​មួយ​ចំនួន​របស់​ខ្ញុំ ខណៈ​ខ្ញុំ​ព្យាយាម​ធ្វើ​ខ្លួន​ដូច​ពួកគេ ។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា ដើម្បី​ស្ថាបនា​បទដ្ឋាន​របស់​អ្នក នោះ​អ្នក​ត្រូវការ​មិត្តភក្តិ​ដែល​គាំទ្រ និង មាន​បទដ្ឋាន​ដូច​អ្នក ។ ទីបំផុត ខ្ញុំ​មាន​អំណរ​គុណ​ដែល​រក​បាន​មិត្តភក្តិ​ដែល​មាន​លក្ខណៈ​បែប​នោះ ដោយសារ​ពួកគេ​រំឭក​ខ្ញុំ​ពី​បទដ្ឋាន​របស់​ខ្ញុំ ។

ឡូហ្គេន ជេ អាយុ ១៥ ឆ្នាំ រដ្ឋ​យូថាយ៍ ស.រ.អា.

រក្សា​បទដ្ឋាន​របស់​អ្នក​ឲ្យ​បាន​ខ្ពស់

មិត្តភក្តិ​ដែល​មាន​បទដ្ឋាន​ផ្សេង​ពី​អ្នក ពុំ​អាច​ពង្រឹង​បទដ្ឋាន​អ្នក​ឡើយ ប៉ុន្តែ​ការធ្វើ​ជា​មិត្តភក្តិ​របស់​ពួកគេ អ្នក​អាច​ធ្វើ​ជា​គំរូ​ល្អ​ដើម្បី​ធ្វើ​តាម ។ នៅពេល​អ្នក​មាន​មិត្តភក្តិ ដែល​មាន​សេចក្តីជំនឿ​ដូច​នឹង​អ្នក វា​អាច​ជំរុញ​ចិត្ត​អ្នក​ឲ្យ​រក្សា​បទដ្ឋាន​របស់​អ្នក​ឲ្យ​បាន​ខ្ពស់ ហើយ​ជួយ​អ្នក​ឈរ​យ៉ាង​រឹងប៉ឹង​ចំពោះ​អ្វី​ដែល​ត្រឹមត្រូវ ។

វ៉រ៉ែន អេស អាយុ ១៤ ឆ្នាំ អូរីហ្គិន ស.រ.អា.

មិត្តភក្តិ​ល្អ​គឺ​ជា​ពរជ័យ

ប្រសិនបើ​មិត្តភក្តិ​របស់​អ្នក​ពុំ​មាន​បទដ្ឋាន​ដូច​អ្នក វា​កាន់តែ​ពិបាក​ពង្រឹង​សេចក្តី​ជំនឿ​ផ្ទាល់​របស់​អ្នក ។ ដោយ​អាន​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន វា​ជួយ​ខ្ញុំ​ជានិច្ច​ឲ្យ​ជ្រើសរើស​មិត្តភក្តិ​ល្អ​ដែល​គោរព​ខ្ញុំ ។ ឥឡូវ​ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​ទៅ​បម្រើ​បេសកកម្ម ហើយ​ខ្ញុំ​ដឹង​ថា ការនៅ​ជួបជុំ​ជាមួយ​អ្នក​ដែល​មាន​បទដ្ឋាន​ដូច​ខ្ញុំ បាន​ជួយ​ខ្ញុំ​បន្ត​នៅ​ស្មោះត្រង់​ក្នុង​ដំណឹង​ល្អ ។

នែ អិម អាយុ ១៩ ឆ្នាំ ប៊ូណូស អ៊ែរ៉េស ប្រទេស​អាហ្សង់ទីន

កាន់ខ្ជាប់​ទៅ​នឹង​ដំបង​ដែក

ការ​មាន​មិត្តភក្តិ​ដែល​មាន​បទដ្ឋាន​ល្អ​គឺ​ពិត​ជា​អ្វី​ដែល​អ្នក​ចង់​បាន ។ អ្នក​ចង់​មាន​មិត្តភក្តិ​នៅជុំវិញ​អ្នក​ដែល​នឹង​ជួយ​អ្នក​ឲ្យ​គោរព​បទបញ្ញត្តិ ហើយ​ជំរុញ​អ្នក​ឲ្យ​រស់នៅ​ដោយ​សុចរិត ។ ចូរ​ក្តាប់ដៃ​ឲ្យ​ជាប់​ទៅ​នឹង​ដំបង​ដែក ដែល​នាំ​ទៅ​កាន់​ដើមឈើជីវិត មិនមែន​ទៅ​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ​ឡើយ ។ ការនៅ​ជាមួយ​អ្វី​ដែល​មិន​សុចរិត នឹង​នាំ​ទៅ​រក​ការល្បួង ។ ការមាន​មិត្តភក្តិ​ល្អ​នឹង​ជះ​ឥទ្ធិពល​លើ​អ្នក​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ។

អែននី ភី អាយុ ១៣ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

អធិស្ឋាន​ស្វែងរក​មិត្តភក្តិ

បន្ទាប់​ពី​គ្រួសារ​ខ្ញុំ និង ខ្ញុំ​បាន​ប្តូរ​ទៅ​រស់នៅ​រដ្ឋ​ផ្សេង​មក ខ្ញុំ​បាន​អធិស្ឋាន​ជានិច្ច ដើម្បី​ស្វែងរក​មិត្តភក្តិ​ដែល​ខ្ញុំ​អាច​និយាយ​ជាមួយ​ពួកគេ​អំពី​ដំណឹង​ល្អ ។ នៅពេល​ខ្ញុំ​អធិស្ឋាន​ខ្ញុំ​ទទួល​អារម្មណ៍​លួងលោម ហើយ​ពីរ​បី​ខែ​ក្រោយ​មក ខ្ញុំ​បាន​ជួប​មិត្តភក្តិ​ដ៏​អស្ចារ្យ​មួយ​ចំនួន ។ ខ្ញុំ​អាច​ពឹងផ្អែក​លើ​ការគាំទ្រ​របស់​ពួកគេ ហើយ​ពួកគេ​បាន​ជួយ​ខ្ញុំ​បង្កើន​សេចក្តី​ស្រឡាញ់​ចំពោះ​ដំណឹង​ល្អ​កាន់តែ​ច្រើន​ឡើង ។ ខ្ញុំ​ដឹង​ថា​មិត្តភក្តិ​គឺ​សំខាន់​ណាស់ ហើយ​ពួកគេ​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាពងាយ​ស្រួល​រស់នៅ​តាម​ដំណឹងល្អ ។

សារ៉ា ភី អាយុ ១៦ ឆ្នាំ រីយ៉ូ ដេ ជែនៀរូ ប្រទេស​ប្រេស៊ីល