ឆ្នាំ​២០១៦
ក្រោក​ឈរ​ឡើង​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍
October 2016


ក្រោក​ឈរ​ឡើង​ជា បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍

ដកស្រង់​ចេញ​ពី​ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវមជ្ឈិមវ័យ « ការប្រែក្លាយ​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍ » ដែល​បាន​ថ្លែង​ឡើង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ នៅ​ថ្ងៃ​ទី ១០ ខែ មករា ឆ្នាំ ២០១៦ ។ សម្រាប់​សុន្ទរកថា​ទាំងមូល សូមចូល​ទៅ​គេហទំព័រ broadcast.lds.org ។

« អ្នក​គឺ​ជា​ពូជ​ជ្រើសរើស​ដែល​ត្រូវបាន​តែងតាំង​ដោយ​ព្រះ​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ—ដើម្បី​ជួយ​រៀបចំ​មនុស្ស​លើ​លោក​នេះ សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ ។

young adults carrying electronic devices

រចនារូបភាព ដោយ ស្តកធី រីហ្វស្នាយឌើរ

មនុស្ស​ជា​ច្រើន​ចាត់ទុក​អ្នក​ថា​ជា បុគ្គល​រស់នៅ​ក្នុង​សហស្សវត្សរ៍ ។ ខ្ញុំ​សូម​ទទួល​ស្គាល់​ថា នៅ​ពេល​អ្នក​សង្គម​វិទូ​ហៅ​អ្នក​ដោយ​ប្រើ​ពាក្យ​នោះ ហើយ​ពិពណ៌នា​ការសិក្សា​របស់​ខ្លួន​អំពី​រូប​អ្នក​ទាំងអស់​គ្នា—ចំណង់ចំណូលចិត្ត និង ការមិនចូលចិត្ត អារម្មណ៍ និង ទំនោរចិត្ត ភាពខ្លាំង និង ភាពខ្សោយ​របស់​អ្នក—នោះ​ខ្ញុំ​ពុំ​ស្រណុកចិត្ត​ឡើយ ។ មាន​អ្វី​មួយ​ទាក់ទង​នឹង​របៀប​ដែល​ពួកគេ ប្រើ​ពាក្យ បុគ្គល​រស់នៅ​ក្នុង​សហស្សវត្សរ៍ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វល់​ចិត្ត ។ និយាយ​ឲ្យ​ត្រង់ ខ្ញុំ​ពុំ​ចាប់​អារម្មណ៍​លើ​អ្វី​ដែល សង្គម​វិទូ និយាយ​អំពី​អ្នក ជាង​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នក​នោះ​ទេ ។

ពេល​ខ្ញុំ​អធិស្ឋាន​អំពី​អ្នក ហើយ​ទូល​សួរ​ព្រះអម្ចាស់​ថា​តើ ទ្រង់ មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​អ្នក នោះ​ខ្ញុំ​ទទួល​អារម្មណ៍ ខុស​គ្នា​ឆ្ងាយ ពី​អ្វី​ដែល​សង្គម​វិទូ​បាន​និយាយ ។ អារម្មណ៍​ខាង​វិញ្ញាណ​ដែល​ខ្ញុំ​បាន​ទទួល​ពី​អ្នក នាំ​ខ្ញុំ​ឲ្យ​ជឿ​ថា ពាក្យ បុគ្គល​រស់នៅ​ក្នុង​សហស្សវត្សរ៍ អាច​ជា​ឃ្លា​ដ៏​ល្អ​បំផុត​ចំពោះ​អ្នក—ប៉ុន្តែ​មាន​មូលហេតុ​ខុស​គ្នា​ឆ្ងាយ ពី​អ្វី​ដែល​សង្គមវិទូ អាច​យល់​បាន​ទៅ​ទៀត ។

ពាក្យ បុគ្គល​រស់នៅ​ក្នុង​សហស្សវត្សរ៍ ជា​ឃ្លា​ដ៏​ល្អ​បំផុត​ចំពោះ​អ្នក បើ​ពាក្យ​នោះ​រំឭក​អ្នក​ថា​តើ​អ្នក​ជា​នរណា ឲ្យ​ប្រាកដ និង ថាតើ​គោលបំណង​របស់​អ្នក​គឺ​ជា​អ្វី ឲ្យ​ប្រាកដ នោះ ។ បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ម្នាក់​ក្នុង​សហស្សវត្សរ៍ គឺ​ជា​បុគ្គល​ដែល​បាន​បង្រៀន ហើយ​ត្រូវបាន​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​កាល​នៅ​ជីវិត​មុន​ឆាក​ជីវិត​នេះ និង ជា​បុគ្គល​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌​យើង​ពេល​នោះ ទាក់ទង​នឹង​កត្តា​នៃ​ភាពអង់អាច—ដែល​ជា​កត្តា​នៃ​ភាពអង់អាច ខាង​សីលធម៌ នានា—ដែល​ពួកគេ​នឹង​ប្រតិបត្តិ​តាម​នៅ​លើ​ផែនដី​នេះ ។

បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ម្នាក់​ក្នុង​សហស្សវត្សរ៍ គឺ​ជា​បុរស ឬ ស្ត្រី​ម្នាក់​ដែល​ព្រះ​ទុក​ព្រះទ័យ​បញ្ជូន​ឲ្យ​មក​កើត​លើ​ផែនដី អំឡុង​សម័យ​កាន់កាប់​ត្រួតត្រា​ដ៏​មាន​មាន​ភាព​ចម្រុងចម្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។ បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ម្នាក់​ក្នុង​សហស្សវត្សរ៍ គឺ​ជា​បុរស ឬ ស្ត្រី​ដែល​រស់នៅ​បច្ចុប្បន្ន​នេះ ដើម្បី​ជួយ​រៀបចំ​មនុស្ស​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង រាជ្យ​នៃ​សហស្សវត្ស​ទ្រង់ ។ ចូរ​កុំ​យល់​ច្រឡំ​ឡើយ—អ្នក​បាន​កើត​មក​ដើម្បី​ធ្វើ​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ម្នាក់​ក្នុង​សហស្សវត្សរ៍ ។

សំណួរ​សួរ​ថា « តើ​អ្នក​អាច​ក្រោក​ឈរ​ឡើង ហើយ​រស់នៅ​ជា​បុគ្គល​ដ៏​ស្មោះត្រង់​ម្នាក់​ក្នុង​សហស្សវត្សរ៍​បាន​យ៉ាង​ដូចម្ដេច » ? ខ្ញុំ​មាន​អនុសាសន៍​ចំនួន​បួន ។

១. ដឹង​ថា​អ្នក ជា​នរណា ឲ្យ​ប្រាកដ

ចូរ​ចំណាយ​ពេល​គិត​ដោយ​យកចិត្ត​ទុកដាក់ ចំពោះ​សេចក្តី​ពិត​ទាំងនេះ ៖

  • អ្នក​គឺ​ជា​បុត្រា ឬ បុត្រី​ដែល​បាន​ជ្រើសតាំង​របស់​ព្រះ ។

  • អ្នក​ត្រូវបាន​បង្កើត​មក ទៅ​តាម​រូបរាង​របស់​ទ្រង់ ។

  • អ្នក​ត្រូវបាន​បង្រៀន​នៅ​ឯ​ពិភព​វិញ្ញាណ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អ្វីៗ​ដែល​អ្នក​នឹង​ជួប​ប្រទះ​អំឡុង​សម័យ​ចុង​បង្អស់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ( សូមមើល គ. និង ស. ១៣៨:៥៦ ) ។ ការបង្រៀន​នោះ​ស្ថិតស្ថេរ​នៅ​ជាមួយ​អ្នក !

អ្នក​កំពុង​រស់នៅ​ក្នុង « ម៉ោង​ទី​ដប់​មួយ » ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា នេះ​គឺ​ជា​ពេល​ចុងក្រោយ ដែល​ទ្រង់​នឹង​ត្រាស់​ហៅ​ពួក​ធ្វើការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយ​ទ្រង់ ឲ្យ​ប្រមូល​អ្នក​ត្រូវបាន​ជ្រើសតាំង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី ។ ( សូម​មើល គ. និង ស. ៣៣:៣-៦ ) ។ ហើយ អ្នក ត្រូវបាន​បញ្ជូន​ឲ្យ​មក​រួម​ចំណែក​ក្នុង​ការប្រមូល​នេះ ។ ខ្ញុំ​បាន​ឃើញ​ដោយ​ខ្លួន​ខ្ញុំ​ម្ដងហើយ​ម្ដង​ទៀត អំពី​អានុភាព​ដ៏​ខ្លាំងក្លា​នៃ​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍ កាល​ពួកគេ​នាំ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ស្គាល់​សេចក្ដីពិត ។ នេះ​គឺ​ជា​ចំណែក​មួយ​នៃ​អត្តសញ្ញាណ និង គោលបំណង​របស់​អ្នក​ក្នុង​នាម​ជា​ពូជ​នៃ​លោក​អ័ប្រាហាំ ( សូមមើល កាឡាទី ៣:២៦–២៩ ) !

ប៉ុន្មាន​ខែ​កន្លង​ទៅ វែនឌី ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​មាន​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ​នៅ​ប្រទេស ស៊ីបេរី ។ ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​ជាមួយ​យើង​នៅ​ថ្ងៃ​រៀបចំ​នៅ​ទីក្រុង អឺខឺត មាន​ប្រធាន​បេសកកម្ម ហ្គ្រិគោរី អេស ប្រ៊ីនតុន ព្រមទាំង​ភរិយា​លោក​គឺ សាលី និង កូន​ប្រុស​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​គឺ សាំ ដែល​បាន​បម្រើ​បេសកកម្ម​របស់​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី ។ យើង​បាន​ទៅ​ទស្សនា​បឹង បៃកាល និង​តូប​លក់​ឥវ៉ាន់​នៅ​លើ​មាត់​បឹង​នោះ ។

ពេល​យើង​មក​ដល់​ឡាន​របស់​យើង​វិញ យើង​បាន​សម្គាល់​ថា សាំ មិន​បាន​មក​ជាមួយ​យើង​នោះ​ទេ ។ បន្តិច​ក្រោយ​មក គាត់​បាន​ត្រឡប់​មក​វិញ ថែមទាំង​បាន​នាំ​ស្ត្រី​ចំណាស់​បន្តិច​មក​ជាមួយ​ផង​ឈ្មោះ វ៉ាលែនទីណា ។ វ៉ាលែនទីណា បាន​ថ្លែង​ជា​ភាសា​កំណើត​រុស្ស៊ី​របស់​នាង​ថា « ខ្ញុំ​ចង់​ជួប​ម្ដាយ​របស់​យុវជន​រូប​នេះ ។ គាត់​ជា​ក្មេង​ចេះ​គួរសម ឆ្លាត ថែមទាំង​ចិត្ត​ល្អ ! ខ្ញុំ​ចង់​ជួប​ម្ដាយ​របស់​គាត់ ! » វ៉ាលែនទីណា ត្រូវបាន​ទាក់ចិត្ត​នឹង​ទឹកមុខ​ស្រស់ប៉ប្រិម និង ពេញ​ដោយ​អំណរ​របស់ សាំ ។

សាំ បាន​ណែនាំ​ទាំង​ម្ដាយ និង ឪពុក​ឲ្យ វ៉ាលែនទីណា ស្គាល់ ហើយ​បាន​ផ្ដល់​កូន​សៀវភៅ​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​បាន​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ជួប​គាត់ ។ ក្រោយ​មក​កាល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ទៅ​បង្រៀន​គាត់​ទាំង​ផ្ដល់​ព្រះគម្ពីរ​មរមន​មួយ​ក្បាល នោះ​គាត់​បាន​សន្យា​ថា​នឹង​អាន​វា ។ ស្ត្រី​បីបួន​នាក់​ផ្សេង​ទៀត ដែល​ធ្វើការ​នៅ​ផ្សារ​នោះ ក៏​មាន​ចិត្ត​ចង់​អាន​ព្រះគម្ពីរ​ដែល វ៉ាលែនទីណា បាន​ទទួល​នោះ​ដែរ ។ យើង​ពុំ​ដឹង​ថា​រឿង​នោះ​បញ្ចប់​ទៅ​យ៉ាង​ដូចម្ដេច​ទេ ប៉ុន្តែ​ដោយសារ​ពន្លឺ​ដ៏​ពិសេស​ដែល សាំ មាន​ក្នុង​ខ្លួន​នោះ វ៉ាលែនទីណា និង មិត្ត​ខ្លះ​របស់​គាត់​ត្រូវ​បាន​នាំ​ឲ្យ​ស្គាល់​ដំណឹងល្អ ។

បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍​ដូចជា សាំ ដឹង​យ៉ាង​ប្រាកដ​ថា​ខ្លួនគេ​ជា​នរណា ។ ពួកគេ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ប្រើ​គ្រប់​ឱកាស​ដែល​មាន​ដើម្បី​ជួយ​ខ្លួនឯង និង មនុស្ស​ដទៃ​ទៀត រៀបចំ​សម្រាប់​រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ព្រះអង្គ​សង្គ្រោះ ។

ហេតុដូច្នោះ​ហើយ អនុសាសន៍​ទី​មួយ​របស់​ខ្ញុំ​គឺ ត្រូវ​ដឹង ដោយ​ខ្លួន​អ្នក ថា​អ្នក​ជា​នរណា​ឲ្យ​ប្រាកដ ។ ចូរ​ទូល​សួរ​ព្រះវរបិតាសួគ៌​របស់​អ្នក នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ថាតើ​ទ្រង់​មាន​ព្រះទ័យ​ដូចម្ដេច​ចំពោះ​អ្នក និង បេសកកម្ម​របស់​អ្នក​លើ​ផែនដី​នេះ ។ ប្រសិន​បើ​អ្នក​ទូល​សួរ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឲ្យ​បាន​ច្រើន​ដង នោះ​ព្រះវិញ្ញាណ​នឹង​ខ្សឹប​ប្រាប់​សេចក្ដីពិត​ដែល​ផ្លាស់ប្ដូរ​ជីវិត​ដល់​អ្នក ។ សូម​កត់ត្រា​អារម្មណ៍​ទាំងនោះ មើល​វា​ជា​ញឹកញាប់ រួច​ធ្វើតាម​ដោយ​ប្រាកដប្រជា ។

ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា បើ​អ្នក​ចាប់ផ្ដើម​យល់​តែ​បន្តិច​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​ក្នុង​អ្នក និង អ្វី​ដែល​ទ្រង់​រំពឹង​ឲ្យ​អ្នក​ធ្វើ​ដើម្បី​ទ្រង់ នោះ​ជីវិត​អ្នក​នឹង​ផ្លាស់ប្ដូរ​ជានិច្ច !

២. រំពឹង—ហើយ​ត្រៀមខ្លួន—សម្រេច​បាន​ភាពមិន​អាច​ទៅ​រួច

woman on computer

ព្រះ​បាន​តែងតែ​តម្រូវ​ឲ្យ​បុត្រាបុត្រី​ទ្រង់​ដែល​ធ្វើ​សេចក្ដី​សញ្ញា ធ្វើ​កិច្ចការ​ដ៏​លំបាកៗ ។ ដោយសារ​តែ​អ្នក​គឺ​ជា​បុត្រា​បុត្រី​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា រស់នៅ​ក្នុង​សម័យ​ចុង​បង្អស់​នា​ថ្ងៃ​ចុងក្រោយ នោះ​ព្រះ​នឹង​តម្រូវ​ឲ្យ អ្នក ធ្វើ​កិច្ចការ​លំបាកៗ ។ អ្នក​អាច​ជឿជាក់​លើ​វា​បាន—គឺ​ការសាកល្បង​ទៅ​លើ​អ័ប្រាហាំ​ពុំ​ឈប់​ត្រឹម​អ័ប្រាហាំ​នោះ​ទេ ( សូមមើល គ. និង ស. ១០១:៤–៥ ) ។

ខ្ញុំ​ដឹង​អំពី​កម្រិត​ភ័យខ្លាច​ដែល​អាច​នឹង​មាន ពេល​ត្រូវបាន​ស្នើ​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​ហាក់ដូចជា​លើស​ឆ្ងាយ​ពី​សមត្ថភាព​របស់​អ្នក ។ ខ្ញុំ​បាន​ធ្វើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អស់​រយៈ​ពេល ១៩ ខែ នៅពេល​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​ទទួល​មរណភាព​ទៅ ។ នៅ​ក្នុង​ការប្រជុំ​ដំបូង​របស់​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បន្ទាប់​ពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ត្រូវបាន​តែងតាំង លោក​បាន​ផ្ដល់​ការចាត់តាំង​ពិសេសៗ​ទៅកាន់​ពួកដប់​ពីរ​នាក់ ។ ការណែនាំ​របស់​លោក​ចំពោះ​ខ្ញុំ​រួមមាន ៖ « អែលឌើរ ណិលសុន អ្នក​ត្រូវ​បើក​ការប្រកាស​ដំណឹងល្អ នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត » ។

កាល​នោះ​គឺ​ឆ្នាំ ១៩៨៥ ។ អំឡុង​ពេល​ភាពតានតឹង​ខាង​នយោបាយ​ដែល​ហៅ​ថា​សង្គ្រាម​ត្រជាក់​នោះ ពុំ​មែន​គ្រាន់​តែ​កំពែង​ដ៏​ធំ​ដែល​ពុះ​ចែក​ទីក្រុង ប៊ែកឡាំង នោះ​ទេ ប៉ុន្តែ​អឺរ៉ុប​ខាង​កើត​ទាំង​មូល​បាន​ស្ថិត​នៅ​ក្រោម​នឹម​សង្កត់សង្កិន​នៃ​លទ្ធិ​កុម្មុយនិស​ផងដែរ ។ សាសនា​ទាំងអស់​ត្រូវបាន​បិទ ហើយ​ការថ្វាយបង្គំ​ខាង​សាសនា​ត្រូវបាន​ដាក់​កំហិត​យ៉ាង​តឹងរ៉ឹង ។

ខ្ញុំ​មាន​អាជីព​ជា​អ្នក​វះកាត់​បេះដូង​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ គ្មាន បទពិសោធន៍​ដែល​នាំ​ខ្ញុំ​ឲ្យ​ជឿ​ថា ខ្ញុំ​អាច​បើក​ឲ្យ​មាន​ការប្រកាស​ដំណឹងល្អ​នៅ​បណ្ដា​ប្រទេស​នានា​ឡើយ ។ ប៉ុន្តែ​ព្យាការី​បាន​ផ្ដល់​ការចាត់តាំង​មួយ​ដល់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​ទំនង​ជា​មិន​អាច​ទៅ​រួច​ចំពោះ​ខ្ញុំ ។

ពេល​ចាប់ផ្ដើម​ដំបូង ឧបសគ្គ​នានា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​ទៅ​ដល់​ប្រទេស​ជា​ច្រើន ដែល​ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ទីណា​នោះ​ទេ ។ ទោះជា​ខ្ញុំ​អាច​រក​ឃើញ​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​ត្រូវ​ជួប​ក៏​ដោយ ក៏​វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​ការប្រជុំ​ត្រូវ​លុបចោល​នៅ​នាទី​ចុងក្រោយ ឬ ត្រូវ​ពន្យារពេល​នោះ ។ ក្នុង​ប្រទេស​មួយ នៅ​ពេល​ការណាត់ជួប​ត្រូវបាន​ពន្យារ​រយៈ​ពេល​ពីរ​ថ្ងៃ មាន​ការល្បួង​ជាច្រើន​បានកើត​ឡើង​ដើម្បី​សាកល្បង​ខ្ញុំ—រួមមាន​ការលក់ដូរ និង សកម្មភាព​ខុស​ច្បាស់​ផ្សេងៗ ។ គ្រា​មួយ ការប្រជុំ​ត្រូវបាន​បើក​ដោយ​មាន​ការបញ្ជា​ឲ្យ​ខ្ញុំ​ចាកចេញ ជា​បន្ទាន់ !

ប៉ុន្តែ​ព្រះអម្ចាស់​អាច​ធ្វើ​កិច្ចការ​របស់​ទ្រង់​បាន ( សូមមើល នីហ្វៃទី ២ ២៧:២០–២១ ) ហើយ​ខ្ញុំ​មាន​ឯកសិទ្ធិ​ដើម្បី​ឃើញ​អព្ភូតហេតុ​មួយ​ហើយ​មួយ​ទៀត​—ជានិច្ច ហើយ​មាន​តែ បន្ទាប់​ពី ខ្ញុំ​បាន​គិត​ដោយ​ល្អិតល្អន់ ប្រឹងប្រែង​ដោយ​អង់អាច និង អធិស្ឋាន​ដោយ​ស្មោះ​ប៉ុណ្ណោះ ។

ប្រទេស​មួយ​ចំនួន​បាន​ទទួលស្គាល់​សាសនាចក្រ ពីមុន​កំពែង​ទីក្រុង​ប៊ែកឡាំង​បាន​រលំ​ចុះ ។ ក្រោយៗ​មក​ទៀត​មាន​ប្រទេស​ដទៃ​បាន​ទទួល​ស្គាល់​ដែរ ។ ក្នុង​ឆ្នាំ ១៩៩២ ខ្ញុំ​អាច​រាយការណ៍​ទៅ​កាន់​ប្រធាន ប៊ែនសឹន ថា ក្រោយមក​សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ក្នុង​គ្រប់​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត !

ក្នុង​នាម​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍ ព្រះអម្ចាស់​អាច​រំពឹង​ថា អ្នក ក៏​នឹង​សម្រេច​បាន​រឿង​ជា​ប្រវត្តិសាស្ត្រ​ដែរ ! អ្នក​នឹង​ត្រូវបាន​តម្រូវ​ឲ្យ​ទទួល​យក​កិច្ចការ​លំបាកៗ ហើយ​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​សម្រេច​បាន​នូវ​កិច្ចការ​លំបាក​ទាំង​នោះ ។

តើ​អ្នក​នឹង​សម្រេច​បាន​នូវ​កិច្ចការ​លំបាក​ទាំង​នោះ បាន​យ៉ាង​ដូចម្ដេច ? តាមរយៈ​ការធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការបង្កើន​ការយល់ដឹង​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​សាសនាចក្រ​ទ្រង់​ដែល​បាន​ស្ដារឡើងវិញ និង ការស្វែងរក​សេចក្ដីពិត​ដោយ​ឥត​ស្រាកស្រាន្ត ។ នៅ​ពេល​អ្នក​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ អ្នក—ក្នុង​នាម​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍ ដែល​ចាក់គ្រឹះ​នៅ​លើ​គោលលទ្ធិ​ដ៏​ពិត—នឹង​អាច​ឈាន​ទៅ​មុខ​ដោយ​ក្ដីជំនឿ ហើយ​បន្ត​ធ្វើ​វា​ជានិច្ច ហើយ​រីករាយ​ធ្វើ​អ្វី​ទាំងអស់​ដែល​មាន​ក្នុង​អំណាច​របស់​អ្នក ដើម្បី​បំពេញ​ព្រះបំណង​របស់​ព្រះអម្ចាស់ ( សូមមើល គ. និង ស. ១២៣:១៧ ) ។

អ្នក​នឹង​មាន​គ្រា​ដែល​អ្នក​នឹង​បាក់ទឹកចិត្ត​ទាំងស្រុង ។ ដូច្នេះ សូម​អធិស្ឋាន​ដើម្បី​មាន​ភាពក្លាហាន​ដើម្បី​កុំ​ចុះចាញ់​ឡើយ ! អ្នក​នឹង​ត្រូវការ​កម្លាំង​នោះ ព្រោះ​វា​នឹង​មាន​មនុស្ស​ចាប់​អារម្មណ៍​កាន់តែ​តិច​ទៅៗ​ក្នុង​ការធ្វើ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ជា​អកុសល បុគ្គល​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​ជា​មិត្ត​របស់​អ្នក​នោះ នឹង​ក្បត់​អ្នក ។ ហើយ​រឿង​ខ្លះ​នឹង​ហាក់ដូចជា​ពុំ​យុត្តិធម៌​ឡើយ ។

យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ អ្នក​នឹង​រកឃើញ​ភាពសុខសាន្ត និង អំណរ​ពិត ។ ពេល​អ្នក​រក្សា​ក្ដីសញ្ញា​ដោយ​មាន​ភាពប្រាកដប្រជា​កាន់តែ​ខ្ពស់ ហើយ​ពេល​អ្នក​ការពារ​សាសនាចក្រ និង នគរព្រះ​នៅ​លើ​ផែនដី​នេះ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​អ្នក​ដោយ​នូវ​កម្លាំង និង ប្រាជ្ញា​ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​លំបាកៗ ។

៣. ដឹង​របៀប​ទទួល​បាន​ព្រះចេស្តា​ពី​ស្ថានសួគ៌

យើង​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ចម្ងល់ ។ ការព្យាយាម​រៀន យល់ដឹង ហើយ​ស្គាល់​សេចក្ដីពិត គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​បទពិសោធន៍​ជីវិត​រមែងស្លាប់​របស់​យើង ។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ជីវិត​ខ្ញុំ ដើម្បី​សិក្សា​ស្រាវជ្រាវ ។ អ្នក​ក៏​នឹង​រៀន​បាន​យ៉ាង​ល្អ​បំផុត ដោយ​សួរ​សំណួរ​ដ៏​បំផុសគំនិត ។

នៅ​គ្រា​នេះ​មាន​គ្នា​យើង​មួយ​ចំនួន កំពុង​មាន​បញ្ហា​ក្នុង​ការដឹង​ថា​អ្វី​ដែល​ខ្លួន​គួរតែ​ធ្វើ​ក្នុង​ជីវិត ។ អ្នក​ខ្លះ​ទៀត អាច​ឆ្ងល់​ថាតើ​អ្នក​ត្រូវបាន​អត់ទោស​ពី​អំពើបាប​របស់​អ្នក​ហើយ​ឬ​នៅ ។ អ្នក​ទាំងអស់​គ្នា​ភាគ​ច្រើន​ឆ្ងល់​ថាតើ​នរណា​ជា​ដៃគូ​អស់កល្ប និង​ថាតើ​ម្នាក់​នោះ​នៅ​ឯណា—និង អ្នក​ដែល​មិន​គួរ​ក្លាយ​ជាដៃគូ​អ្នក ។

អ្នក​ខ្លះ​អាច​ឆ្ងល់​ថាតើ​ហេតុអ្វី​បាន​ជា​សាសនាចក្រ ធ្វើ​អ្វី​មួយ​ចំនួន​ដែល​សាសនាចក្រ​ត្រូវ​ធ្វើ ។ អ្នក​ទាំងអស់​គ្នា​ជា​ច្រើន​នាក់​អាច​ពុំ​ប្រាកដ អំពី​របៀប​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក ។

ព្រះវរបិតាសួគ៌​យើង និង ព្រះរាជបុត្រា​ទ្រង់​ត្រៀម​ព្រះកាយ​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​នានា​តាមរយៈ​ការបម្រើ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប៉ុន្តែ​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ខ្លួន​អ្នក ដែល​ត្រូវ​រៀន​ដើម្បី​បាន​ភាពសក្ដិសម ហើយ​ទទួល​បាន​ចម្លើយ​ទាំងនោះ ។

តើ​អ្នក​អាច​ចាប់ផ្ដើម​ត្រង់​ចំណុច​ណា ? ចូរ​ចាប់ផ្ដើម​ដោយ​ចំណាយ​ពេល នៅ​ក្នុង​ទីបរិសុទ្ធ​ឲ្យ​បាន​កាន់តែ​ច្រើន ។ ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទីបរិសុទ្ធ ។ សាលាជំនុំ​ក៏​ជា​ទីបរិសុទ្ធ​ដែរ ជា​ទី​ដែល​អ្នក​រំឭក​សេចក្ដីសញ្ញា​រៀង​រាល់​ថ្ងៃ​អាទិត្យ ដោយ​ទទួល​ទាន​សាក្រាម៉ង់ ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ធ្វើ​ឲ្យ​ផ្ទះជួល អន្តេវាសិកដ្ឋាន គេដ្ឋាន ឬ បន្ទប់​របស់​អ្នក​ក្លាយ​ទៅ​ជា​ទីបរិសុទ្ធ ដែល​អ្នក​អាច​ដក​ខ្លួន​អ្នក​ចេញ​ពី​ភាពរំខាន​ដ៏​ខ្មៅងងឹត​នៃ​លោកិយ​នេះ ។

ការអធិស្ឋាន​គឺ​ជា​គន្លឹះ​មួយ ។ ចូរ​អធិស្ឋាន​ដើម្បី​ឲ្យ​បាន​ដឹង​ថា​អ្វី​ដែល​ត្រូវ​ឈប់​ធ្វើ និង អ្វី​ដែល​ត្រូវ​ចាប់ផ្ដើម​ធ្វើ ។ ចូរ​អធិស្ឋាន​ដើម្បី​ដឹង​ថា​អ្វី​ដែល​ត្រូវ​បន្ថែម​ទៅ​ក្នុង​ស្ថានភាព​របស់​អ្នក និង​អ្វី​ដែល​ត្រូវ​ដកចេញ ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​អាច​គង់​ជាមួយ​អ្នក​យ៉ាង​បរិបូរ ។

ចូរ​ទូល​អង្វរ​ព្រះអម្ចាស់ សុំ​អំណោយ​នៃ​ការចេះ​សង្កេត ។ ក្រោយ​មក ចូរ​រស់នៅ ហើយ​ធ្វើការ​ឲ្យ​បាន​សក្ដិសម​ដើម្បី​ទទួល​អំណោយ​នោះ ប្រយោជន៍​ឲ្យ​កាលណា​ព្រឹត្តិការណ៍​ដ៏​ច្របូកច្របល់​លើ​ពិភពលោក​នេះ​កើតឡើង នោះ​អ្នក​នឹង​ដឹង​យ៉ាង​ប្រាកដ​ថា​អ្វី​ដែល​ពិត និង អ្វី​ដែល​មិន​ពិត ( សូមមើល នីហ្វៃទី ២ ៣១:១៣ ) ។

young adult walking with elderly man

បម្រើ​មនុស្ស​ដោយ​សេចក្ដីស្រឡាញ់ ។ ការបម្រើ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​បាន​វង្វេង ឬ មាន​របួស​ខាង​វិញ្ញាណ អាច​បើក​ចិត្ត​អ្នក​ឲ្យ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។

ចូរ​ចំណាយ​ពេល​កាន់តែ​ច្រើន—កាន់តែ​ច្រើន​បំផុត—នៅ​ក្នុង​ទីបរិសុទ្ធ​ដែល​ព្រះវិញ្ញាណ​មាន​វត្តមាន ។ នោះ​មាន​ន័យ​ថា ចំណាយ​ពេល​កាន់តែ​ច្រើន​ជាមួយ​មិត្ត ដែល​កំពុង​ព្យាយាម​មាន​ព្រះវិញ្ញាណ​គង់​ជាមួយ​ពួកគេ ។ ចូរ​ចំណាយ​ពេល​កាន់តែ​ច្រើន​ដើម្បី​លុតជង្គង់​អធិស្ឋាន ជាមួយ​ព្រះគម្ពីរ ជាមួយ​កិច្ចការ​ពង្សប្រវត្តិ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​ថ្វាយ​ចំណែក​នៃ​ពេលវេលា​របស់​អ្នក ដោយ​ស្ម័គ្រចិត្ត នោះ​ទ្រង់​នឹង​ធ្វើ​ពេល​វេលា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​កាន់តែ​មាន​ន័យ ។

យើង​គាំទ្រ​បុរស ១៥ នាក់ ដែល​បាន​តែងតាំង​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។ ពេល​បញ្ហា​ពិបាកៗ​កើត​ឡើង—ហើយ​ហាក់​ដូចជា​កាន់តែ​ពិបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ—បុរស​ទាំង ១៥ រូប​នេះ​ពុះពារ​ដោះស្រាយ​បញ្ហា​នោះ ព្យាយាម​ស្វែងរក​លទ្ធផល​ដែល​អាច​ដោះស្រាយ​ទៅ​រួច​ចំពោះ​សកម្មភាព​នានា ហើយ​ពួកលោក​ព្យាយាម​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍ ។ បន្ទាប់​ពី​បាន​តមអាហារ អធិស្ឋាន សិក្សា ពិចារណា ហើយ​ប្រឹក្សា​ជាមួយ​ពួក​បងប្អូនប្រុស​អំពី​បញ្ហា​ធំៗ​ហើយ វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​ខ្ញុំ​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន​ពេល​កណ្ដាល​រាត្រី ដោយ​ទទួល​បាន​អារម្មណ៍​បំផុស​គំនិត​លើ​បញ្ហា​ដែល​យើង​កំពុង​ព្រួយ​បារម្ភ​នោះ ។ ពួកបងប្អូន​ប្រុស​របស់​ខ្ញុំ ក៏​មាន​បទពិសោធន៍​ដូចគ្នា​នេះ​ដែរ ។

គណៈប្រធានទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ប្រឹក្សា​ជាមួយ​គ្នា ហើយ​ចែកចាយ​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​យើង​ឲ្យ​យល់ ហើយ​ទទួល​អារម្មណ៍​ដឹង​រៀងៗខ្លួន និង ជា​ក្រុម ។ បន្ទាប់​មក យើង​ទន្ទឹង​ចាំ​មើល​ព្រះអម្ចាស់​ប្រទាន​អានុភាព​ឲ្យ​ប្រធាន​នៃ​សាសនាចក្រ ប្រកាស​អំពី​ព្រះបំណង​ទ្រង់ ។

ដំណើរការ​របស់​ព្យាការី​នេះ​បាន​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ២០១២ ដែល​មាន​ការផ្លាស់ប្ដូរ​អាយុ​អ្នក​ផ្សព្វផ្សាយ​សាសនា ព្រមទាំង​កំណែ​បន្ថែម​នៅ​ក្នុង​ក្បួនខ្នាត​សាសនាចក្រ ដែល​បណ្ដាល​មក​ពី​ការទទួល​ស្គាល់​ឲ្យ​ស្រប​ច្បាប់​លើ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​មួយ​ចំនួន ។ ដោយសារ​ពេញ​ដោយ​ក្ដី​អាសូរ​ដល់​មនុស្ស​គ្រប់​រូប ជា​ពិសេស​ដល់​កុមារ​ទាំងឡាយ ទើប​យើង​ពុះពារ​ដើម្បី​បាន​យល់​ព្រះបំណង​ព្រះអម្ចាស់​លើ​បញ្ហា​នេះ ។

ទន្ទឹម​ពេល​ដែល​យើង​ប្រុងប្រៀប​ធ្វើតាម​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ និង ក្ដី​សង្ឃឹម​ទ្រង់​ឲ្យ​បុត្រាបុត្រី​ទ្រង់​មាន​ជីវិត​អស់កល្ប​នោះ យើង​បាន​ពិចារណា​លើ​ការផ្លាស់ប្ដូរ និង ការរៀបចំ​ស្ថានភាព​នានា​ដែល​អាច​កើត​មាន​ឡើង ។ យើង​បាន​ជួប​ប្រជុំ​គ្នា​ជា​ច្រើន​ដង ដើម្បី​តមអាហារ និង អធិស្ឋាន ហើយ​ស្វែងរក​ការដឹកនាំ និង ការបំផុសគំនិត​បន្ថែម ។ រួច​កាល​ព្រះអម្ចាស់​បំផុសគំនិត​ដល់​ព្យាការី​ទ្រង់​គឺ ប្រធាន ថូម៉ាស អេស ម៉នសុន ឲ្យ​ប្រកាស​អំពី​ព្រះទ័យ ព្រមទាំង​ព្រះបំណង​ទ្រង់​នោះ យើង​ម្នាក់ៗ​ទទួលបាន​ការបញ្ជាក់​ខាង​វិញ្ញាណ​អំឡុង​ពេល​ដ៏​ពិសិដ្ឋ​នោះ​ឯង ។ វា​គឺ​ឯកសិទ្ធិ​របស់​យើង​ក្នុង​នាម​ជា​សាវក ដែល​ត្រូវ​គាំទ្រ​អ្វី​ដែល​ត្រូវបាន​បើក​សម្ដែង​ដល់​ប្រធាន ម៉នសុន ។ វិវរណៈ​មក​ពី​ព្រះអម្ចាស់ ដល់​ពួក​អ្នក​បម្រើ​ទ្រង់​គឺ​ជា​ដំណើរការ​មួយ​ដ៏​ពិសិដ្ឋ ចំណែក​ឯ​ឯកសិទ្ធ​របស់​អ្នក​ក្នុង​ការទទួលបាន​វិវរណៈ​ផ្ទាល់ខ្លួន​ក៏​ដូច្នេះ​ដែរ ។

ប្អូនៗ​ប្រុស​ស្រី​ជា​ទីស្រឡាញ់ អ្នក​ក៏​អាច​ដឹង​ព្រះឆន្ទៈ និង ព្រះ​បំណង​របស់​ព្រះអម្ចាស់​កាន់តែ​ច្រើន សម្រាប់​ជីវិត​អ្នក​ផ្ទាល់ ដូចជា​យើង​ដែល​ជា​សាវក​មាន​សម្រាប់​សាសនាចក្រ​ទ្រង់​ដែរ ។ ក៏​ដូចជា​ព្រះអម្ចាស់​តម្រូវ​ឲ្យ យើង ស្វែងរក ហើយ​ពិចារណា តមអាហារ និង​អធិស្ឋាន សិក្សា ហើយ​ពុះពារ​នឹង​សំណួរ​ពិបាកៗ​ដែរ នោះ​ទ្រង់​តម្រូវ​ឲ្យ អ្នក ធ្វើ​ដូចគ្នា​នេះ នៅ​ពេល​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់ខ្លួន​របស់​អ្នក ។

អ្នក​អាច​រៀន​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ តាមរយៈ​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទោះ​ជា Google, Twitter, និង Facebook មើល​ទៅ​ដូចជា​មាន​ប្រយោជន៍​យ៉ាង​ណា​ក្ដី ក៏​វា​មិន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ចាំបាច់​បំផុត​របស់​អ្នក​នោះ​ដែរ !

មិត្ត​វ័យ​ក្មេង​របស់​ខ្ញុំ​អើយ អ្នក​អាច​ស្គាល់​ព្រះឆន្ទៈ និង ព្រះបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​អ្នក​បាន ។ អ្នក​មិន​បាច់​ឆ្ងល់​ថាតើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​នៅ​ទីណា ឬ ថាតើ​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​ដែរ​ឬ​នោះ​ទេ ។ អ្នក​អាច​ដឹង​បាន ! ព្រះវិញ្ញាណ​បរិសុទ្ធ « នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃទី ២ ៣២:៣ ) ។

៤. ធ្វើ​តាម​ព្យាការី

young adult watching general conference

ក្នុង​ឆ្នាំ ១៩៧៩ កាល​កំពុង​បម្រើ​ជា​ប្រធាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​សិក្ខាសាលា​អ្នកតំណាង​ភូមិភាគ​ដែល​ប្រធាន ឃឹមបឹល បាន​ផ្ដល់​សុន្ទរកថា​ដ៏​បំផុសគំនិត​មួយ អំពី​ការប្រកាស​ដំណឹងល្អ​ដល់​ជាតិ​សាសន៍​នានា ដែល​ពេល​នោះ​មិន​អនុញ្ញាត​ឲ្យ​សាសនាចក្រ​ចូល​ប្រកាស​ដំណឹងល្អ​មាន​ដូចជា ប្រទេស​ចិន​ជា​ដើម ។ លោក​បាន​អញ្ជើញ​ឲ្យ​អ្នក​ចូលរួម​សិក្ខាសាលា​នោះ​ទាំង​អស់ សិក្សា​ភាសា​ចិន​កុកងឺ ដើម្បី​យើង​អាច​ប្រើ​ជំនាញ​របស់​យើង​ជួយ​ដល់​ជនជាតិ​ចិន ។

ចំពោះ​ខ្ញុំ ការអញ្ជើញ​របស់​ប្រធាន ឃឹមបឹល ហាក់ដូចជា​ការបង្គាប់​បែប​ព្យាករ ។ ដូច្នេះ​នា​រាត្រី​នោះ ខ្ញុំ​បាន​សួរ​ភរិយា​ដែល​ស្លាប់​ទៅ​របស់​ខ្ញុំ ដានស្សិល ថា​តើ​នាង​ចង់​សិក្សា​ភាសា​ចិន​កុកងឺ​ជាមួយ​ខ្ញុំ​ឬ​ទេ ។ នាង​បាន​យល់ព្រម ហើយ​យើង​បាន​ជួល​គ្រូបង្រៀន​ម្នាក់​មក​បង្រៀន​យើង ។ ប្រាកដណាស់ យើង​ពុំ​ចេះ​និយាយ​ភាសា​ចិន​កុកងឺ​បាន​យ៉ាង​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​បាន​ដឹង​ថា នៅ​ពេល​យើង​ត្រូវបាន​អញ្ជើញ​នៅ​ឆ្នាំ​បន្ទាប់​នោះ ( តាមរយៈ​ព្រឹត្តិការណ៍​ដែល​ពុំ​បាន​គ្រោង​ទុក ) ដើម្បី​ទៅ​ប្រទេស​ចិន ក្នុង​នាម​ជា​សាស្ត្រាចារ្យ​ធ្វើ​ទស្សនកិច្ច​ដើម្បី​បង្រៀន​វះកាត់​បេះដូង នោះ​ខ្ញុំ​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ។

ប្រាំ​ឆ្នាំ​យ៉ាង​លឿន​ក្រោយ​មក​គឺ​ឆ្នាំ ១៩៨៥ ជា​ឆ្នាំ បន្ទាប់​ពី ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​ទទួល​សំណើ​បន្ទាន់​មួយ​ឲ្យ​ទៅ​ប្រទេស​ចិន ដើម្បី​វះកាត់​បេះដូង​ឲ្យ​តួល្ខោន​ប្រចាំ​ប្រទេស​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​គេ​ចាត់ទុក​ជា​វីរបុរស​ស្នេហា​ជាតិ​ពេញ​មួយ​ប្រទេស​ចិន ។ ខ្ញុំ​បាន​ពន្យល់​ថា តួនាទី​ខាង​សាសនា​របស់​ខ្ញុំ​ពុំ​អាច​ឲ្យ​ខ្ញុំ​ទៅ​បាន​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​នៅ​ប្រទេស​ចិន បាន​អង្វរ​ឲ្យ​ខ្ញុំ​ទៅ​ម្ដង​នេះ​ដើម្បី​វះកាត់​សង្គ្រោះ​ជីវិត ។

ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ប្រធាន​កូរ៉ុម និង គណៈប្រធានទីមួយ ។ ពួកគេ​បាន​ទទួល​អារម្មណ៍​ថា ដើម្បី​ជួយ​ដល់​ជនជាតិ​ចិន ខ្ញុំ​គួរតែ​ធ្វើ​ដំណើរ​ទៅ ហើយ​ធ្វើ​ការវះកាត់ ។

ដូច្នេះ​ខ្ញុំ​បាន​ទៅ ។ ដោយ​អំណរគុណ ការវះកាត់​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ! យ៉ាងណា​ក៏​ដោយ នោះ​គឺ​ជា​ការវះកាត់​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ធ្វើ ។ វា​គឺ​នៅ​ទីក្រុង ជិនណាន ប្រទេស​ចិន ថ្ងៃទី ៤ ខែ មិនា ឆ្នាំ ១៩៨៥ ។

ពេលវេលា​កន្លង​ទៅ​លឿន​ណាស់ ឥឡូវ​ខែ តុលា ឆ្នាំ ២០១៥ ទៅ​ហើយ ។ វែនឌី និង ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឲ្យ​ត្រឡប់​ទៅ​សាកលវិទ្យាល័យ ស្សានដុន សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ​ទីក្រុង ជិនណាន ។ យើង​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុងនាម​ជា « មិត្ត​ចាស់​ម្នាក់ » របស់​ប្រទេស​ចិន ហើយ​បាន​រួបរួម​គ្នា​ជាមួយ​គ្រូពេទ្យវះកាត់​នានា​ដែល​ខ្ញុំ​បាន​បង្រៀន​កាល​ពី ៣៥ ឆ្នាំ​មុន ។ ទស្សនកិច្ច​របស់​យើង​នោះ​គឺ​ជួប​ជាមួយ​កូនប្រុស និង ចៅ​ប្រុស​របស់​តួល្ខោន​ដ៏​ល្បីល្បាញ​រូប​នោះ ។ បទពិសោធន៍​ដ៏​អស្ចារ្យ​ទាំងនេះ អាច​កើតឡើង​ដោយសារ​មូលហេតុ​មួយ ៖ ខ្ញុំ​បាន​ស្ដាប់​តាម​ដំបូន្មាន​របស់​ព្យាការី​ឲ្យ​សិក្សា​ភាសា​ចិន​កុកងឺ !

ព្យាការី​មើល​ឃើញ​ការណ៍​នានា​ជាមុន ។ លោក​មើល​ឃើញ​គ្រោះថ្នាក់ ដែល​បច្ចាមិត្ត​បាន​ដាក់ ឬ នឹង​ដាក់​នៅ​តាម​ផ្លូវ​របស់​យើង ។ ព្យាការី​ក៏​មើល​ឃើញ​ទុក​ជាមុន​នូវ​ការទទួល​ខុសត្រូវ និង ឯកសិទ្ធិ​ដែល​រង់ចាំ​សម្រាប់​អ្នក​ដែល​ស្ដាប់​តាម ដោយ​មាន​ចិត្ត​ស្មោះ​ក្នុង​ការគោរព​ប្រតិបត្តិ ។ ខ្ញុំ​ដឹង​ថា​រឿង​នេះ​ពិត ! ខ្ញុំ​បាន​ដក​ពិសោធន៍​វា​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ម្ដង​ហើយ​ម្ដង​ទៀត ។

ព្រះអម្ចាស់​បាន​សន្យា​នឹង​យើង​ថា ទ្រង់​នឹង​មិន​បណ្ដោយ​ឲ្យ​ព្យាការី​ដឹកនាំ​យើង​ដើរ​ផ្លូវ​ខុស​នោះ​ទេ ។ ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បាន​ប្រកាស​ថា ៖ « អ្នក​អាច​នឹង​មិន​ចូលចិត្ត​អ្វី ដែល​ចេញ​មកពី​អ្នក​មាន​សិទ្ធិអំណាច​នៃ​សាសនាចក្រ​នោះ​ទេ ។ វា​អាច​នឹង​ផ្ទុយ​ពី​ទស្សនៈ​ខាង​នយោបាយ​របស់អ្នក ។ វា​អាច​នឹង​ផ្ទុយ​ពី​ទស្សនៈ​ខាងសង្គម​របស់អ្នក ។ វា​អាច​នឹង​ជ្រៀតជ្រែក​ក្នុង​ជីវិត​សង្គម​មួយ​ចំនួន​របស់​អ្នក ។ ប៉ុន្តែ​បើ​អ្នក​ស្ដាប់​តាម​រឿង​ទាំងនេះ ដូចជា​មក​ពី​ព្រះឱស្ឋ​របស់​ព្រះអម្ចាស់​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ នោះ​ការសន្យា​គឺ​ថា ‹ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ មែនហើយ​ហើយ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដីងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់ញ័រ ដើម្បី​សេចក្ដីល្អ​ដល់​អ្នក និង​សិរីល្អ​ដល់​ព្រះនាម​របស់​ទ្រង់ › ( គ. និង ស. ២១:៦ ) » ។

អ្នក​អាច​នឹង​មិន​យល់​ការប្រកាស​ចេញ​ពី​ព្យាការី ដែល​កំពុង​រស់នៅ​ជានិច្ច​នោះ​ទេ ។ ប៉ុន្តែ​ពេល​អ្នក​ដឹង​ថា ព្យាការី​គឺ​ជា​ព្យាការី នោះ​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះអម្ចាស់​ដោយ​ការបន្ទាបខ្លួន និង ក្ដី​ជំនឿ រួច​ទូល​សុំ​សាក្សី​ផ្ទាល់​ខ្លួន​អំពី​អ្វី​គ្រប់​យ៉ាង ដែល​ព្យាការី​បាន​ប្រកាស ។

ប្រមាណ​ជា ៤០ ឆ្នាំ មុន គ.ស. មាន​សាសន៍​នីហ្វៃ​ជា​ច្រើន​បាន​ចូលរួម​សាសនាចក្រ ហើយ​សាសនាចក្រ​បាន​រីកចម្រើន ។ ប៉ុន្តែ បក្សព័ន្ធ​សម្ងាត់​បាន​ចាប់ផ្ដើម​រីកដុះដាល​ឡើង ពួកដឹកនាំ​របស់​វា​ដែល​ពេញ​ដោយ​ល្បិចកល​បាន​លាក់​ខ្លួន​ក្នុង​ចំណោម​ប្រជាជន ហើយ​មាន​ការលំបាក​ក្នុង​ការចាប់​ពួកវា ។ នៅ​ពេល​ប្រជាជន​កាន់តែ​ឆ្មើងឆ្មៃ​ទៅៗ សាសន៍​នីហ្វៃ​ជា​ច្រើន​នាក់​បាន « ចំអកឡកឡឺយ​ដល់​អ្វីៗ​ដែល​ពិសិដ្ឋ បដិសេធ​វិញ្ញាណ​នៃ​ការព្យាករ និង វិវរណៈ » ( ហេលេមិន ៤:១២ ) ។

ការឈ្លានពាន​ទាំងនោះ មាន​ក្នុង​ចំណោម​យើង​សព្វថ្ងៃ​នេះ ។ ភាពពិត​ជាក់ស្ដែង​គឺ​ថា មាន « ពួក​អ្នក​បម្រើ​របស់​អារក្ស​សាតាំង » ( គ. និង ស ១០:៥ ) មាន​ពាសពេញ​សហគមន៍ ។ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​ដំបូន្មាន​ដែល​អ្នក​ដើរតាម ( សូមមើល ហេលេមិន ១២:២៣ ) ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ អ្នក​កើត​មក​ដើម្បី​ធ្វើ​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍ ។ អ្នក « គឺ​ជា​ពូជ​ជម្រើស » (ពេត្រុសទី ១ ២:៩) ដែល​ត្រូវបាន​តែងតាំង​ដោយ​ព្រះ​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ—ដើម្បី​ជួយ​រៀបចំ​មនុស្ស​លើ​លោក​នេះ សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ !

កំណត់ចំណាំ

  1. ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៤៧ ជិត​បី​ឆ្នាំ​បន្ទាប់​ពី​ប្រធាន យ៉ូសែប ស៊្មីធ ត្រូវបាន​គេ​ធ្វើ​ឃាត លោក​បាន​បង្ហាញ​ខ្លួន​ដល់​ប្រធាន ព្រិកហាំ យ៉ង់ ហើយ​បាន​ផ្ដល់​សារលិខិត​នេះ​ដល់​លោក ៖ « សូម​ប្រាប់​ប្រជាជន​ឲ្យ​រាបសារ និង ស្មោះត្រង់ ហើយ​ត្រូវ​ប្រាកដ​ថា ពួកគេ​រក្សា​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះ​ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ធ្វើ​ត្រូវ ។ ចូរ​ប្រយ័ត្ន​កុំងាកចេញ​ពីសំឡេង​តូច​រហៀងឡើយ សំឡេង​នោះ នឹង​បង្រៀន [ អ្នក​នូវ​អ្វី ] ដែល​ត្រូវ​ធ្វើ ហើយ​ត្រូវ​ទៅ​កន្លែង​ណា » ( នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៩៨ ) ។

  2. Teachings of Presidents of the Church: Harold B. Lee ( ឆ្នាំ ២០០០ ) ទំព័រ ៨៤–៨៥ ។