លុះត្រាជួបទៀត
ភាពប៉ិនប្រសប់របស់ព្រះក្នុងសាសនាចក្ររបស់ព្រះអម្ចាស់
ដកស្រង់ចេញពី « He Slumbers Not, nor Sleeps » Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៥–៨ ។ ការដាក់វណ្ណយុត្តិ និង អក្សរធំបានអនុលោមតាមបទដ្ឋាន ។
ព្រះសម្រេចកិច្ចការទ្រង់ស្របតាមព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ ។
ភាពប៉ិនប្រសប់របស់ព្រះក្នុងការរៀបចំកិច្ចការនេះ និង ការហៅមនុស្សឲ្យបម្រើក្នុងថ្នាក់ដឹកនាំគឺមានភាពជាក់ស្តែងណាស់ ។ ពួកអ្នកមានសិទ្ធិអំណាចទូទៅគឺបុគ្គលម្នាក់ៗដែលមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ។ ពួកលោកម្នាក់ៗនាំមកនូវបទពិសោធន៍ និង មានប្រវត្តិផ្សេងៗពីគ្នាយ៉ាងខ្លាំងនៅក្នុងការបំពេញការទទួលខុសត្រូវរបស់ពួកលោក ។ នៅពេលពិភាក្សាបញ្ហានានានៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់នៃសាសនាចក្រ ពួកលោកម្នាក់ៗបញ្ចេញទស្សនៈខ្លួនបានដោយសេរី ។ នៅពេលបុគ្គលម្នាក់អង្កេតមើលពីដំណើរការដ៏គួរឲ្យចាប់អារម្មណ៍នេះ នោះវាគួរឲ្យទាក់ចិត្តណាស់ដែលមើលឃើញព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធមានឥទ្ធិពលលើបុរសទាំងនេះ ។ ពួកលោកមានយោបល់ខុសៗគ្នា ប៉ុន្តែពុំធ្លាប់បញ្ចេញវាដោយឃោរឃៅឡើយ តែដោយទន់ភ្លន់ ព្រមទាំងរួមសាមគ្គីគ្នា ។ ព្រះអម្ចាស់មានបន្ទូលថា « ដំណាក់យើង គឺជាដំណាក់នៃរបៀបរៀបរយ » ( សូមមើល គ. និង ស. ១៣២:៨ ) ។ ដោយបានឃើញដំណើរការនេះ នោះខ្ញុំដកបទពិសោធន៍នូវការរំឭកជាថ្មីជានិច្ចនៃសេចក្តីជំនឿ ។ …
អ្នកខ្លះបង្ហាញកង្វល់ថាប្រធានសាសនាចក្រភាគច្រើនគឺជាមនុស្សចាស់ៗ ដែលធ្វើឲ្យខ្ញុំឆ្លើយថា « នោះគឺជាពរជ័យអ្វីម៉្លេះ ! » កិច្ចការនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ដំបូងត្រូវបានផ្ទុកផ្តាក់លើព្យាការី យ៉ូសែប ដែលជាឧបករណ៍របស់ទ្រង់ ។ កាលគ្រានោះលោកនៅក្មេង ហើយមានកម្លាំង ជាមនុស្សម្នាក់ដែលចិត្តគំនិតរបស់លោកមិនជាប់ជំពាក់នឹងសណ្តាប់ទាំងឡាយនៅក្នុងជំនាន់របស់លោកឡើយ ។ លោកមានចិត្តទន់ភ្លន់ ដែលព្រះអម្ចាស់អាចសូនដូចជាដីឥដ្ឋសើមដែលអាចបត់បែន នៅពេលទ្រង់បានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ។
អ្នកបន្តវេនពីយ៉ូសែប ជាមនុស្សវ័យក្មេង ដែលគាត់បានប្រឈមមុខនឹងការទទួលខុសត្រូវដ៏ធំធេង ក្នុងការដឹកនាំប្រជាជនទាំងអស់ឆ្លងកាត់ទីរហោស្ថានដើម្បីត្រួសត្រាយទៅទឹកដីថ្មី ។
ប៉ុន្តែគោលការណ៍គ្រឹះរបស់យើងឥឡូវនេះវាដំណើរការបានប្រសើរឡើង ហើយយើងបានបង្កើតមនុស្សដែលមានភាពរឹងប៉ឹង យ៉ាងហោចណាស់រហូតដល់ពេលដែលព្រះអម្ចាស់ត្រាស់បញ្ជាឲ្យយើងផ្លាស់ប្តូរទៀត ។ យើងពុំត្រូវការផ្លាស់ប្តូរការធ្វើកិច្ចការទាំងនោះឡើយ ។ យើងត្រូវតែលះបង់ និង គោរពប្រតិបត្តិទៅនឹងគោលការណ៍របស់ព្រះដែលបានមានបន្ទូលហើយ ។ យើងត្រូវតែមានភាពស្មោះត្រង់ចំពោះថ្នាក់ដឹកនាំយើង ដែលព្រះបានរើសតាំងឡើង ។ លោកគឺជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈរបស់យើង ។ យើងនឹងមិនខ្វះព្យាការីឡើយ ប្រសិនបើយើងរស់នៅសក្ដិសមដើម្បីមានព្យាការីម្នាក់នោះ ។ លោកពុំចាំបាច់ថាត្រូវតែមានភាពក្មេងវ័យនោះទេ ។ លោកបានណែនាំ និង បន្តណែនាំបុរសវ័យក្មេងឲ្យធ្វើការងារបម្រើនៅលើផែនដីនេះ ។ លោកគឺជាសង្ឃជាន់ខ្ពស់ជាអធិបតី ជាឃ្លាំងនៃកូនសោនៃបព្វជិតភាពដ៏បរិសុទ្ធ ហើយបានទទួលវិវរណៈពីព្រះមកកាន់ប្រជារាស្ត្ររបស់ទ្រង់ ។
មានសុភាសិតបុរាណមួយដែលនិយាយថា « យុវភាពជាពេលត្រូវធ្វើការ ។ កាន់តែចាស់កាន់តែមានប្រាជ្ញា » ។
ចំពោះគំនិតខ្ញុំ មានអ្វីមួយដែលបញ្ជាក់យ៉ាងខ្លាំងក្នុងការដឹងពីអនាគតដ៏វែងឆ្ងាយថា យើងនឹងមានប្រធានម្នាក់ដែលត្រូវបានពុតលត់ដំខ្លួន និង ត្រូវបានបង្រៀន ល្បងល និង សាកល្បង ជាអ្នកដែលមានចិត្តស្មោះត្រង់ដើម្បីធ្វើការ ហើយដែលមានភាពថ្លៃថ្នូរក្នុងការបំពេញកិច្ចការ ដោយអត់ធ្មត់នៅក្នុងការបម្រើ ជាមនុស្សដែលមានសេចក្តីជំនឿមុតមាំ ហើយជាបុគ្គលនៅជិតព្រះ ដែលបានបណ្តុះបណ្តាលអស់ពេលជាច្រើនឆ្នាំ ។ …
យើងមិនត្រូវភ័យខ្លាចពីអនាគតឡើយ ប្រសិនបើយើងតោងជាប់នឹងគោលការណ៍ដែលបានបើកសម្តែងនោះ ។