សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ទេវតាឈ្មោះលោក និង អ្នកស្រី ដាន់
រចនារូបភាពដោយ វិលសុន អ៊ុង
ខ្ញុំកំពុងមើលទូរទស្សន៍ នៅពេលម្តាយខ្ញុំបានទូរសព្ទមកខ្ញុំ ហើយប្រាប់ខ្ញុំថា បងប្រុសរបស់គាត់ ដែលត្រូវជាអ៊ំប្រុសរបស់ខ្ញុំឈ្មោះ ហ្វ្ល័យដែលមានអាយុ ៩២ ឆ្នាំ ព្រមទាំងភរិយារបស់គាត់ឈ្មោះអ៊ំ មីលី មានជំងឺផ្តាសសាយ ហើយគ្មានអាហារនៅក្នុងផ្ទះរបស់ពួកគាត់ឡើយ ។ ហើយពួកគាត់ក៏គ្មានសុខភាពល្អគ្រប់គ្រាន់ដើម្បីទៅហាងទិញទំនិញដែរ ។ លោកអ៊ំ ហ្វ្ល័យ និង អ៊ំ មីលីគ្មានគ្រួសារណាដែលនៅក្បែរពួកគាត់ឡើយ ដូច្នោះពួកគាត់គ្មាននរណាជួយឡើយ ។
ម្តាយខ្ញុំឆ្ងល់ ប្រសិនបើខ្ញុំអាចជួយបាន ។ ខ្ញុំគឺជាសមាជិកនៃសាសនាចក្រតែម្នាក់ឯងគត់នៅក្នុងគ្រួសាររបស់ខ្ញុំ ហើយខ្ញុំត្រូវបានសុំឲ្យជួយក្នុងស្ថានភាពដូចគ្នានេះកាលពីមុនផងដែរ ។ បញ្ហានោះគឺថា ខ្ញុំរស់នៅរដ្ឋ យូថាហ៍ ស. រ. អា. ហើយអ៊ំស្រី និង អ៊ំប្រុសរបស់ខ្ញុំរស់នៅទីក្រុង ហែមែត រដ្ឋ កាលីហ្វ័រញ៉ា ស. រ. អា. ។
ខ្ញុំបានប្រាប់ម្តាយខ្ញុំទុកពេលឲ្យខ្ញុំគិតថាតើត្រូវធ្វើដូចម្តេច ។ ខ្ញុំមានមិត្តភក្តិម្នាក់ដែលបានរស់នៅក្បែរទីក្រុង ហែមែត ដូច្នោះខ្ញុំបានទូរសព្ទ ហើយសុំនាង ប្រសិនបើនាងបានស្គាល់នរណាម្នាក់នៅក្នុងទីក្រុង ហែមែត ។ នាងបានប្រាប់ខ្ញុំអំពីស្ត្រីម្នាក់ដែលនាងបានបម្រើជាមួយនៅព្រះវិហារបរិសុទ្ធ រែតលែន កាលីហ្វូញ៉ា ឈ្មោះស៊ិស្ទើរ ដាន់ ដែលជាប្រធានសមាគមនស្ត្រីនៅទីនោះ ។
នៅពេលបងស្រី ដាន់បានឆ្លើយទូរសព្ទ ខ្ញុំបានចាប់ផ្តើមនិយាយថា « ជម្រាបសួរ បងស្រី ដាន់ ។ បងស្រីមិនស្គាល់ខ្ញុំទេ តែខ្ញុំឈ្មោះ ណាន់ស៊ី លីថល ហើយខ្ញុំរស់នៅរដ្ឋ យូថាហ៍ ។ ខ្ញុំគឺជាសមាជិកនៃសាសនាចក្រ ប៉ុន្តែអ៊ំស្រី និង អ៊ំប្រុសរបស់ខ្ញុំដែលរស់នៅទីក្រុង ហែមែត ពុំមែនជាសមាជិកឡើយ ។ ពួកគាត់ឈឺ ហើយគ្មានអាហារនៅក្នុងផ្ទះឡើយ » ។ ខ្ញុំបានប្រាប់គាត់អំពីទីតាំងដែលពួកគាត់រស់នៅ ដែលនៅឆ្ងាយពីគាត់ ហើយរំពឹងថាខ្ញុំចង់បានព័ត៌មានអំពីភោជនីដ្ឋាននៅក្បែរពួកគាត់ ដែលអាចដឹកជញ្ជូនអាហារឲ្យពួកគាត់បាន ។
ផ្ទុយទៅវិញ ស៊ិស្ទើរ ដាន់ ទទូចថាគាត់ និង ស្វាមីរបស់គាត់ចង់យកអាហារទៅឲ្យអ៊ំប្រុស និង អ៊ំស្រីរបស់ខ្ញុំ ។ ចៃដន្យពួកគាត់មានសម្លរ និង នំបុ័ងដែលធ្វើដោយដៃគាត់ផ្ទាល់ ហើយម្តាយរបស់គាត់ទើបតែធ្វើនំឃុកឃី ។ ខ្ញុំបានបដិសេធ ប៉ុន្តែគាត់នៅតែទទូចសុំធ្វើរឿងនោះ ។
ពីរបីម៉ោងក្រោយមក បងស្រី ដាន់ បានទូរសព្ទមកខ្ញុំ ហើយបញ្ជាក់ប្រាប់ខ្ញុំថា អ្វីៗទាំងអស់គឺបានល្អហើយ ។ ក្រោយមកម្តាយរបស់ខ្ញុំបានទូរសព្ទមកប្រាប់ខ្ញុំពីអ្វីដែលអ៊ំ ហ្វ្ល័យបាននិយាយអំពីការទៅសួរសុខទុក្ខរបស់បងប្រុស និងបងស្រី ដាន់ ។ គាត់បាននិយាយថា « ទេវតាឈ្មោះលោក និង អ្នកស្រី ដាន់ បានមកដល់ផ្ទះរបស់បង ។ ពួកគាត់បានមកដោយយកអាហារជាច្រើនមកផងដែរមាន ៖ ផ្លែឈើ បន្លែ សម្ល នំបុ័ង និង នំឃុកឃី ដែលធ្វើដោយផ្ទាល់ដៃ ។ នោះជានំឃុកឃីដ៏ឆ្ងាញ់ ដែលបងមិនធ្លាប់ហូបពីមុនមក » ។ ការសួរសុខទុក្ខរបស់បងប្រុស និង បងស្រី ដាន់ជាមួយអ៊ំប្រុសខ្ញុំ បានជួយបំពេញតម្រូវការពួកគាត់ ហើយក្រោយមក បងប្រុស ដាន់ បានបីអ៊ំស្រីមីលីរបស់ខ្ញុំដ៏ខ្សោយ ដែលគាត់បានរងទុក្ខដោយសារជំងឺវង្វេងស្មារតី ទៅដាក់នៅលើកៅអីនៅផ្ទះបាយ ដើម្បីឲ្យបងស្រី ដាន់បញ្ចុកអាហារគាត់ ។
នៅពេលអ៊ំហ្វ្ល័យបានទូរសព្ទមកម្តាយខ្ញុំ ប្រាប់គាត់អំពីរឿងនោះគាត់បានយំ ។ គាត់បាននិយាយថា គាត់ពុំធ្លាប់បានជួបមនុស្សដែលមានចិត្តសប្បុរស និង មានការខ្វាយខ្វល់បែបនេះឡើយ ។ គាត់បានប្រាប់ម្តាយខ្ញុំថា ខ្ញុំមានសំណាងណាស់ដែលបានរស់នៅរដ្ឋ យូថាហ៍ ហើយមាន « ពួកមរមនទាំងអស់នោះ » នៅជុំវិញខ្លួន ។
បួនថ្ងៃក្រោយពីការទៅសួរសុខទុក្ខមក អ៊ំប្រុស ហ្វ្ល័យបានដើរទៅកាន់ប្រអប់សំបុត្រនៅខាងក្រៅផ្ទះ ហើយបានរអិលជើងដួល ។ គាត់បានដួលបោកក្បាល ហើយបួនថ្ងៃក្រោយមក គាត់បានចែកឋានទៅ ។ ក្រៅពីគិលានុប្បដ្ឋាយិកាដែលជាអ្នកមើលថែពួកគាត់ បងប្រុស និង បងស្រី ដាន់ គឺជាអ្នកចុងក្រោយគេដែលអ៊ំប្រុសរបស់ខ្ញុំបានឃើញមុនពេលគាត់ចែកឋានទៅ ។
ខ្ញុំមានអំណរគុណចំពោះគំរូដូចជាព្រះគ្រីស្ទរបស់បងប្អូនស្ត្រីនៅក្នុងសមាគមសង្គ្រោះរបស់ខ្ញុំ ដែលបានរស់នៅរាប់រយគីឡូម៉ែត្រ ជាមនុស្សម្នាក់ដែលខ្ញុំមិនធ្លាប់បានជួប ដែលបានជួយអ៊ំស្រី និង អ៊ំប្រុសខ្ញុំ ។