សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ការអង្វរករសុំនូវសេចក្តីមេត្តាករុណា
នៅពេលធ្វើដំណើរទៅក្បែរទីក្រុងមួយនៅក្នុងប្រទេស អេស្តូនី ខ្ញុំបានឃើញបុរសសុំទានម្នាក់ ។ គួរឲ្យភ្ញាក់ផ្អើលណាស់ ខ្ញុំបានស្គាល់គាត់កាលពីខ្ញុំបានបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងទីក្រុងនោះកាលពី ១០ ឆ្នាំមុន ។ គាត់បានស្ពាយស្បោងធំមួយដែលមានដាក់ដបជ័រជាច្រើន គឺដូចកាលពីមុនដែរ ដើម្បីប្រមូលអេតចាយលក់យកលុយ ។ ខ្ញុំចាំថាគាត់តែងតែសុំលុយអាប់ពីគេ ហើយប្រសិនបើអ្នកឲ្យលុយខ្លះឲ្យគាត់ នោះគាត់នឹងសុំប្រសិនបើអ្នកមានលុយថែមទៀតឬទេ ។
ខ្ញុំមានការភ្ញាក់ផ្អើលណាស់ដែលបានជួបគាត់ ។ អស់រយៈពេល ១០ ឆ្នាំ ហើយគាត់នៅតែដដែល––មានសក់ស្កូវថែមបន្តិច ប៉ុន្តែហាក់បីដូចជាគាត់បានរស់នៅក្នុងជីវិតដដែលនោះ ដោយសុំទានពីមួយថ្ងៃទៅមួយថ្ងៃ ។ ខ្ញុំបានគិតអំពីរយៈពេល ១០ ឆ្នាំដ៏អស្ចារ្យនេះ ដែលខ្ញុំបានរស់នៅ ដែលរួមមានទាំងការរៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ទទួលការអប់រំ រកបានការងារល្អ ហើយរីករាយនឹងសុខភាពល្អ ។
ខ្ញុំបានគិតថា ប្រហែលនេះជាពេលចុងក្រោយដែលខ្ញុំបានឃើញគាត់ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែឲ្យអ្វីមួយទៅគាត់ ។ បញ្ហានោះគឺថាខ្ញុំមានតែក្រដាសប្រាក់មួយចំនួន ដែលមានតម្លៃលើសពីអ្វីដែលខ្ញុំចង់ឲ្យគាត់ ។ ខ្ញុំបានអន់ចិត្តចំពោះជម្រើសដែលខ្ញុំបានគិត––គឺមិនឲ្យគាត់អ្វីសោះ ឬ ឲ្យប្រាក់នោះទៅគាត់ដែលវាច្រើនជាងអ្វីដែលខ្ញុំចង់ឲ្យគាត់ ។ ប្រាក់នោះវាមិនច្រើនទេសម្រាប់ខ្ញុំ ហើយវានឹងធ្វើឲ្យគាត់សប្បាយចិត្ត ដូច្នោះខ្ញុំបានសម្រេចចិត្តថា ខ្ញុំឲ្យប្រាក់នោះទៅគាត់ ។
មិនទាន់បានពីរថ្ងៃផង ខ្ញុំបានឃើញថា ខ្ញុំស្ថិតក្នុងស្ថានភាពមួយស្រដៀងនោះដែរ ប៉ុន្តែលើកនេះគឺខ្ញុំជាអ្នកអង្វរករសុំនូវសេចក្តីមេត្តាករុណា ។ ខ្ញុំបានច្រឡំកាលបរិច្ឆេទសម្រាប់ការស្នើសុំអាហារូបករណ៍ដ៏សំខាន់មួយ ។ ខ្ញុំបានគិតថា ខ្ញុំបានផ្ញើពាក្យស្នើសុំនោះបានពីរសប្តាហ៍មុន ប៉ុន្តែខ្ញុំមានក្តីរន្ធត់ នៅពេលខ្ញុំបានពិនិត្យមើលម្តងទៀតពីកាលបរិច្ឆេទនោះ ហើយឃើញថាខ្ញុំបានផ្ញើវាយឺតមួយថ្ងៃ ។
ចំនួនទឹកប្រាក់នៃអាហារូបករណ៍នោះមានតម្លៃច្រើនជាង ១០០ ដងនៃប្រាក់ដែលខ្ញុំបានឲ្យទៅអ្នកសុំទាននោះ ហើយខ្ញុំពុំជឿសោះថាវាជារឿងចៃដន្យ ។ ខ្ញុំបានឃើញថា ខ្ញុំបានអង្វរករសុំសេចក្តីមេត្តាករុណា ទាំងអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ និង តាមរយៈការអ៊ីម៉ែលទៅការិយាល័យសាកលវិទ្យាល័យ ។ ពួកគេបាននិយាយថា ពួកគេនឹងដាក់បញ្ចូលពាក្យស្នើសុំនោះ ប៉ុន្តែកត់ចំណាំថាវាយឺតពេល ។
ការអធិស្ឋានរបស់ខ្ញុំបានទទួលចម្លើយ ហើយខ្ញុំបានប្រទានពរឲ្យទទួលបានអាហារូបករណ៍នោះ ដែលវាជួយភរិយារបស់ខ្ញុំ និង ខ្ញុំយ៉ាងច្រើនផ្នែកហិរញ្ញវត្ថុ ។ ប៉ុន្តែកាន់តែសំខាន់ជាងនេះទៅទៀត បទពិសោធន៍នេះបានបង្រៀនខ្ញុំពីមេរៀនដ៏មានតម្លៃមួយ ៖ តើយើងទាំងអស់គ្នាមិនមែនជាអ្នកសុំទានទេឬអី ? ( សូមមើល ម៉ូសាយ ៤:១៩ ) ។