ការបម្រើនៅក្នុងសាសនាចក្រ
ការបម្រើដ៏មមាញឹករបស់ខ្ញុំនៅថ្ងៃអាទិត្យ
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។
ខ្ញុំមានភាពមមាញឹកបម្រើពេញមួយថ្ងៃអាទិត្យ ប៉ុន្តែខ្ញុំមានអំណរគុណដែលខ្ញុំអាចបម្រើដោយគ្មានជួបនូវសេចក្តីលំបាកវេទនាដូច អែលឌើរ ប៉ាលី ភី ប្រាត្ត ដែលជាអ្នកដឹកនាំសាសនាចក្រពីជំនាន់ដើមឡើយ ។
រចនារូបភាពដោយ ជិនឌី វ៉េនី
វាជាព្រឹកថ្ងៃអាទិត្យ ។ ខ្ញុំមានកាលវិភាគជួបប្រជុំ សម្ភាស ធ្វើពិធីបញ្ជាក់ និង តែងតាំង ដែលមានរយៈពេល ១២ ម៉ោងនៅចំពោះមុខខ្ញុំ ។ ខ្ញុំនឹងចាប់ផ្តើមកាលវិភាគនោះនៅក្នុងមជ្ឈមណ្ឌលស្តេក ហើយបញ្ចប់វានៅក្នុងសាលាប្រជុំមួយផ្សេងទៀតនៅផ្នែកម្ខាងទៀតនៃទីក្រុង—វាជាថ្ងៃដ៏ក្តៅខ្លាំងណាស់ ។
ខ្ញុំទន្ទឹងរង់ចាំការប្រជុំ សម្ភាស ធ្វើពិធីបញ្ជាក់ និង ពិធីតែងតាំងនីមួយៗ ។ ប៉ុន្តែកាលពីម្សិលមិញ នៅពេលខ្ញុំបានគិតអំពីភាពមមាញឹកដ៏ច្រើនរបស់ខ្ញុំ នោះខ្ញុំបានបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងអារម្មណ៍អាណិតខ្លួនឯង—រហូតដល់ខ្ញុំបានបើកមើល ជីវប្រវត្តិរបស់ ប៉ាលី ភី ប្រាត្ត ហើយបានចាប់ផ្តើមអានវានៅកន្លែងដែលខ្ញុំបានផ្អាកអានកាលពីមុន ។ អែលឌើរ ប្រាត្ត ត្រូវបានចាប់ជាទណ្ឌិត រួមជាមួយនឹង យ៉ូសែប ព្រមទាំង ហៃរុម ស៊្មីធ និង អ្នកដទៃផ្សេងទៀត អំឡុងគ្រាដ៏លំបាកនៅក្នុងរដ្ឋ មិសសួរី ។ បន្ទាប់ពីត្រូវបាននាំខ្លួនទៅទីក្រុង អ៊ីនឌីពែនឌែនស៍ បងប្អូនប្រុសទាំងនោះត្រូវបានដាក់ឃុំនៅក្នុងសណ្ឋាគារមួយ ឲ្យដេកនៅលើកម្រាលឥដ្ឋដោយយកដុំឈើកល់ក្បាលជាខ្នើយ ។
នាព្រឹកដ៏សែនរងារដែលមានធ្លាក់ព្រិលមួយ អែលឌើរ ប្រាត្តបានក្រោកពីដេកឡើង ហើយបានចាកចេញពីសណ្ឋាគារនោះដោយស្ងាត់ៗ ។ លោកបានធ្វើដំណើរទៅភាគខាងកើតឆ្លងកាត់ទីក្រុង ហើយបានចូលទៅទីវាលដែលនៅជាប់នោះ ។ បន្ទាប់ពីដើរបានប្រហែលជា ១.៦ គីឡូម៉ែត្រ អែលឌើរ ប្រាត្ត បានចូលទៅក្នុងព្រៃ ព្រិលបានធ្លាក់គ្របលើដានជើងលោក ហើយដើមឈើបានបំបាំងវត្តមានរបស់លោក ។
លោកបានគិតអំពីស្ថានភាពដ៏លំបាករបស់លោក ។ ការបន្តដំណើរទៅទិសខាងកើតនោះគឺមានន័យថា គាត់រត់គេចចូលទៅក្នុងរដ្ឋមួយផ្សេងទៀត ដែលនៅទីនោះលោកអាចផ្តល់ជាសារមួយឲ្យគ្រួសារលោក ហើយឲ្យពួកគេមកចូលរួមនឹងលោកដែរ ។ ការត្រឡប់មកសណ្ឋាគារវិញមានន័យថា ត្រូវគេចាប់បញ្ចូលក្នុងពន្ធនាគារ ហើយចោទប្រកាន់ពីបទឧក្រិដ្ឋកាន់តែធ្ងន់ឡើង ។ ទោះបីជាលោកបានល្បួងឲ្យរត់គេចខ្លួនក្តី អែលឌើរ ប្រាត្ដបានគិតអំពី « ក្តីអំពល់ដ៏ធំ ឬ សេចក្តីស្លាប់ » ដែលលោកបានបណ្តាលឲ្យកើតមានឡើងលើទណ្ឌិតផ្សេងទៀត ។
ខណៈដែលលោកមានភាពអល់អែកនោះលោកបានចាំពីខគម្ពីរមួយ ៖ « អ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច » ( សូមមើល ម៉ាកុស ៨:៣៥, គ. និង ស. ៩៨:១៣ ) ។
អែលឌើរ ប្រាត្ត បានត្រឡប់មកកាន់សណ្ឋាគារវិញ ។ លោកត្រូវបានគេដាក់ក្នុងពន្ធនាគារយ៉ាងសាហាវឃោរឃៅអស់ជាច្រើនខែ—ដោយគ្មានគ្រួសារ គ្មានការរាប់អានពីពួកបរិសុទ្ធ ឬ ពុំមានលទ្ធភាពបម្រើនៅក្នុងការហៅជាសាវករបស់លោកឡើយ ។១
បន្ទាប់ពីខ្ញុំបានបិទសៀវភៅនោះ ខ្ញុំបានពិចារណាអំពីការរងទុក្ខរបស់ពួកបរិសុទ្ធពីជំនាន់ដើម—ពួកគាត់មួយចំនួនគឺជាជីដូនជីតាខ្ញុំ ។ ដោយសារទីបន្ទាល់របស់ពួកគាត់អំពីដំណឹងល្អ និង សេចក្តីជំនឿរបស់ពួកគាត់លើព្រះយេស៊ូវគ្រីស្ទ នោះពួកគាត់បានស៊ូទ្រាំនឹងភាពសាហាវឃោរឃៅ និង ការបៀតបៀននោះ ។ ដោយសារការស៊ូទ្រាំរបស់ពួកគាត់ សព្វថ្ងៃនេះខ្ញុំអាចបម្រើ និង ថ្វាយបង្គំដោយសេរី ហើយរួមសាមគ្គីនឹងពួកគាត់នៅក្នុងសេចក្តីជំនឿ និង ទីបន្ទាល់ ។
កាលខ្ញុំរៀបចំសម្រាប់ថ្ងៃឈប់សម្រាកនេះ គ្រួសារខ្ញុំមានសុវត្ថិភាព ទន្ទឹងរង់ចាំថ្ងៃនៃការថ្វាយបង្គំនៅក្នុងសាលាប្រជុំដ៏មានផាសុកភាព ។ ការរាប់អានរបស់ពួកបរិសុទ្ធនឹងធ្វើឲ្យថ្ងៃនោះមានភាពស្រស់ថ្លា ។ យើងនឹងរីករាយជាមួយពួកគាត់នៅក្នុងការធ្វើពិធីបញ្ជាក់ និង ពិធីតែងតាំង បំពេញទំនួលខុសត្រូវ និង ពង្រឹងសេចក្តីជំនឿ ។ យើងនឹងទទួលទានសាក្រាម៉ង់ ចងចាំដល់ព្រះអង្គសង្គ្រោះ និង ពលិកម្មដ៏ធួនរបស់ទ្រង់ ។ ហើយយប់នេះយើងនឹងជួបជុំគ្នានៅក្នុងផ្ទះរបស់យើង អានព្រះគម្ពីរមរមន ហើយអធិស្ឋានជាមួយគ្នា ពីមុនពួកយើងចូលដេកលើគ្រែដ៏ស្រណុកសុខស្រួល ហើយកល់ក្បាលយើងលើខ្នើយដ៏ទន់ល្មឿយ ។
ខ្ញុំមានភាពមមាញឹកបម្រើពេញមួយថ្ងៃអាទិត្យ ។ ដោយសារការណ៍នោះខ្ញុំពិតជាមានអំណរគុណ និង មានពរណាស់ ។