សេចក្តីស្រឡាញ់ ទល់នឹង តម្រេកសម្រើប
ប្រសិនបើយើងអាចយល់កាន់តែច្បាស់ពីអត្ថន័យនៃពាក្យតម្រេកសម្រើប នោះយើងអាចរៀនពីរបៀបដើម្បីចៀសផុតពីវា និងធ្វើការជ្រើសរើសដែលនាំយើងឲ្យខិតកាន់តែជិតនឹងព្រះវិញ្ញាណបរិសុទ្ធ ។
តម្រេកសម្រើប ។
ពិតណាស់វាគឺជាពាក្យមួយអសុរោះ ។ ពួកយើងភាគច្រើនពុំចង់គិតពីពាក្យនេះឡើយ ហើយក៏មិនចង់រៀនពីពាក្យនេះដែរ ។ ពាក្យនេះបណ្តាលឲ្យមានអារម្មណ៍ខ្ពើមរអើម អាក្រក់—អារម្មណ៍ស្រើបស្រាលដែលខុសឆ្គង ។
មានហេតុផលល្អសម្រាប់ការណ៍នោះ ។ ប្រសិនបើ « ការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង » ( ធីម៉ូថេទី ១ ៦:១០ ) នោះពាក្យតម្រេកសម្រើបពិតជាទាក់ទងយ៉ាងសម្ងាត់នឹងឃ្លានេះ ។ វាមិនសមរម្យ ហើយថោកទាប ។ តម្រេកសម្រើបបង្វែរមនុស្ស វត្ថុ និង គំនិតឲ្យទៅជាគោលបំណងមួយដើម្បីធ្វើជាម្ចាស់ ឬ ទទួលបានអ្វីមួយ ដើម្បីបំពេញតាមបំណងប្រាថ្នានោះ ។ ប៉ុន្តែប្រសិនបើយើងដឹងពីរឿងនោះហើយ ហេតុអ្វីយើងត្រូវការដឹងពីរឿងនោះថែមទៀតដូច្នោះ ?
ដោយសារប្រសិនបើយើងអាចយល់បានច្បាស់ជាងអំពីអត្ថន័យពិតរបស់ពាក្យ តម្រេកសម្រើប នោះយើងអាចរៀនពីរបៀបមានអំណាចលើគំនិត អារម្មណ៍ និង ទង្វើរបស់យើង ប្រយោជន៍ឲ្យយើងចៀសផុត និង យកឈ្នះលើការបង្ហាញឲ្យឃើញនូវតម្រេកសម្រើបនោះ ។ ការណ៍នេះនឹងនាំយើងឲ្យខិតកាន់តែជិតព្រះវិញ្ញាណបរិសុទ្ធ ដែលបន្សុទ្ធគំនិត និង បំណងចិត្តរបស់យើង ហើយពង្រឹងយើង ។ ហើយវានឹងនាំឲ្យមានជីវិតដែលកាន់តែសប្បាយ សុខសាន្ត និង អំណរជាងមុន ។
និយមន័យនៃពាក្យតម្រេកសម្រើប
យើងមានទំនោរគិតថា តម្រេកសម្រើបគឺការមានអារម្មណ៍មិនសមរម្យ អារម្មណ៍ទាក់ទាញខាងរូបកាយលើមនុស្សម្នាក់ទៀត ប៉ុន្តែយើងអាចមានតម្រេកសម្រើប ឬ លោភចង់បានអ្វីៗគ្រប់យ៉ាង ៖ ប្រាក់កាក់ ទ្រព្យសម្បត្តិ វត្ថុ ប្រាកដណាស់ មនុស្សផ្សេងទៀត ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សម្រេកស្រើប » ) ។
តម្រេកសម្រើបជំរុញមនុស្សឲ្យព្យាយាមទទួលបានអ្វីដែលផ្ទុយទៅនឹងព្រះឆន្ទៈរបស់ព្រះ ។ វារួមមានទាំងអារម្មណ៍ ឬ ក្តីប្រាថ្នាដែលបណ្តាលឲ្យបុគ្គលនោះ ផ្តោតលើទ្រព្យសម្បត្តិនៃលោកិយ ឬ ទម្លាប់អត្មានិយម—ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន បំណងប្រាថ្នា តណ្ហា និង ការស្រែកឃ្លាន—ជាជាងគោរពតាមបទបញ្ញតិព្រះ ។
ម្យ៉ាងទៀត ការចង់បាននូវអ្វីៗដែលផ្ទុយនឹងព្រះទ័យរបស់ព្រះ ឬ ការចង់មានបានក្នុងរបៀបមួយ ដែលផ្ទុយនឹងព្រះទ័យទ្រង់គឺជាតម្រេកសម្រើប ហើយវានាំទៅរកភាពអពមង្គល ។១
គ្រោះថ្នាក់នៃតម្រេកសម្រើបផ្លូវភេទ
ទោះបីយើងត្រូវបានព្រមានទាស់នឹងតម្រេកសម្រើបក្នុងលក្ខណៈមួយដែលលោភចង់បានក្តី តម្រេកសម្រើបនៅក្នុងបរិបទខាងផ្លូវភេទគឺគ្រោះថ្នាក់ខ្លាំងណាស់ ។ ព្រះអង្គសង្គ្រោះបានព្រមាន ៖ « អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានតម្រេកសម្រើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ » ( ម៉ាថាយ ៥:២៨ ) ។
សាវកបុរាណបានព្រមានយ៉ាងខ្លាំងទាស់នឹងតម្រេកសម្រើបនៅក្នុងបរិបទនេះ ។ ឧទាហរណ៍ សាវកយ៉ូហានបានមានប្រសាសន៍ « ដ្បិតអស់ទាំងសេចក្តី ដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម និងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយ៍នេះវិញ » ( យ៉ូហានទី ១ ២:១៦ សូមមើលផងដែរ ខទី ១៧, រ៉ូម ១៣:១៤, ពេត្រុសទី ១ ២:១១ ) ។
ហើយការព្រមាននេះបន្តមកដល់សព្វថ្ងៃនេះ ។២ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖ « ហេតុអ្វីតម្រេកសម្រើបបែបនោះគឺជាអំពើបាបធ្ងន់ធ្ងរនោះ ? មែនហើយ បន្ថែមពីលើឥទ្ធិពលបំផ្លិចបំផ្លាញខាងវិញ្ញាណទាំងស្រុង ដែលវាមានមកលើព្រលឹងរបស់យើង នោះខ្ញុំគិតថា វាគឺជាអំពើបាបមួយ ដោយសារតែវាបានបង្ខូចទំនាក់ទំនងដ៏ខ្ពស់ និង បរិសុទ្ធបំផុត ដែលព្រះបានប្រទានមកឲ្យយើងក្នុងជីវិតរមែងស្លាប់នេះ—ជាសេចក្ដីស្រឡាញ់ដែលបុរស និង ស្រ្តី មានចំពោះគ្នាទៅវិញទៅមក និង បំណងប្រាថ្នាដែលគូស្វាមីភរិយានោះ ត្រូវបង្កើតកូនចៅក្នុងគ្រួសារមួយ ដែលប្រាថ្នាចង់បានដ៏នៅអស់កល្បជានិច្ច » ។៣
ការអនុញ្ញាតឲ្យក្តីប្រាថ្នានៃតម្រេកសម្រើបកើនឡើង គឺជាឫសគល់នៃទង្វើជាច្រើនដែលពោរពេញដោយអំពើបាប ។ អ្វីៗដែលទំនងជាសមរម្យនៅពេលចាប់ផ្តើម អាចកើតទៅជាការផិតក្បត់ដែលអសីលធម៌ ដែលមាននូវលទ្ធផលខូចខាតជាដំណំ ។ នោះក៏ដោយសារតម្រេកសម្រើបបណ្តេញព្រះវិញ្ញាណបរិសុទ្ធ ហើយបណ្តាលឲ្យយើងងាយទទួលឥទ្ធិពលនៃការល្បួងផ្សេងៗទៀត និង អំពើអបាយមុខ ព្រមទាំងការបញ្ឆោតនៃមាសត្រូវ ។
ជម្រើសរបស់ស្តេច ដាវីឌ គឺជាគំរូដ៏គួរឲ្យសោកស្តាយនៃឥទ្ធិពល និង អារម្មណ៍ឈឺចាប់ដ៏ធ្ងន់ធ្ងរដែលអាចកើតឡើង ។ ដាវីឌ បានជួបបាតសេបា ងូតទឹកដោយចៃដន្យ ហើយមានតម្រេកសម្រើបចង់បាននាង ។ តម្រេកសម្រើបនាំឲ្យធ្វើសកម្មភាព ហើយទ្រង់បានឲ្យគេនាំនាងមកឯទ្រង់ ហើយទ្រង់ផ្ទំជាមួយនាង ។ ក្រោយមក នៅក្នុងភាពឆោតល្ងង់ ដើម្បីព្យាយាមលាក់បាំងកំហុសទ្រង់ នោះដាវីឌ បានបញ្ជាឲ្យស្វាមីរបស់បាតសេបា ទៅក្នុងសមរភូមិ ជាកន្លែងស្វាមីរបស់នាងបានស្លាប់ ( សូមមើល សាំយូអែលទី ២ ១១ ) ។ ជាលទ្ធផល ដាវីឌ បានបាត់បង់ភាពតម្កើងឡើងរបស់ទ្រង់ ( សូមមើល គ. និង ស. ១៣២:៨–៩ ) ។
ស្ថានភាពរបស់ដាវីឌអាចជ្រុលហួសហេតុពេក ប៉ុន្តែវាពិតជាបង្ហាញពីចំណុចនេះ ៖ តម្រេកសម្រើបគឺជាការល្បួងមួយដ៏មានឥទ្ធិពល ។ ការធ្លាក់លង់ទៅក្នុងឥទ្ធិពលនេះអាចបណ្តាលឲ្យយើងពាក់ព័ន្ធនៅក្នុងរឿងដែលគ្មាននរណាម្នាក់នឹកស្មានថាពួកគេនឹងធ្វើ ។ ការពិតនោះគឺថា វាគ្រោះថ្នាក់ ងាយនឹងដាស់អារម្មណ៍ឡើង ហើយមានប្រសិទ្ធភាពនៅក្នុងការល្បួងយើងឲ្យងាកចេញពីព្រះវិញ្ញាណបរិសុទ្ធ ហើយនាំឆន្ទៈរបស់យើងទៅរកអ្វីដែលហាមឃាត់ ដែលធ្វើឲ្យវាកាន់តែគ្រោះថ្នាក់ឡើង ។ វាអាចជំរុញឲ្យមើលការណ៍អាសគ្រាម ស្តាប់ទំនុកបទមិនសមរម្យ ឬ ពាក់ព័ន្ធនឹងភាពស្និទ្ធស្នាលដែលមិនសមរម្យ ។ នៅក្នុងពេលដំណាលគ្នានេះ អារម្មណ៍ដែលពោរពេញដោយតម្រេកសម្រើបអាចជំរុញឲ្យបុគ្គលនោះស្វែងរកការណ៍អាសគ្រាម ។ វដ្តនៃទំនាក់ទំនងនេះមានឥទ្ធិពល និង គ្រោះថ្នាក់ខ្លាំងណាស់ ។៤
តម្រេកសម្រើបខាងផ្លូវភេទបន្ទាបបន្ថោក និង ធ្វើឲ្យទំនាក់ទំនងទាំងអស់ចុះខ្សោយ ហើយទំនាក់ទំនងដ៏សំខាន់នោះគឺជាទំនាក់ទំនងផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ជាមួយនឹងព្រះ ។ « ហើយយើងប្រាប់អ្នកជាប្រាកដ ដូចជាយើងបានប្រាប់ពីមុនថា អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានតម្រេកសម្រើបចង់បាន ឬបើសិនជាអ្នកណាមួយប្រព្រឹត្តអំពើកំផិតនៅក្នុងចិត្តរបស់ខ្លួន នោះនឹងមិនមានព្រះវិញ្ញាណឡើយ ប៉ុន្តែនឹងបោះបង់ចោលសេចក្ដីជំនឿ ហើយនឹងខ្លាចទៅវិញ » ( គ. និង ស. ៦៣:១៦ ) ។
ដូចអែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ភាពអសីលធម៌ខាងផ្លូវភេទបង្កើតជារបាំងមួយទាស់នឹងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធជាមួយនឹងសមត្ថភាពលើកតម្កើង ការបំភ្លឺ និង បង្កើនកម្លាំងទាំងអស់ ។ វាភ្ញោចឲ្យមានការរំភើបខាងរាងកាយ និង ខាងអារម្មណ៍យ៉ាងខ្លាំងក្លា ។ ពេលនោះវាបង្កើតអារម្មណ៍ដែលមិនអាចរម្ងាប់បាន ដែលនាំអ្នកឲ្យប្រព្រឹត្តល្មើសទៅកាន់អំពើបាបដ៏ធ្ងន់ធ្ងរជាងនេះកាន់តែខ្លាំង » ។៥
អ្វីៗដែលមិនមែនជាតម្រេកសម្រើប
ដោយបានពិចារណាអំពីអ្វីៗដែល ជា តម្រេកសម្រើប នោះវាសំខាន់ផងដែរ ដែលត្រូវយល់ពីអ្វីដែល មិនមែន ជាតម្រេកសម្រើប និង ប្រយ័ត្នកុំចាត់ទុកថាគំនិត អារម្មណ៍ និង បំណងប្រាថ្នាសមរម្យថាជាតម្រេកសម្រើប ។ តម្រេកសម្រើកគឺជាបំណងប្រាថ្នាមួយ បែប ប៉ុន្តែវាក៏មានបំណងប្រាថ្នានានាដែលសុចរិតផងដែរ ។ ឧទាហរណ៍ យើងអាចមានបំណងល្អ ហើយមានអ្វីៗសមរម្យដែលនឹងជួយ ឲ្យសម្រេចកិច្ចការរបស់ព្រះអម្ចាស់ ។
សូមគិតពីការណ៍នេះ ៖
-
បំណងប្រាថ្នាដើម្បីមានប្រាក់ ។ នៅក្នុងបំណង និង ការមានប្រាក់គឺមិនមែនជារឿងអាក្រក់ឡើយ ។ ប៉ុល ពុំបានមានប្រសាសន៍ថា ប្រាក់ ជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាងឡើយ ។ លោកមានប្រសាសន៍ថា « ការដែល ស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង » ( ធីម៉ូថេទី ១ ៦:១០ ការគូសបញ្ជាក់បានបន្ថែម ) ។ ការបង្រៀនរបស់យ៉ាកុប បន្ថែមការគូសបញ្ជាក់យ៉ាងច្បាស់ ៖ « មុនអ្នករាល់គ្នាស្វែងរកទ្រព្យសម្បត្តិ សូមអ្នករាល់គ្នាស្វែងរកនគរនៃព្រះសិន ។ ហើយបន្ទាប់ពីអ្នករាល់គ្នាបានសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ នោះអ្នករាល់គ្នានឹងបានទ្រព្យសម្បត្តិ បើសិនជាអ្នករាល់គ្នា ស្វែងរករបស់ទាំងនោះ ហើយអ្នករាល់គ្នានឹងស្វែងរកទ្រព្យសម្បត្តិ ដោយមានបំណងចង់ធ្វើល្អ—គឺដើម្បីបំពាក់ពួកអ្នកអាក្រាត ហើយចិញ្ចឹមពួកអ្នកដែលអត់ឃ្លាន ហើយរំដោះពួកអ្នកដែលត្រូវជាប់ឃុំឃាំង ហើយជួយសង្គ្រោះដល់ពួកអ្នកឈឺ និងពួកអ្នកកំសត់ទុរគត៌ » ( យ៉ាកុប ២:១៨–១៩ ) ។
-
ការមានអារម្មណ៍ផ្លូវភេទត្រឹមត្រូវចំពោះស្វាមី ឬ ភរិយារបស់អ្នក ។ អារម្មណ៍ទាំងនេះដែលបានទទួលមកពីព្រះ ជួយពង្រឹង ធ្វើឲ្យរឹងមាំ និង ផ្តល់ភាពសាមគ្គីដល់អាពាហ៍ពិពាហ៍ ។ ប៉ុន្តែវាអាច មាន អារម្មណ៍មិនត្រឹមត្រូវចំពោះស្វាមី ឬភរិយាផងដែរ ។ ប្រសិនបើយើងព្យាយាមបំពេញតែបំណងខ្លួនឯង ឬ គ្រាន់តែចម្អែតចំណង់ ឬ អារម្មណ៍របស់យើងផ្ទាល់ នោះយើងអាចបន្ទន់ទៅតាមចំណង់នៃតម្រេកសម្រើប ហើយថាវាអាចបំផ្លាញទំនាក់ទំនងអាពាហ៍ពិពាហ៍ ។ គន្លឹះដើម្បីស្វែងរក និង រក្សាភាពស្និទ្ធស្នាលខាងរូបកាយសមរម្យនៅក្នុងអាពាហ៍ពិពាហ៍ គឺការមានចេតនាបរិសុទ្ធ និង ដោយក្តីស្រឡាញ់ ។
គោលការណ៍សំខាន់នោះគឺថា ត្រូវស្វែងរកអ្វីៗក្នុងគោលបំណងសុចរិត—ដើម្បីស្ថាបនានគរព្រះ ហើយបង្កើនភាពល្អនៅក្នុងពិភពលោក ។ ផ្ទុយទៅវិញ តម្រេកសម្រើបជំរុញយើងឲ្យឈានជើងចេញពីព្រំដែនដែលសមរម្យនោះ ជាទីដែលបំណងប្រាថ្នារបស់យើងអាចបន្ទាបតម្លៃព្រះ បដិសេធមនុស្ស ហើយផ្លាស់ប្តូរវត្ថុបំណង ទ្រព្យសម្បត្តិ ហើយសូម្បីតែអំណាចទៅជាអាក្រក់ ដែលនាំឲ្យអារម្មណ៍របស់យើងប្រែជាខុស ហើយបំផ្លាញទំនាក់ទំនងយើង ។
មូលហេតុដែលយើងទោរទន់ជាញយៗទៅតាមតម្រេកសម្រើប
ដោយមានការខូចខាត និង មានគ្រោះថ្នាក់យ៉ាងដំណំដែលកើតមកពីតម្រេកសម្រើប ហេតុអ្វីវាមានការល្បួង និង មានឥទ្ធិពលយ៉ាងខ្លាំងដូច្នេះ ? ជាញយៗហេតុអ្វីយើងអនុញ្ញាតឲ្យវាយកឈ្នះលើយើងបាន ? តាមការប្រមើលមើល វាទំនងថា ភាពអាត្មានិយម ឬ ការខ្វះនូវការគ្រប់គ្រងខ្លួនឯងគឺជាមូលហេតុសំខាន់នៃតម្រេកសម្រើប ។ ទាំងនោះគឺជាកត្តារួមចំណែក ប៉ុន្តែជាញឹកញាប់មេឫសគល់នៃតម្រេកសម្រើបនោះគឺជាភាពឥតន័យ ។ បុគ្គលម្នាក់ៗអាចទោរទន់ទៅរកតម្រេកសម្រើបដោយការប៉ុនប៉ងឥតប្រយោជន៍ ដើម្បីបំពេញភាពទំនេរនៅក្នុងជីវិតរបស់ពួកគេ ។ តម្រេកសម្រើបគឺជាអារម្មណ៍ខុសឆ្គងមួយ ជាអារម្មណ៍ជំនួសក្តីស្រឡាញ់បរិសុទ្ធ តម្លៃពិតប្រាកដ និង ភាពស៊ូទ្រាំក្នុងភាពជាសិស្ស ។
ការគ្រប់គ្រងអារម្មណ៍ដោយត្រឹមត្រូវក្នុងស្មារតីនេះ គឺជាស្ថានភាពមួយនៃដួងចិត្ត ។ « ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ » ( សុភាសិត ២៣:៧ ) ។ ទីណាក៏ដោយដែលយើងដាក់ចិត្ត និង វិញ្ញាណរបស់យើងផ្តោតលើវា យូរៗទៅក្លាយជាកម្លាំងជំរុញមួយបង្កប់ពីក្រោយគំនិត អារម្មណ៍ និង ទង្វើនានា ។ នៅពេលណាក៏ដោយ ដែលយើងមានអារម្មណ៍ថាខ្លួនយើងបានល្បួងឲ្យមានតម្រេកសម្រើប នោះយើងត្រូវតែជំនួសការល្បួងនោះជាមួយអ្វីដែលសមរម្យជាងនោះ ។
ភាពខ្ជិលច្រអូសក៏អាចបណ្តាលឲ្យមានគំនិតតម្រេកសម្រើបផងដែរ ។ នៅពេលយើងពុំសូវមានកិច្ចការធ្វើនៅក្នុងជីវិតរបស់យើង យើងមានទំនោរកាន់តែងាយទទួលឥទ្ធិពលអាក្រក់ ។ នៅពេលយើងឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ( សូមមើល គ. និង ស. ៥៨:២៧ ) ហើយព្យាយាមប្រើពេលវេលារបស់យើងឲ្យមានប្រយោជន៍ នោះយើងនឹងមានគំនិតតម្រេកសម្រើប ឬ ឥទ្ធិពលអវិជ្ជមានផ្សេងៗទៀតកាន់តែតិចតួច ។
ដូចអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ពន្យល់ថា បំណងប្រាថ្នាដែលយើងជ្រើសរើសដើម្បីធ្វើវាជះឥទ្ធិពលមិនត្រឹមតែលើទង្វើរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាអ្វីដែលយើងប្រែក្លាយផងដែរ ៖ « បំណងប្រាថ្នាបញ្ជាអាទិភាពរបស់យើង អាទិភាពជះឥទ្ធិពលលើជម្រើសរបស់យើង ហើយជម្រើសកំណត់ពីទង្វើរបស់យើង ។ បំណងប្រាថ្នានានាដែលយើងធ្វើតាមកំណត់ពីការផ្លាស់ប្តូរ ស្នាដៃ និង ការប្រែក្លាយរបស់យើងទៅជាមនុស្សបែបណាមួយនោះ » ។៦
ម្យ៉ាងវិញទៀត យើងមិនត្រឹមតែត្រូវការពារអារម្មណ៍ដែលធ្វើឲ្យយើងជាប់ពាក់ព័ន្ធនឹងវានោះទេ ប៉ុន្តែត្រូវការពារគំនិតដែលធ្វើឲ្យឆាប់កើតឡើង ឬ បណ្តាលមកពីអារម្មណ៍ទាំងនោះផងដែរ ។ ដូចអាលម៉ាបង្រៀនថា ប្រសិនបើគំនិតរបស់យើងពុំបរិសុទ្ធ « គំនិតរបស់យើង ក៏នឹងកាត់ទោសយើងដែរ » ( អាលម៉ា ១២:១៤ ) ។
ថ្នាំបន្សាប ៖ សេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ
តម្រេកសម្រើបមិនមែនជារឿងដែលចៀសមិនបាននោះទេ ។ ដោយសារព្រះវរបិតាសួគ៌បានប្រទានសិទ្ធិជ្រើសរើសដល់យើង នោះយើងមានអំណាចគ្រប់គ្រងលើគំនិត អារម្មណ៍ និង ទង្វើរបស់យើង ។ យើងពុំត្រូវស្វែងរកគំនិត និង អារម្មណ៍តម្រេកសម្រើបឡើយ ។ នៅពេលមានការល្បួងកើតឡើង យើងអាចជ្រើសកុំធ្វើតាមអារម្មណ៍សម្រើបទាំងនោះ ។
តើយើងអាចយកឈ្នះលើការល្បួងនៃតម្រេកសម្រើបដោយរបៀបណា ? យើងចាប់ផ្តើមដោយបង្កើនទំនាក់ទំនងសមរម្យមួយជាមួយព្រះវរបិតាសួគ៌របស់យើង និង ជ្រើសដើម្បីបម្រើមនុស្សដទៃ ។ ហើយយើងចុះប្រឡូកជាប្រចាំថ្ងៃទៅក្នុងឥរិយាបថនៃសាសនា រួមមានការអធិស្ឋាន និង ការសិក្សាព្រះគម្ពីរ ដែលអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់យើង ។ ចុងបំផុត គ្រឿងផ្សំដ៏ពិសិដ្ឋនោះគឺ សេចក្តីស្រឡាញ់ដូចព្រះគ្រីស្ទ—បរិសុទ្ធ ស្មោះសរ ស្រឡាញ់ដោយស្មោះ ដោយមានបំណងស្ថាបនានគរព្រះ ហើយដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ទ្រង់ ។ សេចក្តីស្រឡាញ់នោះអាចកើតមានបានតែនៅពេលយើងមានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។
ការដកចេញនូវតម្រេកសម្រើបតម្រូវឲ្យមាន ការអធិស្ឋានដោយអស់ពីកម្លាំងចិត្ត ជាពេលដែលយើងទូលសូមដល់ព្រះឲ្យដកអារម្មណ៍ទាំងនោះចេញ ហើយផ្តល់ជំនួសកន្លែងនោះវិញនូវសេចក្តីស្រឡាញ់ដ៏សប្បុរស ( សូមមើល មរ៉ូណៃ ៧:៤៨ ) ។ ការណ៍នេះអាចធ្វើទៅបាន ដូចជាការប្រែចិត្តផ្សេងៗទៀត តាមរយៈព្រះគុណនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។៧ ដោយសារទ្រង់ នោះយើងអាចរៀនស្រឡាញ់តាមរបៀបដែលទ្រង់ និង ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់ពួកយើង ។
នៅពេលយើងបន្តផ្តោតចិត្តទុកដាក់លើព្រះវរបិតាសួគ៌របស់យើង នៅពេលយើងរស់នៅស្របតាមបទបញ្ញតិធំៗទាំងទីមួយ និង ទីពីរ—ស្រឡាញ់ព្រះអម្ចាស់ និង អ្នកជិតខាងខ្លួនឲ្យដូចខ្លួនឯង ( សូមមើល ម៉ាថាយ ២២:៣៦–៣៩ )—ហើយនៅពេលយើងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើងដើម្បីរស់នៅដូចដែលទ្រង់បានបង្រៀន នោះបំណងចិត្តបរិសុទ្ធ និង ស្មោះត្រង់មានឥទ្ធិពលកាន់តែខ្លាំងឡើងក្នុងជីវិតរបស់យើង ។ នៅពេលរួបរួមឆន្ទៈរបស់យើងជាមួយនឹងព្រះឆន្ទៈរបស់ព្រះវរបិតា នោះការល្បួង និង ឥទ្ធិពលនៃតម្រេកសម្រើបត្រូវបានកាត់បន្ថយ ហើយជំនួសដោយសេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។ នោះយើងនឹងពោរពេញ ដោយសេចក្តីស្រឡាញ់របស់ព្រះ ដែលជំនួសបំណងអាក្រក់នៃលោកិយដោយសម្រស់នៃការស្ថាបនានគរព្រះ ។