ឆ្នាំ​២០១៦
អព្ភូតហេតុ​នៃ​កំដៅ​ភ្លើង​មធ្យម
October 2016


អព្ភូតហេតុ​នៃ កំដៅ​ភ្លើង​មធ្យម

តើ​អ្នក​ចង់​បាន​វា​ឥឡូវ​នេះ—ឬ អ្នក​ចង់​បាន​វា​ក្នុង​លក្ខណៈ​ត្រឹមត្រូវ ?

burnt grilled cheese sandwich

សូម​ស្រមៃ​ថា មាន​យុវជន​ម្នាក់​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ហើយ​កំពុង​ឃ្លាន​អាហារ ( វា​ដូច​ជា​មិន​ទំនង​ជា​បែប​នេះ​ឡើយ ប៉ុន្តែ​សូម​សាកល្បង​ស្រមៃ​ពី​ទិដ្ឋភាព​នោះ ) ។ ឥឡូវ​នេះ​សូម​ស្រមៃ​ថា យុវជន​រូប​នេះ​សម្រេច​ចិត្ត​សាកល្បង​ធ្វើ នំបុ័ង​សាំងវ៉ិច​ឈីស​អាំង ដោយ​ខ្លួន​គាត់​ផ្ទាល់​លើក​ដំបូង ។ សូម​គិត​ស្រមៃ​ថា ឪពុកម្តាយ​យុវជន​នេះ​ពុំ​ធ្លាប់​បង្រៀន​គាត់ ពី​របៀប​ធ្វើ​ឈីស​អាំង​នេះ ហើយ​ថា​គាត់​ពុំ​ធ្លាប់​មើល​ឪពុកម្តាយ​ខ្លួន​ជិតដិត​ឡើយ នៅពេល​ពួកគាត់​ធ្វើ​នំ​នោះ ។

សូម​ស្រមៃ​ថា ទោះបី​ជា​យុវជន​នោះ​មាន​គ្រឿង​ផ្សំ​ទាំងអស់​ត្រឹមត្រូវ​ក្តី ៖ នំបុ័ង ឈីស ប័រ​បន្តិច​នៅ​លើ​នំបុ័ង ( ហើយ​មាន​ម៉ាយ៉ាណេស​បន្តិច​នៅក្នុង​នោះ ដោយសារ​គាត់​ប៉ិនប្រសប់ ) ។ បន្ទាប់មក គាត់​បាន​យក​ខ្ទះ​មក ហើយ​ដាក់​លើ​ចង្ក្រាន។ ( យើង​ក៏​ស្រមៃ​ថា គាត់​គ្មាន​ខ្ទះ​សំប៉ែត​ពិសេស ឬ ឧបករណ៍​ផ្សេង​ទៀត​ដើម្បី​ធ្វើ​នំ​នេះ​ទេ ) ។

ឥឡូវ​នេះ​សូម​ស្រមៃ​ថា គាត់​មាន​គំនិត​មួយ—ជាគំនិត​មួយ​ដែល​មនុស្ស​ជាច្រើន​បាន​ព្រងើយ​កន្តើយ​នឹង​វា ( ឬ ធ្វេសប្រហែស ) គិត​ដូចនេះ ៖ « ប្រសិនបើ​ខ្ញុំ​បើក​កំដៅ​ឡើង​ខ្លាំង នំ​នោះ​នឹង​ឆាប់​ឆ្អិន​លឿន » ។

សូម​ស្រមៃ​ថា​តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់មក​ទៀត ។ ( ឬ ប្រហែល​ជា​អ្នក​ពុំ​ចាំបាច់​ស្រមៃ​នោះ​ទេ ) ។

គាត់​នឹង​បាន​នំបុ័ង​ដែល​ស្រួយ​ខ្លាំង ពណ៌​លឿង​ខ្លាំង​ដូច​មាស ឬ នំប៉័ង​ដែល​ស្អិត​ខ្លាំង ឈីស​រលាយ​អស់—ប៉ុន្តែ​មិន​បាន​នំបុ័ង​ទាំង​ពីរ​បែប​នេះ​ទេ ។ ទំនង​បំផុត​គឺ​គាត់​នឹង​បាន​នំបុ័ង​ដែល​មើល​ឃើញ ឬ ស្ទាប ( ហើយ​ប្រហែល​ជា​ភ្លក់ ) ដូច​ជា​ថ្ម​កម្អែល​ភ្នំភ្លើង ហើយ​មាន​ឈីស​រលាយ​ពាក់​កណ្តាល ដែល​មើល​ទៅ​ដូច​ជា មិន​ទាក់​ចិត្ត​សោះ ។

ដូច​អ្នក​ឃើញហើយ​ថា បញ្ហា​របស់​គាត់​នោះ​គឺ​កើត​មក​ពី​ភាពល្ងង់ខ្លៅ ( ដែល​អាច​ជា​ការដោះសារ​បាន ) និង ការគ្មាន​ក្តី​អត់ធ្មត់ ( ដែល​ទោះបី​ជា​អាច​យល់​បាន ក៏​ពិបាក​នឹង​ដោះសារ ) ។ ប្រសិនបើ​គាត់​ប្រព្រឹត្ត​កំហុស​នេះ​ដដែល​នៅ​ពេល​ក្រោយ​ទៀត ទោះបី​វា​អាច​ដោះសារ​បាន​តិចតួច​ក្តី នោះ​មិន​អាច​បន្ទោស​ទៅលើ​ភាពល្ងង់ខ្លៅ​ឡើយ ប៉ុន្តែ​វា​កើត​ឡើង​ទាំងស្រុង​មក​ពី​ការគ្មាន​ក្តី​អត់ធ្មត់ ។

ដើម្បី​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គាត់​ត្រូវ​ស្វែងយល់​ពី​អព្ភូតហេតុ​នៃ​កំដៅ​ភ្លើង​មធ្យម ។

មធ្យម​មិនមែន​ធុញទ្រាន់​ទេ

ការ​ដាក់​កំដៅ​ភ្លើង​ចង្ក្រាន​មធ្យម គឺ​ល្អ​បំផុត​សម្រាប់​នំបុ័ង​ឈីស​អាំង និង ម្ហូប​ជា​ច្រើន​មុខ​ផ្សេង​ទៀត ដោយសារ​វា​ធ្វើ​ឲ្យ​អាហារ​ឆ្អិន​បាន​ល្អ ដោយ​គ្មាន​ខ្លោច​ពី​ខាង​ក្រៅ​ឡើយ ។ គុណវិបត្តិ​តែ​មួយ​គត់​នោះ​គឺ​ថា វា​ត្រូវការ​ពេល​ច្រើន ការផ្ចិតផ្ចង់ ដែល​តម្រូវ​ឲ្យ​មាន ការអត់ធ្មត់ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​ស៊ូ​នៅ​ក្នុង​សេចក្ដី​អត់ធន់​ចុះ រហូត​ដល់​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ » (គ. និង ស. ៦៧:១៣) ។ ទ្រង់​មាន​បន្ទូល​ត្រង់​នេះ​អំពី​ភាពល្អ​ឥតខ្ចោះ​មួយ ដែល​ល្អ​លើស​ជាង​ការធ្វើ​នំបុ័ង​សាំងវ៉ិច​ឈីស​អាំង ទ្រង់​មាន​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​បំផុត​នៃ​ការអត់ធ្មត់ ។ ហើយ​ផ្នែក​មួយ​នៃ​ការធ្វើ​តាម​គំរូ​របស់​ទ្រង់ មាន​ន័យ​ថា​ពង្រីក​ទស្សនវិស័យ​របស់​យើង ដោយ​មើល​អ្វីៗ​ឲ្យ​បាន​វែង​ឆ្ងាយ ហើយ​មើល​ឃើញ​ពី​រង្វាន់​ដ៏​មហិមា ដែល​កើត​មក​ពី​ការដាក់​វិន័យ​ផ្ទាល់​ខ្លួន សេចក្តីជំនឿ ការគោរពប្រតិបត្តិ កិច្ចខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន និង ជាប់លាប់ ការអត់ធ្មត់ និង សេចក្តីស្រឡាញ់—និយាយ​ម្យ៉ាង​ទៀត​ថា មាន​អំណត់ ។

តាម​និយមន័យ ការអត់ធ្មត់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរង់ចាំ ដែល​ស្ដាប់​ទៅ​វា​ដូច​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ ប៉ុន្តែ​ដូច​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​យើង​ថា វា​លើស​ពី​រង់ចាំ​ទៅ​ទៀត « ការអត់ធ្មត់​មាន​ន័យ​ថា​រង់ចាំ និង ស៊ូទ្រាំ​ដោយ​សកម្ម ។ វា​មាន​ន័យ​ថា ទ្រាំទ្រ​នឹង​អ្វី​មួយ ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព—ដោយ​ខិតខំ សង្ឃឹម ហើយ​អនុវត្ត​សេចក្ដី​ជំនឿ ទទួល​បន្ទុក​ដោយ​អត់ធន់ ទោះ​ជា​បំណង​ក្នុង​ចិត្ត​យើង​ត្រូវបាន​ពន្យារ​ពេល​ក៏​ដោយ ។ ការអត់ធ្មត់​ពុំ​គ្រាន់តែ​ជា​ការស៊ូទ្រាំ​ធម្មតា​នោះ​ទេ វា​គឺ​ជា​ការស៊ូទ្រាំ​បាន​យ៉ាង​ល្អ ! »

វា​មិន​ដូច​ជា​ជា​ដាក់​នំបុ័ង​សាំងវ៉ិច​អាំង​នៅលើ​ខ្ទះ ហើយ​ភ្លេច​វា​នោះ​ឡើយ វា​គឺ​ជា​ការមើល​វា ហើយ​ប្រែ​វា​តាម​ពេល​ត្រឹមត្រូវ ។

វា​មិន​មែន​គ្រាន់តែ​ជា​ការរៀន​នៅ​សាលា ឬ ថ្នាក់​សិក្ខាសាលា ឬ ព្រះវិហារ​នោះ​ទេ វា​គឺ​ជា​ការ​រៀនសូត្រ ឬ ការថ្វាយ​បង្គំ​យ៉ាង​សកម្ម ។

វា​មិនមែន​ជា​ការរង់ចាំ​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន ដែល​ត្រូវ​ប្រទាន​ដល់​អ្នក ដោយសារ​អ្នក​បាន​សុំ​នោះ​ឡើយ វា​គឺ​ជា​ការបន្ត​អាន សិក្សា ពិចារណា អធិស្ឋាន និង ការរស់នៅ​តាម​ព្រះសិក្ខាបទ​នៃ​ព្រះគម្ពីរ​នោះ ។

វា​មិនមែន​ជា​ការអង្គុយ​នៅ​ទីនោះ ខណៈ​ដែល​មិត្តភក្តិ​របស់​អ្នក​សើច​ចំអក​អំពី​ជំនឿ​របស់​អ្នក​ឡើយ វា​គឺ​ជា​ការអធិស្ឋាន​សម្រាប់​ពួកគេ ហើយ​ពិតជា​ចង់​ឲ្យ​ពួកគេ​មាន​ការផ្លាស់ប្តូរ​ចិត្ត ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រេច​បាន​កិច្ចការ​នោះ ។

វា​មិនមែន​គ្រាន់តែ​ជា​ការរង់ចាំ​រហូត​ដល់​អាយុ ១៦ ឆ្នាំ ដើម្បី​ដើរ​លេង​ជា​គូ​ឡើយ វា​គឺ​ជា​ការរៀន​ស្រឡាញ់ គោរពប្រតិបត្តិ និង ការព្យាយាម​យល់​ថា តើ​ការធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី​នឹង​ប្រទាន​ពរ​ដល់​អ្នក​ខ្លាំង​ប៉ុណ្ណា ។

បន្ថយ​កំដៅ

grilled cheese sandwich

ការអត់ធ្មត់ និង ការចេះ​ទប់​ចិត្ត ឬ ការគ្រប់គ្រង​ខ្លួន​ឯង គឺ​ជា​ផ្នែក​នៃ « ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ » ( សូមមើល កាឡាទី ៥:២២–២៣ ) ។ ទោះបី​មាន​រឿង​បន្ទាន់​នានា​ដែល​តម្រូវ​ឲ្យ​ចាត់​វិធាន​ការណ៍ ឬ ឆ្លើយតប​ឲ្យ​បាន​ភ្លាមៗ​ក្តី ( គឺ​ដូចជា​អាហារ​មួយ​ចំនួន​ដែល​ត្រូវការ​កំដៅ​ភ្លើង​ខ្លាំង ) នោះ​អ្នក​គប្បី​ឃើញ​ថា អ្នក​បង្កើន​នូវ​ការអត់ធ្មត់ និង ការគ្រប់គ្រង​ខ្លួន​ឯង​បាន​កាន់តែ​ប្រសើរ​ឡើង ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​នោះ​កើត​ឡើង វា​គឺ​ជា​សញ្ញា​មួយ​ថា ព្រះវិញ្ញាណ​កំពុង​មាន​នៅក្នុង​ជីវិត​អ្នក ។

អព្ភូតហេតុ​នៃ​កំដៅ​ភ្លើង​មធ្យម អាច​ផ្តល់​នូវ​នំបុ័ង​សាំងវ៉ិច​ឈីស​អាំង​ដ៏​ឈ្ងុយឆ្ងាញ់ នំ​ប៊ើហ្គើរ​ដែល​មើល​ទៅ​មិនដូច​ជា​ដុំ​កៅស៊ូ​ដែល​មាន​សាច់​ពណ៌​ផ្កាឈូក​នៅ​ចំ​កណ្តាល ដំឡូង​ឈូស​ឈ្ងុយឆ្ងាញ់​មិនមែន​ដំឡូង​ឈូស​ខ្លោច​ឡើយ ហើយ​ជា​បាយ​ដែល​ទន់​ត្រសុស មិនមែន​រឹង​ពិបាក​ទំពារ​ឡើយ ។ ប៉ុន្តែ​ការអត់ធ្មត់​នឹង « ធ្វើ​ការ​ឲ្យ​សម្រេច​ពេញលេញ » ( យ៉ាកុប ១:៤ ) នៅក្នុង​ជីវិត​របស់​អ្នក ដោយ​ជួយ​អ្នក​ឲ្យ​ឈាន​ទៅ​មុខ ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ដោយ​នាំ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សំខាន់​បំផុត​ជួយ​ដឹកនាំ​អ្នក​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

នៅពេល​អ្នក​កត់សម្គាល់​ពី​អ្វីៗ​ដែល​បណ្តាល​ឲ្យ​អ្នក​គ្មាន​ភាព​អត់ធ្មត់ សូម​គិត​ពី​នំបុ័ង​សាំងវ៉ិច​ឈីស​អាំង​នោះ ( ឬ អាហារ​ណា​ផ្សេង​ទៀត​ក៏​ដោយ ) និង អ្វី​ដែល​អ្នក​អាច​លះបង់ ដោយ​ទុក​ឲ្យ​ភាព​គ្មាន​ការអត់ធ្មត់​នេះ​ដឹកនាំ​ទង្វើ​អ្នក ។ ប្រសិនបើ​អ្នក​ធ្វើ​ខុស​ដោយ​ធ្លាក់​ក្នុង​ភាព​គ្មាន​អត់ធ្មត់​ញឹកញាប់ នោះ​អ្នក​គួរ​ដឹង​ថា​មនុស្ស​ជា​ច្រើន​ក៏​ដូច្នោះ​ដែរ ។ អ្នក​អាច​ប្រែចិត្ត ហើយ​ព្យាយាម​ធ្វើ​តាម​គំរូ និង ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មាន​នំបុ័ង​សាំងវ៉ិច​ឈីស​អាំង​ជាច្រើន​ដែល​ត្រូវ​ធ្វើ ហើយ​វា​មិន​យឺត​ពេល​ឡើយ ដើម្បី​រៀន​អំពី​ភាពគ្រប់លក្ខណ៍​ដែល​កើត​ឡើង​តាមរយៈ​ការអត់ធ្មត់​នោះ ។

កំណត់​ចំណាំ

  1. ប្រាកដ​ណាស់ យុវជន​ម្នាក់​នេះ​គឺ​ជា​ជនជាតិ​អាមេរិក ។ គាត់​ក៏​អាច​មក​ពី​ប្រទេស​ផ្សេង​ទៀត​ផងដែរ ដោយ​ចំអិន​អាហារ​ពេលព្រឹក នំ​គ្រែផេស នំ កាទូហ្វែល​ពូហ្វើរ នំ ខត់ប៊ូឡា នំ​ផេនខេក នំ ថតធីឡា ឬ ដាំ​បាយ​ជា​លើក​ដំបូង ។ គំនិត​នោះ​គឺ​ដូច​គ្នា ។

  2. ឌៀថើរ អេស្វ អុជដូហ្វ « Continue in Patience » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៧ ។