សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
មេទ័ពមរ៉ូណៃបានជួយខ្ញុំបង្រៀនថ្នាក់អនុវិទ្យាល័យ
ខ្ញុំមានការលំបាកក្នុងការបង្រៀនសិស្សអាយុពី ១៣ និង ១៤ ឆ្នាំ ។ ខ្ញុំទើបតែត្រឡប់មកពីការប្រជុំដ៏ស្មុគស្មាញមួយ ជាមួយជំនួយការនាយកសាលា ដែលប្រជុំទាក់ទងនឹងការវាយតម្លៃក្នុងពេលថ្មីៗនេះ ។ ការធ្វើជាគ្រូបង្រៀនថ្មោងថ្មី ហើយចាំបាច់ត្រូវបង្កើតមេរៀនជាច្រើនរបស់ខ្ញុំ នោះខ្ញុំបានឃើញថា ខ្ញុំមានការលំបាកក្នុងការផ្តោតអារម្មណ៍ និង រក្សាចំណាប់អារម្មណ៍សិស្ស ។ សរុបមក ការសុន្ទនាក្នុងការប្រជុំនោះបានផ្ដល់យោបល់ថាឲ្យខ្ញុំបង្ខំសិស្សធ្វើការជ្រើសរើស—ធ្វើកិច្ចការ ឬ ក៏មានបញ្ហា—ហើយធ្វើតាមការព្រមានដាស់តឿនរបស់ខ្ញុំ ។
ខ្ញុំមានអារម្មណ៍កើតទុក និង ស្មុគស្មាញពេលចេញពីប្រជុំ ។ ខ្ញុំបានយកការប្រជុំនេះទុកជាសំណួរប្រចាំថ្ងៃនោះ កាលដែលខ្ញុំបានសិក្សាព្រះគម្ពីរនៅថ្ងៃបន្ទាប់ទៀតនោះ ។ អស្ចារ្យណាស់ ខ្ញុំបានទទួលចម្លើយកាលខ្ញុំបានអានព្រះគម្ពីរមរមន ។
ខ្ញុំបានអធិស្ឋានដើម្បីរៀនពីព្រះគម្ពីរនាព្រឹកនោះ អំពីរបៀបដើម្បីធ្វើជាគ្រូបង្រៀនកាន់តែប្រសើរឡើង ។ ព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនខ្ញុំ កាលខ្ញុំបានអានអំពីមេទ័ពមរ៉ូណៃនៅក្នុង អាលម៉ា ៤៤ ។ ក្នុងរឿងត្រង់ចំណុចនេះ មេទ័ពមរ៉ូណៃ និង ពួកសាសន៍នីហ្វៃបានឡោមព័ទ្ធសាសន៍លេមិននៅទន្លេ ស៊ីដូន ហើយបានបន្លាចពួកគេ ដែលធ្វើឲ្យពួកសាសន៍លេមិនបានទម្លាក់អាវុធខ្លួនចុះ ។ ខ្ញុំបានបន្តអានទៀត ដោយគិតអំពីរបៀបដែលខ្ញុំចង់ក្លាយដូចជាមេទ័ពមរ៉ូណៃនៅក្នុងថ្នាក់រៀន ៖ បញ្ជា មានទំនុកចិត្ត និង មានជោគជ័យ ។
ខ្ញុំបានអានការសុន្ទនានោះ ហើយកត់សម្គាល់ឃើញថា មរ៉ូណៃបានប្រាប់ សេរ៉ាហិមណា និង សាសន៍លេមិនថា ពួកគេត្រូវបង្ខំឲ្យជ្រើសរើស ៖ « ឲ្យអ្នកប្រគល់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមមកយើង … យើងនឹងលើកលែងជីវិតឲ្យអ្នក បើសិនជាអ្នកចេញទៅ ហើយឈប់មកធ្វើសង្គ្រាមនឹងយើងទៀត » ឬ « បើសិនជាអ្នកមិនធ្វើយ៉ាងនេះទេ…ខ្ញុំនឹងបញ្ជាទ័ពរបស់ខ្ញុំឲ្យវាយមកលើអ្នក » ( អាលម៉ា ៤៤:៦, ៧ ) ។ ខ្ញុំបានដឹងថា គាត់កំពុងធ្វើអ្វីដែលអ្នកគ្រប់គ្រងខ្ញុំបានប្រាប់ឲ្យខ្ញុំធ្វើ ! គាត់បាននិយាយថា « ចូរឲ្យជម្រើសពីរដល់ពួកគេ ហើយធ្វើការតាមដាន » ។ ដោយមានគំនិតនោះក្នុងចិត្ត ខ្ញុំបានអនុវត្តតាមបាវចនារបស់មរ៉ូណៃ « មើលចុះ យើងនឹងបញ្ចប់ចម្បាំងនេះ » ( អាលម៉ា ៤៤:១០ ) ។
ដោយមានគោលការណ៍នេះជាអាវុធដែលខ្ញុំបានរៀនក្នុងព្រះគម្ពីរមកពីវីរជនម្នាក់របស់ខ្ញុំ នោះខ្ញុំបានត្រឡប់ទៅថ្នាក់រៀនវិញ ដោយមានទំនុកចិត្តជាមួយនឹងផែនការរបស់ខ្ញុំ ។ ខ្ញុំមានរូបចម្លាក់មេទ័ពមរ៉ូណៃ ហើយខ្ញុំដាក់រូបនោះនៅក្នុងហោប៉ៅអាវរបស់ខ្ញុំ រហូតដល់ចុងឆ្នាំដែលខ្ញុំបង្រៀន ដើម្បីជាការរំឭកពីរបៀបដែលមេទ័ពមរ៉ូណៃ បានបង្រៀនខ្ញុំឲ្យគ្រប់គ្រងថ្នាក់អនុវិទ្យាល័យនោះ ។ នៅពេលខ្ញុំបានផ្តល់ជម្រើសពីរដល់សិស្សរបស់ខ្ញុំមក អាកប្បកិរិយារបស់ពួកគេបានប្រសើរឡើង ហើយពួកគេបានធ្វើកិច្ចការរបស់ខ្លួន ហើយយើងបានស្រុះស្រួលនឹងគ្នាបានប្រសើរឡើង ។ ឆ្នាំសិក្សាបានបញ្ចប់ ហើយវានៅតែមានការលំបាក ប៉ុន្តែដោយមានចម្លើយចំពោះការអធិស្ឋាន និង ឥទ្ធិពលនៃព្រះគម្ពីរ នោះខ្ញុំអាច « បញ្ចប់ចម្បាំងនេះ » ។