មេរៀន មកពីអ្នកម្តាយ
កាលខ្ញុំកំពុងចម្រើនវ័យធំឡើង ពេលណាដែលយើងមានប្រាក់ នោះម្តាយរបស់ខ្ញុំនឹងយកក្រដាសប្រាក់ដែលស្អាតខ្លាំងបំផុត—ជាក្រដាសប្រាក់ដែលមិនរួញ ឬ កខ្វក់—ហើយជូនវាទៅអ្នកបម្រើនៅព្រះវិហារដែលយើងទៅចូលរួម ។ គាត់បានធ្វើបែបនេះពេញមួយជីវិតរបស់គាត់ ។ គាត់បាននិយាយថា « ប្រាក់នេះជារបស់ផងព្រះ » ។ ពាក្យទាំងនេះបានដក់ជាប់ក្នុងចិត្តខ្ញុំតាំងពីនោះមក ។ នៅពេលខ្ញុំជ្រមុជទឹកចូលក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ កាលខ្ញុំពេញវ័យ ការបង់ដង្វាយមួយភាគក្នុងដប់ គ្មានការលំបាកចំពោះខ្ញុំឡើយ ដោយសារម្តាយខ្ញុំបានបង្រៀនខ្ញុំឲ្យគោរពតាមច្បាប់នេះ ។
ម្តាយរបស់ខ្ញុំក៏បានបង្រៀនខ្ញុំឲ្យមានភាពទៀងត្រង់ ទោះបីជាធ្វើកិច្ចការលំបាកៗក្តី ។ អ្នកជិតខាងរបស់យើងបានដាំផ្លែឈើ និង បន្លែគ្រប់មុខ ។ ជួនកាលផ្លែឈើរបស់គាត់បានដុះចូលមកក្នុងរបងរបស់យើង ។ ពេលខ្ញុំបានបេះផ្លែឈើនោះខ្លះ ហើយយកវាទៅឲ្យម្តាយខ្ញុំ ។ គាត់បានមើលមុខខ្ញុំ ហើយនិយាយថា « ផ្លែឈើនោះមិនមែនជារបស់យើងទេ » ។ ខ្ញុំមិនអាចជឿវាឡើយ ។ ខ្ញុំបាននិយាយថា « តើម៉ាក់ចង់មានប្រសាសន៍ថាដូចម្តេច ? ផ្លែឈើនេះនៅក្នុងរបងរបស់យើង ! » គាត់បាននិយាយម្តងទៀតថា « ផ្លែឈើនោះមិនមែនជារបស់យើងទេ » ។ បន្ទាប់មកគាត់ដឹកដៃខ្ញុំ ហើយយើងបានដើរទៅផ្ទះរបស់អ្នកជិតខាងរបស់យើងនោះ ។ ពួកយើងបានសុំការអភ័យទោសដោយបានបេះផ្លែឈើរបស់គាត់ ។ ម្តាយរបស់ខ្ញុំបាននិយាយថា ប្រសិនបើពួកយើងចង់បានអ្វីមួយ នោះយើងត្រូវតែបានវាដោយភាពទៀងត្រង់ ។
ប្រហែលជាឪពុកម្ដាយរបស់អ្នកមិនមែនជាសមាជិកនៃសាសនាចក្រ ឬ អ្នកពុំយល់ស្របជាមួយជម្រើសរបស់ពួកគេរហូតនោះទេ ។ អ្នកនៅតែអាចរៀនពីគោលការណ៍ពិតពីពួកគេ ដូចជាភាពទៀងត្រង់ ការទទួលខុសត្រូវ ភាពខ្លួនទីពឹងខ្លួន និង ការឧស្សាហ៍ព្យាយាម ។ គោលការណ៍ទាំងនោះនឹងក្លាយជាពរជ័យដ៏អស្ចារ្យក្នុងជីវិតរបស់អ្នក ។