កុមារតូចៗ និងពិធីសាក្រាម៉ង់
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
កូនតូចៗរបស់យើងបានយល់ថាពិធីសាក្រាម៉ង់សំខាន់សម្រាប់ពួកយើង ។ យើងអាចធ្វើកិច្ចការបន្ថែមទៀត ដើម្បីជួយពួកគេឲ្យឃើញថា ពិធីនេះក៏សំខាន់ចំពោះពួកគេផងដែរ ។
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីយើងអនុញ្ញាតឲ្យកុមារដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកទទួលទានសាក្រាម៉ង់ ? តើយើងធ្វើបែបនេះ ដើម្បីចៀសវាងពីសម្រែក និង ភាពរញ៉េរញ៉ៃ នៅពេលពួកគេចង់បានចំណិតនំបុ័ងឬ ? តើវាគ្រាន់តែជាការធ្វើឲ្យពិធីបរិសុទ្ធនេះកាន់តែមានភាពងាយស្រួលដើម្បីចាត់ចែង ដើម្បីរក្សាភាពស្ងប់ស្ងាត់ឬ ?
ខ្ញុំមិនគិតដូច្នោះទេ ។ ខ្ញុំជឿថាមានហេតុផលដ៏ស៊ីជម្រៅជាងនេះ ។ ខ្ញុំជឿថា នេះគឺដោយសារខ្ញុំជឿថានៅពេលព្រះយេស៊ូវគ្រីស្ទមានបន្ទូលថា « ទាំងអស់ » នោះទ្រង់សំដៅលើមនុស្សទាំងអស់ ។ ហើយនៅពេលទ្រង់មានបន្ទូលទៅកាន់ហ្វូងមនុស្ស នោះទ្រង់ពុំបានដកនរណាចេញឡើយ ។
នៅពេលព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ បានណែនាំពិធីសាក្រាម៉ង់ដល់រាស្ត្ររបស់ទ្រង់នៅក្នុងទ្វីបអាមេរិក នោះទ្រង់បានសង្កត់ធ្ងន់ថា ពិធីបរិសុទ្ធនេះ មានអត្ថន័យពិសេសសម្រាប់អស់អ្នកដែលបានជ្រមុជទឹកហើយ ។១ ហេតុដូច្នេះហើយ ទ្រង់បានត្រាស់បង្គាប់ដល់ពួកសិស្សរបស់ទ្រង់ឲ្យ « ចែក [ សាក្រាម៉ង់ ] ដល់ ហ្វូងមនុស្ស » ។២ ហ្វូងមនុស្សនោះរួមមាន « កូនតូចៗ » ។៣
នៅពេលអ្នកកាន់បព្វជិតភាពបច្ចុប្បន្ននេះអានការអធិស្ឋានសាក្រាម៉ង់ នោះពួកគេសុំឲ្យព្រះវរបិតាសួគ៌ ប្រទានពរ ហើយញែកនំបុ័ង ឬ ញែកទឹក « ដល់ព្រលឹងនៃជន ទាំងអស់ ណា » ដែលទទួលទានវា ។៤ ទាំងអស់ ។ មនុស្សម្នាក់ៗដែលទទួលទាន—រួមមានទាំងកុមារតូចៗផងដែរ ។
ប្រសិនបើការទទួលទាននំបុ័ង និង ទឹក ធ្វើឲ្យកុមារទទួលនូវនិមិត្តរូបទាំងនេះថាជាពរជ័យចំពោះព្រលឹងដ៏បរិសុទ្ធរបស់ពួកគេ នោះត្រូវតែមានវិធីមួយដើម្បីជួយពួកគេឲ្យឃើញពីអត្ថន័យនៅក្នុងពិធីបរិសុទ្ធនេះ ។
ជាមួយនឹងការយល់បែបនេះ ខ្ញុំបានក្រឡេកទៅមើលកាលគ្រាដែលកូនៗខ្ញុំនៅតូច ។ ភរិយាខ្ញុំ និង ខ្ញុំបានធ្វើយ៉ាងល្អក្នុងការរក្សាពួកគេឲ្យស្ងាត់ស្ងៀម អំឡុងពេលបម្រើពិធីសាក្រាម៉ង់នោះ ។ ខ្ញុំគិតថាពួកគេបានយល់ថាពិធីបរិសុទ្ធនេះសំខាន់សម្រាប់ពួកយើង ។ ដូច្នេះយើងអាចធ្វើកិច្ចការបន្ថែមទៀត ដើម្បីជួយពួកគេឲ្យឃើញថា ពិធីនេះក៏សំខាន់ចំពោះ ពួកគេផងដែរ ។
តើយើងអាចធ្វើអ្វីបានខ្លះ ? យើងអាចចងចាំថា កុមារតូចៗមានលទ្ធភាពរក្សាការសន្យានៅក្នុងការអធិស្ឋានសាក្រាម៉ង់ ។ ពួកគេអាចយល់នៅក្នុងរបៀបផ្ទាល់ខ្លួនមួយតិចតួច ប៉ុន្តែមានអំណាច អំពីអត្ថន័យដែលថា « ចងចាំជានិច្ច » ដល់ព្រះយេស៊ូវ ។ ពួកគេអាចសន្យាដើម្បី « រក្សាបទបញ្ញត្តិរបស់ទ្រង់ » ។ ពួកគេអាចបង្ហាញថាពួកគេ « មានឆន្ទៈលើកដាក់មកលើខ្លួនពួកគេនូវព្រះនាម » នៃព្រះយេស៊ូវគ្រីស្ទ ដោយដឹងថា មិនយូរមិនឆាប់ពួកគេនឹងមានឯកសិទ្ធិនោះ កាលពួកគេបានជ្រមុជទឹក និង បញ្ជាក់ ។៥
ចុះការរំឭកសេចក្តីសញ្ញាវិញនោះ ? ពួកអ្នកដឹកនាំសាសនាចក្របានបង្រៀនថា នៅពេលយើងទទួលទានសាក្រាម៉ង់ យើងរំឭកសេចក្តីសញ្ញាទាំងអស់ ដែលយើងបានចុះជាមួយនឹងព្រះអម្ចាស់ ។៦ កុមារតូចៗគ្មានសេចក្តីសញ្ញាអ្វីដែលត្រូវរំឭកនោះទេ ។
ខ្ញុំបានគិតម្តងទៀតកាលគ្រាដែលកូនៗរបស់យើងនៅតូច ។ យើងពុំអាចជួយពួកគេឲ្យគិតពីសេចក្តីសញ្ញាទាំងនោះឡើយ ប៉ុន្តែយើងអាចជួយពួកគេឲ្យបន្តសេចក្តីសញ្ញាទាំងនោះឆ្ពោះទៅមុខទៀតបាន ។ ខ្ញុំគិតស្រមៃពីខ្លួនខ្ញុំជាមួយកូនប្រុស ឬ កូនស្រីខ្ញុំនៅព្រឹកថ្ងៃឈប់សម្រាក ៖
ខ្ញុំនិយាយថា « នៅពេលកូនអាយុប្រាំបីឆ្នាំ កូននឹងទទួលបុណ្យជ្រមុជទឹក ហើយទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ។ កូននឹងចុះសេចក្តីសញ្ញា ។ សេចក្តីសញ្ញាដែលកូនចុះ នោះ នឹងក្លាយជាការសន្យាដែលកូនបានធ្វើ នាពេលឥឡូវនេះ នៅពេលកូនទទួលទានសាក្រាម៉ង់ ។
នៅពេលប៉ាទទួលទានសាក្រាម៉ង់ថ្ងៃនេះ ប៉ានឹងរំឭកចាំពីសេចក្តីសញ្ញាបុណ្យជ្រមុជទឹករបស់ប៉ា ដូចជាប៉ាកំពុងធ្វើការសន្យានោះម្តងទៀតផងដែរ ។ កូននឹងនៅទីនោះជាមួយប៉ាផងដែរ ប៉ុន្តែកូនមិនរំឭកសេចក្តីសញ្ញាឡើយ ។ កូនពុំទាន់បានចុះសេចក្តីណាមួយនៅឡើយ ។ ប៉ុន្តែកូនអាច ហាត់សម ចុះសេចក្តីសញ្ញា ។ គ្រប់ពេលដែលកូនទទួលទានសាក្រាម៉ង់ កូនអាចរៀបចំខ្លួនដើម្បីជ្រមុជទឹក និង បញ្ជាក់ ។ តាមរបៀបនេះ កូនអាចត្រៀមខ្លួនរួចជាស្រេចនៅពេលកូនឈានដល់អាយុប្រាំបីឆ្នាំ » ។
ប្រសិនបើវាហាក់បីដូចជាចម្លែកក្នុងការប្រើពាក្យ ហាត់សម នៅក្នុងរបៀបនេះសូមគិតអំពីការណ៍នេះ ៖ នៅក្នុងស្មារតីនៃគាវរភាព ឪពុកអាចជួយកូនៗរបស់ខ្លួនត្រៀមខ្លួន សម្រាប់ពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក ដោយការបង្ហាញពួកគេពីរបៀបដើម្បីពួកគេអាចឈរជាមួយគ្នានៅក្នុងទឹក និង តាមរយៈការចែកចាយនូវពាក្យពេចន៍អធិស្ថាននៃពិធីបុណ្យជ្រមុជទឹក ។ គាត់ពុំធ្វើពិធីបរិសុទ្ធនោះតាមរបៀបនោះឡើយ ។ តែក្នុងស្មារតីនេះ គាត់ជួយកូនៗរបស់គាត់ហាត់សម ។ តាមរបៀបនេះ ពួកគាត់នឹងមិនព្រួយបារម្ភអំពីអ្វីដែលនឹងកើតឡើង នៅពេលកូនៗរបស់ពួកគាត់ចុះទៅក្នុងទឹកនៃពិធីជ្រមុជទឹក ។ ខ្ញុំជឿថា ម្តាយ និង ឪពុកក៏អាចជួយកូនៗរបស់ខ្លួនហាត់សមចុះ និង រក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ រៀងរាល់ការប្រជុំសាក្រាម៉ង់ អាចក្លាយជាឱកាសហាត់សមដ៏ពិសិដ្ឋ សម្រាប់កុមារតូចៗ នៅពេលពួកគេទទួលទាននិមិត្តរូបនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ដូច្នោះខ្ញុំបានត្រឡប់ទៅរកសំណួរដដែលរបស់ខ្ញុំវិញ ។ ហេតុអ្វីយើងអនុញ្ញាតឲ្យកុមារតូចៗដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកទទួលទានសាក្រាម៉ង់ ? តើវាគ្រាន់តែជាការធ្វើឲ្យពិធីនេះ « មានភាពស្ងប់ស្ងាត់ឬ » ? ប្រាកដជាពុំមែនទេ ។ យើងជួយកូនតូចៗរបស់យើងទទួលទានសាក្រាម៉ង់ ប្រយោជន៍ឲ្យពួកគេអាចចងចាំពីព្រះអង្គសង្គ្រោះរបស់ពួកគេ និង រក្សាភាពសុខសាន្តរបស់ទ្រង់—ជាភាពសុខសាន្តដែលមិនដូចពិភពលោកនេះអាចផ្តល់ឲ្យឡើយ ។៧ យើងជួយពួកគេត្រៀមខ្លួនទទួលនូវភាពសុខសាន្តនោះតាមរបៀបមួយឲ្យកាន់តែច្រើនបរិបូរឡើងនាពេលអនាគត នៅពេលពួកគេនឹងចុះ និង រក្សាសេចក្តីសញ្ញាជាមួយទ្រង់ ។