ទៅស្ទូចត្រី
អ្នកនិពន្ធរស់នៅរដ្ឋ ចចចារ ស.រ.អា. ។
ហេដិនមានចិត្តអន្ទះសារចង់ទៅស្ទូចត្រី ! ប្រសិនបើ ដាន់មិនបានមកជាមួយនោះ មិនដឹងល្អយ៉ាងណាទេ ។ …
« ខ្ញុំមានក្រុមគ្រួសារលើផែនដី ។ គេផ្ដល់ក្ដីសុខដល់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ លេខ ៤៥ ) ។
« តោះចូរយើងយកឧបករណ៍ស្ទូចត្រី ។ ដល់ពេលស្ទូចត្រីហើយ ! » ឪពុកបាននិយាយ ។
ហេដិនបានញញឹមពេលគាត់ក្រឡេកមើលជុំវិញខ្លួន ។ អ្វីគ្រប់យ៉ាងមានភាពស្រស់បំព្រង និង មានភាពរីករាយ ។ មានតែពួកគេទេដែលទៅបឹងនោះ !
ហេដិនបានដើរតាមប៉ាទៅក្រោយឡាន ហើយលើកប្រអប់ឧបករណ៍ស្ទូចត្រីចេញពីខ្លុបឡាន ។ វាធ្ងន់ណាស់ ប៉ុន្តែគាត់មិនត្អូញទេ ។ គាត់អាចយួររបស់ធ្ងន់ៗបែបនោះ ម្តងពីរក៏បានដែរឲ្យតែបានមកស្ទូចត្រីជាមួយប៉ា ។
ដងសន្ទូចប៉ះកកិតគ្នានៅពេលប៉ាបានទាញវាចេញមក ។ គាត់និយាយថា « មើលទៅដាន់ដូចជាងងុយដេក ។ តើកូនដាស់វាបានទេ ? »
ហេដិនព្យាយាមមិនដកដង្ហើមធំ ។ « បាទ បាន » ។
គាត់ស្ទើរតែភ្លេចថាប្អូនប្រុសគាត់ ដាន់ក៏បានមកផងដែរ ។ ដាន់តែងតែរត់លេង ហើយនិយាយឮៗ ។ គាត់បានធ្វើឲ្យត្រីផ្អើលអស់ !
គាត់បានមើលតាមកញ្ចក់ទ្វារឡាន ។ « ដាន់ ក្រោកឡើង » ។
ប៉ុន្តែដាន់នៅតែដេកនៅឡើយ ។
ហេដិនឈប់បន្តិច ។ ដោយក្តីសង្ឃឹមថា ដាន់អាចដេករហូតដល់ត្រឡប់ទៅផ្ទះវិញ ។
ហេដិនងាកទៅទាញប្រអប់ដាក់ឧបករណ៍ស្ទូចត្រីដោយស្ងាត់ៗ យកទៅកន្លែងប៉ាស្ទូចត្រីនៅឯមាត់បឹង ។
« នេះគឺជានុយ រួមទាំងដង្កូវផង ! »
ប៉ាបានយកប្រអប់ដាក់ឧបករណ៍ស្ទូចត្រីពីគាត់ ។ « ល្អណាស់ អរគុណ » ។ ក្រោយមកប៉ាបានងាកមើលជុំវិញខ្លួន ។ « តើប្អូនឯងនៅឯណា ? »
ហេដិនបានក្រឡេកមើលទៅឡាន ។ គាត់បានឆ្ងល់ភ្លាមថា តើ ប្អូនគាត់ មានអារម្មណ៍បែបណា ពេលគាត់បានដឹងខ្លួនឡើងហើយនៅតែឯងនាកន្លែងថ្មីនេះ ។ ហេដិនមានអារម្មណ៍មិនល្អឡើយ ។ ប្រាកដណាស់ គាត់ប្រហែលជាភ័យខ្លាំងណាស់ហើយ ។ ហើយដាន់មានអាយុតែប្រាំឆ្នាំប៉ុណ្ណោះ ។
« ចាំមួយភ្លែត ប៉ា ។ ខ្ញុំនឹងត្រឡប់មកវិញ » ។ ប៉ុន្តែនៅពេលគាត់មើលទៅក្នុងឡាន អត់ឃើញដាន់ទេ !
ហេដិនមិនអាចស្តាប់ឮសំឡេងសត្វល្អិតអ្វីទៀតឡើយ ។ អ្វីគ្រប់យ៉ាងហាក់ដូចជាស្ងាត់ស្ងៀម ។
« ដាន់អត់នៅក្នុងឡានទេ ! » ហេដិនបានស្រែក ។
ប៉ាបានមកយ៉ាងលឿនហើយមើលនៅក្នុងឡាន ។
ប៉ាបាននិយាយថា « វាប្រហែលជាកំពុងរកពួកយើងហើយ » ។ « វាគ្រាន់តែមួយភ្លែតសោះ ។ វាមិនទាន់ទៅណាឆ្ងាយទេ »។
ហេដិនបានព្យាយាមធ្វើឲ្យចិត្តស្ងប់ ប៉ុន្តែគាត់ភ័យបុកពោះ ។ « តើខ្ញុំអាចអធិស្ឋានបានទេ ? »
« ប៉ាគិតថា នេះជាគំនិតល្អណាស់ » ។
ហេដិនបានអរព្រះគុណដល់ព្រះវរបិតាសួគ៌ សម្រាប់ប្អូនប្រុសរបស់គាត់ ហើយទូលសុំឲ្យពួកគេអាចរកដាន់ឃើញភ្លាម ដើម្បីកុំឲ្យគាត់ភ័យខ្លាច ។
ពេលហេដិនបានបញ្ចប់ការអធិស្ឋាន គាត់ឈប់មានចិត្តតានតឹង ។
ប៉ាបានដាក់ដៃលើស្មារបស់ហេដិន ។ « ចុះប្រសិនបើកូនជាដាន់វិញ តើកូនមានអារម្មណ៍ដូចម្តេច ? តើកូននឹងទៅណា ? »
ហេដិនបានឃើញថាទ្វារឡានម្ខាងទៀតបានបើក ។ ដាន់ប្រហែលជាមិនបានឃើញពួកគេនៅឯមាត់បឹង ។ ហេដិនបានចង្អុលទៅស្នាមដានជើងនៅក្បែរនោះ ។ គាត់បាននិយាយថា « ខ្ញុំប្រហែលជាចាប់ផ្តើមដើរតាមផ្លូវនេះ » ។
ពួកគេបានប្រញាប់ដើរតាមស្នាមដានជើងនោះ ។
យើងហាក់បីដូចជាដើរយឺតណាស់ ។ នៅពេលគាត់ដើរ ហេដិនបានបន្តអធិស្ឋានក្នុងចិត្តគាត់ ។ បន្ទាប់ពីដើរបានមួយសន្ទុះមក ពួកគេបានដើរតាមស្នាមដានជើងនោះមកដល់កៅអីវែង ហើយបានឃើញ ដាន់នៅពីមុខពួកគេ ។
« ដាន់ ! » ហេដិនបានស្រែក ។
ដាន់បានបែរមក ហើយញញឹម ។ « ហេ៎ តើប៉ា និងបងនាំគ្នាទៅណា ? »
ដល់ពេលរីករាយវិញហើយ ។ ហេដិនបានរត់ទៅរកដាន់ ហើយឱបគាត់យ៉ាងណែន ។
ហេដិនបាននិយាយថា « បងរីករាយណាស់ដែលរកឃើញប្អូនវិញ » ។ គាត់បានអធិស្ឋានថ្លែងក្នុងចិត្តរបស់គាត់ភ្លាមដើម្បីថ្លែងអំណរគុណ ។
ដាន់បានញញឹម ។ « តើត្រីនៅឯណា ? »
ហេដិនបាននិយាយថា « មកនេះបងនឹងឲ្យប្អូនមើល » ។ គាត់រត់យ៉ាងអន្ទះសាទៅមាត់បឹង ។ « ឥឡូវនេះចាំមើលថានរណាចាប់បានត្រីមុនគេ ។ ខ្ញុំនឹងជួយបិទនុយសន្ទូចឲ្យបង » ។