អំណាច ដើម្បីស៊ូទ្រាំ
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
ខ្ញុំត្រូវការការព្យាបាលពីរបួសបាក់ជើង និង ការខូចចិត្ត ។ សេចក្តីសង្ឃឹមបានធ្វើឲ្យខ្ញុំបន្តស៊ូទ្រាំ ។
ប្រហែលជាមួយខែមុនបុណ្យខួបកំណើតអាយុ ១៦ ឆ្នាំរបស់ខ្ញុំ គ្រួសារខ្ញុំបានធ្វើដំណើរតាមរថយន្តឆ្លងកាត់សហរដ្ឋ ដើម្បីទៅទស្សនាទីតាំងប្រវត្តិសាស្ត្រមួយចំនួនរបស់សាសនាចក្រ ។ ខ្ញុំមិនត្អូញត្អែរដោយនៅក្នុងឡានយូរនោះទេ ដោយសារគ្រួសាររបស់ខ្ញុំមានពេលរីករាយជាមួយគ្នាជានិច្ច ។ ខ្ញុំចាំពីកាលឡើងជិះឡាននៅថ្ងៃមួយបន្ទាប់ពីពួកយើងបានទស្សនា វិនទើរ ខ្វរទើរ្ស រដ្ឋ ណេប្រាស្កា ។ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ។ ខ្ញុំអង្គុយនៅកៅអីក្រោយ ចាប់យកភួយមួយ ហើយដេកមើលភ្លៀងធ្លាក់ដោយសុខស្រួល ។
រឿងបន្ទាប់ទៀតដែលខ្ញុំចាំនោះគឺ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានអ្វីមួយបង្វិលយ៉ាងខ្លាំង ។ ក្រោយមកខ្ញុំបានដឹងថា ឡានរបស់យើងបានរអិល ហើយបុកនឹងរបាំងស៊ីម៉ង់នៅក្រោមស្ពានមួយ ។ ខ្ញុំចាំទាំងស្រពិចស្រពិលថាមាននរណាម្នាក់បានប្រាប់ខ្ញុំ ថាជើងខ្ញុំបាក់ ហើយត្រូវយកទៅវះកាត់ ។
មិនយូរប៉ុន្មានក្រោយមក ខណៈដែលខ្ញុំដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ារបស់ខ្ញុំបានចូលមកបន្ទប់ខ្ញុំ ។ គាត់បានអង្គុយក្បែរគ្រែខ្ញុំ ហើយដាក់ដៃគាត់លើក្បាលខ្ញុំ ។ ទោះជាយ៉ាងណាក្តី ខ្ញុំមានអារម្មណ៍ដឹងរួចទៅហើយពីអ្វីដែលគាត់នឹងនិយាយ ។
គាត់បាននិយាយថា « កូនសំឡាញ់ តើកូនដឹងទេថាកូននៅទីណា ? »
ខ្ញុំបានឆ្លើយ « នៅក្នុងមន្ទីរពេទ្យ » ។
« តើកូនដឹងថាមានរឿងអ្វីកើតឡើងទេ ?
យើងមានគ្រោះថ្នាក់ចររាចរណ៍ ។
តើមាននរណាប្រាប់កូនពីសមាជិកគ្រួសារទាំងអស់ទៀតទេ ? »
ខ្ញុំបាននៅស្ងៀម ហើយក្រោយមកឆ្លើយថា អត់មានទេ ។
គាត់បានប្រាប់ខ្ញុំថា គ្រប់គ្នាបានសុខទេ—លើកលែងតែម្តាយខ្ញុំម្នាក់គត់ ។ គាត់បានស្លាប់បាត់ហើយ ។
ខ្ញុំគិតថា ខ្ញុំនឹងមានអារម្មណ៍កើតទុក្ខយ៉ាងខ្លាំងនៅពេលនោះ ប៉ុន្តែខ្ញុំគ្មានអារម្មណ៍នោះឡើយ ។ ទោះជាយ៉ាងណា ក្នុងក្តីរន្ធត់ដំបូងរបស់ខ្ញុំ នោះខ្ញុំមានភាពសុខសាន្ត អារម្មណ៍ផ្អែមល្ហែមដែលខ្ញុំអាចទុកចិត្តលើព្រះថា រឿងគ្រប់យ៉ាងនឹងដំណើរការបានល្អ ។
ដោយដេកនៅក្នុងមន្ទីរពេទ្យនោះ ខ្ញុំបានចាំពីទីតាំងប្រវត្តិសាស្ត្រសាសនាចក្រពិសេសមួយ ដែលយើងបានទៅលេងពីរថ្ងៃពីមុនគ្រោះថ្នាក់នោះ ៖ ម៉ាទីន ខូវ នៅរដ្ឋ វាយអូមីង ។ មានពួកអ្នកត្រួសត្រាយជាច្រើននាក់បានស្លាប់នៅទីនោះ ដោយការស្រែកឃ្លាន នៅផ្ទាល់នឹងព្រិល និង អាកាសធាតុត្រជាក់ ។ ខ្ញុំបានចាំថាខ្ញុំឃើញគំនរដុំថ្មបានដាក់នៅលើផ្នូរ ហើយខ្ញុំនឹកគិតពីសេចក្តីជំនឿដ៏ខ្លាំងក្លារបស់ពួកអ្នកត្រួសត្រាយដែលនៅរស់នោះ បន្តអូសរទេះទៅមុខ ហើយបន្តដំណើររបស់ពួកគេ ។ រឿងនោះបានបំផុសគំនិតខ្ញុំជាខ្លាំង ។ កាលខ្ញុំគិតពីបទពិសោធន៍នោះ ខ្ញុំបានដឹងថា ពួកអ្នកត្រួសត្រាយបានស៊ូទ្រាំ ហើយថាខ្ញុំត្រូវតែស៊ូទ្រាំ រួមទាំងការធ្វើឲ្យប្អូនៗរបស់ខ្ញុំរឹងមាំផងដែរ ។
អារម្មណ៍សុខសាន្តដំបូងដែលខ្ញុំមាននោះ បានបន្តនៅជាប់ក្នុងចិត្តខ្ញុំអស់រយៈពេលមួយសប្តាហ៍កន្លះទៀត ។ ខ្ញុំកំពុងអង្គុយលើកៅអីរុញ មើលកាំជ្រួចតាមបង្អួចមន្ទីរពេទ្យ នាថ្ងៃទីបួនខែ កក្កដា នោះខ្ញុំបានភ្ញាក់ខ្លួនព្រើតថា—ម្តាយរបស់ខ្ញុំបានស្លាប់ហើយ ។ គាត់នឹងមិនអាចទៅចូលរួមការទទួលសញ្ញាបត្រថា្នក់វិទ្យាល័យរបស់ខ្ញុំឡើយ ។ គាត់នឹងមិនអាចទៅចូលរួមនៅពេលខ្ញុំទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។ គាត់នឹងមិនអាចទៅចូលរួមអាពាហ៍ពិពាហ៍របស់ខ្ញុំឡើយ ។ គាត់បានស្លាប់ហើយ ។
នោះជាការចាប់ផ្ដើមធ្វើឲ្យរឿងនានាប្រែជាពិបាកយ៉ាងខ្លាំង ។ ជើងរបស់ខ្ញុំមានការឈឺចាប់ពន់ពេក ហើយខ្ញុំពុំចង់បរិភោគអ្វីសោះ ។ ខ្ញុំបានមើលទូរទស្សន៍តែអារម្មណ៍របស់ខ្ញុំមិននៅក្នុងខ្លួនឡើយ ហើយភាគច្រើនខ្ញុំដេក ។ គ្រួសាររបស់ខ្ញុំមានក្តីបារម្ភចំពោះខ្ញុំ ដោយសារខ្ញុំពុំយំច្រើននោះទេ ។
ខ្ញុំបានយំកាន់តែច្រើន នៅពេលយើងបានត្រឡប់ទៅផ្ទះនៅរដ្ឋ អ័រហ្គិន ដែលគ្មានមនុស្សនៅ ។ ភ្លាមនោះខ្ញុំត្រូវទទួលយកការទទួលខុសត្រូវមួយចំនួនរបស់ម្តាយខ្ញុំ ហើយប្អូនៗរបស់ខ្ញុំបានមករកខ្ញុំដើម្បីទទួលការលួងលោម ។ ខ្ញុំបានព្យាយាមមានចិត្តរឹងមាំសម្រាប់ពួកគេ ។ ប៉ុន្តែវាមិនងាយស្រួលទេ ។
ការត្រឡប់ទៅរៀនវិញវាពិតជាពិបាកណាស់ ។ មនុស្សគ្រប់គ្នាបានដឹងឮពីគ្រោះថ្នាក់នោះ ហើយប្រសិនបើពួកគេពុំដឹងវិញនោះ ពួកគេនឹងដឹងនៅពេលគ្រូបង្រៀនរបស់ខ្ញុំណែនាំខ្ញុំថាជាក្មេងស្រីដែលនៅក្នុងគ្រោះថ្នាក់នោះ ។ ខ្ញុំបានមានអារម្មណ៍ឯកោ ។
ជាពិសេសខ្ញុំកាន់តែពិបាក នៅពេលប៉ារបស់ខ្ញុំបានរៀបការម្តងទៀត ក្រោយពីម្តាយរបស់ខ្ញុំស្លាប់បានប្រាំបួនខែក្រោយមក ។ ខ្ញុំដឹងថាម្តាយចុងរបស់ខ្ញុំនឹងល្អចំពោះគ្រួសារយើង ហើយថាពួកយើងត្រូវការគាត់ ប៉ុន្តែវាពិបាកក្នុងការផ្លាស់ប្តូរនេះណាស់ ។
ទោះជាយ៉ាងណា រឿងគ្រប់យ៉ាងមិនអាក្រក់ទាំងអស់ក្នុងអំឡុងពេលនេះទេ ។ ខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់យ៉ាងច្រើនពីព្រះវរបិតានៅស្ថានសួគ៌ គ្រួសារខ្ញុំ និង ថ្នាក់ដឹកនាំរបស់ខ្ញុំ ។ អ្វីដែលបានជួយព្យាបាលខ្ញុំ និង ជួយខ្ញុំឲ្យឈានទៅមុខ បន្ទាប់ពីគ្រោះថ្នាក់នោះគឺ ការធ្វើកិច្ចការសាមញ្ញៗដែលពង្រឹងសេចក្តីជំនឿរបស់ខ្ញុំ ។ រៀងរាល់ថ្ងៃខ្ញុំបានចំណាយពេលមួយម៉ោងពីមុនចូលដេក អានព្រះគម្ពីរ អធិស្ឋាន និង សរសេរនៅក្នុងទិនានុប្បវត្តិនៅក្នុងបន្ទប់របស់ខ្ញុំ ។ នៅក្នុងបន្ទប់ដេករបស់ខ្ញុំ ខ្ញុំពុំចាំបាច់ធ្វើរឹងមាំសម្រាប់ប្អូនៗខ្ញុំឡើយ ។ ខ្ញុំអាចយំតាមចិត្តខ្ញុំចង់ ហើយផ្តោតដួងចិត្តខ្ញុំទៅលើព្រះ ។ ខ្ញុំបានប្រាប់ទ្រង់ពីអារម្មណ៍ពិតដែលខ្ញុំមាន និង ក្តីនឹករឭកជាខ្លាំងចំពោះម្តាយខ្ញុំ ។ ខ្ញុំដឹងថាទ្រង់ស្តាប់ឮខ្ញុំ ដោយសារខ្ញុំបានទទួលអារម្មណ៍នៃសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ជាច្រើន ។ បរិវេណបន្ទប់ដេកនោះក្លាយជាទីពិសិដ្ឋសម្រាប់ខ្ញុំ ។
ការធ្វើរឿងសាមញ្ញៗទាំងនេះបានជួយខ្ញុំឲ្យបន្តទាក់ទងជាមួយព្រះ ជាជាងច្រានទ្រង់ចេញ ហើយមានភាពល្វីងជូរចត់ក្នុងចិត្ត ។ ខ្ញុំមិនជឿថា ព្រះបានធ្វើឲ្យគ្រួសារខ្ញុំឈឺផ្សារដោយសារគ្រោះថ្នាក់នេះទេ ។ ខ្ញុំមានអារម្មណ៍ថាមានអំណាចកាន់តែច្រើនដើម្បីអត់ធ្មត់ ហើយចុះចូលនឹងព្រះឆន្ទៈទ្រង់ ហើយបន្តឈានទៅមុខនៅក្នុងការលំបាករបស់ខ្ញុំ ។ ហើយវាពិតជាមានគ្រា លំបាក យ៉ាងខ្លាំង ។
បន្ទាប់ពីប៉ារបស់ខ្ញុំបានរៀបការម្តងទៀត ខ្ញុំចង់ធ្វើជាគំរូដល់ប្អូនៗរបស់ខ្ញុំ ហើយខ្ញុំពិតជាពុំចង់មានចិត្តអាក្រក់ចំពោះម្តាយចុងខ្ញុំឡើយ ដូច្នេះខ្ញុំបានបន្តការទុកចិត្តរបស់ខ្ញុំលើព្រះ ។ មានសកម្មភាពមួយនៅក្នុងសៀវភៅ ការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារីរបស់ខ្ញុំ បានផ្តោតលើការធ្វើឲ្យជីវិតនៅផ្ទះរបស់ខ្ញុំបានប្រសើរឡើង តាមរយៈការពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយសមាជិកគ្រួសាររយៈពេលពីរសប្តាហ៍ ។ ប្រាកដណាស់ គោលដៅនោះគឺជាការព្យាយាមប្រែក្លាយឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ហើយបង្ហាញសេចក្តីស្រឡាញ់តាមរយៈទង្វើនានា ។ ខ្ញុំបានសម្រេចចិត្តព្យាយាមធ្វើកិច្ចការនោះ ហើយបម្រើម្តាយចុងរបស់ខ្ញុំ ។
ដោយសារគ្រួសារខ្ញុំ និងគ្រួសារម្ដាយចុងខ្ញុំរួមគ្នាតែមួយ នោះយើងមានចានប្រឡាក់ច្រើនណាស់ ។ ហើយនោះគឺជាកិច្ចការដែលខ្ញុំបានចាប់ផ្តើមធ្វើ ។ នៅពេលខ្ញុំបានបម្រើគាត់អស់រយៈពីរសប្តាហ៍បន្ទាប់មក ខ្ញុំមានអារម្មណ៍ស្រឡាញ់ម្តាយចុងរបស់ខ្ញុំ ហើយមានការអត់ធ្មត់ ទោះបីជាខ្ញុំពុំសប្បាយរីករាយនឹងស្ថានភាពនោះក្តី ។ ការផ្តោតលើការបម្រើគាត់ក្នុងកិច្ចការសាមញ្ញៗ បានជួយខ្ញុំឲ្យយកឈ្នះគ្រាដ៏លំបាកទាំងនោះ ដោយសារខ្ញុំមានអារម្មណ៍នៃព្រះវិញ្ញាណគង់នៅជាមួយខ្ញុំ ។
ខ្ញុំនៅតែពុំទាន់យល់អ្វីគ្រប់យ៉ាងអំពីមូលហេតុដែលគ្រោះថ្នាក់នោះបានកើតឡើងចំពោះគ្រួសារខ្ញុំ ហើយវានៅតែមានគ្រាដ៏លំបាកនៅឡើយ ។ ប៉ុន្តែដូចជាពួកអ្នកត្រួសត្រាយដែរ នោះខ្ញុំបានដាក់ទីទុកចិត្តរបស់ខ្ញុំលើព្រះ ហើយទ្រង់បានប្រទានអំណាចដើម្បីស៊ូទ្រាំ ។