ឆ្នាំ​២០១៦
ពង្សប្រវត្តិ ៖ ភាពសុខសាន្ត ការ​ការពារ និង ការសន្យា
October 2016


ពង្សប្រវត្តិ ៖ ភាពសុខសាន្ត ការ​ការពារ និង ការសន្យា

ដកស្រង់​ចេញ​ពី​សន្ទរកថា « ការប្រមូល​ផ្តុំ ការព្យាបាល និង ការផ្សារភ្ជាប់​ក្រុម​គ្រួសារ » ដែល​បាន​ថ្លែង​នៅ​សន្និសីទ RootsTech Family History នៅក្នុង​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ នៅថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ ។

នៅពេល​គ្រួសារ​របស់​អ្នក​ចូលរួម​នៅក្នុង​ការប្រមូល​បញ្ជីប្រវត្តិ ព្យាបាល​ដួងចិត្ត​គ្នា និង ផ្សារភ្ជាប់​សមាជិក​គ្រួសារ នោះ​អ្នក និង ពូជពង្ស​របស់​អ្នក​នឹង​មាន​ពរ​ជា​រៀង​រហូត​ត​ទៅ ។

family tree chart

រចនា​រូបភាព​ដោយ ខារ៉ូលីន វីបប៊ើត

ដំណើរ​រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ដំណើរ​រឿង​អំពី​ក្រុមគ្រួសារ ។ នៅពេល​ខ្ញុំ​និយាយ​ពាក្យ ក្រុមគ្រួសារ ខ្ញុំ​មិនមែន​និយាយ​ពី​គំនិត​សម័យ​ទំនើប​នេះ​អំពី ម្តាយ ឪពុក និង កូនៗ​នោះ​ទេ ។

ខ្ញុំ​ប្រើ​ពាក្យ​នេះ​តាម​របៀប​ដែល​ព្រះអម្ចាស់​ប្រើ​វា ដែល​វា​មាន​វេវចនសព្ទ​នឹង​ពាក្យ ពូជ​មនុស្សក្រុម​គ្រួសារ​ជា​ច្រើន​ជំនាន់ ដោយសារ​មនុស្ស​ម្នាក់ៗ​មាន​គ្រួសារ ។ ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង សម្រាប់​កូនចៅ​របស់​ទ្រង់​ផ្តោតលើ​គ្រួសារ​បែប​នេះ—ជា​គ្រួសារ​ដែល​មាន​កូន​ទទួល​កម្លាំង​ខ្លាំង​ពី​ដូនតា​ជា​ច្រើន​ជំនាន់​ពី​អតីតកាល និង ឪពុក​ម្ដាយ​ដែល​ព្យាយាម​ប្រទានពរ​ដល់​ពូជពង្ស​របស់​ពួកគេ​ជា​ច្រើន​ជំនាន់​ដែល​នឹង​កើត​មក ។

ក្នុង​ស្មារតី​នេះ​ព្រះគម្ពីរ​មរមន ក៏​បាន​ប្រាប់​អំពី​ដំណើរ​រឿង​នានា​អំពី​ក្រុមគ្រួសារ ។ នៅពេល​យើង​អាន​ដំណើររឿង​ទាំង​នេះ យើង​ឃើញ​ថា​ក្រុមគ្រួសារ​ពុំ​បាន​ផ្លាស់ប្តូរ​ច្រើន​ឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ។ ទោះបី​ជា​អស់​អ្នក​ដែល​រស់នៅ​ក្នុង​ជំនាន់ និង កន្លែង​ផ្សេង​គ្នា​ក្តី​គឺ​ពួកគេ​ដូច​ជា​ពួកយើង​ដែរ—ហើយ​ព្រះទ័យ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់​ក្នុង​ការ​រស់នៅ​ក្នុង​ក្រុមគ្រួសារ​ដ៏​រីករាយ និង អស់កល្បជានិច្ច​នោះ​ពុំ​ផ្លាស់ប្តូរ​ឡើយ ។

ហេតុអ្វី​ព្រះអម្ចាស់ បាន​រក្សា​បញ្ជីប្រវត្តិ​នៃ​ដំណើរ​រឿង​ទាំង​នេះ​ទុក ? តើ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​រៀន​អ្វី​ខ្លះ​ពី​បញ្ជី​ប្រវត្តិ​ទាំង​នោះ ? តើ​បញ្ជី​ប្រវត្តិ​នោះ​មាន​មេរៀន ដែល​អាច​ជួយ​យើង​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​យើង​ដើម្បី​ប្រមូល ព្យាបាល និង ផ្សារភ្ជាប់​ក្រុមគ្រួសារ​របស់​យើង​ឬ ?

មេរៀន​មក​ពី​លីហៃ

ខ្ញុំ​ជឿ​ថា គ្រួសារ​ដំបូង​គេ​នៅក្នុង​ព្រះគម្ពីរ​មរមន—គឺ​ជា​គ្រួសារ​លីហៃ—មាន​មេរៀន​មួយ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​យើង​ដែល​យើង​មិន​ធ្លាប់​បាន​សម្គាល់ ។ គ្រួសារ​របស់​លីហៃ អាច​បង្រៀន​យើង​យ៉ាង​អស្ចារ្យ​អំពី​បញ្ជី​ប្រវត្តិ​គ្រួសារ—មូលហេតុ​ដែល​បញ្ជី​ប្រវត្តិ​នោះ​សំខាន់​ចំពោះ​ព្រះអម្ចាស់ និង គួរតែ​សំខាន់​សម្រាប់​យើង ។

នៅពេល​ដំណើររឿង​ចាប់​ផ្តើម លីហៃ និង សារ៉ាយ កំពុង​ចិញ្ចឹម​ពួក​កូន​ស្រី និង កូនប្រុស​បួន​នាក់​របស់​ពួកគាត់​នៅក្នុង​ក្រុង​យេរូសាឡិម រស់នៅ​ដោយ​ជីវិត​សុខស្រួល​នៅក្នុង​ទីក្រុង​ដ៏​ធំ​នោះ ។ ជីវិត​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ​ជា​រៀង​រហូត នៅពេល​ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​លីហៃ​ឲ្យ​នាំ​គ្រួសារ​របស់​លោក​ទៅ​ទីរហោស្ថាន ។

លីហៃ បាន​ធ្វើ​តាម ហើយ​លោក និង គ្រួសារ​លោក​បាន​ចាកចេញ​ដោយ​ទុក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ចោល ហើយ​ធ្វើ​ដំណើរ​ផ្សងព្រេង​នៅក្នុង​ទីរហោស្ថាន ។ បន្ទាប់​ពី​ធ្វើ​ដំណើរ​បាន​មួយ​រយៈ​កាល​មក លីហៃ​បាន​និយាយ​ទៅ​កូនប្រុស​របស់​លោក​គឺ នីហ្វៃ ៖

« មើល​ចុះ ឪពុក​បាន​ដេក​យល់​សប្ដិ ហើយ​ក្នុង​សុបិន​នោះ ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​កូន​ឯង​ជាមួយ​នឹង​បង​ប្រុស​ទាំង​ឡាយ ត្រឡប់ ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ។

« ដ្បិត​មើល​ចុះ ឡាបាន់​មាន​បញ្ជី​របស់​ពួក​សាសន៍​យូដា ព្រម​ទាំង​ពង្សាវតារ​របស់​ពួក​អយ្យកោ​ឪពុក ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន​ទាំង​ឡាយ » ( នីហ្វៃទី ១ ៣:២–៣ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។

ដោយសារ​តែ​ព្រះ​បញ្ញត្តិ​នេះ ក្រុមគ្រួសារ​របស់​យើង​មាន​ពរ ជាមួយ​នឹង​ការប្រកាស​ដ៏​អស្ចារ្យ​ដូចត​ទៅ​នេះ អំពី​សេចក្តី​ជំនឿ និង ការគោរព​ប្រតិបត្តិ​មក​ពី​នីហ្វៃ ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​មិនចេញ​បញ្ជា​ដល់​កូនចៅ​មនុស្ស​ណាឡើយ លើកលែង​តែ​ទ្រង់​នឹង​រៀបចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជាមុន​សិន » ( នីហ្វៃទី ១ ៣:៧ ) ។

ផ្ទាំង​លង្ហិន​គឺ​ជា​បញ្ជី​ប្រវត្តិ​មួយ ។ វា​មាន​នូវ​ព្រះគម្ពីរ ប៉ុន្តែ​វា​ក៏​មាន​នូវ​ដំណើរ​រឿង​របស់​គ្រួសារ​លីហៃ​ផងដែរ ។ ព្រះអម្ចាស់​បាន​ជ្រាប​ដឹង​ថា តើ​វា​សំខាន់​ប៉ុណ្ណា ដើម្បី​រក្សា​បញ្ជី​ប្រវត្តិ​នោះ​ទុក​សម្រាប់​ជំនាន់​ជា​ច្រើន​ទៀត​ដែល​នឹង​កើត​មក​នោះ ។

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ពុំ​បាន​បញ្ជា​ឲ្យ​លីហៃ​ទៅយក​ផ្ទាំង​លង្ហិន បែរ​ជា​ឲ្យ​កូន​ប្រុស​របស់​លោក​ទៅ​យក​វិញ​ដូច្នោះ ? លោក​គឺ​ជា​លោក​អយ្យកោ​នៃ​គ្រួសារ ។ ព្រះអម្ចាស់​បាន​ប្រទាន​ដល់ លោក នូវ​វិវរណៈ ។ តើ​លីហៃ​នឹង​មិន​មាន​ឥទ្ធិពល​លើ​ឡាបាន់​ច្រើន​ជាង​កូនៗ​របស់​លោក​ទេ​ឬ ?

យើង​ពុំ​បាន​ដឹង​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​ឲ្យ​កូន​របស់​លីហៃ ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​នោះ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​ពួកគេ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ស្នើសុំ​ឲ្យ​ពួកគេ​ធ្វើ ។ កិច្ចការ​នោះ​លំបាក​ណាស់ វា​សាកល្បង​សេចក្តីជំនឿ​របស់​ពួកគេ ។ ពួកគេ​បាន​រៀន​មេរៀន​ដ៏​មាន​តម្លៃ​នានា ដែល​នឹង​ជួយ​ពួកគេ​បាន​យ៉ាង​ប្រសើរ​រហូត​ដល់​ការធ្វើ​ដំណើរ​របស់​ពួកគេ​នៅក្នុង​ទីរហោស្ថាន​បាន​បញ្ចប់ ។ ប្រហែល​ជា​អ្វីដែល​សំខាន់​បំផុត​នោះ គឺ​ថា​ពួកគេ​រៀន​ថា នៅពេល​ព្រះអម្ចាស់​ត្រាស់​បញ្ជា នោះ​ទ្រង់​ពិត​ជា​រៀបចំ​ផ្លូវ​មួយ​ដើម្បី​ជួយ ។

យើង​អាច​សួរ​ខ្លួន​យើង​ថា តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​កូន​ប្រុស​ស្រី​របស់​យើង​រៀន​អ្វីខ្លះ នៅពេល​ពួកគេ « ត្រឡប់ » ទៅ​សើរើ​ពី​បញ្ជី​ប្រវត្តិ​របស់​គ្រួសារ​យើង​នោះ ? តើ​ទ្រង់​បាន​ប្រទាន​មធ្យោបាយ​មួយ​ដើម្បី​ជួយ​ពួកគេ​ដោយ​របៀប​ណា ? តើ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​មាន​បទពិសោធន៍​ទាំងនេះ​ឬ ? តើ​យើង​កំពុង​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​បាន​បទពិសោធន៍​ទាំង​នេះ​ទេ ? តើ​ពរជ័យអ្វី​ខ្លះដែល​ទ្រង់​រំពឹង​ចង់​ប្រទាន​ឲ្យ​កូនប្រុសស្រី​របស់​អ្នក តាមរយៈ​ព្រះវិហារបរិសុទ្ធ និង កិច្ចការពង្សប្រវត្តិនោះ ?

នៅពេល​នីហ្វៃ និង បងប្អូន​ប្រុស​របស់​គាត់​បាន​ត្រឡប់​ទៅ​ត្រសាល​របស់​ឪពុក​ពួកគេ​វិញ នោះ​លីហៃ « បាន​យក​បញ្ជី​ទាំង​ប៉ុន្មាន ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន ហើយ​លោក​បាន​ពិចារណា​មើល​ពី​ដើម​ឃ្លា​មក » ។ នៅក្នុង​នោះ​លោក​បាន​ឃើញ « គម្ពីរ​នៃ​លោក​ម៉ូសេ​ប្រាំ​ច្បាប់ ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​ពួក​ព្យាការី​ដ៏​បរិសុទ្ធ និង ពង្សាវតារ​របស់​ពួក​អយ្យកោ​លោក ហេតុ​ដូច្នោះ​ហើយ ទើប​លោក​ដឹង​ថា លោក​ត្រូវ​ជា​ពូជពង្ស​របស់​យ៉ូសែប…ដែល​បាន​លក់​ទៅ​ដែនដី​អេស៊ីព្ទ » ។ ហើយ​នៅពេល​លីហៃ « ដឹង​រឿង​ទាំងអស់​នេះ លោក​ក៏​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ » ( នីហ្វៃទី ១ ៥:១០, ១១, ១៣, ១៤, ១៧ ) ។

ក្រោយ​មក លីហៃ​បាន​បង្រៀន​គ្រួសារ​របស់​លោក​អំពី​អ្វី​ដែល​លោក​បាន​រៀន​មក​ពី​ផ្ទាំង​នោះ ។ អ្នក​អាច​និយាយ​ថា ត្រសាល​របស់​លោក​ក្លាយ​ជា​មជ្ឈមណ្ឌល​ពង្សប្រវត្តិ និង ការរៀនសូត្រ—គឺ​ដូច​ជា​ផ្ទះ​របស់​យើង​ផងដែរ ។

វា​ងាយស្រួល​ដើម្បី​យល់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​គ្រួសារ​របស់​លីហៃ មាន​បញ្ជី​ប្រវត្តិ​ទាំង​នេះ ។ បញ្ជី​ប្រវត្តិ​នោះ​បាន​ប្រាប់​ពី​អត្តសញ្ញាណ​នៃ​ពូជអំបូរ​របស់​លោក ដោយ​ភ្ជាប់​គ្នា​ទៅ​នឹង​លោកអយ្យកោ​ដ៏​ស្មោះត្រង់​កាល​ពី​អតីតកាល និង បណ្តុះ​ក្នុង​ចិត្ត​របស់​ពួកគេ​នូវ « សេចក្ដី​សន្យា ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក » ( គ. និង ស. ២:២; យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:៣៩ ) ។ បញ្ជីប្រវត្តិ​ទាំង​នេះ​មាន​សារៈសំខាន់​ចំពោះ​សេចក្តី​ជំនឿ​របស់​ជំនាន់​ក្រោយ​ដែល​មិន​ទាន់​កើត​ថា ព្រះវិញ្ញាណ​បាន​ព្រមាន​នីហ្វៃ​ថា ប្រសិនបើ​គ្មាន​បញ្ជី​ប្រវត្តិ​ទាំង​នេះ​ទេ នោះ « សាសន៍​ទាំងមូល​ត្រូវ​ចុះ​អន់ថយ ហើយ​វិនាស​ក្នុង​ការ​ឥត​ជំនឿ » ( នីហ្វៃទី ១ ៤:១៣ ) ។

បទពិសោធន៍​របស់​មនុស្ស​ម្នាក់​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន បង្ហាញ​ពី​ការពិត​ដែល​ថា នៅពេល​បញ្ជី​ប្រវត្តិ​នេះ​បាត់បង់ នោះ​សេចក្តីពិត​គឺ​ត្រូវបាត់​ដែរ ហើយ​លទ្ធផល​នៃ​ជំនាន់​ខាង​មុខ​អាច​ជួប​នឹង​គ្រោះ​អាក្រក់ ។

ពួក​សាសន៍ មូលេក បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម នៅ​ប្រហែល​ជា​ក្នុង​ជំនាន់​ដំណាល​គ្នា​នឹង​គ្រួសារ​លីហៃ​ផងដែរ ។ ប៉ុន្តែ​មិន​ដូច​ជា​គ្រួសារ​របស់​លីហៃ​ឡើយ ពួកគេ « មិន​បាន​យក​បញ្ជី​មក​តាម​ខ្លួន​ឡើយ » ។ នៅពេល​ម៉ូសាយ​បាន​ជួប​ពួកគេ​នៅ​ប្រហែល​ជា ៤០០ ឆ្នាំ​ក្រោយ​មក « ភាសា​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ប្រែ​ប្រួល… ហើយ​ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏​បង្ក​បង្កើត​របស់​ពួក​គេ​ទេ » ( អោមណៃ ១:១៧ ) ។ ពួកគេ​បាន​បាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន ដែល​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា ។

ម៉ូសាយ​បាន​បង្រៀន​ភាសា​របស់​ទ្រង់​ដល់​សាសន៍​មូលេក ប្រយោជន៍​ឲ្យ​ពួកគេ​អាច​រៀន​ពី​បញ្ជី​ប្រវត្តិ​ដែល​ទ្រង់​មាន ។ ជា​លទ្ធផល ពួក​សាសន៍​មូលេក​បាន​ជួប​នូវ​ការផ្លាស់ប្តូរ​ពី​ភាពច្រូលច្របល់ សង្គម​មួយ​ដែល​គ្មាន​ព្រះ ទៅ​ជា​សង្គម​មួយ​ដែល​បាន​យល់​ពី​ផែនការ​របស់​ព្រះ អំពី​សុភមង្គល​សម្រាប់​ពួកគេ—និង ក្រុមគ្រួសារ​របស់​ពួកគេ ។

ត្រឡប់​ទៅវិញ​ជាមួយ​គ្រួសារ​របស់​អ្នក

family going to the temple

ចំណេះដឹង​អំពី​ខ្លួន​យើង​ថា​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ និង ចំពោះ​គ្នា​ទៅវិញ​ទៅមក ផ្លាស់ប្តូរ​របៀប​ដែល​យើង​គិត ធ្វើ​សកម្មភាព និង ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ បញ្ជីប្រវត្តិ​គឺ​ជា​ផ្នែក​មួយ​សំខាន់​នៃ​អត្តសញ្ញាណ និង ទស្សនវិស័យ​របស់​យើង ។ ការ​មើល​ត្រឡប់​ទៅ​ក្រោយ​វិញ រៀបចំ​ពួកយើង​ឲ្យ​ឆ្ពោះ​ទៅមុខ ។

ឪពុក​ម្តាយ តើ​អ្នក​ធ្លាប់​អញ្ជើញ​គ្រួសារ​អ្នក​ឲ្យ « ត្រឡប់ » ទៅ​វិញ​ដែរ​ឬ​ទេ ? តើ​គ្រួសារ​របស់​អ្នក​ធ្លាប់​បែក​ចេញ​ពី​បញ្ជី​ប្រវត្តិ​របស់​ពួកគាត់—ឬ​ធ្លាប់​បែក​គ្នា​—ដោយសារ​តែ​ហេតុផល​ណា​មួយ ឬ ផ្សេង​ទៀត​ដែរ​ឬ​ទេ ? តើ​ចំណង​គ្រួសារ​របស់​អ្នក​ទាំង​អតីតកាល និង បច្ចុប្បន្នកាល​មាន​ភាព​រឹងមាំ​ដែរ​ឬ​ទេ ? តើ​មាន​អ្វី​ខ្លះ​បាន​កើត​ឡើង​នៅក្នុង​ប្រវត្តិ​គ្រួសារ​របស់​អ្នក ដែល​បណ្តាល​ឲ្យ​មាន​ការបែកបាក់​នេះ ? តើ​វា​បណ្តាល​មក​ពី​ការធ្វើ​អន្តោប្រវេសន៍ ជម្លោះ​គ្រួសារ ការប្រែចិត្តជឿ​ចំពោះ​ដំណឹង​ល្អ ឬ ទៅតាម​ពេលវេលា​កំណត់ ? តើ​ថ្មីៗនេះ​អ្នក​បាន​ស្វែងរក​ជីដូនជីតា​របស់​អ្នក​នៅ​លើ​គេហទំព័រ FamilySearch.org ដែរឬ​ទេ?

វង្សអ៊ីស្រាអែល​បាន​ខ្ចាត់ខ្ចាយ ហើយ​តាម​របៀប​ជា​ច្រើន រួម​មាន​ការខ្ចាត់ខ្ចាយ​នៃ​ក្រុមគ្រួសារ និង បញ្ជីប្រវត្តិ​របស់​ពួកយើង​ផងដែរ ។ ការទទួល​ខុសត្រូវ​របស់​យើង–​គឺ​ត្រូវ​ប្រមូល​ផ្តុំ​ពួកគេ ហើយ​ជា​ការ​ចាំបាច់ ដើម្បី​ព្យាបាល​របួស​នៃ​ការបែកបាក់​នោះ ។ នៅពេល​យើង​ព្យាយាម​ដោយ​ឧស្សាហ៍ ដើម្បី​បង្វែរ​ចិត្ត​កូនចៅ​របស់​យើង​មក​ឯ​ឪពុក​របស់​ពួកគេ នោះ​ចិត្ត​របស់​យើង​នឹង​បែរ​មក​ឯ​កូនចៅ​របស់​យើង​ផងដែរ ហើយ​យើង​នឹង​ឃើញ​ថា ទាំងអស់​គ្នា​មាន​ភាពសុខសាន្ត ហើយ​បាន​ព្យាបាល ដែល​កើត​ឡើង​ពី​កិច្ចការ​នេះ ( សូមមើល គ. និង ស. ៩៨:១៦ ) ។

ដូច​ដែល​លីហៃ​បាន​បញ្ជូន​កូនប្រុស​របស់​លោក​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​យក​បញ្ជីប្រវត្តិ​ពិសិដ្ឋ នោះ​ចូរ​យើង​បញ្ជូន​កូនៗ​របស់​យើង​ឲ្យ​ត្រឡប់​យក​បញ្ជី​ប្រវត្តិ​គ្រួសារ​របស់​យើង ។ ដូច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ផ្លូវ​មួយ​ដល់​នីហ្វៃ នោះ​ទ្រង់​បាន​ប្រទាន​អ៊ិនធើរណែត និង បច្ចេកវិទ្យា​ដទៃ​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​កូនចៅ​យើង​ប្រមូល និង​ព្យាបាល​ក្រុមគ្រួសារ​យើង ។ ហើយ​ទ្រង់​បាន​ប្រទាន​ព្រះវិហារ​បរិសុទ្ធ ជា​កន្លែង​ដែល​យើង​អាច​យក​ឈ្មោះ ដែល​យើង​រក​ឃើញ ហើយ​ធ្វើ​ឲ្យ​ការប្រមូល​ផ្តុំ​របស់​យើង​មាន​ជា​អចិន្ត្រៃយ៍ តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ។

អំណរ​នៅក្នុង​ទីរហោស្ថាន

កាល​ភរិយា​របស់​ខ្ញុំ ស្សារ៉ូល និង​ខ្ញុំ​រៀបការ យើង​បាន​សម្រេច​ចិត្ត​ថា យើង​នឹង​មាន​កូនប្រុស​បួន​នាក់ ។ ព្រះអម្ចាស់​មាន​ផែនការ​មួយ​ផ្សេង​ពី​នោះ ។ ទ្រង់​បាន​ប្រទាន​កូន​ស្រី​បួន​នាក់​ឲ្យ​យើង ។

យើង​បាន​ធ្វើ​ដំណើរ​ជាមួយ​កូន​ស្រី​របស់​ពួកយើង​ឆ្លង​កាត់​ទីរហោស្ថាន​នេះ ។ ឥឡូវ​នេះ ពួកគេ​បាន​រៀបការ ហើយ​មាន​កូន ព្រមទាំង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីរហោស្ថាន​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ តើ​អ្វីៗ​គ្រប់​យ៉ាង​មាន​ភាព​ងាយស្រួល​នៅ​លើ​ដំណើរ​នោះ​ឬ ? ទេ ។ យើង​បាន​ទួញយំ​ជាមួយ​គ្នា ហើយ​យើង​បាន​ជួប​ការលំបាក​ជា​ច្រើន ។

ជីវិត​នៅ​ទីរហោស្ថាន​អាច​មាន​ការលំបាក​សម្រាប់​ក្រុមគ្រួសារ ។ នៅពេល​មាន​គេ​សួរ​ថា « តើ​អ្នក និង​គ្រួសារ​របស់​អ្នក​សុខ​សប្បាយ​ឬ​ទេ ? » ជាញយៗ ខ្ញុំ​និយាយ​ថា « ឥឡូវ​នេះ​ពួកយើង​កំពុង​មាន​វិបត្តិ ។ សូម​អរគុណ​ដែល​បាន​សួរ » ។

ប៉ុន្តែ​ក៏​មាន​ឱកាស​នៃ​អំណរ​ពិត​ប្រាកដ​នៅ​លើ​ដំណើរ​ផ្លូវ​នេះ ។ ក្នុង​នាម​ជា​លោកអយ្យកោ និង លោកអយ្យកា នោះ​យើង​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​ពង្រឹង​កូនចៅ​របស់​យើង​ដើម្បី​ឆ្លង​កាត់​ទីរហោស្ថាន​នេះ ។ ព្យាការី​នៅក្នុង​ជំនាន់​របស់​យើង​បាន​សន្យា​ថា កិច្ចការ​ពង្សប្រវត្តិ​ផ្តល់ « ការការពារ​ពី​ឥទ្ធិពល​នៃ​ខ្មាំង​សត្រូវ »  ហើយ​ជា​ការប្រែចិត្ត​ជឿ « ដ៏​ជ្រាលជ្រៅ និង ជា​និរន្ត » ចំពោះ​ព្រះអម្ចាស់ ។ ឱ​វា​ជា​របៀប​មួយ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ដើម្បី​ប្រមូល​ផ្ដុំ ព្យាបាល និង ផ្សារភ្ជាប់​ក្រុមគ្រួសារ​របស់​យើង ។

ក្នុង​នាម​ជា​លោកអយ្យកោ​នៃ​គ្រួសារ​របស់​យើង នោះ ខ្ញុំ​បាន​សូម​ឲ្យ​កូនស្រី​របស់​ខ្ញុំ « ត្រឡប់ » ទៅ រក បញ្ជីប្រវត្តិ យក ឈ្មោះ​ទាំង​នោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ និង បង្រៀន ចៅៗ​របស់​យើង ។ ខ្ញុំ​បាន​សូម​ពួកគេ​ឲ្យ​ស្គាល់អ្នកដែល​បង្កើត​ពួកគេ​មក ដោយ​ការចូលរួម​ក្នុង​កិច្ចការពង្សប្រវត្តិ​របស់​យើង ។

ការសន្យា

ខ្ញុំ​សូម​សន្យា​ថា នៅពេល​អ្នក​អញ្ជើញ​កូនចៅ​របស់​អ្នក​ឲ្យ « ត្រឡប់ » ទៅ​វិញ ហើយ​រក​បញ្ជី​ប្រវត្តិ​គ្រួសារ​របស់​អ្នក នោះ​អ្នក​ទាំងអស់​គ្នា​នឹង « សប្បាយ​រីករាយ​ជា​ខ្លាំង » ដូច​ជា​លីហៃ និង សារ៉ាយ​ដែរ ហើយ « ថ្លែង​អំណរគុណ​ដល់​ព្រះ​នៃ​អ៊ីស្រាអែល » ។ នៅ​ពេល​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ជី​ប្រវត្តិ​របស់​អ្នក នោះ អ្នក​នឹង « ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ » ដ្បិត​អ្នក​នឹង​ឃើញ « ថា [ វា ] គួរ​ឲ្យ​ចង់​បាន មែន​ហើយ ព្រម​ទាំង​មាន​ប្រយោជន៍​ជា​អតិបរមា » ។ ហើយ​អ្នក​នឹង​ដឹង​ថា « គឺ​ជា​ប្រាជ្ញា​នៃ​ព្រះ​អម្ចាស់ ថា [ អ្នក ] គប្បី​យក​បញ្ជី​ប្រវត្តិ​នេះ​ទៅ​ជាមួយ​នឹង [ អ្នក ] » នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ « ក្នុង​ទីរហោស្ថាន​ទៅ​ឯ​ដែនដី​សន្យា [ របស់​អ្នក ] » ( នីហ្វៃទី ១ ៥:៩, ១៧, ២១–២២ ) ។

សាសនាចក្រ​នៅ​ទីនេះ​ដើម្បី​គាំទ្រ ហើយ​ពង្រឹង​គ្រួសារ​របស់​អ្នក​នៅក្នុង​ដំណើរ​នេះ ។ ខ្ញុំ​សូម​សន្យា​ថា នៅពេល​គ្រួសារ​របស់​អ្នក​ចូលរួម​ក្នុង​ការប្រមូល​បញ្ជីប្រវត្តិ ព្យាបាល​ដួងចិត្ត​គ្នា និង ផ្សារភ្ជាប់​សមាជិក​គ្រួសារ នោះ​អ្នក និង ពូជពង្ស​របស់​អ្នក—គ្រួសារ​របស់​អ្នក—នឹង​មាន​ពរ​ជា​រៀង​រហូត​ត​ទៅ ។

កំណត់​ចំណាំ

  1. ឧទាហរណ៍​អំពី​របៀប​ដែល​បញ្ជី​ប្រវត្តិ​ដែល​មាន​នៅ​ផ្ទាំង​លង្ហិន​នាំ​មក​នូវ​ការព្យាបាល​ដល់​ពូជពង្ស​របស់​លីហៃ សូមមើល អាលម៉ា ៣៧:៨–១០ ។

  2. រីឆាត ជី ស្កត « The Joy of Redeeming the Dead » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៤ ។

  3. ដេវីឌ អេ បែដណា « The Hearts of the Children Shall Turn » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៧ ។