រឿងចេញពីព្រះគម្ពីរមរមន
ការធ្វើដំណើរទៅកាន់ ដែនដីសន្យា
ដកស្រង់ចេញពី អេធើរ ២–៣, ៦
យ៉ារេឌ និង បងប្រុសរបស់លោកបានរស់នៅក្នុងជ្រលងភ្នំមួយជាមួយគ្រួសារ និង មិត្តភក្ដិជាច្រើនរបស់ពួកលោក ។ ព្រះយេស៊ូវគ្រីស្ទ បានយាងមកជួបបងប្រុសរបស់យ៉ារេឌ ។ ទ្រង់បានប្រាប់ពួកគេឲ្យធ្វើទូកដើម្បីនាំប្រជាជនលោកជិះឆ្លងមហាសមុទ្រទៅកាន់ដែនដីសន្យា ។
ប្រជាជននោះបានធ្វើទូកដោយមិនដាក់បង្អួចឡើយ ។ បងប្រុសរបស់យ៉ារេឌព្រួយបារម្ភពីខ្យល់ដកដង្ហើម និង ការមើលឃើញរបស់ពួកគេ ។ ព្រះយេស៊ូវបានមានបន្ទូលថា ពួកគេគួរធ្វើរន្ធនៅលើទូកនោះដើម្បីឲ្យមានខ្យល់ ។
ចុះពន្លឺសម្រាប់បំភ្លឺវិញនោះ ? បងប្រុសរបស់យ៉ារេឌបានបំបែកក្រួសចំនួន ១៦ដុំ ។ លោកបានសុំឲ្យព្រះយេស៊ូវពាល់ក្រួសទាំងនោះដោយព្រះហស្តរបស់ទ្រង់ដើម្បីធ្វើឲ្យវាភ្លឺឡើង ។
បងប្រុសរបស់យ៉ារេឌបានឃើញព្រះយេស៊ូវពាល់ក្រួសនីមួយៗដោយព្រះហស្តទ្រង់ ។ ក្រួសទាំងនោះមានពន្លឺភ្លឺចែងចាំង ។ ដោយសារលោកមានសេចក្តីជំនឿជាខ្លាំង នោះបងប្រុសរបស់យ៉ារេឌបានឃើញព្រះយេស៊ូវគ្រីស្ទ !
ព្រះបានបណ្តាលឲ្យមានខ្យល់ដ៏ខ្លាំងក្លាបោកបក់ទូកទាំងនោះឆ្លងកាត់មហាសមុទ្រ ។ នៅពេលពួកគេបានទៅដល់ដែនដីសន្យា ពួកសាសន៍យ៉ារេឌបានអធិស្ឋានថ្លែងអំណរគុណដល់ព្រះចំពោះការការពារពួកគេ ។
យើងអាចធ្វើដូចជាបងប្រុសរបស់យ៉ារេឌ នៅពេលយើងទុកចិត្តលើព្រះ ហើយមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។