រូបមន្តសម្រាប់ ការរៀនសូត្រ
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
សូមសាកល្បងរបៀបបួនយ៉ាងនេះ ដើម្បីធ្វើឲ្យព្រះបន្ទូលរបស់ព្រះមានរសជាតិឆ្ងាញ់ចំពោះព្រលឹងរបស់អ្នក ។
កាលពីក្មេង ខ្ញុំចំណាយពេលច្រើនម៉ោងដើម្បីមើលម្តាយខ្ញុំនៅក្នុងផ្ទះបាយ ។ គាត់ធ្វើអាហារឆ្ងាញ់ៗបំផុត នំបុ័ង ឃុកឃី និង នំផាយសម្រាប់គ្រួសារយើង ។ ជួនកាល ខ្ញុំបានចាប់ផ្តើមអានរូបមន្តធ្វើម្ហូបនោះ ធ្វើតាមការណែនាំ ហើយចំអិនអាហារ ។ ខ្ញុំមិនចាំបាច់ពឹងលើម្តាយខ្ញុំឡើយ—ខ្ញុំអាចធ្វើវាដោយខ្លួនខ្ញុំបាន ។
ដូចជាការរៀនចំអិនអាហារដែរ យើងរៀនដំណឹងល្អ ហើយអភិវឌ្ឍទីបន្ទាល់របស់យើងតាមរយៈការធ្វើ ។ បន្ទាប់ពីលីហៃបានប្រាប់គ្រួសាររបស់លោកអំពីការសុបិនរបស់លោកអំពីដើមឈើជីវិត នោះនីហ្វៃបាននិយាយថា លោកចង់ « ឃើញ និងឮ និងដឹងនូវរឿងទាំងនេះ » ដោយខ្លួនលោកផ្ទាល់ ( នីហ្វៃទី ១ ១០:១៧ ) ។ ម្យ៉ាងវិញទៀត សម្រាប់នីហ្វៃវាមិនគ្រប់គ្រាន់ឡើយដើម្បីស្តាប់ទីបន្ទាល់របស់ឪពុកលោកនោះ ។ លោកចង់ដឹងអំពីអ្វីដែលឪពុករបស់លោកបានដឹងរួចមកហើយ ។
រូបមន្តសម្រាប់ការរៀនសូត្រដំណឹងល្អមានជំហានសាមញ្ញៗមួយចំនួន ។ អ្នកអាចប្រើយោបល់ទាំងបួនដូចតទៅនេះ ដើម្បីជួយឲ្យការរៀនសូត្រដំណឹងល្អរបស់អ្នកជាមួយគ្រួសារ នៅព្រះវិហារ ឬ អំឡុងពេលការសិក្សាផ្ទាល់ខ្លួនរបស់អ្នក ។
១. រៀបចំខ្លួនរៀន
សូមចាប់ផ្តើមការសិក្សាផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងការអធិស្ឋាន ។ ទូលសូមព្រះវរបិតាសួគ៌ ដើម្បីជួយអ្នកឲ្យយល់នូវអ្វីដែលអ្នកអាន ។ កត់សំណួរមួយ ឬ ពីរ ហើយស្វែងរកចម្លើយចំពោះសំណួរនោះ ។ ព្រះវិញ្ញាណបរិសុទ្ធថ្លែងជាសាក្សីអំពីសេចក្ដីពិត នៅពេលអ្នកអាន ពិចារណា និង អធិស្ឋាន ( សូមមើល មរ៉ូណៃ ១០:៥ ) ។
ការរៀបចំខ្លួនដើម្បីរៀនដំណឹងល្អនៅព្រះវិហារ ដោយការអានមេរៀននោះពីមុនអ្នកទៅព្រះវិហារ ។ មេរៀន Come Follow Me អាចរកបាននៅលើគេហទំព័រ LDS.org នៅក្នុងកម្មវិធី Gospel Library ។
២. ចូលរួមនៅក្នុងការរៀនសូត្ររបស់អ្នក
-
អានដើម្បីមានការយល់ដឹង ។ ចំនួនទំព័រដែលអ្នកអាន ឬ ល្បឿនដែលអ្នកអានមិនសំខាន់ដូចការយល់ដឹងដែលអ្នកបានអានឡើយ ។ អ្នកត្រូវតែអានប្រយោគមួយចំនួនបួនប្រាំដង ។ សូមប្រើប្រាស់វចនានុក្រម ដើម្បីរកមើលពាក្យដែលអ្នកមិនស្គាល់ ។ ឧទាហរណ៍ តើពាក្យ សម័យកាន់កាប់ត្រួតត្រា មានន័យដូចម្តេច ? អ្នកអាចប្រើសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីស្វែងយល់ពីវា ។
-
សួរសំណួរអំពីអ្វីដែលអ្នកអាន ។ ប្រហែលជាអ្នកឆ្ងល់ថា « តើមានអ្វីកើតឡើងចំពោះក្រុងយេរូសាឡិមនៅគ្រាដែលលីហៃ និង គ្រួសាររបស់លោកបានចាកចេញមកនោះ ? ហេតុអ្វីប្រជាជនមិនស្តាប់តាមលីហៃ ? »
-
សូមព្យាយាមឆ្លើយសំណួរទាំងបីនេះ អំពីការបង្រៀនដំណឹងល្អនានា ៖ ហេតុអ្វីរឿងនេះសំខាន់ចំពោះប្រជាជននាជំនាន់នោះ ? តើរឿងនោះអនុវត្តចំពោះ យើង សព្វថ្ងៃនេះយ៉ាងដូចម្ដេច ? តើវាអនុវត្តចំពោះ ខ្ញុំយ៉ាងដូចម្តេច ?
-
សូមស្វែងរកលំនាំ និង ទំនាក់ទំនង ។ ឧទាហរណ៍ តើលំនាំអ្វីខ្លះដែលនីហ្វៃបានឆ្លើយតបចំពោះសេចក្តីវេទនានោះ ? តើការធ្វើដំណើររបស់គ្រួសារលោកនៅក្នុងទីរហោស្ថានដូចជាការធ្វើដំណើររបស់ពួកសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទយ៉ាងដូចម្តេចខ្លះ ?
-
សូមសរសេរអារម្មណ៍ និង ការបំផុសគំនិតរបស់អ្នក នៅក្នុងទិនានុប្បវត្តិ ។ « នៅពេលអ្នកកត់ការបំផុសគំនិតដ៏មានតម្លៃនោះទុក នោះការបំផុសគំនិតបន្ថែមកើតមានជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនោះដែរ ការចេះដឹងដែលអ្នកទទួល នឹងអាចប្រើប្រាស់បានអស់មួយជីវិតអ្នក » ( រីឆាដ ជី ស្កត « To Acquire Knowledge and the Strength to Use It Wisely » Liahona ខែ សីហា ឆ្នាំ ២០០២ ទំព័រ ១២, ១៤ ) ។ ជាពិសេសសរសេរពីគំនិតនានាដែលមានន័យចំពោះជីវិតរបស់អ្នក ។
-
គូររូបភាព ។ របៀបមួយទៀតដើម្បីកត់អ្វីដែលអ្នកកំពុងរៀននោះគឺការគូររូប ។ គ្រាមួយកាលខ្ញុំទៅសួរសុខទុក្ខមិត្តរបស់ខ្ញុំក្នុងកម្មវិធីរាត្រីជួបជុំក្រុមគ្រួសារ ជីដូនរបស់នាងបានចែកចាយរឿងផ្ទាល់ខ្លួនរបស់គាត់អំពីសេចក្តីជំនឿ និង ការអធិស្ឋាន ។ មុនពេលចាប់ផ្តើមបង្រៀន មិត្តរបស់ខ្ញុំបានឲ្យក្រដាស និង ខ្មៅដៃផាត់ពណ៌ទៅកូនតូចៗរបស់នាង ដូច្នេះពួកគេអាចគូររូបអំពីរឿងនានា ខណៈដែលជីដូនតួតរបស់ពួកគេនិយាយរឿងនោះ ។ ការគូររូបភាពបានជួយពួកគេយកចិត្តទុកដាក់ ហើយពួកគេសួរសំណួរពេលកំពុងនិយាយរឿងនោះ ដើម្បីបញ្ជាក់ពីសាច់រឿងនោះឲ្យបានច្បាស់លាស់ ។
៣. សូមសិក្សា ហើយរស់នៅតាមដំណឹងល្អរៀងរាល់ថ្ងៃ ។
ការសិក្សាតម្រូវឲ្យមានការប្រឹងប្រែង យើងត្រូវតែអនុវត្តការយល់ដឹងនោះ ( សូមមើល ម៉ូសាយ ១២:២៧ ) ។ អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានទូន្មានយើងថា « ចូរបង្កើតពេលវេលា និង កន្លែងសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ទោះបីជាវាជាពេលវេលាតិចតួចក្តី » ( « When Shall These Things Be ? » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៦០ ) ។ នៅពេលយើងសិក្សាជាទៀងទាត់ ការរៀនសូត្រនឹងមានភាពងាយស្រួល ។ ឧទាហរណ៍ ខ្ញុំបានឃើញថា នៅពេលខ្ញុំអានជំពូករបស់អេសាយដែលមាននៅក្នុងព្រះគម្ពីរមរមន ( ដោយមិនរំលងវា ) ខ្ញុំចាប់ផ្តើមយល់ពីជំពូកទាំងនោះ ។
នៅពេលនិយាយពីការរៀនសូត្រដំណឹងល្អ នោះវាមិនគ្រប់គ្រាន់ឡើយក្នុងការដែលគ្រាន់តែដឹងភាពពិតនោះ ។ យើងចាំបាច់អនុវត្តតាមអ្វីដែលយើងរៀន ។ នៅពេលយើងអនុវត្តតាមសេចក្តីពិត ព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់វាដល់យើង ហើយទីបន្ទាល់របស់យើងរីកចម្រើន ។ នៅពេលយើងរស់នៅតាមសេចក្តីពិតនោះជាប់លាប់ យើងចាប់ផ្តើមផ្លាស់ប្តូរ ប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ។
៤. ចែកចាយអ្វីដែលអ្នកកំពុងរៀន ។
ការប្រាប់មនុស្សដទៃអំពីគោលការណ៍ដំណឹងល្អ ដោយពាក្យសម្តីផ្ទាល់របស់យើង ជួយយើងឲ្យចាំគោលការណ៍នោះ ហើយទទួលអារម្មណ៍ពីព្រះវិញ្ញាណ ដែលពង្រឹងទីបន្ទាល់របស់យើង ។ ជាញយៗ ឱកាសដ៏ល្អដើម្បីចែកចាយនោះគឺក្នុងរាត្រីជួបជុំក្រុមគ្រួសារ ។ អ្នកក៏អាចចែកចាយវានៅពេលអ្នកនិយាយជាមួយមិត្តភក្តិនៅសាលា ឬ ជាមួយសមាជិកគ្រួសារនៅពេលបរិភោគអាហារ ។
នៅពេលយើងធ្វើតាមជំហានសាមញ្ញៗទាំងបួននេះ ហើយស្វែងរកដោយឧស្សាហ៍ដើម្បីស្គាល់ព្រះអង្គសង្គ្រោះ នោះយើងទទួលបានការសន្យាថា « ការណ៍អាថ៌កំបាំងទាំងឡាយនៃព្រះនឹងត្រូវបានបើកបង្ហាញដល់ [ ពួកយើង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( នីហ្វៃទី ១ ១០:១៩ ) ។