ឆ្នាំ​២០១៦
អំណរ​នៃ​ការរៀនសូត្រ
October 2016


ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

អំណរ នៃ ការរៀនសូត្រ

នៅពេល​យើង​ក្លាយ​ជា​សិស្ស​ដែល​មាន​ការ​តាំងចិត្ត នោះ​យើង​នឹង​បាន​ដក​ពិសោធន៍​នូវ​អំណរ​របស់​ព្រះ​ដែល​កើត​ចេញ​ពី​ការរៀន និង​ការ​រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

young woman reading her scriptures

មាន​រឿង​មួយ និយាយ​អំពី​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​ខ្ជិលច្រអូស​នៅ​ក្នុង​ទីក្រុង ។ គាត់​គ្មាន​ចិត្ត​ចង់​ធ្វើការ គ្មាន​ឆន្ទៈ​ស្វែងរក​ការងារ​ធ្វើ​ឡើយ ។ គាត់​រស់នៅ​ដោយ​សារ​កម្លាំង​របស់​អ្នក​ដទៃ ។ ទីបំផុត​មនុស្ស​នៅ​ទីក្រុង​ធុញទ្រាន់​នឹង​ផ្គត់ផ្គង់​ដល់​គាត់ ។ ពួកគេ​បាន​សម្រេច​ចិត្ត​យក​គាត់​ទៅ​ដាក់​នៅ​ខាង​ក្រៅ​ទីក្រុង ហើយ​បាន​បំបរ​បង់​គាត់​ចោល ។ នៅពេល​អ្នក​ទីក្រុង​ម្នាក់​បាន​នាំ​គាត់​ដាក់​លើ​រទេះ​យក​ទៅ​ក្រៅ​ទីក្រុង អ្នក​បរ​រទេះ​នោះ​មាន​អារម្មណ៍​អាណិត​ដល់​បុរស​កម្ជិល​នោះ​ជា​ខ្លាំង ។ ប្រហែល​ជា​បុរស​ដែល​គេ​បំបរបង់​ចោល​នោះ គប្បី​ត្រូវបាន​ទទួល​នូវ​ឱកាស​ម្តង​ទៀត ។ ដោយ​ហេតុនោះ គាត់​បាន​សួរ​ថា « តើ​អ្នក​ត្រូវការ​ពោត​មួយ​ប៉ោត ដើម្បី​ចាប់​ផ្តើម​ជីវិត​អ្នក​ជា​ថ្មី​ទេ ? »

ជន​ដែល​គេ​បំបរបង់​នោះ​បាន​ឆ្លើយ​ឡើង​ថា « តើ​ពោត​នោះ​ប្រឡេះ​ចេញ​ពី​ស្នូល​ហើយ​ឬ » 

គ្រូបង្រៀន និង​សិស្ស ៖ មាន​ការទទួលខុសត្រូវ​ស្មើ​គ្នា​ដើម្បី​រួម​ចំណែក

មាន​ពេលខ្លះ យើង​ឃើញ​ថា​មនុស្ស​ចង់​យល់​ពី​ព្រះគម្ពីរ​ដោយ​មិន​ប្រឹងប្រែង​អ្វី​សោះ​—ពួកគេ​ចង់​ឲ្យ​ព្រះគម្ពីរ​ពន្យល់​ពួកគេ ពីមុន​ពួកគេ​អាន​វា ។ ពួកគេ​ចង់​រៀន​ដំណឹងល្អ​តាម​លក្ខណៈ​កម្សាន្ត​ដោយ​ស្តាប់​ជា​សំឡេង ឬ មើល​ជា​វីដេអូ​ខ្លីៗ ។ ពួកគេ​ចង់​ឲ្យ​គ្រូបង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ រៀបចំ ហើយ​បញ្ចុក​មេរៀន​នោះ​ដល់​មាត់​របស់​ពួកគេ ដោយ​ពួកគេ​គ្រាន់តែ​រៀបចំ និង ចូលរួម​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ផ្ទុយ​ទៅវិញ ព្រះអង្គសង្គ្រោះ​បាន​អញ្ជើញ​សិស្ស​របស់​ទ្រង់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​ពួកគេ​ពុំ​យល់​ព្រះបន្ទូល​របស់​ទ្រង់​ឡើយ ។ ទ្រង់​បាន​ត្រាស់​បង្គាប់​ពួកគេ​ឲ្យ​អធិស្ឋាន ពិចារណា និង « ប្រុងប្រៀប​ចិត្ត​គំនិត [ របស់​ពួកគេ ] ចាំ​ថ្ងៃ​ស្អែក » កាល​ទ្រង់​នឹង « យាង​មក​ជួប [ ពួកគេ ] ទៀត » ។ ( សូមមើល នីហ្វៃទី ៣ ១៧:២–៣ ) ។

មេរៀន​នេះ​គឺ ៖ វា​មិន​គ្រាន់តែ​ជា​ការទទួលខុសត្រូវ​របស់​គ្រូបង្រៀន​ដើម្បី​រៀបចំ​ខ្លួន​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការទទួលខុសត្រូវ​របស់​សិស្ស​ផងដែរ ។ ដូច​គ្នា​នឹង​គ្រូបង្រៀន​ដែល​មាន​ការទទួលខុសត្រូវ​ដើម្បី​បង្រៀន​ដោយ​ព្រះវិញ្ញាណ​ដែរ នោះ​សិស្ស​ក៏​មាន​ការទទួល​ខុសត្រូវ​ដើម្បី​រៀន​ដោយ​ព្រះវិញ្ញាណ​ផងដែរ ( សូមមើល គ. និង ស. ៥០:១៣–២១ ) ។

ព្រះគម្ពីរ​មរមន​ចែង​ថា ៖ « អ្នក​ផ្សាយ​សាសនា​មិន​ប្រសើរ​ជាង​អ្នក​ស្ដាប់​ទេ ឯ​គ្រូបង្រៀន​ក៏​មិន​ប្រសើរ​ជាង​សិស្ស​ដែរ ម្លោះហើយ​ពួកគេ​ស្មើ​គ្នា​ទាំង​អស់ » ( អាលម៉ា ១:២៦ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។

ខាង​ក្រោម​នេះ​គឺ​ជា​យោបល់​មួយ​ចំនួន សម្រាប់​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ដកពិសោធន៍​នូវ​អំណរ​ដែល​កើត​ឡើង នៅពេល​យើង​ធ្វើ​ផ្នែក​របស់​យើង​នៅក្នុង​ការរៀន និង ការរស់នៅ​តាម​ដំណឹងល្អ ។

ការរៀន​សូត្រ​នៅ​ផ្ទះ

woman studying at home

សិក្សា​ព្រះគម្ពីរ

សមាជិក​គ្រប់​រូប​មាន​ការទទួលខុសត្រូវ​ចំពោះ​ការរៀន​ដំណឹង​ល្អ​ផ្ទាល់​ខ្លួន យើង​ពុំ​អាច​ផ្ទេរ​ការទទួល​ខុសត្រូវ​នោះ​បាន​ឡើយ ។ ភាគច្រើន​ការរៀន​ទាំង​នោះ​កើត​ឡើង​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ ។ ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បាន​ប្រកាស ៖ « ប្រសិនបើ​យើង​ពុំ​អាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ​ទេ​នោះ ទីបន្ទាល់​របស់​យើង​នឹង​ប្រែកាន់តែ​ខ្សោយ​ទៅៗ » ។ សាវក ប៉ុល បាន​សង្កេត​ឃើញ​ថា ពួក​សាសន៍​យូដា​នៅ​ក្រុង​បេរា « មាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ថែស្សាឡូនីច គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះបន្ទូល » ហើយ​ក្រោយ​មក​លោក​បាន​ចែកចាយ​ពី​មូលហេតុ​នៃ​ការទទួល​អារម្មណ៍​បែប​នោះ​ថា ៖ « [ ពួកគេ ] ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ » ( កិច្ចការ ១៧:១១ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។

ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​គឺ​ជា​គ្រឿង​ផ្សំ​ចាំបាច់​សម្រាប់​ខាង​វិញ្ញាណ​របស់​យើង ។ គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ទូទាត់​សង​ពេញលេញ​ចំពោះ​ការសិក្សា​ព្រះគម្ពីរ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​យើង​ឡើយ ។ ដោយសារ​តែ​ហេតុផល​នេះ​ហើយ ទើប​ការសិក្សា​ព្រះគម្ពីរ​គប្បី​ដាក់​កាល​វិភាគ​អាន មិនមែន​សិក្សា​វា​ដោយ​ព្រោះ​សល់​ពេល​ពី​ធ្វើ​អ្វី​នោះ​ឡើយ ។

អ្នក​ខ្លះ​អាច​និយាយ​ថា « ប៉ុន្តែ​ខ្ញុំ​គ្មាន​ពេល​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ទេ ដោយសារ​ខ្ញុំ​មាន​កាតព្វកិច្ច​ផ្សេង​ទៀត​ជាច្រើន​ក្នុង​ជីវិត​នេះ » ។ ការថ្លែង​នេះ​រំឭក​ខ្ញុំ​ពី​ដំណើរ​រឿង​របស់​បុរស​កាប់​ឧស​ពី​នាក់ ដែល​បាន​ប្រកួត​គ្នា ដើម្បី​កំណត់​ថា តើ​នរណា​អាច​កាប់​ដើម​ឈើ​បាន​ច្រើន​ជាង​គេ​ក្នុង​មួយ​ថ្ងៃ ។ នៅ​ពេល​ថ្ងៃ​រះ​ឡើង​នោះ​ការប្រកួត​បាន​ចាប់​ផ្តើម ។ រៀងរាល់​ម៉ោង​បុរស​មាឌ​តូច​បាន​ដើរ​ចុះ​ឡើង​ទៅ​ក្នុង​ព្រៃ​ប្រហែល​ជា ១០ នាទី ។ រាល់​ពេល​ដែល​គាត់​ធ្វើ​បែប​នេះ គូប្រកួត​របស់​គាត់​បាន​ញញឹម ហើយ​ងក់​ក្បាល ដែល​បាន​បញ្ជាក់​ថា​គាត់​នឹង​ឈ្នះ​ការប្រកួត​នោះ ។ បុរស​មាឌ​ធំ​ជាង ពុំ​ដែល​ចាកចេញ​ពី​កន្លែង​គាត់ ពុំ​ឈប់​កាប់​ឈើ ពុំ​សម្រាក​ឡើយ ។

នៅ​ពេល​ល្ងាច បុរស​មាឌ​ធំ​ជាង​មាន​ការភ្ញាក់ផ្អើល​ដោយ​ដឹង​ថា​គូប្រកួត​របស់​ខ្លួន ដែល​ទំនង​ជា​បាន​ចំណាយ​ពេល​ឥតប្រយោជន៍​ជា​ច្រើន​នោះ កាប់​ឈើ​បាន​ច្រើន​ជាង​គាត់ ។ គាត់​បាន​សួរ​ថា « តើ​អ្នក​កាប់​ឈើ​បាន​ច្រើន​ដោយ​របៀប​ណា បើ​អ្នក​សម្រាក​ច្រើន​ដង​យ៉ាង​នេះ​នោះ ? »

អ្នក​ឈ្នះ​បាន​តប​ថា « អូ៎ ខ្ញុំ​បាន​សំលៀង​ពូថៅ​របស់​ខ្ញុំ » ។

រាល់​ពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​កំពុង​សំលៀង​ពូថៅ​ខាង​វិញ្ញាណ​របស់​យើង ។ ហើយ​ផ្នែក​ដ៏​មាន​អព្ភូតហេតុ​នោះ​គឺ​ថា នៅពេល​យើង​ធ្វើ​បែប​នេះ នោះ​យើង​អាច​ប្រើ​ពេលវេលា​នៅសល់​របស់​យើង​នៅ​ថ្ងៃ​នោះ​បាន​កាន់តែ​ឈ្លាសវៃ ។

រៀបចំ​ទុកជាមុន

ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា មាន​សមាជិក​សាសនាចក្រ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ បាន​អាន​ព្រះគម្ពីរ​ជាមុន​ដើម្បី​ទុក​ពិភាក្សា​គ្នា​នៅក្នុង​ថ្នាក់​ថ្ងៃ​អាទិត្យ ។ យើង​ម្នាក់ៗ​អាច​ជួយ​ផ្លាស់ប្តូរ​ស្ថានភាព​នេះ​បាន ។ យើង​បំពេញ​ការទទួល​ខុសត្រូវ​របស់​យើង​ទាក់ទង​នឹង​បទពិសោធន៍​រៀន​សូត្រ តាមរយៈ​ការចូលរៀន​ដោយ​បាន​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ ដោយ​អាន​ព្រះគម្ពីរ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចែកចាយ​ការយល់​ដឹង ។ ការរៀបចំ​ខ្លួន​របស់​យើង​អាច​ក្លាយ​ជា​អំណោយ​ខាង​វិញ្ញាណ​មួយ ដែល​យើង​ផ្តល់​ដល់​សមាជិក​នៅក្នុង​ថ្នាក់​រៀន ។

ការរៀន​នៅ​ក្នុង​ថ្នាក់

participating in class

ការ​ចូលរួម​នៅ​ក្នុង​ថ្នាក់

ការត្រាស់​បញ្ជា​ឲ្យ​បើក​មាត់​របស់​យើង ( សូមមើល គ. និង ស. ៦០:២–៣ ) មិន​ត្រឹមតែ​អនុវត្ត​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឡើយ ប៉ុន្តែ​ក៏​អនុវត្ត​នៅក្នុង​ថ្នាក់​រៀន​ផងដែរ ។ នៅពេល​យើង​ចូលរួម យើង​យាង​ព្រះវិញ្ញាណ ដែល​ជា​អង្គ​ដែល​អាច​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​នៃ​ការ​ថ្លែង​របស់​យើង ហើយ​បំភ្លឺ​គំនិត​របស់​យើង​ឲ្យ​មាន​នូវ​ការយល់ដឹង​បន្ថែម​ទៀត ។ លើស​ពី​នេះ​ទៀត ការចូលរួម​របស់​យើង អាច​បំផុស​គំនិត​ដល់​អ្នក​ដទៃ ហើយ​ទង្វើ​នេះ​លើក​ទឹកចិត្ត​ពួកគាត់​ឲ្យ​ផ្តល់​យោបល់​ផងដែរ ។

តាម​របៀប​នេះ យើង​កំពុង​ធ្វើ​តាម​គោលការណ៍​បង្រៀន ដែល​បាន​បង្រៀន​ដោយ​ព្រះអម្ចាស់ ៖ « ចូរ​ឲ្យ​និយាយ​ម្នាក់​ម្តង ហើយ​ចូរ​ឲ្យ​ទាំងអស់​គ្នា​ស្តាប់​ពាក្យ​សម្តី​របស់​អ្នក​នោះ​ប្រយោជន៍​កាលណា​ទាំងអស់​គ្នា​និយាយ​នោះ ទើប​ឲ្យ​ទាំងអស់​បានស្អាង​ឡើង​ទាំងអស់​គ្នា » ( គ. និង ស. ៨៨:១២២ ការគូស​បញ្ជាក់​បាន​បន្ថែម ) ។ ពេល​ខ្លះ ការចូលរួម​នៅក្នុង​ថ្នាក់​គ្មាន​ភាពងាយ​ស្រួល​ឡើយ វា​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​មិន​សូវ​ស្រួល​ធ្វើ ។ ប៉ុន្តែ​ការចូលរួម​នេះ​នាំ​ឲ្យ​បង្កើន​ការរីកចម្រើន​ដល់​សមាជិក​ទាំង​អស់​នៅក្នុង​ថ្នាក់ ។

កត់ត្រា​ការបំផុស​គំនិត​នានា

អស់​កាល​ជា​យូរ​ហើយ ខ្ញុំ​បាន​កាន់​ប័ណ្ណ​កត់ចំណាំ​ទៅ​ព្រះវិហារ ហើយ​ព្យាយាម​រកមើល​ការចេះ​ដឹង​នៃ​គោលលទ្ធិ ឬ ការបំផុស​ខាង​វិញ្ញាណ ដែល​ខ្ញុំ​អាច​កត់ត្រា​វា​ទុក ។ ខ្ញុំ​អាច​និយាយ​ដោយ​ត្រង់​ថា ខ្ញុំ​បាន​ទទួល​ពរ​យ៉ាង​ច្រើន​បរិបូរ ។ វិធីសាស្ត្រ​នេះ​បាន​ផ្លាស់ប្តូរ​ទស្សនវិស័យ​របស់​ខ្ញុំ វា​បាន​ផ្តោត និង បង្កើន​ការរៀន​សូត្រ​របស់​ខ្ញុំ វា​បាន​បង្កើន​ការចូលរួម​របស់​ខ្ញុំ​ដើម្បី​ទៅ​ព្រះវិហារ ។

ហេតុអ្វី​វា​សំខាន់​ដើម្បី​កត់ត្រា​បទពិសោធន៍​ខាង​វិញ្ញាណ ដែល​យើង​ទទួល​នៅ​ព្រះវិហារ និង កន្លែង​ផ្សេងៗ​ទៀត ? ឧបមា​ថា មាន​គ្រា​មួយ​ដែល​ម្តាយ​កំពុង​និយាយ​ជាមួយ​កូន​វ័យ​ជំទង់​របស់​គាត់ ហើយ​មាន​ពេល​មួយ កូន​នោះ​និយាយ​ថា « ម៉ាក់ នេះ​គឺ​ជា​ការទូន្មាន​ដ៏​ល្អ » ។ បន្ទាប់​មក​កូន​នោះ​បាន​ដក​សៀវភៅ​កត់ចំណាំ​ចេញ​មក ហើយ​ចាប់ផ្តើម​កត់​ការបំផុស​គំនិត​នានា​ដែល​គាត់​បាន​ទទួល​ពី​ការសន្ទនា​របស់​ពួកគេ ។ ដោយ​សារ​ការភ្ញាក់ផ្អើល​របស់​ម្តាយ​រូប​នោះ តើ​គាត់​នឹង​មិន​ចង់​ផ្តល់​ដំបូន្មាន​ដល់​កូន​នោះ​ទៀត​ទេ​ឬ​អី ?

ដោយ​គ្មាន​សង្ស័យ នោះ​គោលការណ៍​ដូច​គ្នា​នេះ​ក៏​អនុវត្ត​ទៅ​នឹង​ព្រះឱវាទ​មក​ពី​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឋានសួគ៌ ។ នៅពេល​យើង​កត់ត្រា​ការបំផុស​គំនិត​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង នោះ​ទ្រង់​ទំនង​ជា​ផ្តល់​វិវរណៈ​បន្ថែម​ទៀត​ដល់​យើង ។ លើស​ពី​នេះ​ទៀត ការបំផុស​គំនិត​ជាច្រើន​ដែល​យើង​ទទួល​បាន​ពេល​ដំបូង​អាច​ទំនង​ជា​តិចតួច ប៉ុន្តែ​ប្រសិន​បើ​យើង​ថែទាំ ហើយ​ពិចារណា​ពី​វា នោះ​យើង​អាច​រីកចម្រើន​ខាង​វិញ្ញាណ​ជា​ច្រើន​ឡើង ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការកត់ត្រា​នូវ​ការចេះដឹង និង ការបំផុស​គំនិត​ថា ៖ « ប្រសិនបើ​អ្នក … ផ្តើម​ពិភាក្សា​អំពី​សំណួរ​សំខាន់ៗ … ហើយ​ខកខាន​ពុំ​បាន​កត់ត្រា​វា​ទុក … ប្រហែល​ជា​ព្រះវិញ្ញាណ​អាច​ដក​ថយ ដោយ​សារ​ការព្រងើយ​កន្តើយ​ក្នុង​ការកត់​ត្រា​រឿង​ទាំង​នេះ​ទុក​នៅពេល​ព្រះ​បាន​បើក​សម្តែង​វា​ឡើង ដោយ​ពុំ​ចាត់ទុក​ថា​វា​មាន​តម្លៃ … ហើយ​មាន ឬ ធ្លាប់​មាន​ចំណេះ​ដឹង​ដ៏​ធំ​ធេង ដ៏​សំខាន់​បំផុត ដែល​ឥឡូវ​នេះ​បាន​បាត់បង់​ហើយ » ។

អំណរ​នៃ​ការរៀនសូត្រ

boy reading scriptures

ការរៀនសូត្រ​គឺ​លើស​ពី​កាតព្វកិច្ច​ដ៏​ទេវភាព​ទៅ​ទៀត ។ វា​ក៏​មាន​ន័យ​ថា​ជា​អំណរ​មួយ​ដ៏​ជ្រាលជ្រៅ​ផងដែរ ។

មាន​គ្រា​មួយ អ្នក​គណិតសាស្ត្រ​បុរាណ​ម្នាក់​ឈ្មោះ អាកស៊ីម៉ែ ត្រូវបាន​ស្តេច​របស់​លោក​សួរ​ដើម្បី​សម្រេច​ថា តើ​មកុដ​ថ្មី​របស់​ស្តេច​នោះ​ជា​មាស​សុទ្ធ ឬ ក៏​ជាង​មាស​គ្មាន​ចិត្ត​ទៀងត្រង់​បាន​ដាក់​ជាតិ​ប្រាក់​ខ្លះ​ជំនួស​មាស ។ អាកស៊ីម៉ែ បាន​ពិចារណា​ពី​ដំណោះស្រាយ ទីបំផុត​លោក​បាន​មាន​ចម្លើយ​មួយ ។ ដោយ​សារ​អំណរ​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដែល​បាន​រកឃើញ​ចម្លើយ​នោះ លោក​បាន​រត់​ពេញ​ទីក្រុង​ដោយ​ស្រែក​ឡើង​ថា « អ៊ូរី ! អ៊ូរី ! »—មាន​ន័យ​ថា « ខ្ញុំ​រកឃើញ​វា​ហើយ ! ខ្ញុំ​រកឃើញ​វា​ហើយ ! »

ដូច​ជា​អំណរ​ដ៏​ខ្លាំង​ក្លា​របស់​លោក​ក្នុង​ការរកឃើញ​គោលការណ៍​មួយ​នៃ​វិទ្យាសាស្ត្រ នោះ​មាន​អំណរ​ដ៏​ខ្លាំងក្លា​ច្រើន​ជាង​នេះ​ទៅ​ទៀត​នៅក្នុង​ការរកឃើញ​សេចក្តីពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ សេចក្តីពិត​ដែល​មិន​គ្រាន់តែ​ប្រាប់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សង្គ្រោះ​យើង​ផងដែរ ។ ដ្បិត​ដោយ​ហេតុផល​នេះ​ហើយ​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា « ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា … ដើម្បី​ឲ្យ​សេចក្តីអំណរ​របស់​អ្នករាល់​គ្នា បាន​ពោរ​ពេញ​ផង » ( យ៉ូហាន ១៥:១១ ) ។ ហើយ​ដោយសារ​ហេតុផល​នេះ « អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ » ( យ៉ូប ៣៨:៧ ) នៅពេល​ពួកគេ​បាន​រៀន​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ ដូច​ជា​គ្រាប់​ពូជ​ដែល​មាន​អំណាច​ពី​កំណើត​ដើម្បី​រីក​លូតលាស់ នោះ​សេចក្តីពិត​នៃ​ដំណឹងល្អ​មាន​អំណាច​ពិតប្រាកដ​ដើម្បី​នាំ​មក​នូវ​អំណរ ។

វា​មិនមែន​គ្រាន់តែ​ជា​ការត្រាស់​បញ្ជា​របស់​ព្រះ​ឲ្យ « ស្វែងរក​ការរៀនសូត្រ » ប៉ុណ្ណោះ​ទេ ( គ. និង ស. ៨៨:១១៨ ) ប៉ុន្តែ​វា​ក៏​ជា​សកម្មភាព​ដ៏​ល្អ​ផងដែរ ។ រាល់​ពេល​យើង​សិក្សា​ព្រះគម្ពីរ មក​ថ្នាក់​រៀន​ដោយ​មាន​ការរៀបចំ​ខ្លួន​ប្រសើរ​ជាង​មុន​បន្តិច ចូលរួម​ការពិភាក្សា​ក្នុង​ថ្នាក់ សួរ​សំណួរ និង កត់ត្រា​ការបំផុស​គំនិត​ដ៏​ពិសិដ្ឋ​នានា នោះ​យើង​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះ ហេតុដូច្នេះ​ហើយ​វា​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ដក​ពិសោធន៍​នូវ​អំណរ​ដែល​ទ្រង់​មាន ។

សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ព្យាយាម​ប្រែ​ខ្លួន​យើង​ជា​សិស្ស​ដែល​មាន​ការ​តាំងចិត្ត​កាន់តែ​ខ្លាំង​ក្នុង​នាម ជា​សិស្ស​របស់​ព្រះ—ទាំង​នៅ​ផ្ទះ ថ្នាក់​រៀន និង គ្រប់​ទីន្លែង​ដែល​យើង​នៅ ។ នៅពេល​ធ្វើ​បែប​នេះ នោះ​យើង​នឹង​ដក​ពិសោធន៍​នូវ​អំណរ​របស់​ព្រះ​ដែល​កើត​ចេញ​ពី​ការរៀន និង​ការ​រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

the joy of learning

កំណត់​ចំណាំ

  1. អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​តំណាល​ប្រាប់​ពី​រឿង​ស្រដៀង​គ្នា​នេះ​នៅក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៤ ។

  2. ហារ៉ូល ប៊ី លី regional representatives’ seminar ថ្ងៃ​ទី ១២ ខែ ធ្នូ ឆ្នាំ ១៩៧០ ។

  3. យ៉ូសែប ស៊្មីធ នៅក្នុង History of the Church ២:១៩៩ ។