« ការរៀបចំខ្លួនដ៏អស្ចារ្យសម្រាប់ជីវិត » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។
ការ រៀបចំខ្លួន ដ៏អស្ចារ្យសម្រាប់ជីវិត
អ្វីដែលយុវជន និងយុវនារីរៀននៅក្នុងបេសកកម្មនឹងផ្ដល់ពរដល់ជីវិតរបស់ពួកគេជារៀងរហូត ។
កាលនៅពីក្មេង ខ្ញុំតែងតែចាប់អារម្មណ៍នឹងសេចក្តីសាទររបស់ពួកអ្នកផ្សព្វផ្សាយសាសនា ។ ក្នុងអំឡុងពេលប្រជុំសាក្រាម៉ង់មួយនៅក្នុងសាខាតូចរបស់ខ្ញុំនៅរដ្ឋមីណាស ប្រទេសអ៊ុយរូហ្គាយ អ្នកផ្សព្វផ្សាយសាសនាម្នាក់បានថ្លែងទីបន្ទាល់របស់គាត់ និងបានបង្ហាញពីអារម្មណ៍របស់គាត់អំពីបេសកកម្ម ។ ពាក្យសម្តីរបស់គាត់ដក់ជាប់នៅក្នុងដួងចិត្ត និងគំនិតរបស់ខ្ញុំ ។
ខ្ញុំបានប្រាប់ខ្លួនឯងថា « ថ្ងៃមួយ ខ្ញុំនឹងទៅបម្រើបេសកកម្ម » ។
មួយរយៈក្រោយមក ក្នុងនាមជាសង្ឃម្នាក់ ខ្ញុំមានឱកាសទៅបង្រៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ វាគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនានៅពេលមានអាយុ ១៦ ឆ្នាំ !
នៅពេលខ្ញុំមានអាយុ ១៨ ឆ្នាំ មានយុវជនជាច្រើននាក់មកពីសាខារបស់ខ្ញុំបានត្រឡប់មកពីបេសកកម្មរបស់ពួកគេវិញ រួមទាំងបងស្រីរបស់ខ្ញុំ អាណា ដែលបានត្រឡប់មកពីបេសកកម្មមួយនៅ ប្រទេសអាហ្សង់ទីនផងដែរ ។ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេក៏បានជ្រោតជ្រាបដល់ដួងចិត្តរបស់ខ្ញុំផងដែរ ។
នៅពេលថ្ងៃខួបកំណើតអាយុ ១៩ ឆ្នាំ របស់ខ្ញុំបានចូលមកដល់ ខ្ញុំចង់ចុះឈ្មោះខ្ញុំដើម្បីទៅប្រកាសដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ហើយបម្រើនៅក្នុងចម្ការរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៥:២ ) ។ ខ្ញុំបានរៀបចំខ្លួន ហើយផ្ញើឯកសារបេសកកម្មរបស់ខ្ញុំ ។ នៅពេលការហៅរបស់ខ្ញុំមកដល់ ខ្ញុំបានបើកលិខិតដែលបានចុះហត្ថលេខាដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ហើយបានអានថា ខ្ញុំនឹងបម្រើនៅក្នុងបេសកកម្ម អ៊ុយរូហ្គាយ/ប៉ារ៉ាហ្គាយ ។ ខ្ញុំនឹងទៅបម្រើនៅក្នុងប្រទេសរបស់ខ្ញុំ ! ខ្ញុំសប្បាយរីករាយសម្រាប់ឱកាសដើម្បីប្រកាស « ដំណឹងដ៏រីករាយនៃសេចក្ដីអំណរដ៏ធំ គឺជាដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៧៩:១ ) ។
ខ្ញុំបានទៅដល់ការិយាល័យបេសកកម្ម បន្ទាប់ពីធ្វើដំណើរអស់ពីរម៉ោងដោយរថយន្តក្រុងទៅទីក្រុងម៉ុនតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ ។ ប្រធានបេសកកម្មបានញែកខ្ញុំចេញជាអ្នកផ្សព្វផ្សាយសាសនាសម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយបានចាត់ដៃគូម្នាក់ឲ្យខ្ញុំ ។ នៅរសៀលនោះ យើងបានចាប់ផ្ដើមដើរគោះទ្វារ ។
នៅពីដំបូង មានពេលខ្លះបេសកកម្មមិនគួរឲ្យរំភើបដូចដែលខ្ញុំបានស្រមៃនោះទេ ។ ជាសំណាងល្អដែលខ្ញុំមានដៃគូដែលគោរពប្រតិបត្តិ និងឧស្សាហ៍ព្យាយាម បានជួយខ្ញុំឲ្យរកឃើញអំណរនៃការបំភ្លេចខ្លួនឯងនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ។ គំរូរបស់គាត់បានផ្តល់ពរដល់ខ្ញុំពេញបេសកកម្មទាំងមូលរបស់ខ្ញុំ ។
ប៉ុន្តែការរៀបចំខ្លួនរបស់ខ្ញុំដើម្បីធ្វើជាតំណាងនៃព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទ បានចាប់ផ្ដើមមានយូរមកហើយ ។
វាចាប់ផ្តើមឡើងជាមួយនឹងកន្លាស់ក្រវាត់កមួយ
នៅខែ មករា ឆ្នាំ ១៩៦២ នៅពេលខ្ញុំមានអាយុប្រាំមួយឆ្នាំ ពួកអ្នកផ្សព្វផ្សាយសាសនាបានមកដល់ហាងគ្រឿងអលង្ការរបស់ឪពុកខ្ញុំ ដើម្បីស្វែងរកកន្លាស់ក្រវាត់កមួយជំនួសឲ្យកន្លាស់ក្រវាត់កដែលបានបាត់ ។ កាលនៅទីនោះ ពួកគេបានឮនរណាម្នាក់លេងហ្គីតា ។ នៅពេលគេសួរអំពីរឿងនេះ ឪពុកខ្ញុំបានអញ្ជើញពួកគេឲ្យចូលមកខាងក្នុងជួបជាមួយនឹងមិត្តរបស់គាត់ ។
ក្នុងអំឡុងពេលសន្ទនារបស់ពួកគាត់ ឪពុកខ្ញុំ និងមិត្តរបស់គាត់បានសួរពួកអ្នកផ្សព្វផ្សាយសាសនាថា តើពួកគេចេះលេងហ្គីតាឬទេ ។ អែលឌើរម្នាក់បាននិយាយថាគាត់ចេះលេងតិចតួច ។ មិត្តរបស់ឪពុកខ្ញុំបានហុចហ្គីតារបស់គាត់ទៅឲ្យអែលឌើរ ហើយបានសុំឲ្យគាត់លេង ។ អែលឌើរចាប់ផ្ដើមលេងបទចម្រៀងមួយចំនួនខណៈពេលដៃគូរបស់គាត់ច្រៀង ។
ការស្វែងរកដ៏សាមញ្ញរបស់អ្នកផ្សព្វផ្សាយសាសនាដើម្បីរកកន្លាស់ក្រវាត់កបានដឹកនាំឲ្យគ្រួសាររបស់ខ្ញុំទៅកាន់ការចាប់ផ្តើមអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងបានក្លាយជាមិត្តភក្តិល្អជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានចាប់ផ្ដើមរៀនមេរៀន ។ គ្រាប់ពូជដំណឹងល្អត្រូវបានដាំ ហើយវាបានចាប់ផ្ដើមដុះឡើង ដំបូងនៅក្នុងម្តាយរបស់ខ្ញុំ អែលសា និងបងប្អូនស្រីរបស់ខ្ញុំ អាណា និង ស្ទេឡា ហើយបន្ទាប់មកនៅក្នុងខ្ញុំ ។
ចាប់តាំងពីថ្ងៃនោះមក សេចក្តីស្រឡាញ់ចំពោះកិច្ចការផ្សព្វផ្សាយសាសនាបានកើនឡើងនៅក្នុងគ្រួសាររបស់ខ្ញុំ ។ ខ្ញុំបានបម្រើបេសកកម្ម កូនប្រុសរបស់ខ្ញុំបានបម្រើបេសកកម្ម ហើយឥឡូវចៅរបស់យើងកំពុងចាប់ផ្ដើមរៀបចំខ្លួនសម្រាប់ និងបម្រើបេសកកម្ម បង្កើតជាអ្នកផ្សព្វផ្សាយសាសនាជំនាន់ទីបី ។
វាមិនមែនជាការងាយស្រួលជានិច្ចទេក្នុងការធ្វើជាអ្នកផ្សព្វផ្សាយសាសនានោះ ។ វាត្រូវការការរៀបចំខ្លួនពីមុនយុវជន ឬយុវនារីត្រៀមខ្លួនជាស្រេចដើម្បីទៅកាន់តំបន់បេសកកម្ម ។ នេះគឺជាកន្លែងដែលឪពុកម្តាយ គ្រួសារ និងថ្នាក់ដឹកនាំសាសនាចក្រអាចជាគំរូល្អ និងធ្វើការជាក្រុមដើម្បីរៀបចំយុវវ័យតាំងពីនៅក្មេង ។
វិធីមួយដើម្បីជួយពួកគេឲ្យរៀបចំខ្លួន គឺចែកចាយជំនាញអនុវត្តជាក់ស្តែងជាមួយពួកគេ ។ ជំនាញទាំងឡាយដូចជាការសន្សំប្រាក់ បោកគក់ និងអ៊ុតសម្លៀកបំពាក់ កាត់ដេរ ខាត់ស្បែកជើង ចម្អិនអាហារ និយាយជាមួយអ្នកដទៃ ហើយការបម្រើអ្នកដទៃដែលនឹងជួយពួកគេនៅក្នុងបេសកកម្មរបស់ពួកគេ ។ ការចូលរួមនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានក៏ជួយក្នុងការរៀបចំខ្លួន និងការបំពេញបន្ថែមនូវអ្វីដែលពួកគេរៀននៅផ្ទះ និងនៅក្នុងកូរ៉ុម និងថ្នាក់របស់ពួកគេផងដែរ ។
ការគាំទ្ររបស់យើងគួរតែបន្តខណៈពេលដែលពួកគេកំពុងធ្វើបេសកកម្មរបស់ពួកគេ ។ វាល្អណាស់ដែលបានឮបទពិសោធន៍ដ៏អស្ចារ្យដែលពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងមានស្ទើរតែរាល់ថ្ងៃ ។ យើងក៏អាចជាផ្នែកមួយនៃបទពិសោធន៍ទាំងនោះផងដែរ តាមរយៈការជួយដល់អ្នកទាំងឡាយដែលពួកគេបង្រៀន ។ ជាឧទាហរណ៍ ម្តាយរបស់ពួកអ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលបានបង្រៀនគ្រួសាររបស់យើង បានទាក់ទងមកម្តាយរបស់ខ្ញុំ ហើយបានសរសេរសំបុត្រមកគាត់អស់ជាច្រើនឆ្នាំ ដែលជួយម្តាយរបស់ខ្ញុំឲ្យនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
នៅពេលយើងជួយពួកអ្នកផ្សព្វផ្សាយសាសនានាពេលអនាគតឲ្យរៀបចំខ្លួន យើងគួរចងចាំថាកិច្ចការផ្សព្វផ្សាយសាសនាគឺសំខាន់ជាងប្រពៃណីមួយនៅក្នុងសាសនាចក្រទៅទៀត—វាគឺជាការអញ្ជើញ និងការបង្គាប់ពីព្រះអម្ចាស់ ( សូមមើល ម៉ាថាយ ២៨:១៩ ) ។ កាលពីដើមដំបូង លោកអ័ដាម និងនាងអេវ៉ា ត្រូវបានបង្រៀនដំណឹងល្អ ។ បន្ទាប់មក ពួកគាត់បានបង្រៀនដំណឹងល្អនេះដល់កូនចៅរបស់ពួកគាត់ ( សូមមើល ម៉ូសេ ៥:៦–១២ ) ។ « ហើយដូច្នេះ ទើបដំណឹងល្អបានចាប់ផ្ដើមផ្សាយ ចាប់តាំងពីដើមដំបូងមក គឺបានប្រកាសប្រាប់ដោយពួកទេវតាបរិសុទ្ធ ដែលបានចាត់ឲ្យមកពីវត្តមាននៃព្រះ » ( ម៉ូសេ ៥:៥៨ ) ។
ការផ្សព្វផ្សាយនេះបន្តដល់ឥឡូវនេះជាមួយកងទ័ពនៃពួកអ្នកផ្សព្វផ្សាយសាសនាជាង ៧១,០០០ នាក់ ។ ប៉ុន្តែយើងត្រូវការបន្ថែមទៀត ច្រើនថែមទៀត នៅលើសមរភូមិមុខ—កងទ័ពនៃពួកអ្នកផ្សព្វផ្សាយសាសនា និង ពួកសមាជិក ។
អ្វីដែលយើងអាចរៀននៅក្នុងបេសកកម្មរបស់យើង
កាលនៅក្នុងបេសកកម្មរបស់ខ្ញុំ ខ្ញុំបានទម្លាប់ធ្វើកិច្ចការផ្សព្វផ្សាយសាសនា ហើយបានចាប់ផ្ដើមគិតកាន់តែជ្រាលជ្រៅអំពីសាររបស់យើង ។ ខ្ញុំតែងតែមានអារម្មណ៍ថា ដំណឹងល្អគឺពិត ប៉ុន្តែខ្ញុំបានមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បី ដឹង ថាវាពិត ។ ខ្ញុំបានអធិស្ឋាន តមអាហារ សិក្សា ធ្វើការ ហើយបន្ទាប់មកបានរង់ចាំចម្លើយ ។
នៅថ្ងៃមួយអំឡុងពេលមេរៀនមួយ ខ្ញុំបានចែកចាយដំណើររឿងរបស់ យ៉ូសែប ស្ម៊ីធ អំពីការនិមិត្តដំបូង ៖
« ខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀត ដែលចុះសន្សឹមៗមកចំលើរូបខ្ញុំ ។ …
« កាលពន្លឺនោះស្ថិតចំពីលើរូបខ្ញុំ ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ ឈរនៅលើអាកាសពីលើរូបខ្ញុំ ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀតដោយមានព្រះបន្ទូលថា—នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៦–១៧ ) ។
នៅគ្រានោះ ខ្ញុំអាចមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ដល់ខ្ញុំថាអ្វីដែលខ្ញុំកំពុងបង្រៀនគឺពិត ។ ព្យាការី យ៉ូសែប ស្ម៊ីធ ពិតណាស់ បានឃើញព្រះវរបិតា និងព្រះបុត្រា ហើយព្រះគម្ពីរមរមន គឺជា ព្រះបន្ទូលរបស់ព្រះ ហើយជាមួយនឹងព្រះគម្ពីរប៊ីប ថ្លែងទីបន្ទាល់ អំពីព្រះអង្គសង្រ្គោះរបស់យើង ។ សេចក្តីសុខសាន្តមានដល់ព្រលឹងរបស់ខ្ញុំ ។ សូម្បីតែប៉ុន្មានទសវត្សរ៍កន្លងទៅហើយ វានៅតែធ្វើឲ្យចិត្តរបស់ខ្ញុំកក់ក្ដៅ ។
បេសកកម្មរបស់ខ្ញុំគឺប្រៀបដូចជាការទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតខាងវិញ្ញាណអ៊ីចឹង ។ អ្វីដែលយុវជន និងយុវនារីរៀននៅក្នុងបេសកកម្មនឹងផ្ដល់ពរដល់ជីវិតរបស់ពួកគេជារៀងរហូត ។ នៅក្នុងចំណោមអ្វីៗជាច្រើនដែលពួកគេរៀនមាន ៖
-
របៀបសិក្សា អធិស្ឋាន បង្រៀន និងអនុវត្តគោលការណ៍ដំណឹងល្អជារៀងរាល់ថ្ងៃ ។
-
របៀបរស់នៅជាមួយដៃគូ ២៤ ម៉ោងក្នុងមួយថ្ងៃ ។
-
របៀបថែរក្សាសុខភាពរបស់ពួកគេ ។
-
របៀបដាក់ផែនការ ។
-
របៀបបង្កើនជំនាញដឹកនាំនានា ។
-
របៀបទាក់ទងឲ្យបានត្រឹមត្រូវទៅនឹងមនុស្សឯទៀត ។
-
របៀបស្វែងរក ស្តាប់ និងបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។
យុវជន និងយុវនារីដែលបម្រើបេសកកម្មនឹងត្រូវបានពង្រឹង ហើយបានត្រៀមខ្លួនដើម្បីប្រឈមមុខទៅនឹងឧបសគ្គនៅក្នុងជីវិត នៅពេលពួកគេបន្តអនុវត្តនូវអ្វីដែលពួកគេបានរៀននៅពេលបំពេញបេសកកម្មរបស់ពួកគេ ។
ថ្ងៃនេះគឺជាថ្ងៃ
ព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
« មិនដែលមានពេលណានៅក្នុងប្រវត្តិសាស្រ្តពិភពលោកនេះដែលចំណេះដឹងអំពីព្រះអង្គសង្រ្គោះរបស់យើងមានសារៈសំខាន់ផ្ទាល់ខ្លួនហើយទាក់ទងនឹង ព្រលឹងមនុស្សគ្រប់គ្នា យ៉ាងខ្លាំងដូច្នេះនោះទេ ។ សូមស្រមៃមើលថា តើជម្លោះដ៏បំផ្លិចបំផ្លាញនៅទូទាំងពិភពលោកនេះ—និងការបំផ្លិចបំផ្លាញនៅក្នុងជីវិតរបស់យើងម្នាក់ៗ—នឹងត្រូវដោះស្រាយបានលឿនប៉ុណ្ណាប្រសិនបើយើងទាំងអស់បានជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងស្តាប់តាមការបង្រៀនទាំងឡាយរបស់ទ្រង់ » ។
ថ្ងៃនេះគឺជាថ្ងៃសម្រាប់យើងបង្ហាញចរិតលក្ខណៈ និងសេចក្តីក្លាហាន និងដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ថ្ងៃនេះគឺជាថ្ងៃសម្រាប់យុវជនរបស់យើងរបៀបចំខ្លួនបម្រើនៅក្នុងកងពលទាហានរបស់ព្រះអម្ចាស់នៅក្នុងបេសកកម្មផ្នែកបង្រៀន ឬផ្នែកសេវាកម្ម ។ ពិភពលោកនេះត្រូវការបងប្អូន ! មានជង្គង់ដែលត្រូវពង្រឹង ដៃដែលត្រូវលើកឡើង និងសេចក្ដីពិតដែលត្រូវផ្សព្វផ្សាយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៥ ) ។
សូមឲ្យការអញ្ជើញពីព្រះអម្ចាស់ខាងក្រោមនេះបណ្តាលឲ្យយើងធ្វើសកម្មភាព និងលើកបដានៃសេចក្ដីពិតដោយមានអានុភាព ៖
« មើលចុះ យើងប្រាប់អ្នកថា គឺជាព្រះហឫទ័យរបស់យើង ដែលអ្នកគួរចេញទៅ ។…
« ដោយបន្លឺសំឡេងរបស់អ្នកឡើង ហាក់ដូចជាសំឡេងត្រែ ដោយប្រកាសប្រាប់សេចក្ដីពិត តាមវិវរណៈ និងព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានដល់អ្នកចុះ។
« ម្ល៉ោះហើយ បើសិនជាអ្នករាល់គ្នាស្មោះត្រង់ នោះអ្នករាល់គ្នានឹង … បានពាក់មកុដកិត្តិយស និងសិរីល្អ និងអមតភាព ហើយនិងជីវិតដ៏នៅអស់កល្បជានិច្ច » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៧៥:៣–៥ ) ។