គោលការណ៍នៃការងារបម្រើ ខែសីហា ឆ្នាំ ២០១៨
ស្ថាបនាទំនាក់ទំនងដ៏មានអត្ថន័យ
សមត្ថភាពរបស់យើងក្នុងការយកចិត្តទុកដាក់លើអ្នកដទៃនឹងកើនឡើង នៅពេលយើងស្ថាបនាទំនាក់ទំនងដ៏មានអត្ថន័យជាមួយនឹងពួកគេ ។
ការអញ្ជើញឲ្យផ្តល់ការងារបម្រើដល់អ្នកដទៃគឺជាឱកាស ដើម្បីស្ថាបនា ទំនាក់ទំនងដោយយកចិត្តទុកដាក់ជាមួយពួកគេ—គឺជាប្រភេទទំនាក់ទំនងដែលធ្វើឲ្យពួកគេមិនទើសទាល់ក្នុងការស្នើសុំ ឬទទួលយកជំនួយរបស់យើង ។ នៅពេលយើងខិតខំអភិវឌ្ឍទំនាក់ទំនងបែបនេះ នោះព្រះអាចផ្លាស់ប្តូរជីវិតអ្នកទាំងសង្ខាងក្នុងទំនាក់ទំនងនោះ ។
ស៊ិស្ទើរ ស្សារ៉ូន អ៊ឺប៊ែង ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅបានមានប្រសាសន៍ថា « ខ្ញុំពិតជាជឿថានឹងគ្មានការផ្លាស់ប្តូរជាពិសេសណាមួយអាចកើតឡើង ដោយគ្មានទំនាក់ទំនងពិសេសនោះទេ » ។ គាត់បានមានប្រសាសន៍ថា ដើម្បីធ្វើឲ្យសកម្មភាពបម្រើរបស់យើងអាចជួយជីវិតអ្នកដទៃ សកម្មភាពនោះត្រូវតែ « ចាក់ឫសចេញពីបំណងប្រាថ្នាដ៏ស្មោះត្រង់ដើម្បីទទួលយកការព្យាបាល ការស្តាប់ ការសហប្រតិបត្តិការណ៍ និងការគោរព » ។១
ទំនាក់ទំនងដ៏មានអត្ថន័យពុំមែនជាយុទ្ធសាស្រ្តទេ ។ ទំនាក់ទំនងនោះស្ថាបនាពីលើសេចក្តីមេត្តា សេចក្តីស្មោះត្រង់ និង « ការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ » ( គ. និង ស. ១២១:៤១ ) ។ ២
របៀបដើម្បីស្ថាបនា និងពង្រឹងទំនាក់ទំនង
អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « យើងស្ថាបនា [ ទំនាក់ទំនង ] ជាមួយមនុស្សម្តងៗម្នាក់ » ។ ៣ ពេលយើងព្យាយាមស្ថាបនាទំនាក់ទំនងដ៏មានអត្ថន័យ ជាមួយមនុស្សដែលយើងផ្តល់ការងារបម្រើ នោះព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំយើង ។ យោបល់ខាងក្រោម គឺផ្អែកលើលំនាំមួយរបស់អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ បានផ្តល់ឲ្យ ។ ៤
-
សូមរៀនពីពួកលោក ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បានបង្រៀនថា « អ្នកមិនអាចបម្រើបានយ៉ាងល្អដល់មនុស្សដែលអ្នកស្គាល់មិនច្បាស់នោះទេ » ។ លោកបានផ្តល់យោបល់ឲ្យរៀនស្គាល់ឈ្មោះសមាជិកគ្រួសារម្នាក់ៗ ហើយដឹងអំពីព្រឹត្តិការណ៍សំខាន់ៗដូចជា ថ្ងៃខួបកំណើត ពិធីប្រសិទ្ធពរ ពិធីបុណ្យជ្រមុជទឹក និងពិធីរៀបអាពាហ៍ពិពាហ៍ ។ ការដឹងទាំងនេះវាផ្តល់ឱកាសមួយសម្រាប់ការសរសេរ លិខិតជូនពរ ឬទូរសព្ទ ការសម្តែងការអបអរ ចំពោះសមាជិកគ្រួសារក្នុងការសម្រេចបាន និងជោគជ័យដ៏ពិសេសណាមួយ ។ ៥
-
ចំណាយពេលជាមួយគ្នា ។
ការអភិវឌ្ឍទំនាក់ទំនងត្រូវការពេលវេលា ។ ការស្វែងរកឱកាសដើម្បីរក្សាការទាក់ទង ។ ការសិក្សាជាច្រើនបានបង្ហាញថា ការឲ្យនរណាម្នាក់ដឹងថា អ្នកខ្វាយខ្វល់ចំពោះគេ គឺជារឿងមួយដ៏សំខាន់ ដើម្បីបង្កើនទំនាក់ទំនងដ៏រឹងមាំ ។ ៦ សូមទៅសួរសុខទុក្ខជាញឹកញាប់ដល់អ្នកទាំងនោះ ដែលអ្នកត្រូវបានហៅឲ្យបម្រើ ។ សូមនិយាយជាមួយពួកគេនៅព្រះវិហារ ។ សូមប្រើមធ្យោបាយដែលសមគួរផ្សេងៗបន្ថែមទៀត—ដូចជា សរសេរអ៊ីម៉ែល Facebook, Instagram, Twitter, Skype ទូរសព្ទទៅរក ឬផ្ញើរកាតមួយ ។ អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីអំណាចនៃការបង្ហាញអំពីសេចក្តីស្រឡាញ់ និងគាំទ្រដ៏សាមញ្ញា និង ដ៏ឆ្នៃប្រឌិតថា ៖ « ជារឿយៗពេលខ្ញុំបើកព្រះគម្ពីររបស់ខ្ញុំ…ខ្ញុំតែងឃើញកំណត់ចំណាំ ដែលជាទីពេញចិត្ត និងការគាំទ្រ ដែល [ ភរិយារបស់ខ្ញុំ ] ជេននី បានសៀតនៅលើទំព័រទាំងនោះ ។ … កំណត់ចំណាំដ៏មានតម្លៃទាំងនោះ…បន្តក្លាយជារតនៈសម្បត្តិដែលមិនអាចកាត់ថ្លៃបាន នៃការលួងលោម និងការបំផុសគំនិត ។ » ៧
ក៏ត្រូវចងចាំផងដែរថា ទំនាក់ទំនងត្រូវតែកើតឡើងទាំងសង្ខាង ។ អ្នកអាចផ្តល់សេចក្តីស្រឡាញ់ និងមិត្តភាព ប៉ុន្តែទំនាក់ទំនងអាចរីកចម្រើនលុះត្រាណា ការផ្តល់ឲ្យនោះត្រូវបានទទួលយក ហើយផ្តល់ត្រឡប់មកវិញផងដែរ ។ ប្រសិនបើបុគ្គលម្នាក់ទំនងជាមិនចង់ទទួលយក សូមកុំបង្ខិតបង្ខំមិត្តភាពនោះ ។ សូមទុកពេលឲ្យគាត់មើលឃើញកិច្ចខិតខំដ៏ស្មោះត្រង់របស់អ្នក ហើយបើចាំបាច់ សូមប្រឹក្សាជាមួយថ្នាក់ដឹកនាំរបស់អ្នកថា តើទំនាក់ទំនងដ៏មានអត្ថន័យនោះនៅតែអាចទៅរួចឬទេ ។
-
ប្រាស្រ័យទាក់ទងដោយយកចិត្តទុកដាក់ ។
ការស្ថាបនាទំនាក់ទំនងដ៏មានអត្ថន័យតម្រូវឲ្យយើងធ្វើលើសពីរឿងសាមញ្ញសើរៗ ។ ការប្រាស្រ័យទាក់ទងសើរៗគឺជាការនិយាយពីនេះពីនោះដូចជា អំពីកាលវិភាគ អាកាសធាតុ និងរឿងតូចតាចផ្សេងៗ ប៉ុន្តែវាមិនរួមបញ្ចូលការចែកចាយអំពីអារម្មណ៍ ជំនឿ គោលដៅ និងកង្វល់នានាដែលចាំបាច់ធ្វើឲ្យទំនាក់ទំនងកាន់តែមានអត្ថន័យនោះទេ ។ ព្រះវរបិតាសួគ៌បានបង្ហាញគំរូអំពីទំនាក់ទំនងដ៏មានអត្ថន័យប្រភេទនេះតាមរយៈការចែកចាយអារម្មណ៍របស់ទ្រង់ និងផែនការរបស់ទ្រង់ ជាមួយព្រះរាជបុត្រារបស់ទ្រង់ ( សូមមើល យ៉ូហាន ៥:២០ ) ហើយទ្រង់បានចែកចាយជាមួយយើងតាមរយៈ ព្យាការីរបស់ទ្រង់ ( សូមមើល អេម៉ុស ៣:៧ ) ។ តាមរយៈការចែកចាយព្រឹត្តការណ៍នានា និងបញ្ហាជីវិត ពីមួយថ្ងៃទៅមួយថ្ងៃជាមួយគ្នាទៅវិញទៅមក ដោយការដឹកនាំពីព្រះវិញ្ញាណ នោះយើងនឹងកាន់តែមានអំណរគុណចំពោះគ្នា ខណៈពេលដែលយើងស្វែងយល់អំពីចំណាប់អារម្មណ៍ទូទៅដូចគ្នា ព្រមទាំងចែកចាយនូវបទពិសោធន៍ ។
ការស្តាប់គឺជាផ្នែកមួយដ៏សំខាន់ចំពោះការប្រាស្រ័យទាក់ទងដែលអ្នកត្រូវតែយកចិត្តទុកដាក់ ។ ៨ នៅពេលអ្នកស្តាប់ដោយយកចិត្តទុកដាក់ នោះឱកាសរបស់អ្នកដើម្បីជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទនឹងកើនឡើង នៅពេលដែលអ្នកយល់កាន់តែស៊ីជម្រៅអំពីសេចក្តីត្រូវការរបស់ពួកគេ ហើយខណៈនោះពួកគេ មានអារម្មណ៍ថាបានទទួលសេចក្តីស្រឡាញ់ ការយល់ចិត្ត និងសុវត្ថិភាព ។
-
អំណរគុណដោយក្ដីស្រឡាញ់មានភាពខុសគ្នាពីអារម្មណ៍ដូចគ្នាផងដែរ ។
អែលឌើរ អុជដូហ្វ បានមានប្រសាសន៍ថា « មនុស្សមួយចំនួន…ជឿថាសាសនាចក្រចង់ធ្វើឲ្យសមាជិកគ្រប់រូបដូចគ្នាទាំងស្រុង—ថាមនុស្សម្នាក់ៗគួរតែមានអារម្មណ៍ គិត និងជឿដូចគ្មាទាំងអស់ » ។ « ការណ៍នេះវាផ្ទុយពីព្រះប្រាជ្ញាញាណរបស់ព្រះ ដែលបង្កើតបុរសគ្រប់រូបខុសពីបងប្អូនប្រុសរបស់គាត់ ។…
« សាសនាចក្រចម្រើនឡើង នៅពេលយើងទាញយកអត្ថប្រយោជន៍ពីភាពខុសគ្នានេះ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍ និងប្រើប្រាស់ទេពកោសល្យរបស់យើងដើម្បីស្អាង និងពង្រឹងដល់ពួកសិស្សដែលជាបងប្អូនទាំងឡាយរបស់យើង ។ » ៩
ដើម្បីស្រឡាញ់អ្នកដទៃដូចព្រះស្រឡាញ់យើង គឺតម្រូវឲ្យយើងព្យាយាមមើលអ្នកដទៃ តាមរបៀបដែលព្រះទតមើលមកពួកគេដែរ ។ ប្រធានថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បានបង្រៀនថា « យើងត្រូវតែអភិវឌ្ឍសមត្ថភាពដើម្បីមើល [មនុស្សដទៃ] មិនមែនត្រឹមតែថា ពួកគេជានរណានាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្ដែមើលពួកគេថា ពួកគេនឹងក្លាយជាមនុស្សយ៉ាងណាផងដែរ » ។ ១០ យើងអាចអធិស្ឋានទូលសូមជំនួយឲ្យមើលឃើញទៅអ្នកដទៃតាមរបៀបដែលព្រះទតឃើញ ។ នៅពេលយើងប្រព្រឹត្តចំពោះអ្នកដទៃដោយផ្នែកលើសក្តានុពលដើម្បីរីកចម្រើន នោះពួកគេអាចធ្វើបានលើសពីក្តីរំពឹងទុក ។១១
-
សូមបម្រើពួកគេ ។
ចូរដឹងពីសេចក្ដីត្រូវការ របស់អស់អ្នកទាំងនោះ ដែលអ្នកផ្តល់ការងារបម្រើ និងមានឆន្ទៈក្នុងការលះបង់ពេលវេលា និងទេពកោសល្យរបស់អ្នក មិនថាក្នុងពេលមានតម្រូវការ ឬគ្រាន់តែអ្នកមើលថែនោះទេ ។ អ្នកអាចនៅទីនោះដើម្បីផ្ដល់ការលួងលោម គាំទ្រ និងផ្ដល់ជំនួយដែលចាំបាច់នៅពេលមានគ្រាអាសន្ន ជម្ងឺ ឬស្ថានភាពបន្ទាន់ណាមួយ ។ ប៉ុន្តែក្នុងទំនាក់ទំនងជាច្រើនយើងផ្តោតលើអ្វីដែលកើតឡើង ។ ព្រះបានប្រទានសេរីភាពដល់យើង ដើម្បីយើងអាចធ្វើសកម្មភាព ជាជាងទទួលរងសកម្មភាព (សូមមើល នីហ្វៃទី ២ ២:១៤) ។ ដូចជាសាវក យ៉ូហានបានបង្រៀនថាយើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន ( សូមមើល យ៉ូហានទី១ ៤:១៩ ) នៅពេលអ្នកដទៃទទួលអារម្មណ៍ថា យើងស្រឡាញ់គេដោយស្មោះ តាមរយៈសកម្មភាពនៃការបម្រើរបស់យើង នោះវានឹងបន្ទន់ដួងចិត្ត ហើយបង្កើនសេចក្តីស្រឡាញ់ និងការទុកចិត្ត ។ ១២ ចំណុចនេះនឹងបន្តរបង្កើនទង្វើនៃក្តីមេត្តា ដែលអាចស្ថាបនាទំនាក់ទំនង ។
ការផ្តល់ការងារបម្រើដូចដែលព្រះអង្គសង្គ្រោះបានធ្វើ
ព្រះយេស៊ូវគ្រីស្ទ បានស្ថាបនាទំនាក់ទំនងដ៏មានអត្ថន័យជាមួយសិស្សរបស់ទ្រង់ ( សូមមើល យ៉ូហាន ១១:៥ ) ។ ទ្រង់ស្គាល់ពួកគេ ( សូមមើល យ៉ូហាន ១:៤៧– ៤៨ ) ។ ទ្រង់ចំណាយពេលជាមួយពួកគេ ( សូមមើល យ៉ូហាន ២៤: ១៣– ៣១ ) ។ ទ្រង់ប្រាស្រ័យទាក់ទងជាមួយពួកគេលើសពីការសន្ទនាសើរៗ ( សូមមើល យ៉ូហាន ១៥:១៥ ) ។ ទ្រង់មានអំណរចំពោះភាពខុសគ្នារបស់ពួកគេ ( សូមមើល ម៉ាថាយ ៩:១០ ) ហើយទ្រង់មើលឃើញសក្តានុពលរបស់ពួកគេ ( សូមមើល យ៉ូហាន ១៧:២៣ ) ។ ទោះបីទ្រង់ជាព្រះអម្ចាស់លើអស់ទាំងអ្វីៗក្តី ក៏ទ្រង់យាងមកដើម្បីបម្រើអ្នកដទៃ ពុំមែនមកដើម្បីឲ្យគេផ្តល់ការងារបម្រើដល់ទ្រង់នោះទេ ( សូមមើល ម៉ាកុស ១០:៤២–៤៥ ) ។
តើអ្នកនឹងធ្វើយ៉ាងណា ដើម្បីស្ថាបនាទំនាក់ទំនងកាន់តែរឹងមាំជាមួយអ្នកទាំងឡាយដែលអ្នកត្រូវបានហៅឲ្យបម្រើនោះ ?
© 2018 by Intellectual Reserve, Inc. All rights reserved. បានបោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៧ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៧ ។ ការបកប្រែនៃ Ministering Principles, August 2018 ។ Cambodian. 15051 258