ការ​ធ្វើ​ការងារ​បម្រើ
របៀប​ដែល​ព្រះវិញ្ញាណ​អាច ( ហើយ​នឹង ) ជួយ​អ្នក​ក្នុង​ការងារ​បម្រើ
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារបម្រើ ខែ កញ្ញា ឆ្នាំ ២០១៩

របៀប​ដែល​ព្រះវិញ្ញាណ​អាច ( ហើយ​នឹង ) ជួយ​អ្នក​ក្នុង​ការងារ​បម្រើ

ការចាត់តាំង​នៃ​បព្វជិតភាព​ដើម្បី​ធ្វើ​ការងារ​បម្រើ ត្រូវបាន​ផ្ដល់​ឲ្យ​ដល់​ទាំង​បុរស និង​ស្ត្រី រួម​មាន​ទាំង​សិទ្ធិ​ដើម្បី​ទទួល​វិវរណៈ​ផងដែរ ។

គោលការណ៍​នៃ​ការងារបម្រើ ខែ កញ្ញា ឆ្នាំ ២០១៩

ministering

រចនារូបភាព​មក​ពី Getty Images

ការហៅ​ឲ្យ​ធ្វើ​ការងារ​បម្រើ និង​បម្រើ និង​សូម្បី​តែ​ស្រឡាញ់​ឲ្យ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ជួនកាល​អាច​មាន​ការពិបាក—ជា​ពិសេស​ពេល​វា​រួមមាន​ការឈោង​ទៅ​ជួយ​បុគ្គល​ទាំងឡាយ​ដែល​យើង​អាច​នឹង​មិន​ស្គាល់​ច្បាស់ ។ ជាមួយ​នឹង​របៀប​រាប់​លាន​ដើម្បី​ធ្វើ​ការងារ​បម្រើ យើង​ឆ្ងល់​ថា តើ​យើង​អាច​ដឹង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ឈោង​ទៅ​ជួយ​បុគ្គល​ទាំងឡាយ​ដែល​យើង​ត្រូវបាន​ចាត់​ឲ្យ​បម្រើ​ដោយ​របៀប​ណា ។

យើង​ពុំ​ចាំ​បាច់​ឆ្ងល់​យូរ​ទៀត​ទេ ព្រោះកិច្ច​ប្រឹងប្រែង​ដ៏​សុទ្ធចិត្ត​របស់​យើង​អាច​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ។

ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន ប្រធាន​យុវនារី​ទូទៅ បាន​មាន​ប្រសាសន៍​ថា « ការចាត់តាំង​ទៅ​ធ្វើ​ការងារ​បម្រើ​ដ៏​ពិសិដ្ឋ​របស់​បងប្អូន​ផ្តល់​សិទ្ធិ​ដ៏​ទេវភាព​ដើម្បី​ទទួល​ការបំផុស​គំនិត ។ បងប្អូន​អាច​ស្វែងរក​ការបំផុស​គំនិត​នោះ​ដោយ​មាន​ទំនុកចិត្ត » ។

នៅ​ពេល​យើង​ព្យាយាម​បម្រើ​ដូច​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ នោះ​យើង​អាច​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ដដែល ដែល​បាន​ដឹកនាំ​ទ្រង់ ។ វា​ពិត​ជា​ពិសេស​ពេល​បម្រើ​នៅក្នុង​ការចាត់តាំង​ដូច​ជា​ការងារ​បម្រើ​ដែល​ត្រូវបាន​ធ្វើ​ឡើង​ក្រោម​សិទ្ធិ​អំណាច​នៃ​កូនសោ​បព្វជិតភាព​របស់​ប៊ីស្សព ។ នេះ​ជា​យោបល់​ចំនួន​ប្រាំមួយ​ដើម្បី​ធ្វើ​ការងារ​បម្រើ​ជាមួយ​នឹង​ព្រះវិញ្ញាណ ។

តើ​ខ្ញុំ​អាចមាន​ព្រះវិញ្ញាណ​ពេល​ធ្វើ​ការបម្រើ​តាម​របៀប​ណា ?

  • ទូល​សូម​ការណែនាំ ។ ព្រះវរបិតាសួគ៌​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​យើង​ទំនាក់ទំនង​ជាមួយ​ទ្រង់​តាម​រយៈ​ការអធិស្ឋាន ។ ការអធិស្ឋាន​មិន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​យើង​ខិត​កាន់តែ​ជិត​ទ្រង់​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​រក្សា « ពរជ័យ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​ឲ្យ​រួច​ហើយ ប៉ុន្តែ​មាន​លក្ខខណ្ឌ​ថា​យើង​ត្រូវតែ​សូម​ដើម្បី​ឲ្យ​បាន​ទទួល​ពរជ័យ​នោះ » ។ ស៊ីស្ទើរ ខ័រឌុន បាន​មាន​ប្រសាសន៍​ថា « ពេល​យើង​អធិស្ឋាន និង​ព្យាយាម​យល់​ចិត្ត​របស់​ពួកគេ នោះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​យើង ហើយ​ព្រះវិញ្ញាណ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង » ។

  • កុំ​រង់ចាំ​ដើម្បី​បាន​ការបំផុស​គំនិត​មួយ ។ សូម​សកម្ម​ជា​មុន ។ ចូរ « ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:២៧ ) ហើយ​បងប្អូន​នឹង​ឃើញ​ថា កិច្ច​ប្រឹងប្រែង​របស់​បងប្អូន​អាច​ត្រូវបាន​ដឹកនាំ និង​បាន​ស្អាង​ឡើង ។ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​ថា « ការឈាន​ទៅ​មុខ​ជាមួយ​នឹង​ការបម្រើ និង​កិច្ចការ​របស់​យើង គឺ​ជា​របៀប​ដ៏​សំខាន់​មួយ​ដើម្បី​មាន​គុណសម្បត្តិ​ទទួល​បាន​វិវរណៈ ។ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ ខ្ញុំ​បាន​កត់​សម្គាល់​ថា វិវរណៈ​ដែល​មាន​ដល់​បុត្រា​បុត្រី​ព្រះ ភាគច្រើន​បំផុត បាន​កើត​មាននៅ​ពេល​ពួកគេ​ធ្វើ​កិច្ចការ មិនមែន​ពេល​ពួកគេ​កំពុង​អង្គុយ​ក្នុង​លំនៅដ្ឋាន​របស់​ពួកគេ រង់ចាំ​ឲ្យ​ព្រះអម្ចាស់​ប្រាប់​ពួកគេ​ពី​ជំហាន​ទីមួយ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ » ។

តើ​ខ្ញុំ​ស្គាល់​ការបំផុស​ឲ្យ​ធ្វើ​ការបម្រើ​តាម​របៀបណា ?

  • ចូរ​ធ្វើ​តាម​ដំបូន្មាន​របស់​មរមន ។ យើង​មិន​ចាំ​បាច់​រង់ចាំ​ដោយ​បារម្ភ​ថា តើ​មាន​គំនិត​មួយ​ត្រូវបាន​បំផុស​ឬ​អត់​នោះ​ទេ ។ មិនមែន​នៅពេល​ដែល​យើង​មានមធ្យោបាយ​ដ៏​ងាយ​មួយ​របស់​មរមន ដើម្បី​បាន​ដឹង​នោះ​ទេ ៖ ប្រសិន​បើ​បងប្អូន​មាន​គំនិត​មួយ​ដែល​បំផុស​ឲ្យ​បងប្អូន​ធ្វើ​ល្អ និង​ឲ្យ​ជឿ ឬ​ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ នោះ​បងប្អូន​អាច​ដឹង​ថា​វា​គឺ​មក​ពី​ព្រះ ( សូមមើល មរ៉ូណៃ ៧:១៦ ) ។

  • សូម​កុំ​បារម្ភ​ពី​វា ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « គ្រាន់តែ​លោត​ចូល​ក្នុង​អាង​ទឹក ហើយ​ហែល​ទៅ ។ ជួយ​អ្នក​ដែល​ត្រូវការ​ជំនួយ ។ សូម​កុំ​នៅ​សម្ងំ​ស្ងៀម​ដោយ​ឆ្ងល់​ថា តើ​បងប្អូន​គួរ​ធ្វើ​ការបម្រើ​ប្រភេទ​ណា​នោះ​ឡើយ ។ ប្រសិនបើ​យើង​ធ្វើ​តាម​គោលការណ៍​គ្រឹះ​ដែល​បាន​បង្រៀន បន្ត​ដើរ​ស្រប​ជាមួយ​នឹង​កូនសោ​បព្វជិតភាព ហើយ​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ​យើង នោះ​យើង​ពុំ​អាច​បរាជ័យ​ឡើយ » ។

តើ​អ្វី​ជា​របៀប​ល្អ​បំផុត​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ?

  • ធ្វើ​តាម​ភ្លាមៗ ។ ស៊ីស្ទើរ ស៊ូសាន បែដណា ( ភរិយា​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ) គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​ការធ្វើ​តាម​ការបំផុស​ទាំងឡាយ ។ បន្ទាប់​ពី​អធិស្ឋាន « ដើម្បី​បាន​ភ្នែក​ខាង​វិញ្ញាណ​ដើម្បី​មើល​ឃើញ​ពួក​អ្នក​ដែល​ត្រូវការ​ជំនួយ » គាត់​មើល​ជុំ​វិញ​ក្រុម​ជំនុំ ហើយ​ជា​ញឹកញាប់​នឹង « ទទួល​អារម្មណ៍​ការជំរុញ​ខាង​វិញ្ញាណ​មួយ​ឲ្យ​ទៅ​សួរសុខទុក្ខ ឬ​ទូរសព្ទ​ទៅ​មនុស្ស​ជាក់លាក់​ណា​ម្នាក់ » អែលឌើរ បែដណា បាន​ចែកចាយ​យ៉ាង​ដូច្នេះ ។ « ហើយ​ពេល​ស៊ីស្ទើរ​បែដណា​ទទួល​ការបំផុស​គំនិត​បែប​នោះ គាត់​ឆ្លើយ​តប និង​ធ្វើតាម​ការបំផុសគំនិត​នោះ ។ ជា​រឿយៗ ពេលណា​ពាក្យ ‹ អាម៉ែន › បាន​ថ្លែង​ចប់​នៅ​ពេល​អធិស្ឋាន​បិទ​ភ្លាម គាត់​នឹង​និយាយ​ជាមួយ​យុវវ័យ​ម្នាក់ ឬ​ឱប​បងប្អូន​ស្រី​ម្នាក់ ឬ​បន្ទាប់ពី​មក​ដល់​ផ្ទះ​វិញ​គាត់​ទូរសព្ទ​ទៅគេ​ភ្លាម » ។

  • ដោយ​ក្លាហាន ។ ការភ័យ​ខ្លាច​ការបដិសេធ និង​អារម្មណ៍​នៃ​ភាព​ខ្មាសអៀន ភាពខ្វះ​ចន្លោះ ឬ​ជា​មនុស្ស​រំខាន អាច​បង្អាក់​យើង​ពី​ការធ្វើ​តាម​ការបំផុស​ឲ្យ​ធ្វើ​​ការងារ​បម្រើ ។ អែលឌើរ ជែរីត ដ័បុលយូ ហ្កង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « នៅក្នុង​ពេល និង​របៀប​ផ្សេងៗ​គ្នា យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ថា ខ្វះ​សមត្ថភាព ពុំ​ប្រាកដ​ប្រជា ហើយ​ប្រហែល​ជា​មិន​ស័ក្ដិសម​ផងដែរ ។ ប៉ុន្តែ​នៅក្នុង​កិច្ចខិត​ខំ​ដ៏​ស្មោះត្រង់​របស់​យើង​ដើម្បី​ស្រឡាញ់​ព្រះ និង​ផ្តល់​ការងារ​បម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង នោះ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ និង​ការបំផុសគំនិត​ដែល​ចាំបាច់​សម្រាប់​ជីវិត​ពួកគេ និង​ជីវិត​របស់​យើង​នៅក្នុង​មធ្យោបាយ​ថ្មី និង​កាន់តែ​បរិសុទ្ធ » ។

    បងប្រុស​ម្នាក់​បាន​ចែកចាយ​ពី​របៀប​ដែល​គាត់​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ទៅកាន់​ស្វាមី​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ព្យាយាម​ធ្វើ​អត្តឃាត ។ ប៉ុន្តែ​គាត់​បាន​អញ្ជើញ​ស្វាមី​នោះ​មក​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ។ គាត់​បាន​ចែកចាយ​ថា « ពេល​ខ្ញុំ​បាន​និយាយ​ថា ‹ ភរិយា​របស់​លោក​ប៉ង​ធ្វើ​អត្តឃាត ។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​លោក​ពិបាក​ចិត្ត ។ តើ​លោក​ចង់​និយាយ​អំពី​រឿង​នេះ​ទេ ? › គាត់​បាន​ទ្រហោ​យំ​ឡើង ។ យើង​មាន​ការសន្ទនា​មួយ​ដ៏​ទន់ភ្លន់ និង​ស្និទ្ធស្នាល ហើយ​យើង​បាន​បង្កើត​ភាពជិតស្និទ្ធ និង​ទំនុកចិត្ត​មួយ​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ » ។

កំណត់​ចំណាំ

  1. បូនី អេច ខ័រដុន « ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៦ ។

  2. Bible Dictionary , “Prayer.”

  3. បូនី អេច ខ័រឌុន « ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់ » ទំព័រ ៧៦ ។

  4. ដាល្លិន អេក អូក « In His Own Time, in His Own Way » Liahona ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២៤ ។

  5. ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៧ ។

  6. ដេវីឌ អេ បែដណា « Quick to Observe » Liahona ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ១៧ ។

  7. ជែរីត ដ័បុលយូ ហ្កង « ភ្លើង​ជំរំ​នៃ​សេចក្ដីជំនឿ​របស់​យើង » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៤២ ។

  8. សូមមើល បូនី អេច ខ័រឌុន « ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់ » ទំព័រ ៧៦ ។