ការ​ធ្វើ​ការងារ​បម្រើ
ការងារ​បម្រើ​តាមរយៈ​សកម្មភាព​សាសនាចក្រ
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារ​បម្រើ

ការងារ​បម្រើ​តាមរយៈ​សកម្មសកម្មភាព​សាសនាចក្រ

women preparing food

រូបថត​ស្រ្តី​ធ្វើ​គម្រោង​បម្រើ ដោយ ឡារីនី អាឌឺម៉ា ហ្វូឆីតូ រូបថត​ការ៉េម និង​រណា​អាឈើចេញពី ។Getty Images

របៀប​មួយ​ដែល​យើង​អាច​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​វួដ អ្នក​ជិតខាង និង​មិត្តភក្ដិ​របស់​យើង គឺ​តាមរយៈ​សកម្មភាព​សាសនាចក្រ ។ មិនថា​អ្នក​រៀបចំ​ផែនការ​តាម​តម្រូវការ ឬ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ ឬ​អ្នក​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​នៅក្នុង​សកម្មភាព ឬ​ឱកាស​បម្រើ​នានា​សម្រាប់​អ្នក​ដទៃ​ទៀត សកម្មភាព​ទាំងឡាយ​ក្នុង​កម្រិត​វួដ ស្តេក ឬ​សូម្បីតែ​ពហុ​ស្តេក គឺ​អាច​ផ្ដល់​នូវ​មធ្យោបាយ​ដ៏​មាន​ន័យ និង​កម្សាន្ត​ដើម្បី​បីបាច់​ដល់​សាមគ្គីភាព និង​ពង្រឹង​សមាជិក ។

សកម្មភាព​ទាំងឡាយ​របស់​សាសនាចក្រ​អាច​បើក​ច្រក​ដល់​ឱកាស​ជា​ច្រើន​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ផងដែរ ។ ឧទាហរណ៍ សកម្មភាព​ទាំងឡាយ​របស់​សាសនាចក្រ​អាច​ផ្ដល់​ជា​ឱកាស​ដើម្បី​ចូលរួម​ក្នុង​គម្រោង​បម្រើ​នានា​ដែល​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ទៀត ហើយ​ស្ថាបនា​នូវ​ចំណង​ទាក់ទង​វិជ្ជមាន​នៅក្នុង​សហគមន៍ ។ សកម្មភាព​ទាំងឡាយ​របស់​សាសនាចក្រ​ក៏​អាច​ជា​ឱកាស​មួយ​ដើម្បី​ឈោង​ទៅ​សមាជិក​សាសនាចក្រ​ដែល​មិន​សូវ​សកម្ម និង​មិត្តភក្ដិ​ដែល​នៅ​ព្រះវិហារ​ផ្សេង​ទៀត ឬ​មិត្តភក្ដិ​ដែល​មិន​មាន​ទំនាក់ទំនង​នឹង​សាសនា​ផងដែរ ។

ការរាប់​បញ្ចូល​មនុស្ស​ជា​ច្រើន​នៅក្នុង​សកម្មភាព​សាសនាចក្រ បង្កើត​ជា​ឱកាស​មួយ​ដល់​ព្រះអម្ចាស់​ដើម្បី​ប្រទាន​ពរជ័យ និង​ពង្រឹង​វួដ និង​សាខា​របស់​យើង ភូមិផង​របស់​យើង និង​សហគមន៍​របស់​យើង ។

people shaking hands

ស្ថាបនា​ចំណង​ទាក់ទង​វិជ្ជមាន

រដូវ​រងា​ជិត​ឈាន​ចូល​មកដល់​ហើយ ដេវីឌ ឌីកសុន ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​គ្រួសារ​គាត់​ឲ្យ​មាន​ភាពកក់ក្ដៅ​នោះទេ ។

ដេវីឌ ភរិយា​គាត់ និង​កូនស្រី​ពីរ​នាក់ ទើបតែ​បាន​ប្ដូរ​មក​នៅ​ទីក្រុង​ជនបទ​ហ្វ្រេដូនៀ រដ្ឋ​អារីហ្សូណា ស.រ.អា. ជា​ទីវាល​ខ្សាច​ខ្ពស់​ដែល​ហ៊ុំព័ទ្ធ​ដោយចំណោត​ថ្ម​ក្រហម​ដ៏​អស្ចារ្យ គុម្ពោត​សេចប្រាស់ និង​ដើមឈើ​ដែល​មាន​ពណ៌​បៃតង​អស់ពេញ​មួយ​ឆ្នាំ ។

ផ្ទះ​ដែល​គ្រួសារ​ឌីកសុន​បាន​ជួល​ពឹង​ទៅលើ​ចង្ក្រាន​ដុត​ឱស​ជា​ប្រភព​កម្ដៅ​ចម្បង ។ ដេវីឌ​បាន​ដឹង​ភ្លាមៗ​ថា ការប្រមូល​ឱស​គឺ​ជា​ជំនាញ​ដ៏​ចាំបាច់​ដោយសារ​រដូវ​រងា​នៅ​ទីក្រុង​ហ្វ្រេដូនៀ​គឺ​ពោរពេញ​ទៅ​ដោយ​ព្រិល និង​ទឹកកក ។

« ខ្ញុំ​ពុំ​មាន​ឱស ឬ​ម៉ាស៊ីន​អារ​ឈើ​ទេ ហើយ​មិន​ចេះ​ទាំង​ប្រើ​វា​ផង ! » ដេវីឌ​បាន​និយាយ ។ « ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ទេ » ។

សមាជិក​វួដ​មួយ​ចំនួន​បាន​សួរ​ដេវីឌ ថា​បើ​គ្រួសារ​គាត់​មាន​ឱស​គ្រប់គ្រាន់​ដើម្បី​ប្រើ​ពេញ​មួយ​រដូវ​រងា​នោះ ។ ដេវីឌ​បាន​និយាយ​ថា « មិនយូរ​ទេ​ពួកគេ​បាន​ដឹង​ថា ខ្ញុំ​ពុំ​មាន​ឱស​គ្រប់គ្រាន់​ទេ » ។ « ភ្លាមៗ​នោះ កូរ៉ុម​អែលឌើរ​បាន​សូម​ជួយ​ខ្ញុំ​ប្រមូល​ឱស ។ ខ្ញុំ​បាន​ទទួល​ជំនួយ​របស់​ពួកគេ ដោយ​អំណរគុណ​យ៉ាង​ក្រៃលែង » ។

មិន​យូរ​ប៉ុន្មាន ដេវីឌ​បាន​ដឹង​ថា ការធ្វើ​ដំណើរ​ទៅ​ប្រមូល​ឱស​នេះ​ជា​ធម្មតា​គឺ​ជា​សកម្មភាព​វួដ​ដែល​ត្រូវ​ដាក់​ផែនការ​យ៉ាង​ល្អ រៀបចំ​យ៉ាង​ល្អ និង​មាន​ការចូលរួម​យ៉ាង​ច្រើន ។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​មួយ ដេវីឌ កូរ៉ុម​អែលឌើរ និង​សមាជិក​វួដ​ផ្សេង​ទៀត​បាន​ទៅ​ភ្នំ​ដោយ​ជិះ​ក្នុង​ក្បួន​ឡាន​ត្រាក់ និង​ឡាន​សណ្ដោង​រទេះ ។

ដេវីឌ​និយាយ​ថា « សូម​អរគុណ​ដល់​ឧបករណ៍ និង​ចំណេះដឹង​របស់​ពួកគេ តែ​ក្នុង​មួយ​រសៀល​ប៉ុណ្ណោះ សមាជិក​វួដ​បាន​ផ្ដល់​ឱស​មួយ​គំនរ​ដល់​គ្រួសារ​ខ្ញុំ ដែល​អាច​ប្រើបាន​ស្ទើរ​តែ​ពីរ​រដូវ​រងា » ។ « សំខាន់​ជាង​នោះ​ទៀត ខ្ញុំ​ត្រូវបាន​បង្រៀន​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវការ​ដឹង​អំពី​ការប្រមូល​ឱស​ដោយ​ខ្លួន​ឯង ។ មក​ទល់​នឹង​ពេល​ដែល​ខ្ញុំ​បាន​ចាកចេញ​ពី​ទីក្រុង​ហ្វ្រេដូនៀ ខ្ញុំ​បាន​ចេះ​របៀប​ប្រើ​ម៉ាស៊ីន​អារ​ឈើ ហើយ​បាន​ជួយ​ក្នុង​សកម្មភាព​ប្រមូល​ឱស​ប្រចាំ​វួដ​ច្រើន​រាប់​មិន​អស់ » ។

សកម្មភាព​វួដ​បែបនេះ​មិនត្រឹម​តែ​ស្ថាបនា​នូវ​ចំណង​ទាក់ទង​វិជ្ជមាន​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ស្ថាបនា​ចំណង​ទាក់ទង​វិជ្ជមាន​ជាមួយ​មនុស្ស​គ្រប់គ្នា​នៅក្នុង​សហគមន៍​ផងដែរ ។

ដេវីឌ​និយាយ​ថា « ខ្ញុំ​ចាំ​ស្ត្រី​ម្នាក់ មិនមែន​ជា​សមាជិក​សាសនាចក្រ​ទេ ដែល​ជា​អ្នក​ចំណូល​ថ្មី​នៅក្នុង​តំបន់ » ។ « គាត់​ត្រូវតែ​ដុត​បន្ទះ​ក្ដារ​ពី​ផ្ទះ​គាត់​ដើម្បី​ឲ្យ​បាន​កក់ក្ដៅ ។ ពេល​យើង​បាន​ដឹង​អំពី​ស្ថានភាព​របស់​គាត់ យើង​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​មាន​ឱស​គ្រប់គ្រាន់​ដើម្បី​ប្រើ​ពេញ​មួយ​រដូវ​រងា​នោះ ។ គាត់​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ស្ទើរតែ​និយាយ​មិន​ចេញ » ។

កិច្ចប្រឹងប្រែង​ក្នុង​ការផ្ដល់​ការងារ​បម្រើ​នៅក្នុង​ទីក្រុង​ហ្វ្រេដូនៀ គឺ​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់គ្នា​មាន​សុវត្ថិភាព ហើយ​កក់ក្ដៅ​ក្នុង​រដូវ​រងា ។

ឈោង​ទៅ​ជួយ​ដល់​អ្នក​ដទៃ

ខណៈ​កំពុង​បម្រើ​បេសកកម្ម​នៅក្នុង​ប្រទេស​រូម៉ានី មេគ យ៉ូសថ៍ និង​ដៃគូ​របស់​នាង​តែងតែ​ទៅ​សួរសុខទុក្ខ​គ្រួសារ​មួយ​ដែល​មិនបាន​មក​ព្រះវិហារ​ជា​យូរ​មក​ហើយ ។ មេគ​និយាយ​ថា « គ្រួសារ​ស្ទេនីកា​ជា​សមាជិក​ដំបូងៗ​នៃ​សាសនាចក្រ​នៅក្នុង​ប្រទេស​រូម៉ានី ហើយ​យើង​ស្រឡាញ់​ពួកគាត់ » ។

ពេល​ដែល​ត្រូវ​ដាក់​ផែនការ និង​រៀបចំ​សកម្មភាព​របស់​សាខា ថ្នាក់​ដឹកនាំ​បាន​សម្រេច​ចិត្ត​ថា សាខា​នឹង​មាន​កម្មវិធី « រាត្រី​អ្នក​ត្រួសត្រាយ​ផ្លូវ » មួយ ។ នេះ​ជា​រាត្រី​មួយ​ដើម្បី​អបអរ​សាទរ​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​ក្លាហាន​ដែល​បាន​ដើរ​ឆ្លងកាត់​សហរដ្ឋ​ដើម្បី​ទៅកាន់​ជ្រលង​សលត៍លេក ។ វា​ក៏​ជា​ឱកាស​មួយ​ដើម្បី​គោរព​ដល់​ពួកអ្នក​ត្រួសត្រាយ​ផ្លូវ​នៃ​សាសនាចក្រ​នៅក្នុង​ប្រទេស​រូម៉ានី​ផងដែរ ។

មេគ​និយាយ​ថា « យើង​បាន​គិត​ថា វា​ជា​របៀប​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ឲ្យ​សមាជិក​មួយ​ចំនួន​ថ្លែង​ទីបន្ទាល់​អំពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ និង​របៀប​ដែល​ពួកគេ​បាន​ឃើញ​សាសនាចក្រ​រីក​ចម្រើន​នៅក្នុង​ប្រទេស​រូម៉ានី » ។ « យើង​បាន​គិត​ភ្លាម​ថា គ្រួសារ​ស្ទេនីកា​គួរតែ​ចូលរួម ។ យើង​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម ហើយ​ពួកគេ​រំភើប​ណាស់ ! »

នៅ​រាត្រី​នៃ​សកម្មភាព​នោះ គ្រួសារ​ស្ទេនីកា​នៅតែ​មិន​ទាន់​មកដល់ ពេល​ដែល​កម្មវិធី​ត្រូវ​ចាប់ផ្ដើម ។

មេគ​រំឭក​ថា « យើង​ព្រួយ​បារម្ភ​ថា​ពួកគេ​នឹង​មិន​មក​ទេ » ។ « ប៉ុន្តែ​ពួកគេ​បានដើរ​ចូលមក​ទាន់ពេល​ល្មម ។ គ្រួសារ​ស្ទេនីកា​បាន​ថ្លែង​ទីបន្ទាល់​ដ៏​ល្អ​មួយ​អំពី​ដំណឹងល្អ និង​សាសនាចក្រ ។ ពួកគេ​ក៏​បាន​នៅ​ជជែក​លេង​ជាមួយ​សមាជិក​ផ្សេងទៀត​ដែល​ពួកគេ​មិន​បាន​ជួប​ជា​យូរ​មកហើយ​ផងដែរ » ។

សមាជិក​សាខា​បាន​លាដៃ​ស្វាគមន៍​គ្រួសារ​ស្ទេនីកា ។ ថ្ងៃ​អាទិត្យ​បន្ទាប់ មេគ​បាន​ភ្ញាក់​ផ្អើល​តែ​រីករាយ​ដែល​ឃើញ​បងស្រី​ស្ទេនីកា​នៅ​ព្រះវិហារ ។

« ពេល​ខ្ញុំ​បាន​ទៅ​លេង​សាខា​នោះ​ពីរបី​ខែ​ក្រោយមក គាត់​នៅតែ​មក​ព្រះវិហារ ! » មេគ​និយាយ ។ « ខ្ញុំ​គិត​ថា ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​របស់​គាត់ និង​ដើម្បី​មាន​អារម្មណ៍​ថា​ត្រូវបាន​រាប់​បញ្ចូល និង​ត្រូវការ​នៅក្នុង​សាខា​ពិតជា​បាន​ជួយ​គាត់ » ។

women talking

គំនិត ៤ យ៉ាង​សម្រាប់​ការផ្ដល់​ការងារ​បម្រើ​តាមរយៈ​សកម្មភាព​សាសនាចក្រ

  • ដាក់​ផែនការ​សកម្មភាព​ដែល​បំពេញ​តម្រូវការ ៖ សកម្មភាព​ទាំងឡាយ​គឺ​ជា​របៀប​ដ៏​អស្ចារ្យ​មួយ​ដើម្បី​បំពេញ​តម្រូវការ​ជា​​ច្រើន​ផ្សេងៗ​គ្នា ។ សកម្មភាព​ទាំងនោះ​អាច​ត្រូវបាន​គ្រោង​ដើម្បី​បំពេញ​តម្រូវការ​ជាក់លាក់​របស់​បុគ្គល​ម្នាក់ ឬ​ក្រុម​មួយ ។ សកម្មភាព​ទាំងនោះ​គួរតែ​បំពេញ​តម្រូវការ​អ្នក​ដែល​ចូលរួម​ផងដែរ មិនថា​តម្រូវការ​នោះ​ជា​ការស្គាល់​គ្នា​ទៅវិញ​ទៅមក​ឲ្យ​កាន់តែ​ច្បាស់ រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ ឬ​ទទួល​ព្រះវិញ្ញាណ​ក៏​ដោយ ។

  • អញ្ជើញ​មនុស្ស​គ្រប់​គ្នា ៖ ពេល​អ្នក​ដាក់​ផែនការ​សកម្មភាព សូម​ធ្វើ​កិច្ចប្រឹងប្រែង​ពិសេស​មួយ​ដើម្បី​អញ្ជើញ​អ្នក​ដែល​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការចូលរួម​នោះ ។ សូម​គិត​ពី​សមាជិក​ថ្មី សមាជិក​មិន​សូវ​សកម្ម យុវវ័យ យុវមជ្ឈិមវ័យ មនុស្ស​ដែល​មាន​ពិការភាព និង​មនុស្ស​ដែល​មក​ពី​ព្រះវិហារ​ផ្សេង​ទៀត ។ សូម​ផ្ដល់​ការអញ្ជើញ​ដោយ​គិត​ពី​ចំណាប់​អារម្មណ៍​ខ្លាំង​បំផុត​របស់​ពួកគេ​នៅក្នុង​គំនិត ហើយ​បង្ហាញ​ថា​អ្នក​ពិតជា​ចង់​ឲ្យ​ពួកគេ​មក​ចូលរួម​យ៉ាង​ខ្លាំង ។

  • លើក​ទឹកចិត្ត​ឲ្យ​មាន​ការចូលរួម ៖ អ្នក​ទាំងឡាយ​ដែល​អ្នក​អញ្ជើញ នឹង​ទទួល​ប្រយោជន៍​បាន​កាន់តែ​ច្រើន​ពី​សកម្មភាព ប្រសិនបើ​ពួកគេ​មាន​ឱកាស​ចូលរួម ។ វិធី​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម គឺ​ត្រូវ​ឲ្យ​បុគ្គល​ម្នាក់ៗ​ប្រើ​អំណោយទាន ជំនាញ និង​ទេពកោសល្យ​របស់​ពួក​គេ​នៅ​ក្នុង​សកម្មភាពនោះ ។

  • ស្វាគមន៍​មនុស្ស​គ្រប់គ្នា ៖ មិត្តភក្ដិ​របស់​អ្នក​ចូលរួម​សកម្មភាព​មួយ សូម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្វាគមន៍ ។ ដូចគ្នា​នោះ​ដែរ ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​ដែល​អ្នក​មិន​ស្គាល់ សូម​រាក់ទាក់ ហើយ​ស្វាគមន៍​ពួកគេ​ផងដែរ !