គោលការណ៍នៃការងារបម្រើ
ទំនាក់ទំនងដែលបង្ហាញថាអ្នកយកចិត្តទុកដាក់
មានវិធីជាច្រើន ដែលយើងអាចបង្ហាញថា យើងយកចិត្តទុកដាក់ ជាពិសេសនៅក្នុងគ្រានៃបុណ្យគ្រីស្ទម៉ាស់ ។ យើងអាចនិយាយអំពីវា, ផ្ញើសារអំពីវា, សរសេរអំពីវា, ឲ្យវា, ចែកចាយអំពីវា, អធិស្ឋានអំពីវា, ធ្វើនំអំពីវា, ច្រៀងអំពីវា, ឱបវា, លេងជាមួយវា, ដាំដំណាំអំពីវា ឬធ្វើការសម្អាតដើម្បីបុណ្យគ្រីស្ទម៉ាស់ ។ គឺគ្រាន់តែសាកធ្វើវាប៉ុណ្ណោះ ។
លីអាហូណា ខែ ធ្នូ ឆ្នាំ ២០១៨
ការបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដទៃគឺជាជាចំណុចសំខាន់នៃការផ្តល់ការងារបម្រើ ។ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានថ្លែងថា « ការងារបម្រើពិតគឺសម្រេចបានម្ដងមួយៗដោយសេចក្ដីស្រឡាញ់ដែលជាការលើកទឹកចិត្ត ។ … ដោយមានសេចក្ដីស្រឡាញ់ជាការលើកទឹកចិត្ត នោះអព្ភូតហេតុជាច្រើននឹងកើតមានឡើង ហើយយើងនឹងរកឃើញវិធីជាច្រើនដើម្បីនាំបងប្អូនប្រុសស្រី ‹ ដែលពុំបានមកព្រះវិហារ › របស់យើងឲ្យមករួមចំណែកក្នុងការឱបក្រសោបនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទវិញ » ។១
ការអនុញ្ញាតឲ្យអ្នកដទៃដឹងថា យើងយកចិត្តទុកដាក់ គឺជាធាតុសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងផ្ទាល់ខ្លួន ។ ប៉ុន្តែមនុស្សផ្សេងៗទទួលសារលិខិតនេះតាមរបៀបផ្សេងៗគ្នា ។ ដូច្នេះតើយើងអាចបង្ហាញសេចក្តីស្រឡាញ់របស់យើងដោយសមរម្យ ចំពោះអ្នកដទៃក្នុងរបៀបមួយដែលពួកគេនឹងយល់ ហើយមានអំណរគុណដោយរបៀបណា ? នេះគឺជាមធ្យោបាយមួយចំនួនដើម្បីទាក់ទងដែលបង្ហាញថា យើងយកចិត្តទុកដាក់ ជាមួយនឹងយោបល់មួយចំនួនដើម្បីចាប់ផ្តើមគំនិតរបស់អ្នក ។
និយាយវា
ជួនកាល វាគ្មានអ្វីជំនួសឲ្យការនិយាយអំពីអារម្មណ៍ដែលអ្នកមានអំពីនរណាម្នាក់ឡើយ ។ នេះអាចមានន័យថា ជាការប្រាប់នរណាម្នាក់ថា អ្នកស្រឡាញ់ពួកគេ វាក៏រួមមានទាំងការចែកចាយអ្វីដែលអ្នកកោតសរសើរពីពួកគេ ឬថ្លែងការសរសើរដោយស្មោះសរ ។ ការបញ្ជាក់បែបនេះជួយពង្រឹងដល់ទំនាក់ទំនង ។ ( សូមមើល អេភេសូរ ៤:២៩ ) ។
-
សូមស្វែងរកឱកាសដើម្បីឲ្យបុគ្គលម្នាក់ៗដឹងថា អ្នកកោតសរសើរយ៉ាងខ្លាំងចំពោះភាពរឹងប៉ឹងរបស់ពួកគេ ។
-
ឆៀងចូលលេង, ទូរសព្ទទៅ ឬផ្ញើអ៊ីម៉ែល ផ្ញើសា ឬធ្វើប័ណ្ណប្រាប់បុគ្គលម្នាក់ៗថា អ្នកគិតអំពីពួកគេ ។
ទៅសួរសុខទុក្ខ
ចំណាយពេលនិយាយជាមួយ និងស្តាប់នរណាម្នាក់ គឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ដើម្បីបង្ហាញថា អ្នកផ្តល់តម្លៃដល់គាត់ជាខ្លាំង ។ ទោះបីជាអ្នកទៅសួរសុខទុក្ខនៅផ្ទះ ព្រះវិហារ ឬនៅកន្លែងផ្សេងៗទៀត នោះមានមនុស្សជាច្រើនដែលត្រូវការនរណាម្នាក់ដែលពួកគេអាចនិយាយជាមួយ ។ ( សូមមើល ម៉ូសាយ ៤:២៦; គ. និង ស. ២០:៤៧ ) ។
-
ស្របតាមតម្រូវការរបស់បុគ្គលម្នាក់ៗ នោះសូមដាក់កាលវិភាគមួយដើម្បីទៅសួរសុខទុក្ខ ។ សូមចំណាយពេលដើម្បីស្តាប់ និងយល់អំពីកាលៈទេសៈរបស់គាត់ ។
-
នៅទីណាដែលពិបាកទៅសួរសុខទុក្ខដល់ផ្ទះដោយសារតែចម្ងាយផ្លូវឆ្ងាយ ទំនៀមទម្លាប់វប្បធម៌ ឬកាលៈទេសៈផ្សេងៗទៀត នោះសូមគិតពីការស្វែងរកពេលជួបគ្នាបន្ទាប់ពីការប្រជុំនៅព្រះវិហារ ។
បម្រើដោយមានគោលបំណង
សូមយកចិត្តទុកដាក់អំពីតម្រូវការរបស់បុគ្គលម្នាក់ៗ ឬក្រុមគ្រួសារ ។ ការផ្តល់ការបម្រើដែលប្រកបដោយអត្ថន័យជាទំនាក់ទំនងដែលបង្ហាញថាអ្នកយកចិត្តទុកដាក់ ។ វារួមផ្សំជាមួយនឹងអំណោយដ៏មានគុណតម្លៃនៃពេលវេលា និងកិច្ចខិតខំដែលមានការចេះគិតគូរ ។ ស៊ីស្ទើរប៊ីងហាំងបានថ្លែងថា « ទង្វើសាមញ្ញៗនៃការបម្រើអាចមានឥទ្ធិពលដ៏ខ្លាំងទៅលើអ្នកដទៃ » ។២
-
ផ្តល់ការបម្រើដែលពង្រឹងដល់បុគ្គលម្នាក់ៗ ឬគ្រួសាររបស់ពួកគេ ដូចជាការមើលថែក្មេងៗ ដើម្បីឲ្យឪពុកម្តាយអាចទៅព្រះវិហារបរិសុទ្ធជាដើម ។
-
សូមស្វែងរកវិធីនានាដើម្បីបន្ធូរបន្ទុកនៅពេលមានការស្មុគស្មាញក្នុងជីវិត ដូចជាការសម្អាតបង្អួច បណ្តើរឆ្កែ ឬជួយសម្អាតនៅទីធ្លា ។
ធ្វើកិច្ចការនានាជាមួយគ្នា
មានបុគ្គលជាច្រើនដែលពុំព្រមទាក់ទងតាមរយៈការសន្ទនាដ៏ស៊ីជម្រៅឡើយ ។ សម្រាប់មនុស្សមួយចំនួន ទំនាក់ទំនងកើតមានតាមរយៈការស្វែងរកចំណាប់អារម្មណ៍រួមគ្នា ឬចំណាយពេលនៅជាមួយគ្នាធ្វើកិច្ចការទាំងនោះ ។ ព្រះអម្ចាស់ជំរុញយើងថា « នៅជាមួយ និងចម្រើនកម្លាំង » (គ. និង ស. ២០:៥៣ ) បងប្អូនប្រុសស្រីរបស់យើង ។
-
ដើរលេងកម្សាន្ត, លេងហ្គេមកម្សាន្តនាពេលយប់ ឬកំណត់ម៉ោងជាទៀងទាត់ដើម្បីហាត់ប្រាណជាមួយគ្នា ។
-
បម្រើជាមួយគ្នាក្នុងគម្រោងសហគមន៍ ឬព្រះវិហារ ។
ផ្ដល់អំណាយ
ជួនកាល ពេលវេលា ឬឱកាសដើម្បីទាក់ទងគ្នាមានកំណត់ ។ នៅក្នុងវប្បធម៌ជាច្រើន ការផ្តល់អំណោយគឺជាទីសម្គាល់មួយនៃការយកចិត្តទុកដាក់ និងការយល់ចិត្តថ្លើមគ្នា ។ យូរៗម្តង អំណោយសាមញ្ញៗអាចទាក់ទងចំណាប់អារម្មណ៍របស់អ្នកឲ្យកសាងទំនាក់ទំនងកាន់តែប្រសើរឡើង ។ ( សូមមើល សុភាសិត ២១:១៤ ) ។
-
ជូនអាហារដែលពួកគេចូលចិត្ត ។
-
ចែកចាយសម្តីដកស្រង់ ខគម្ពីរ ឬសារលិខិតផ្សេងទៀតដែលអ្នកទទួលអារម្មណ៍ថា វាអាចមានប្រយោជន៍ដល់ពួកគេ ។
ពលកម្មនៃសេចក្តីស្រឡាញ់
នៅពេលអ្នកស្គាល់បុគ្គលដែលអ្នកត្រូវផ្តល់ការងារបម្រើបានច្បាស់ និងអ្នកដែលអ្នកស្វែងរកការបំផុសគំនិត នោះអ្នកនឹងរៀនកាន់តែពិសេស អំពីរបៀបទាក់ទងសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់អ្នកដល់ពួកគេម្នាក់ៗ ។
គីមប៊ើលី សីប៊ូត មកពីរដ្ឋ អូរិហ្គេន ស. រ. អា. ប្រាប់រឿងមួយអំពីការស្វែងរកការបំផុសគំនិត និងការផ្តល់អំណោយដើម្បីបង្ហាញសេចក្តីស្រឡាញ់ ៖
« នៅពេលខ្ញុំឃើញថា ជីវិតខ្ញុំកំពុងមានភាពស្មុគស្មាញ នោះខ្ញុំបានក្រោកឡើង ហើយធ្វើនំបុ័ង ជាទូទៅខ្ញុំធ្វើចំនួនប្រាំបីដុំ ។ គ្រឿងផ្សំពិសេសរបស់ខ្ញុំគឺការអធិស្ឋានដោយស្ងាត់ៗដែលខ្ញុំបានថ្លែង នៅពេលខ្ញុំដុតនំបុ័ងនោះដើម្បីដឹងថា តើនរណាត្រូវការនំបុ័ងនេះ ។ ខ្ញុំអាចស្គាល់អ្នកជិតខាងដែលនៅជុំវិញខ្ញុំច្បាស់ នៅពេលខ្ញុំយកនំបុ័ងក្តៅៗទៅផ្ទះ និងជីវិតរបស់ពួកគេ ។
« នៅថ្ងៃមួយនារដូវក្តៅ ខ្ញុំបានបើកឡានកាត់គ្រួសារមួយដែលលក់ភេសជ្ជៈប្លាកប៊ើរីនៅលើចិញ្ចើមផ្លូវ ។ ខ្ញុំមិនត្រូវការប្លាកប៊ើរីបន្ថែមទៀតទេ ប៉ុន្តែក្មេងប្រុសរាងស្គមដែលកំពុងឈរនោះ មានចិត្តរីករាយដែលឃើញខ្ញុំ ដោយគិតថា ខ្ញុំគឺជាអតិថិជនបន្ទាប់ទៀតរបស់គាត់ ។ ខ្ញុំបានទិញប្លាកប៊ើរីមួយចំនួន ហើយខ្ញុំក៏មានអំណោយមួយឲ្យគាត់ផងដែរ ។ ខ្ញុំបានឲ្យនំបុ័ងពីរដុំដល់ក្មេងប្រុសនោះ ។ គាត់បានងាកទៅមើលឪពុកគាត់ដើម្បីសុំការអនុញ្ញាត បន្ទាប់មកក្មេងប្រុសនោះនិយាយថា ‹ មើលនែ៎ប៉ា ឥឡូវយើងមានអាហារបរិភោគហើយថ្ងៃនេះ › ។ ខ្ញុំមានអំណរគុណចំពោះឱកាសនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់នៅក្នុងរបៀបដ៏សាមញ្ញាមួយ » ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានអង្វរកថា « សូមឲ្យបុរសស្ត្រីគ្រប់រូប—និងយុវជនយុវនារីពេញវ័យរបស់យើង—នឹង [ មាន ] … ការតាំងចិត្តកាន់តែខ្លាំងចំពោះការថែទាំដោយអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដែលជំរុញទឹកចិត្តតែតាមរយៈសេចក្ដីស្រឡាញ់សុទ្ធសាធរបស់ព្រះគ្រីស្ទដើម្បីធ្វើដូច្នោះប៉ុណ្ណោះ » ។ … សូមឲ្យយើងធ្វើការរួមគ្នាជាមួយព្រះអម្ចាស់នៃចម្ការទំពាំងបាយជូរ ដើម្បីជួយដល់ព្រះវរបិតារបស់យើងឆ្លើយតបនឹងការអធិស្ឋាន ផ្ដល់ការលួងលោមចិត្ត ជូតទឹកភ្នែក និងពង្រឹងជង្គង់ដែលញ័រ » ។៣
ព្រះយេស៊ូវគ្រីស្ទយកព្រះទ័យទុកដាក់
ពីមុនព្រះយេស៊ូវគ្រីស្ទបានប្រោសឡាសារឲ្យរស់ពីស្លាប់ឡើងវិញ « ព្រះយេស៊ូវគ្រីស្ទបានព្រះកន្សែង ។
« ដូច្នេះពួកសាសន៍យូដានិយាយថា មើលលោកស្រឡាញ់គាត់ណាស់ហ្ន៎ ! » ( យ៉ូហាន ១១:៣៥–៣៦ ) ។
ព្រះគ្រីស្ទមានបន្ទូលទៅកាន់ពួកសាសន៍នីហ្វៃថា « យើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា » ។ បន្ទាប់មកទ្រង់បានហៅអ្នកឈឺ និងអ្នករងទុក្ខ អ្នកពិការ និងអ្នកខ្វាក់របស់ពួកគេ ហើយ « ទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា » ( សូមមើល នីហ្វៃទី ៣ ១៧:៧–៩ ) ។
ព្រះអង្គសង្គ្រោះបានធ្វើគំរូដល់យើង នៅពេលទ្រង់បានយកព្រះទ័យទុកដាក់លើអ្នកដទៃ ។ ទ្រង់ បានបង្រៀនយើងថា ៖
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្តអស់ពីព្រលឹង ហើយអស់អំពីគំនិតឯង ។
នេះជាបញ្ញត្តយ៉ាងសំខាន់ទីមួយ ។
ហើយបញ្ញត្តទីពីរក៏បែបដូចគ្នាគឺថា ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( ម៉ាថាយ ២២:៣៧–៣៩ ) ។
តើនរណាខ្លះត្រូវការការមើលថែពីអ្នក ? តើអ្នកអាចបង្ហាញពួកគេថា អ្នកយកចិត្តទុកដាក់យ៉ាងដូចម្តេច ?