គោលការណ៍នៃការងារបម្រើ ខែសីហា ឆ្នាំ ២០១៩
តើខ្ញុំអាចជួយនរណាម្នាក់ឲ្យ ផ្លាស់ប្តូរដែរឬទេ ?
ប្រាកដណាស់ ។ ប៉ុន្តែតួនាទីអ្នកអាចខុសពីអ្វីដែលអ្នកគិត ។
គោលការណ៍នៃការងារបម្រើ ខែសីហា ឆ្នាំ ២០១៩
យើងត្រូវបានបង្កើតមកជាមួយនឹងសមត្ថភាពដើម្បីផ្លាស់ប្តូរ ។ ការរីកចម្រើនឆ្ពោះទៅរកសក្តានុពលនៃភាពជាព្រះរបស់យើងគឺជាគោលបំណងនៃបទពិសោធន៍ក្នុងជីវិតរមែងស្លាប់របស់យើងនេះ ។ គោលដៅដ៏ធំបំផុតមួយរបស់យើងនៅក្នុងការងារបម្រើគឺជួយមនុស្សដទៃឲ្យមកកាន់ព្រះគ្រីស្ទ ហើយធ្វើការផ្លាស់ប្តូរចាំបាច់ ដើម្បីត្រឡប់ទៅកាន់វត្តមានទ្រង់វិញ ។ ប៉ុន្តែដោយសារសិទ្ធិជ្រើសរើសរបស់ពួកគេ នោះតួនាទីរបស់យើងក្នុងការជួយពួកគេឲ្យប្រែកាន់តែដូចព្រះគ្រីស្ទនោះមានដែនកំណត់ ។
នេះគឺជាមេរៀនទាំង ៧ មកពីព្រះអង្គសង្គ្រោះស្តីពីរបៀបដែលយើងអាចជួយមនុស្សដទៃក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីផ្លាស់ប្តូរ និងប្រែកាន់តែដូចទ្រង់ ។
-
កុំខ្លាចក្នុងការអញ្ជើញឲ្យផ្លាស់ប្តូរ
ព្រះអង្គសង្គ្រោះពុំខ្លាចអញ្ជើញមនុស្សដទៃឲ្យចាកចេញពីផ្លូវចាស់ ហើយចាប់យកការបង្រៀនរបស់ទ្រង់នោះទេ ។ ទ្រង់បានអញ្ជើញពេត្រុស និង យ៉ាកុបឲ្យចេញពីមុខរបររបស់ពួកគេ ហើយ « ក្លាយជាអ្នកនេសាទមនុស្សវិញ » ( ម៉ាកុស ១:១៧ ) ។ ទ្រង់បានអញ្ជើញស្ត្រីម្នាក់ដែលគេទាន់ក្នុងការប្រព្រឹត្តិកំផិតថា « អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ » ( យ៉ូហាន ៨:១១ ) ។ ទ្រង់បានអញ្ជើញកម្លោះអ្នកមានម្នាក់ឲ្យលះបង់ចិត្តជំពាក់នឹងទ្រព្យសម្បត្តិលោកិយរបស់គាត់ ហើយដើរតាមទ្រង់ ( សូមមើល ម៉ាកុស ១០:១៧–២២ ) ។ យើងក៏អាចមានទាំងសេចក្តីក្លាហាន ហើយសេចក្តីស្រឡាញ់ ពេលយើងអញ្ជើញមនុស្សដទៃធ្វើការផ្លាស់ប្តូរ ហើយដើរតាមព្រះអង្គសង្គ្រោះដែរ ។
-
ចូរចាំថា វាជាជម្រើសរបស់ពួកគេដើម្បីផ្លាស់ប្តូរ
របៀបការផ្លាស់ប្តូរដែលព្រះអង្គសង្គ្រោះអញ្ជើញពុំអាចត្រូវបានបង្ខំឡើយ ។ ព្រះអង្គសង្គ្រោះបានបង្រៀន ហើយអញ្ជើញ ប៉ុន្តែទ្រង់ពុំបានបង្ខំនោះទេ ។ កម្លោះអ្នកមានរូបនោះ « ចេញទៅទាំងចិត្តព្រួយ » ( ម៉ាថាយ ១៩:២២ ) ។ នៅកាពើណិមសិស្សរបស់ទ្រង់ជាច្រើននាក់បានជ្រើសដើម្បី « ដកខ្លួនថយចេញ » ហើយទ្រង់បានសួរពួកដប់ពីរនាក់ថា តើពួកគេនឹងដកខ្លួនថយដែរឬ ( សូមមើល យ៉ូហាន ៦:៦៦–៦៧ ) ។ អ្នកដើរតាម យ៉ូហាន បាទីស្ទ មួយចំនួនបានជ្រើសរើសធ្វើតាមព្រះអង្គសង្គ្រោះ អ្នកផ្សេងទៀតពុំធ្វើតាមឡើយ ( សូមមើល យ៉ូហាន ១:៣៥–៣៧; ១០:៤០–៤២ ) ។ យើងអាចអញ្ជើញមនុស្សដទៃឲ្យប្រែក្លាយដូចជាទ្រង់ ប៉ុន្តែយើងពុំអាចធ្វើការសម្រេចចិត្តដើម្បីផ្លាស់ប្តូរជំនួសពួកគេទេ ។ ហើយប្រសិនបើពួកគេពុំទាន់ជ្រើសរើសផ្លាស់ប្តូរនៅឡើយ យើងក៏ពុំគួរបោះបង់ពួកគេដែរ—ហើយយើងក៏ពុំគួរមានអារម្មណ៍ថា យើងបរាជ័យដែរ ។
-
អធិស្ឋានទូលសូមសមត្ថភាពរបស់មនុស្សដទៃដើម្បីផ្លាស់ប្តូរ
អំឡុងពេលទ្រង់អធិស្ឋានអង្វរជំនួស ព្រះយេស៊ូវបានទូលសូមព្រះឲ្យពួកសិស្សរបស់ទ្រង់អាចចៀសចេញពីសេចក្តីអាក្រក់ ប្រែកាន់តែដូចទ្រង់ និងព្រះវរបិតា ហើយពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះ ( សូមមើល យ៉ូហាន ១៧:១១, ២១–២៣, ២៦ ) ។ ហើយការដឹងថា ពេត្រុសត្រូវការកម្លាំងក្នុងកិច្ចខិតខំរបស់លោក ដើម្បីរីកចម្រើននៅក្នុងតួនាទីលោក នោះព្រះអង្គសង្គ្រោះបានអធិស្ឋានសម្រាប់លោក ( សូមមើល លូកា ២២:៣២ ) ។ ការអធិស្ឋានរបស់យើងសម្រាប់មនុស្សដទៃអាចធ្វើឲ្យមានការផ្លាស់ប្តូរ ( សូមមើល យ៉ាកុប ៥:១៦ ) ។
-
បង្រៀនពួកគេឲ្យពឹងផ្អែកលើព្រះចេស្តាទ្រង់
មានតែតាមរយៈព្រះអង្គសង្គ្រោះប៉ុណ្ណោះដែលយើងអាចផ្លាស់ប្តូរពិតប្រាកដ ហើយរីកចម្រើនឆ្ពោះទៅកាន់សក្តានុពលដ៏ទេវភាព ដែលយើងទាំងអស់គ្នាមាន ។ ទ្រង់គឺជា « ផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាម [ ទ្រង់ ] នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ( យ៉ូហាន ១៤:៦ ) ។ គឺព្រះចេស្តារបស់ទ្រង់ដែលអាច « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែ » បាន ( អេធើរ ១២:២៧ ) ។ សេចក្តីជំនឿលើព្រះចេស្តាដ៏ធួនរបស់ទ្រង់អាចធ្វើឲ្យអាលម៉ាជាកូនផ្លាស់ប្តូរ ( សូមមើល អាលម៉ា ៣៦:១៦–២៣ ) ។ យើងអាចបង្រៀនមនុស្សដទៃឲ្យពឹងផ្អែកលើព្រះអង្គសង្គ្រោះដើម្បីពួកគេក៏អាចមាននូវអំណាចនៃការបន្សុទ្ធរបស់ទ្រង់ក្នុងជីវិតរបស់ពួកគេផងដែរ ។
-
ប្រព្រឹត្តចំពោះពួកគេថាពួកគេអាចផ្លាស់ប្តូរបាន
សេចក្តីស្រឡាញ់ និងការទទួលយកអាចក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏មានឥទ្ធិពល ។ ស្ត្រីនៅអណ្តូងទឹកបានរស់នៅជាមួយបុរសម្នាក់ដែលពុំមែនជាស្វាមីនាងទេ ។ សិស្សរបស់ព្រះយេស៊ូវ « នឹកប្លែកពីទ្រង់មានព្រះបន្ទូលនឹងស្ត្រីរូបនោះ » ( យ៉ូហាន ៤:២៧ ) ប៉ុន្តែព្រះយេស៊ូវខ្វល់ព្រះទ័យខ្លាំងពីអ្វីដែលនាងអាចប្រែក្លាយ ។ ទ្រង់បានបង្រៀននាង ហើយផ្តល់ឱកាសឲ្យនាងផ្លាស់ប្តូរ ហើយនាងបានផ្លាស់ប្តូរមែន ។ ( សូមមើល យ៉ូហាន ៤:៤–៤២ ) ។
កាលណាយើងប្រព្រឹត្តនឹងមនុស្សដទៃដូចនូវអ្វីដែលពួកគេធ្វើ ដោយមិនឃើញពីអ្វីដែលពួកគេនឹងប្រែក្លាយ នោះយើងអាចបង្អាក់ការរីកចម្រើនរបស់ពួកគេ ។ ផ្ទុយទៅវិញ យើងអាចអភ័យទោស ហើយបំភ្លេចកំហុសចាស់ៗចោល ។ យើងអាចជឿថា មនុស្សដទៃអាចផ្លាស់ប្ដូរបាន ។ យើងអាចមើលរំលងភាពទន់ខ្សោយ ហើយបង្ហាញពីលក្ខណៈវិជ្ជមានដែលពួកគេពុំអាចមើលឃើញក្នុងខ្លួនពួកគេ ។ « យើងមានការទទួលខុសត្រូវដើម្បីមើលបុគ្គលម្នាក់ៗពុំមែនជាបុគ្គលក្នុងពេលបច្ចុប្បន្ននេះទេ ប៉ុន្តែជាបុគ្គលដែលពួកគេនឹងប្រែក្លាយវិញ » ។១
-
ទុកឲ្យពួកគេទៅតាមល្បឿនពួកគេ
ការផ្លាស់ប្ដូរត្រូវការពេលវលា ។ យើងទាំងអស់គ្នាត្រូវ « ស៊ូនៅក្នុងសេចក្ដីអត់ធន់ចុះ រហូតដល់ [ យើង ] បានល្អឥតខ្ចោះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១៣ ) ។ ព្រះយេស៊ូវមានព្រះទ័យអត់ធ្មត់ជាមួយមនុស្សដទៃ ហើយបន្តបង្រៀន ទោះអ្នកទាំងនោះប្រឆាំងទ្រង់ក្តី ដោយថ្លែងទីបន្ទាល់អំពីតួនាទីរបស់ទ្រង់ដែលព្រះវរបិតាទ្រង់បានប្រទានឲ្យ ហើយឆ្លើយសំណួររបស់ពួកគេ ( សូមមើល ម៉ាថាយ ១២:១–១៣; យ៉ូហាន ៧:២៨–២៩ ) ។ យើងអាចអត់ធ្មត់ជាមួយមនុស្សដទៃ ហើយលើកទឹកចិត្តពួកគេឲ្យអត់ធ្មត់ជាមួយខ្លួនពួកគេផងដែរ ។
-
កុំបោះបង់ ប្រសិនបើពួកគេវិលត្រឡប់ទៅផ្លូវចាស់របស់ពួកគេវិញ
បន្ទាប់ពីព្រះគ្រីស្ទសុគត សូម្បីតែពេត្រុស និងពួកសាវកមួយចំនួនផ្សេងទៀតបានត្រឡប់ទៅធ្វើអ្វីដែលពួកគេធ្លាប់ធ្វើពីមុន ( សូមមើល យ៉ូហាន ២១:៣ ) ។ ព្រះគ្រីស្ទបានរំឭកពេត្រុសថា លោកត្រូវ « ឲ្យចំណីដល់កូនចៀម [ ទ្រង់ ] ស៊ីផង » ( សូមមើល យ៉ូហាន ២១:១៥–១៧ ) ហើយពេត្រុសបានត្រឡប់ទៅកាន់ការងារបម្រើវិញ ។ វាអាចជារឿងងាយស្រួលណាស់ដែលមនុស្សទាំងអស់ត្រឡប់ទៅផ្លូវចាស់វិញ ។ យើងអាចបន្តគាំទ្រដោយការលើកទឹកចិត្តដ៏ទន់ភ្លន់ និងការអញ្ជើញដ៏បំផុសគំនិតដើម្បីបន្តធ្វើតាមព្រះអង្គសង្គ្រោះ ហើយព្យាយាមប្រែកាន់តែដូចទ្រង់ ។
អនុញ្ញាតឲ្យមនុស្សដទៃរីកចម្រើន
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ប្រាប់រឿងនេះអំពីការអនុញ្ញាតឲ្យមនុស្សដទៃរីកចម្រើន ៖ « មានគេប្រាប់ខ្ញុំអំពីយុវជនម្នាក់ដែលក្លាយជាផ្ទាំងស៊ីបមួយនៃការនិយាយលេងកំប្លែងគ្រប់រឿងទាំងអស់ក្នុងសាលាគាត់អស់ពេលជាច្រើនឆ្នាំ ។ គាត់មានគុណវិបត្តិមួយចំនួន ហើយវាធ្វើឲ្យមិត្តភក្តិគាត់ងាយនឹងចំអន់គាត់ណាស់ ។ ក្រោយមកទៀត គាត់បានប្តូរទៅរស់នៅឆ្ងាយ ។ ទីបំផុតគាត់បានចូលបម្រើកងទ័ព ហើយមានបទពិសោធន៍ជោគជ័យមួយចំនួននៅក្នុងការអប់រំ ហើយជាទូទៅបានប្រសើរជាងពីអតីតកាលរបស់គាត់ ។ លើសពីនោះទៀត ដូចមនុស្សជាច្រើននៅក្នុងជួរកងទ័ពដែរ គាត់បានរកឃើញភាពល្អ និងភាពរុងរឿងនៃសាសនាចក្រ ហើយបានសកម្ម និងរីករាយនៅក្នុងសាសនាចក្រ ។
បីបួនឆ្នាំក្រោយមក គាត់បានត្រឡប់ទៅទីក្រុងដែលគាត់ធ្លាប់នៅកាលពីក្មេងវិញ ។ មនុស្សដែលនៅជំនាន់គាត់បានបន្តរីកចម្រើន ប៉ុន្តែមិនមែនទាំងអស់គ្នាទេ ។ តាមការជាក់ស្តែង ពេលគាត់ត្រឡប់មកវិញប្រកបដោយជោគជ័យ និងការកើតជាថ្មី នោះគំនិតចាស់ដែលគាត់ធ្លាប់មានពីមុននោះគឺនៅមានដដែល ដោយរង់ចាំការត្រឡប់មកវិញរបស់គាត់ ។ ចំពោះមនុស្សនៅក្នុងទីក្រុងរបស់គាត់ គាត់នៅតែជាមនុស្សដដែល ‹ បុគ្គលដដែល › ។…
ទីបំផុត កិច្ចខិតខំរបស់បុរសរូបនេះដែលបានធ្វើដូចជាប៉ុល ក្នុងការបោះបង់ចោលអំពើអាក្រក់ ហើយចាប់យកតម្លៃដែលព្រះបានដាក់នៅចំពោះមុខគាត់ត្រូវបានថយបន្តិចម្តងៗ រហូតដល់គាត់បានធ្លាក់ទៅក្នុងសភាពកាលពីយុវវ័យរបស់គាត់ ។… គួរឲ្យស្តាយ និងអាក្រក់ណាស់ គាត់ត្រូវបានហ៊ុមព័ទ្ធដោយអ្នកដែលគិតពីអតីតកាលរបស់គាត់ជាជាងចាប់អារម្មណ៍ពីអនាគតរបស់គាត់ ។ ពួកគេបានរៀបចំទាញគាត់ចេញពីកណ្តាប់ដៃដែលព្រះគ្រីស្ទបានចាប់គាត់ទុក ។ ហើយគាត់បានស្លាប់ដោយសោកសៅ ទោះបីគាត់មានកំហុសតែបន្តិចបន្តួចនោះក្តី ។…
«ចូរឲ្យមនុស្សប្រែចិត្ត ។ ចូរឲ្យមនុស្សរីកចម្រើនឡើង ។ ចូរជឿថា មនុស្សអាចផ្លាស់ប្តូរបាន ហើយកែលម្អខ្លួនបាន » ។២
© 2019 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៨ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៨ ។ ការបកប្រែនៃ Ministering Principles, August 2019. Cambodian. 15769 258