គោលការណ៍នៃការងារបម្រើ
ការទទួលជំនួយដើម្បីជួយមនុស្សដទៃ
តើយើងអាចឲ្យមនុស្សដទៃចូលរួមនឹងយើង នៅពេលយើងត្រូវការជំនួយក្នុងកិច្ចខិតខំរបស់យើងដើម្បីផ្តល់ការងារបម្រើយ៉ាងដូចម្តេច ? ចូលរួមនៅក្នុងការសម្ភាសអំពីការងារបម្រើ និងការប្រជុំក្រុមប្រឹក្សានៅថ្ងៃអាទិត្យសប្តាហ៍ទីមួយ ។
លីអាហូណា ខែ តុលា ឆ្នាំ ២០១៨
នៅពេលជំងឺក្រិនច្រើនកន្លែងបានធ្វើឲ្យខាធីនៅជាប់គាំងតែលើរទេះរុញ នោះគាត់បានឃើញថា គាត់ត្រូវការជំនួយរៀងរាល់យប់ដើម្បីក្រោកចេញពីរទេះរុញទៅកាន់គ្រែដេករបស់គាត់ ។ កិច្ចការនេះវាហួសពីសមត្ថភាពដែលសមាជិកម្នាក់អាចធ្វើបាន ។ ដូច្នេះកូរ៉ុមអែលឌើរបានប្រឹក្សាអំពីស្ថានភាពរបស់គាត់ ហើយសម្រេចចិត្តធ្វើកាលវិភាគមួយដើម្បីជួយគាត់រៀងរាល់ល្ងាច ។១
នៅពេលយើងដឹងអំពីតម្រូវការ និងកម្លាំងនៃអស់អ្នកដែលយើងបម្រើ នោះយើងអាចឃើញថា យើងត្រូវការជំនួយដើម្បីជួយបំពេញតម្រូវការរបស់ពួកគេ ។ ការសម្ភាសអំពីការងារបម្រើ និងការប្រជុំក្រុមប្រឹក្សានៅថ្ងៃអាទិត្យសប្តាហ៍ទីមួយ គឺជាឱកាសពីរដើម្បីពិភាក្សាអំពីរបៀបឲ្យមនុស្សដទៃចូលរួមដោយសមរម្យ ។
ការសម្ភាសអំពីការងារបម្រើ
ការសម្ភាសក្នុងរយៈពេលត្រីមាសទាំងនេះ រវាងបងប្អូនស្រីដែលផ្តល់ការងារបម្រើ និងគណៈប្រធានសមាគមសង្គ្រោះ ឬបងប្អូនប្រុសដែលផ្តល់ការងារបម្រើ និងគណៈប្រធានកូរ៉ុមអែលឌើរគឺជារបាយការណ៍ ផ្លូវការ តែមួយគត់ ដែលយើងធ្វើឡើងទាក់ទងនឹងអស់អ្នកដែលយើងផ្តល់ការងារបម្រើ ។ ការសម្ភាសយ៉ាងហោចណាស់រៀងរាល់ត្រីមាសគឺជាឱកាសមួយដើម្បី ( ១ ) ប្រឹក្សាអំពីភាពរឹងមាំ សេចក្ដីត្រូវការ និងឧបសគ្គនានារបស់គ្រួសារ និងបុគ្គលទាំងឡាយដែលត្រូវបានចាត់តាំង ( ២ ) កំណត់ថា តើសេចក្ដីត្រូវការណាខ្លះ ដែលកូរ៉ុម និងសមាគមសង្គ្រោះ ឬក្រុមប្រឹក្សាវួដអាចជួយបាន និង ( ៣ ) រៀនពីថ្នាក់ដឹកនាំ និងដើម្បីទទួលការលើកទឹកចិត្តក្នុងកិច្ចខិតខំធ្វើការងារបម្រើ ។
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះទាក់ទងអំពីតម្រូវការសំខាន់ៗដោយផ្ទាល់ទៅកាន់ប៊ីស្សព ហើយនឹងទទួលការទូន្មាន ព្រមទាំងការណែនាំពីលោក ។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការសម្ភាសការងារបម្រើនៅគេហទំព័រ ministering.lds.org ។
ការធ្វើឲ្យការសម្ភាសអំពីការងារបម្រើកាន់តែមានអត្ថន័យ
នៅក្នុងការគាំទ្រដល់សេចក្តីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុន ដែលថា កម្មវិធីនៃការងារបម្រើជាកត្តាកំណត់ដែលជះឥទ្ធិពលដល់អនាគតនៃសាសនាចក្រ នោះអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ការបំពេញនូវទស្សនវិស័យរបស់លោក … អាចផ្អែកទៅលើរបៀបដែលបងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើនឹងត្រូវបានបង្រៀន ព្រមទាំងពាក់ព័ន្ធនឹងការសម្ភាសអំពីការងារបម្រើបានល្អប៉ុណ្ណា » ។២
គន្លឹះចំនួនបួនសម្រាប់បងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើើ ៖
-
ទៅសម្ភាសដោយស្វែងរកការទូន្មាន ។ ត្រៀមខ្លួនរួចជាស្រេចដើម្បីរៀន ។
-
រៀបចំខ្លួនដើម្បីពិភាក្សាអំពីតម្រូវការដែលអ្នកអាចត្រូវការជួយការប្រជុំ ។
-
ផ្ដោតទៅលើភាពខ្លាំង និងសមត្ថភាពរបស់បុគ្គលម្នាក់ៗ ពុំមែនគ្រាន់តែតម្រូវការនោះទេ ។
-
ទាក់ទងទៅគណៈប្រធាននៅចន្លោះពេលការសម្ភាសក្នុងត្រីមាសទាំងឡាយ ដើម្បីប្រឹក្សាតាមការចាំបាច់ ។
គន្លឹះប្រាំចំណុចសម្រាប់អ្នកដឹកនាំ ៖
-
ការសម្ភាសពុំចាំបាច់ប្រើពេលវេលាយូរឡើយ ប៉ុន្តែសូមដាក់កាលវិភាគឲ្យមានពេលគ្រប់គ្រាន់ជួបនៅកន្លែងមួយដែលអនុញ្ញាតឲ្យមានការសន្ទនាមួយដ៏មានអត្ថន័យ ។
-
ឆ្លៀតឱកាសធ្វើការងារបម្រើដល់បងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើនោះ ។
-
កុំសួរសំណួរដែលហាក់ដូចជាបង្ហាញថា អ្នកកំពុងរាប់ការទៅសួរសុខទុក្ខ ឬគូសចំណាំនៅលើបញ្ជីឈ្មោះដែលត្រូវទាក់ទង ( « តើអ្នកបានធ្វើការងារបម្រើរបស់អ្នកចប់សព្វគ្រប់ហើយឬ ? » ) នោះឡើយ ។ ចូរសួរសំណួរដែលពង្រឹងដល់ឥរិយាបថដែលមានបំណងប្រាថ្នា ( « តើអ្នកទទួលបានការបំផុសគំនិតអ្វីខ្លះ នៅពេលអ្នកបានអធិស្ឋានសម្រាប់ក្រុមគ្រួសារនោះ ? តើមានអ្វីខ្លះបានកើតឡើងនៅពេលអ្នកបានអនុវត្តតាមការបំផុសគំនិតទាំងនោះ ? » )
-
ស្តាប់ដោយចិត្តស្មោះសរ ហើយកត់ត្រា ។
-
ប្រឹក្សាជាមួយគ្នា ។ ដៃគូនៃអ្នកផ្តល់ការងារបម្រើមានសិទ្ធិទទួលវិវរណៈសម្រាប់អស់អ្នកដែលពួកគេត្រូវបានចាត់ឲ្យផ្តល់ការងារបម្រើ ។
សំណួរ និង ចម្លើយស្តីពីការសម្ភាសអំពីការងារបម្រើ
តើការសម្ភាសអំពីការងារបម្រើគឺជាអ្វី ?
វាគឺជាការពិភាក្សារវាងបងប្អូនប្រុសដែលផ្តល់ការងារបម្រើ និងសមាជិកម្នាក់នៃគណៈប្រធានកូរ៉ុមអែលឌើរ ឬរវាងបងប្អូនស្រីដែលផ្តល់ការងារបម្រើ និងសមាជិកម្នាក់នៃគណៈប្រធានសមាគមសង្គ្រោះ នៅក្នុងបរិយាកាសមួយដែលអនុញ្ញាតឲ្យពួកគេស្វែងរក និងទទួលការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ជាលទ្ធផល បងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើអាចត្រូវបានបំផុសគំនិតដើម្បីមើលថែ ស្រឡាញ់ បង្រៀន និងលួងលោមតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
តើការសម្ភាសប្រចាំត្រីមាសទាំងនេះចាំបាច់ត្រូវតែជួបមុខគ្នាផ្ទាល់ដែរឬទេ ?
ជាធម្មតា ការសម្ភាសទាំងនោះត្រូវធ្វើឡើងដោយជួបមុខគ្នាផ្ទាល់ ប៉ុន្តែវាក៏អាចធ្វើការសម្ភាសតាមទូរសព្ទ ឬតាមអ៊ីនធើរណែត ប្រសិនបើការជួបផ្ទាល់ពុំអាចធ្វើទៅបាននោះ ។ ជាទូទៅ ដៃគូទាំងពីរនាក់នឹងចូលរួមនៅក្នុងការសម្ភាសនៅពេលសមរម្យ ។
តើអ្វីទៅជាគោលបំណងនៃការសម្ភាសអំពីការងារបម្រើ ?
ការសម្ភាសអំពីការងារបម្រើគឺជាឱកាសដើម្បីឲ្យបងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើ រំឭកឡើងវិញនូវស្ថានភាពបច្ចុប្បន្ន ដាក់ផែនការសម្រាប់អនាគត ហើយទទួលជំនួយដែលចាំបាច់ដល់បុគ្គលម្នាក់ៗ ឬក្រុមគ្រួសារដែលពួកគេផ្តល់ការងារបម្រើ ។ វាជាឱកាសមួយដើម្បីពិភាក្សាអំពីធនធានអ្វីខ្លះដែលកូរ៉ុម និងសមាគមសង្គ្រោះអាចផ្ដល់ឲ្យ ។
តើខ្ញុំអាចដោះស្រាយបញ្ហាដែលសម្ងាត់ ឬបញ្ហាដែលងាយនឹងប៉ះពាល់អារម្មណ៍យ៉ាងដូចម្តេច ?
បងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើចែកចាយព័ត៌មានសម្ងាត់តែជាមួយប្រធានកូរ៉ុមអែលឌើរ ឬប្រធានសមាគសង្គ្រោះប៉ុណ្ណោះ — ឬដោយផ្ទាល់ជាមួយប៊ីស្សព ។ ព័ត៌មានសម្ងាត់ ឬដែលងាយនឹងប៉ះពាល់អារម្មណ៍គួរតែពុំត្រូវបានចែកចាយនៅក្នុងការប្រជុំក្រុមប្រឹក្សានៅថ្ងៃអាទិត្យសប្តាហ៍ទីមួយឡើយ ។
ការប្រជុំក្រុមប្រឹក្សានៅថ្ងៃអាទិត្យសប្តាហ៍ទីមួយ
ក្រៅពីការសម្ភាសអំពីការងារបម្រើ ការប្រជុំក្រុមប្រឹក្សានៅថ្ងៃអាទិត្យសប្តាហ៍ទីមួយគឺជារបៀបមួយទៀតដើម្បីឲ្យមនុស្សដទៃចូលរួមនៅក្នុងការងារបម្រើ ។ នៅក្នុងការប្រជុំសមាគមសង្គ្រោះ និងអែលឌើរកូរ៉ុម នោះការបំផុសគំនិតអាចកើតឡើងដល់អស់អ្នកដែលចូលរួមតាមរយៈព្រះវិញ្ញាណ និងពីអ្នកដទៃនៅក្នុងក្រុមនោះ ។
គោលបំណងនៃការប្រជុំក្រុមប្រឹក្សាគឺដើម្បី ៖
-
« ប្រឹក្សារួមគ្នាអំពីការទទួលខុសត្រូវ ឱកាស និងឧបសគ្គនានាក្នុងមូលដ្ឋាន
-
រៀនពីការយល់ដឹង និងបទពិសោធន៍របស់គ្នាទៅវិញទៅមក ព្រមទាំង
-
ដាក់គោលដៅដើម្បីអនុវត្តតាមការបំផុសគំនិតដែលបានទទួលមកពីព្រះវិញ្ញាណ » ។3
ការប្រជុំក្រុមប្រឹក្សាគឺលើសពីការពិភាក្សាមួយទៅទៀត ៖ ការប្រជុំទាំងនេះនាំយើងឲ្យអនុវត្តជាបុគ្គលម្នាក់ៗ ឬអនុវត្តជាក្រុមនៅពេលត្រូវបានបំផុសគំនិតពីព្រះវិញ្ញាណ ។ សមាជិកអាចទទួលអារម្មណ៍នូវបំណងប្រាថ្នាដើម្បីសម្រេចបាននូវកិច្ចការរបស់ព្រះអម្ចាស់ដែលជាលទ្ធផលនៃការប្រជុំទាំងនេះ ។
ការអញ្ជើញឲ្យអនុវត្ត
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ការអធិស្ឋានរបស់យើងថ្ងៃនេះ គឺសូមឲ្យបុរសស្ត្រីគ្រប់រូប — នឹងយុវជនយុវនារីវ័យចំណាស់របស់យើង — នឹង [ មាន ] ការតាំងចិត្តកាន់តែខ្លាំងចំពោះការថែទាំដោយអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដែលជំរុញទឹកចិត្តតែតាមរយៈសេចក្ដីស្រឡាញ់សុទ្ធសាធរបស់ព្រះគ្រីស្ទដើម្បីធ្វើដូច្នោះប៉ុណ្ណោះ » ។4