គោលការណ៍នៃការងារបម្រើ ខែ កញ្ញា ឆ្នាំ ២០១៨
ការប្រឹក្សាអំពីសេចក្តីត្រូវការទាំងឡាយរបស់ពួកគេ
អ្នកមិនត្រូវធ្វើកិច្ចការនេះតែម្នាក់ឯងនោះទេ ។ ការប្រឹក្សាអាចផ្តល់ឲ្យអ្នកនូវជំនួយដែលអ្នកត្រូវការ នៅក្នុងការជួយដល់អ្នកដទៃ ។
ព្រះបានអញ្ជើញអ្នកឲ្យធ្វើការងារបម្រើដល់បុគ្គលម្នាក់ ឬ គ្រួសារមួយនៅក្នុងវួដ ឬសាខាស្របតាមសេចក្តីត្រូវការទាំងឡាយរបស់ពួកគេ ។ តើយើងអាចដឹងអំពីសេចក្ដីត្រូវការទាំងនោះយ៉ាងដូចម្ដេច ? គោលការណ៍នៃការប្រឹក្សាគឺជា គន្លឹះដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងសាសនាចក្រ ។
បន្ទាប់ពីការពិភាក្សា យើងនឹងពិចារណាអំពីអ្វីដែលត្រូវប្រឹក្សា នោះយើងនឹងធ្វើការស្វែងយល់អំពី ៖
-
ការប្រឹក្សាជាមួយព្រះវរបិតាសួគ៌ ។
-
ការប្រឹក្សាជាមួយបុគ្គល និងគ្រួសារដែលបានចាត់តាំង ។
-
ការប្រឹក្សាជាមួយដៃគូររបស់យើង
-
ហើយធ្វើការប្រឹក្សាជាមួយអ្នកដទៃទៀតដែលបានចាត់តាំងទៅបុគ្គល ឬគ្រួសារដូចគ្នានោះ ។
ការប្រឹក្សាជាមួយថ្នាក់់ដឹកនាំរបស់យើងក៏មានសារៈសំខាន់ផងដែរ ។ អត្ថបទមួយស្តីអំពីគោលការណ៍នៃការងារបម្រើដែលនឹងចេញផ្សាយនាពេលខាងមុខនៅក្នុងលីអាហូណានឹងមាននូវការស្វែងយល់អំពីការប្រឹក្សាជាមួយថ្នាក់ដឹកនាំក៏ដូចជាអំពីតួនាទីនៃការសម្ភាសន៍អំពីការងារបម្រើនៅក្នុងដំណើរការនោះដែរ ។
ប្រធានបទដែលយើងអាចធ្វើការប្រឹក្សាអំពី
ការយល់ដឹងអំពីសេចក្តីត្រូវការទាំងឡាយគឺមានសារៈសំខាន់ដើម្បីធ្វើការងារបម្រើដល់គ្នាទៅវិញទៅមក ។ ប៉ុន្តែ តើសេចក្តីត្រូវការទាំងនោះអាចស្តែងចេញមកក្នុងទម្រង់យ៉ាងណាខ្លះ ហើយថាតើមានអ្វីផ្សេងទៀតក្រៅតែពីសេចក្តីត្រូវការទាំងឡាយនោះដែលយើងគួរដឹងដែរឬទេ ?
សេចក្តីត្រូវការអាចកើតឡើងតាមរបៀបជាច្រើន ។ អស់អ្នកដែលយើងផ្តល់ការបម្រើ អាចនឹងជួបនូវឧបសគ្គជាច្រើនដែលទាក់ទង និងខាងអារម្មណ៍ ខាងហិរញ្ញវត្ថុ ខាងរាងកាយ ខាងការអប់រំ និងអ្វីៗជាច្រើន ។ សេចក្តីត្រូវការខ្លះមានអាទិភាពជាងសេចក្តីត្រូវការផ្សេងទៀត ។ សេចក្តីត្រូវការមួយចំនួន យើងអាចជួយបាន ចំណែកសេចក្តីត្រូវការមួយចំនួនទៀតតម្រូវឲ្យមានការចូលរួមពីសំណាក់អ្នកដទៃទៀតដើម្បីជួយ ។ នៅក្នុងកិច្ចខំប្រឹងប្រែងនានារបស់យើងដើម្បីជួយបំពេញតាមតម្រូវការខាងលោកិយ នោះសូមកុំភ្លេចថា ការហៅឲ្យធ្វើការងារបម្រើរបស់យើងមានរួមបញ្ចូលទាំងការជួយអ្នកដទៃឲ្យរីកចម្រើនលើផ្លូវនៃសេចក្តីសញ្ញា ការរៀបចំ និងការទទួលនូវពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពដែលចាំបាច់សម្រាប់ការលើកតម្កើង ។
បន្ថែមពីលើការប្រឹក្សាអំពីសេចក្តីត្រូវការរបស់បុគ្គលម្នាក់ ឬ គ្រួសារមួយ យើងក៏គួរតែស្វែងយល់ឲ្យដឹងអំពីភាពរឹងមាំរបស់ពួកគេផងដែរ ។ តើផ្នែកអ្វីខ្លះដែលពួកគេមិនត្រូវការជំនួយនោះ ? តើសមត្ថភាពនិងអំណោយទានអ្វីខ្លះដែលពួកគេមាន ដែលអាចផ្តល់ពរដល់មនុស្សដទៃ ? តើពួកគេអាចជួយបានល្អបំផុតយ៉ាងដូចម្តេច ដើម្បីស្ថាបនានគររបស់ព្រះ ? ភាពរឹងមាំរបស់បុគ្គលម្នាក់ៗ អាចនឹងសំខាន់ដែលត្រូវស្វែងយល់ដូចជាសេចក្តីត្រូវការរបស់គាត់ ឬ នាងដែរ ។
ការប្រឹក្សាជាមួយព្រះវរបិតាសួគ៌
គោលលទ្ធិដ៏សំខាន់មួយនៃសេចក្តីជំនឿរបស់យើងគឺថា ព្រះវបិតាសួគ៌មានព្រះបន្ទូលមកកាន់បុត្រាបុត្រីរបស់ទ្រង់( សូមមើលមាត្រានៃសេចក្តីជំនឿ ១:៩) ។ នៅពេលដែលយើងទទួលបាននូវការចាត់តាំងថ្មីមួយ ដើម្បីផ្តល់ការងារបម្រើដល់នរណាម្នាក់ យើងគួរតែប្រឹក្សាជាមួយព្រះវបិតាសួគ៌តាមរយៈការអធិដ្ឋាន ស្វែងរកនូវប្រាជ្ញា និងការយល់ដឹងអំពីសេចក្តីត្រូវការនានា និងភាពរឹងមាំទាំងឡាយរបស់ពួកគេ ។ ដំណើរការនៃការប្រឹក្សាតាមរយៈការអធិដ្ឋាននោះ គប្បីបន្តរហូតក្នុងការចាត់តាំងនៃការងារបម្រើនោះ ។
ការប្រឹក្សាជាមួយបុគ្គល និងក្រុមគ្រួសារ
របៀបនិងពេលវេលាដែលយើងទំនាក់ទំនងជាមួយបុគ្គលនិងក្រុមគ្រួសារដែលយើងត្រូវបានហៅឲ្យបម្រើ វាអាស្រ័យទៅលើកាលៈទេសៈផ្សេងៗគ្នា ប៉ុន្តែការប្រឹក្សាដោយផ្ទាល់ជាមួយបុគ្គល ឬ គ្រួសារគឺសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនង និងការយល់ដឹងពីសេចក្តីត្រូវការនានារបស់ពួកគេ ដោយរួមទាំងរបៀបដែលពួកគេចង់ឲ្យជួយផងដែរ ។ សំណួរមួយចំនួនអាចត្រូវរង់ចាំរហូតដល់ទំនាក់ទំនងដ៏មានខ្លឹមសារមួយត្រូវបានបង្កើតឡើងសិន ។ នៅពេលដែលមិនមាននូវវិធីដ៏ត្រឹមត្រូវជាក់លាក់ណាមួយដើម្បីធ្វើរឿងនោះ សូមពិចារណានូវសេចក្តីដូចខាងក្រោម ៖
-
សូមស្វែងរកនូវរបៀបនិងពេលវេលាដែលពួកគេចង់ឲ្យទាក់ទង ។
-
សូមរៀនអំពីចំណាប់អារម្មណ៍ និងប្រវត្តិរបស់ពួកគេ ។
-
មកដោយមានយោបល់ពីរបៀបនានាដែលអ្នកអាចជួយ ហើយសុំយោបល់របស់ពួកគេ ។
នៅពេលដែលយើងសាងនូវទំនុកចិត្ត ចូរពិចារណាពីការពិភាក្សានូវសេចក្តីត្រូវការនៃបុគ្គល ឬ គ្រួសារ ។ សួរសំណួរនានាដូចបានបំផុសដោយព្រះវិញ្ញាណបរិសុទ្ធ ។១ ឧទាហរណ៍ ៖
-
តើមានឧបសគ្គអ្វីខ្លះដែលពួកគេជួបប្រទះ ?
-
តើអ្វីខ្លះជាគោលដៅរបស់បុគ្គល ឬ គ្រួសារ ? ឧទាហរណ៍ ៖ តើពួកគេចង់ធ្វើឲ្យការធ្វើរាត្រីជួបជុំគ្រួសារកាន់តែប្រសើរ និងទៀងទាត់ ឬ កាន់តែប្រែក្លាយមានភាពខ្លួនទីពឹងខ្លួនឬទេ ?
-
តើយើងអាចជួយពួកគេជាមួយនឹងគោលដៅព្រមទាំងឧបសគ្គនានាយ៉ាងដូចម្ដេច ?
-
តើពិធីបរិសុទ្ធដំណឹងល្អអ្វីខ្លះដែលនឹងកើតមាននៅក្នុងជីវិតរបស់ពួកគេ ? តើអ្នកអាចជួយពួកគេក្នុងការរៀបចំខ្លួនបានយ៉ាងដូចម្ដេច ?
សូមចងចាំដើម្បីផ្តល់នូវការជួយដែលជាក់លាក់ដូចជា « តើរាត្រីមួយណាក្នុងសប្តាហ៍នេះដែលយើងអាចនាំយកអាហារជូនអ្នក ? » ការផ្តល់នូវការជួយដែលមិនជាក់លាក់ដូចជា « សូមប្រាប់យើងប្រសិនបើមានអ្វីដែលយើងអាចជួយ » វាមិនសូវមានប្រសិទ្ធភាពទេ ។
ការប្រឹក្សាជាមួយដៃគូររបស់យើង
ដោយព្រោះថា អ្នកនិងដៃគូរអ្នកអាចនឹងមិនតែងតែនៅជាមួយគ្នានៅពេលដែលអ្នកធ្វើការទំនាក់ទំនងជាមួយបុគ្គល ឬ គ្រួសារ វាសំខាន់ដើម្បីធ្វើការសម្របសម្រួល និងប្រឹក្សារួមគ្នានៅពេលអ្នកស្វែងរកការបំផុសគំនិតក្នុងនាមជាដៃគូម្នាក់ ។ នេះគឺជាសំណួរមួយចំនួនដែលអ្នកអាចលើកយកមកពិចារណា ៖
-
តើអ្នកនឹងទាក់ទងជាមួយគ្នាក្នុងនាមជាដៃគូដោយរបៀបណា និងញឹកញាប់ប៉ុណ្ណា ?
-
តើអ្នកអាចប្រើភាពរឹងមាំរបស់អ្នកដើម្បីធ្វើការងារបម្រើចំពោះសេចក្តីត្រូវការរបស់គ្រួសារ ឬ បុគ្គលដោយរបៀបណា ?
-
តើកិច្ចការអ្វីខ្លះដែលអ្នកបានរៀន តើបទពិសោធន៍អ្វីខ្លះដែលអ្នកបានទទួល និងតើការបំផុសគំនិតអ្វីខ្លះដែលអ្នកធ្លាប់បានទទួលចាប់តាំងពីពេលចុងក្រោយបំផុតដែលអ្នកបាននិយាយអំពីបុគ្គល ឬ គ្រួសារមួយ ?
ការប្រឹក្សាជាមួយអ្នកដទៃទៀតដែលបានចាត់តាំង
ជានិច្ចជាកាល វាអាចជាការល្អដើម្បីនិយាយជាមួយនិងអ្នកដទៃទៀតដែលត្រូវបានចាត់ឲ្យផ្តល់ការងារបម្រើទៅដល់បុគ្គល ឬ គ្រួសារតែមួយដូចអ្នកដែរ ។
ការធ្វើទំនាក់ទំនងដើម្បីដោះស្រាយនូវរាល់ឧបសគ្គទាំងឡាយ
អ៊ែលឌើរ ឈី ហុង (សាំ) វ៉ុង ក្នុងពួកចិតសិបនាក់អនុវត្តតាមព្រឹត្តិការណ៍មកពីម៉ាកុស ២មកក្នុងជំនាន់របស់យើងដើម្បីឆ្លុះបញ្ចាំងពីរបៀបនៃការប្រឹក្សារួមគ្នាអាចសម្រេចកិច្ចការបាន សម្រាប់មនុស្សបួននាក់រិះគិតមើលអំពីរបៀបដើម្បីអនុញ្ញាតឲ្យបុរសម្នាក់ដែលមានជម្ងឺស្វិតដៃជើងអាចចូលមកចំពោះវត្តមាននៃព្រះយេស៊ូវបាន ។
អ៊ែលឌើរ វ៉ុងបានមានប្រសាសន៍ថា « វាអាចនឹងកើតឡើងដោយរបៀបនេះ » ។ « មនុស្សបួននាក់បានកំពុងតែបំពេញការចាត់តាំងមកពីប៊ីស្សពរបស់ពួកគេ ឲ្យទៅសួរសុខទុក្ខបុរសដែលមានជំងឺស្វិតដៃជើងនោះនៅឯផ្ទះរបស់គាត់ ។ … នៅក្នុងក្រុមប្រឹក្សាវួដថ្មីៗ បន្ទាប់ពីប្រឹក្សារួមគ្នាអំពីតម្រូវការនានាក្នុងវួដហើយ នោះប៊ីស្សពបានចាត់ឲ្យមាននូវកិច្ចការ ‹ ការជួយសង្គ្រោះ › ។ អ្នកទាំងបួននេះត្រូវបានចាត់ឲ្យជួយបុរសម្នាក់នេះ ។ …
« [ នៅពេលដែលពួកគេបានមកដល់អគារជាទីដែលព្រះគ្រីស្ទគង់នៅនោះ ] បន្ទប់នោះមានមនុស្សចង្អៀតណែនណាន់ ។ ពួកគេមិនអាចចូលតាមមាត់ទ្វារបានឡើយ ។ ខ្ញុំជឿថា ពួកគេបានព្យាយាមតាមគ្រប់វិធីដែលពួកគេ អាចគិតឃើញ ប៉ុន្តែពួកគេនៅតែមិនអាចចូលទៅបាន ។ … ពួកគេបានប្រឹក្សារួមគ្នាពីអ្វីដែលត្រូវធ្វើបន្ទាប់ទៀត—ពីរបៀបដែលពួកគេអាចនាំបុរសនោះទៅឲ្យព្រះយេស៊ូវគ្រីស្ទព្យាបាល ។ ពួកគេបានមានផែនការមួយ—ជាអ្វីមួយដ៏ពិបាក ប៉ុន្តែពួកគេបានធ្វើវា ។
« … ‹ ពួកគេបានបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលពួកគេបានទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ › ( ម៉ាកុស ២:៤ ) …
« … ‹ ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ › (ម៉ាកុស ២:៥) ។ »២
ការអញ្ជើញឲ្យអនុវត្ត
អ៊ែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ នៃកូរ៉ុមសាវកដប់ពីរនាក់បានដាស់តឿនថា « ប្រឹក្សាជាមួយគ្នា ប្រើគ្រប់ធនធានដែលមាន ស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណ ទូលព្រះអម្ចាស់សុំការបញ្ជាក់ពីទ្រង់ ហើយបន្ទាប់មកមូរដៃអាវរបស់អ្នកហើយចេញទៅធ្វើការ ។
« ខ្ញុំសូមសន្យានឹងបងប្អូនថា ប្រសិនបើបងប្អូននឹងធ្វើតាមគំរូនេះ បងប្អូននឹងទទួលការណែនាំជាក់លាក់ និងលម្អិតថាតើនរណា អ្វីខ្លះ ពេលណានិងទីណាដើម្បីផ្តល់ឲ្យតាមមាគ៌ារបស់ព្រះអម្ចាស់ » ។៣
© 2018 by Intellectual Reserve, Inc. All rights reserved . បានបោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៧ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៧ ។ ការបកប្រែនៃMinistering Principles ខែ កញ្ញា ឆ្នាំ ២០១៨ ។ Cambodian.15052 258