គោលការណ៍នៃការងារបម្រើ ខែ មីនា ឆ្នាំ ២០១៩
របៀបចែកចាយទីបន្ទាល់ឲ្យកាន់តែល្អ
ការងារបម្រើគឺជាការថ្លែងទីបន្ទាល់ ។ ភាពងាយបត់បែនក្នុងការងារបម្រើ អាចបង្កើនឱកាសឲ្យយើងចែកចាយទីបន្ទាល់តាមរបៀបផ្លូវការ និងមិនផ្លូវការ ។
យើងបានចុះសេចក្ដីសញ្ញាថានឹង « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ ការចែកចាយទីបន្ទាល់របស់យើងគឺជាផ្នែកមួយនៃការឈរជាសាក្សី ហើយគឺជារបៀបដ៏មានអានុភាពមួយ ដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យប៉ះដួងចិត្តរបស់នរណាម្នាក់ ហើយផ្លាស់ប្ដូរជីវិតរបស់ពួកគេ ។
ប្រធាន អិមរ័សុល អិម បាឡឺដ ដែលជាប្រធានស្តីទីកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពោលថា « ទីបន្ទាល់—ទីបន្ទាល់ពិត ដែលកើតពីព្រះវិញ្ញាណ ហើយបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ—ផ្លាស់ប្ដូរជីវិតទាំងឡាយ » ។១
ប៉ុន្ដែការចែកចាយទីបន្ទាល់របស់យើងអាចភ័យ ឬមិនស្រណុកចិត្តសម្រាប់ពួកយើងមួយចំនួន ។ ការណ៍នោះអាចកើតឡើង ដោយសារយើងគិតថា ការចែកចាយទីបន្ទាល់របស់យើងគឺជាអ្វីមួយដែលយើងធ្វើនៅក្នុងការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ឬនៅពេលដែលបង្រៀនមេរៀនមួយ ។ នៅក្នុងមជ្ឈដ្ឋានជាផ្លូវការទាំងនោះ ជាញឹកញាប់យើងប្រើពាក្យ និងឃ្លាមួយចំនួនដែលមើលទៅហាក់ដូចមិនអាចប្រើបាននៅក្នុងការសន្ទនាធម្មតា ។
ការចែកចាយទីបន្ទាល់របស់យើងអាចក្លាយជាពរជ័យមួយដ៏ទៀងទាត់ជាងនេះនៅក្នុងជីវិតរបស់យើង និងជីវិតរបស់មនុស្សដទៃទៀត នៅពេលយើងយល់ពីភាពសាមញ្ញរបស់វាក្នុងការចែកចាយនូវអ្វីដែលយើងជឿក្នុងមជ្ឈដ្ឋានប្រចាំថ្ងៃ ។ នេះគឺជាគំនិតមួយចំនួនដើម្បីជួយអ្នកឲ្យចាប់ផ្ដើម ។
រក្សាវាឲ្យសាមញ្ញ
ទីបន្ទាល់មិនចាំបាច់ចាប់ផ្ដើមដោយឃ្លាថា « ខ្ញុំសូមថ្លែងទីបន្ទាល់ថា » ហើយវាមិនចាំបាច់បញ្ចប់ដោយ « នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន » នោះទេ ។ ទីបន្ទាល់គឺជាការបង្ហាញពីអ្វីដែលយើងជឿ និងដឹងថាវាពិត ។ ដូច្នេះសួរសុខទុក្ខអំពីបញ្ហាអ្វីមួយរបស់អ្នកជិតខាងនៅតាមផ្លូវ រួចពោលថា « ខ្ញុំដឹងថា ព្រះនឹងឆ្លើយតបការអធិស្ឋាន » នោះវាអាចមានអានុភាពខ្លាំងដូចជាទីបន្ទាល់នានាដែលថ្លែងចេញពីលើវេទិកានៅព្រះវិហារផងដែរ ។ អំណាចពុំមែនកើតចេញមកពីភាសារោយរាយនោះទេ ប៉ុន្ដែវាកើតចេញមកពីព្រះវិញ្ញាណបរិសុទ្ធដើម្បីបញ្ជាក់ពីសេចក្ដីពិត ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:៧–៨ ) ។
ស្របនឹងលំនាំនៃការសន្ទនាទូទៅ
ប្រសិនបើយើងមានឆន្ទៈចែកចាយ នោះវាមានឱកាសជាច្រើននៅជុំវិញខ្លួនយើង ដើម្បីបញ្ចូលទីបន្ទាល់ទៅក្នុងការសន្ទនាប្រចាំថ្ងៃ ។ ឧទាហរណ៍ ៖
-
នរណាម្នាក់សួរអ្នកអំពីថ្ងៃចុងសប្ដាហ៍របស់អ្នក ។ អ្នកឆ្លើយថា « វាអស្ចារ្យណាស់ ។ ខ្ញុំគ្រាន់តែទៅព្រះវិហារប៉ុណ្ណោះ » ។
-
នរណាម្នាក់បង្ហាញពីអារម្មណ៍អាណិតអាសូរ ក្រោយពីដឹងអំពីឧបសគ្គនៅក្នុងជីវិតរបស់អ្នក ៖ « ខ្ញុំសោកស្ដាយណាស់ » ។ អ្នកឆ្លើយ ៖ « សូមអរគុណចំពោះការខ្វល់ខ្វាយរបស់អ្នក ។ ខ្ញុំដឹងថា ព្រះនឹងទតមើលមកខ្ញុំ ។ ទ្រង់បានគង់នៅជាមួយខ្ញុំពីមុនមក » ។
-
នរណាម្នាក់ថ្លែង ៖ « ខ្ញុំសង្ឃឹមថា អាកាសធាតុមិនល្អនេះនឹងផ្លាស់ប្ដូរក្នុងពេលឆាប់ៗ » ឬ « ឡានក្រុងប្រាកដជាយឺតហើយ » ឬ « មើលទៅចរាចរណ៍នេះទៅ » ។ អ្នកអាចតបទៅវិញថា « ខ្ញុំដឹងប្រាកដថា ព្រះនឹងជួយឲ្យអ្វីៗដំណើរការល្អប្រសើរឡើង » ។
ចែកចាយបទពិសោធន៍របស់អ្នក
ជាញឹកញាប់យើងនិយាយគ្នាអំពីឧបសគ្គរបស់យើង ។ នៅពេលនរណាម្នាក់ប្រាប់អ្នកអំពីអ្វីដែលពួកគេកំពុងប្រឈមមុខ អ្នកអាចចែកចាយពីគ្រាមួយ ដែលព្រះបានជួយអ្នកនៅក្នុងការសាកល្បងរបស់អ្នក ហើយថ្លែងទីបន្ទាល់ថា អ្នកដឹងថា ទ្រង់អាចជួយពួកគេបានផងដែរ ។ ព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងពង្រឹងយើងនៅក្នុងការសាកល្បងរបស់យើងដើម្បីឲ្យ « អ្នករាល់គ្នាអាចឈរជាសាក្សីដល់យើងពីអំណិះតទៅ ហើយដើម្បីឲ្យអ្នករាល់គ្នាអាចដឹងជាពិតប្រាកដថា ព្រះអម្ចាស់ដ៏ជាព្រះមករករាស្ត្រយើងក្នុងពេលគេស្ថិតក្នុងសេចក្ដីវេទនា » ( ម៉ូសាយ ២៤:១៤ ) ។ យើងអាចឈរជាសាក្សីដល់ទ្រង់ នៅពេលយើងថ្លែងទីបន្ទាល់អំពីរបៀបដែលទ្រង់បានជួយយើងនៅក្នុងការសាកល្បងរបស់យើង ។
ត្រៀមខ្លួនជាស្រេច
សម្រាប់ពួកយើងមួយចំនួន ការចែកចាយទីបន្ទាល់ភ្លាមៗអាចជារឿងគួរឲ្យភ័យខ្លាចមួយ ។ មានរបៀបជាច្រើនដែលយើងអាចរៀបគម្រោងទុកជាមុនបាន ហើយ « ប្រុងប្រៀបជានិច្ចដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរ [ យើង ] ពីហេតុនៃសេចក្តីសង្ឃឹមរបស់ [ យើង ] រាល់គ្នា » ( ពេត្រុសទី១ ៣:១៥ ) ។
ទីមួយ ការត្រៀមខ្លួនជាស្រេចអាចមានន័យថា ការមើលទៅរបៀបដែលយើងរស់នៅ ។ តើយើងយាងព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់យើង ហើយពង្រឹងដល់ទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងរាល់ថ្ងៃ តាមរយៈការរស់នៅដោយសុចរិតដែរឬទេ ? តើយើងផ្ដល់ឱកាសឲ្យព្រះវិញ្ញាណថ្លែងមកកាន់យើង ហើយប្រទានឱវាទដែលយើងត្រូវការ តាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរដែរឬទេ ? ដូចដែលព្រះអម្ចាស់បានទូន្មានដល់ ហៃរ៉ុម ស្ម៊ីធ ថា « ចូរកុំខំប្រកាសព្រះបន្ទូលរបស់យើងឡើយ ប៉ុន្តែចូរខំព្យាយាម ដើម្បីឲ្យបានព្រះបន្ទូលរបស់យើងជាមុនសិនចុះ ហើយខណៈនោះអណ្តាតរបស់អ្នកនឹងបានធូរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:២១ ) ។
ទីពីរ ការត្រៀមខ្លួនជាស្រេចអាចមានន័យថា ការប្រមើលមើលទុកជាមុន ហើយពិចារណាពីឱកាសដែលអ្នកអាចមាននៅថ្ងៃនោះ ឬសប្ដាហ៍នោះដើម្បីចែកចាយទីបន្ទាល់របស់អ្នក ។ អ្នកអាចរៀបចំខ្លួនសម្រាប់ឱកាសទាំងនោះ តាមរយៈការគិតអំពីរបៀបដែលវាអាចផ្ដល់ឱកាសមួយឲ្យអ្នកចែកចាយអំពីអ្វីដែលអ្នកជឿ ។
ការបន្ដនៅលើផ្លូវរបស់ព្រះអង្គសង្គ្រោះ និងគោលលទ្ធិរបស់ទ្រង់
ប្រធាន បាឡឺដបានបង្រៀនថា « ទោះបីជាយើងអាចមានទីបន្ទាល់អំពីរឿងជាច្រើនក្នុងនាមជាសមាជិកនៃសាសនាចក្រក្ដី ក៏មានសេចក្ដីពិតមូលដ្ឋាននានាដែលយើងត្រូវបង្រៀនដល់គ្នា និងចែកចាយគ្នាឲ្យបានខ្ជាប់ខ្ជួនដែរ » ។ លោកបានរៀបរាប់ជាឧទាហរណ៍ដូចជា ៖ « ព្រះគឺជាព្រះវរបិតារបស់យើង ហើយព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ផែនការនៃសេចក្តីសង្រ្គោះគឺជាចំណុចសំខាន់នៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ យ៉ូសែប ស្ម៊ីធ បានស្ដារភាពពេញលេញនៃដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញ ហើយព្រះគម្ពីរមរមនគឺជាភស្ដុតាងថា ទីបន្ទាល់របស់យើងគឺជាការពិត » ។ នៅពេលយើងបង្ហាញពីសេចក្ដីពិតដែលចេញពីចិត្តស្មោះទាំងនោះ នោះយើងយាងព្រះវិញ្ញាណឲ្យថ្លែងជាសាក្សីថា អ្វីដែលយើងបានពោលនេះគឺជាការពិត ។ ប្រធាន បាឡឺដ បានសង្កត់ធ្ងន់ថា « ព្រះវិញ្ញាណមិនអាចទប់មិនយាងមកបានឡើយ នៅពេលទីបន្ទាល់ដ៏បរិសុទ្ធអំពីព្រះគ្រីស្ទត្រូវបានថ្លែងនោះ» ។២
គំរូរបស់ព្រះអង្គសង្គ្រោះ
ពេលដែលអស់កម្លាំងពីការធ្វើដំណើរឆ្លងកាត់ក្រុងសាម៉ារី នោះព្រះអង្គសង្គ្រោះបានឈប់សម្រាកនៅមាត់អណ្ដូងមួយ ហើយបានជួបនឹងស្រ្ដីម្នាក់នៅទីនោះ ។ ទ្រង់បានចាប់ផ្ដើមការសន្ទនាមួយអំពីការដងទឹកចេញពីអណ្ដូង ។ ការប្រើកិច្ចការប្រចាំថ្ងៃដែលស្ដ្រីនោះធ្វើដូច្នេះ បានផ្ដល់ឱកាសឲ្យព្រះយេស៊ូវថ្លែងទីបន្ទាល់អំពីទឹករស់ និងជីវិតដ៏នៅអស់កល្បជានិច្ចដែលកើតមានដល់អស់អ្នកដែលជឿលើទ្រង់ ( សូមមើល យ៉ូហាន ៤:១៣–១៥, ២៥–២៦ ) ។
ទីបន្ទាល់ដ៏សាមញ្ញមួយអាចផ្លាស់ប្ដូរជីវិត
ប្រធាន រ័សុល អិម ណិលសុន បានតំណាលអំពីគិលានុបដ្ឋាយិកាម្នាក់ដែលបានសួរអតីតវេជ្ជបណ្ឌិត ណិលសុន នូវសំណួរមួយក្រោយពីការវះកាត់ដ៏ពិបាកមួយ ។ « ហេតុអី្វបានជាលោកមិនដូចជាគ្រូពេទ្យវះកាត់ផ្សេងទៀត ? » គាត់ស្គាល់គ្រូពេទ្យវះកាត់មួយចំនួន ឆាប់ខឹង ហើយក្អេងក្អាង នៅពេលពួកគេធ្វើការវះកាត់មួយដែលមានសម្ពាធខ្លាំងបែបនេះ ។
វេជ្ជបណ្ឌិត ណិលសុន អាចឆ្លើយតបតាមរបៀបជាច្រើន ។ ប៉ុន្ដែលោកបានឆ្លើយតបដោយសាមញ្ញថា « ដោយសារខ្ញុំដឹងថា ព្រះគម្ពីរមរមនពិត » ។
ចម្លើយរបស់លោកបានបំផុសគំនិតដល់គិលានុបដ្ឋាយិកានោះ ព្រមទាំងស្វាមីរបស់នាងឲ្យសិក្សាព្រះគម្ពីរមរមន ។ ក្រោយមកប្រធាន ណិលសុន បានជ្រមុជទឹកឲ្យគិលានុបដ្ឋាយិកានោះ ។ រាប់ទសវត្សរ៍ក្រោយមក ខណៈធ្វើជាអធិបតីនៅសន្និសីទស្ដេកមួយនៅទីក្រុងថេនណេស៊ី សហរដ្ឋអាមេរិក ក្នុងនាមជាសាវកដែលទើបបានហៅតាំងថ្មីៗម្នាក់ ប្រធាន ណិលសុនបានអររីករាយនឹងការជួបជុំគ្នាដែលនឹកស្មានមិនដល់មួយជាមួយនឹងគិលានុបដ្ឋាយិកាដដែលនោះ ។ នាងបានតំណាលថា ការសន្ទនារបស់នាង ដែលបានកើតឡើងដោយសារទីបន្ទាល់ដ៏សាមញ្ញរបស់លោក និងឥទ្ធិពលនៃព្រះគម្ពីរមរមន នោះវាបានជួយដឹកនាំឲ្យមានការប្រែចិត្តជឿដល់មនុស្សចំនួន ៨០ នាក់ទៀត ។3
ការអញ្ជើញឲ្យអនុវត្ត
សូមកុំខ្លាចក្នុងការចែកចាយទីបន្ទាល់របស់អ្នកឡើយ ។ វាអាចផ្ដល់ពរជ័យដល់អស់អ្នកដែលអ្នកទៅបម្រើ ។ តើអ្នកនឹងប្រើគំនិតទាំងនេះ ឬគំនិតរបស់អ្នកផ្ទាល់ដើម្បីចែកចាយទីបន្ទាល់របស់អ្នកនៅថ្ងៃនេះយ៉ាងដូចម្ដេច ?
© 2019 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៨ ។ អនុមតិការបកប្រែ ៖ ៦/១៨ ។ ការបកប្រែនៃ Ministering Principles, March 2019. Cambodian. 15764 258