គោលការណ៍នៃការងារបម្រើ
ឈោងទៅជួយដោយសេចក្តីអាណិតអាសូរ
នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះស្តីពីសេចក្តីអាណិតអាសូរ នោះអ្នកនឹងរកឃើញថា អ្នកអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់មនុស្សដទៃ ។
លីអាហូណា ខែ កក្កដា ឆ្នាំ ២០១៨
សេចក្តីអាណិតអាសូរគឺការដឹងអំពីទុក្ខព្រួយរបស់មនុស្សដទៃ ជាមួយនឹងបំណងប្រាថ្នាដើម្បីសម្រាល ឬបន្ធូរទុក្ខព្រួយនោះ ។ សេចក្តីសញ្ញាដើម្បីធ្វើតាមព្រះអង្គសង្គ្រោះគឺជាសេចក្តីសញ្ញានៃសេចក្តីអាណិតអាសូរដើម្បី « ទទួលបន្ទុកគ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:៨ ) ។ ការចាត់តាំងឲ្យមើលថែមនុស្សដទៃគឺជាឱកាសមួយដើម្បីបម្រើដូចជាព្រះអម្ចាស់បានបម្រើ ៖ ជាមួយនឹង « ចិត្តអាណិត ដែលមានសេចក្តីសង្ស័យផង ( យូដាស ១:២២ ) ។ ព្រះអម្ចាស់បានត្រាស់បង្គាប់ថា « សម្តែងសេចក្តីសប្បុរស និងសេចក្តីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ » ( សាការី ៧:៩ ) ។
សេចក្តីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ
សេចក្តីអាណិតអាសូរគឺជាកម្លាំងជំរុញនៅក្នុងការងារបម្រើរបស់ព្រះអង្គសង្គ្រោះ ( សូមមើល របាចំហៀង ៖ « ព្រះអង្គសង្គ្រោះដ៏មានសេចក្តីអាណិតអាសូរ » ) ។ សេចក្តីអាណិតអាសូរចំពោះបងប្អូនរបស់ទ្រង់ បានបណ្តាលឲ្យទ្រង់ឈោងទៅជួយដល់អស់អ្នកដែលនៅជុំវិញទ្រង់ក្នុងឱកាសរាប់មិនអស់ ។ ដោយបានញែកដឹងអំពីតម្រូវការ និងបំណងប្រាថ្នារបស់មនុស្ស នោះទ្រង់អាចប្រទានពរដល់ពួកគេ ហើយបង្រៀនពួកគេក្នុងរបៀបនានាដែលសំខាន់បំផុតចំពោះពួកគេ ។ បំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះដើម្បីលើកស្ទួយយើងចេញពីសេចក្តីទុក្ខព្រួយបាននាំទៅរកទង្វើដ៏ធំបំផុតនៃសេចក្តីអាណិតអាសូរ ៖ ដង្វាយធួនរបស់ទ្រង់សម្រាប់អំពើបាប និងការរងទុក្ខនៃមនុស្សជាតិ ។
សមត្ថភាពរបស់ទ្រង់ក្នុងការឆ្លើយតបចំពោះតម្រូវការរបស់មនុស្សគឺជាអ្វីមួយដែលយើងព្យាយាមធ្វើពេលយើងបម្រើ ។ នៅពេលយើងរស់នៅដោយសុចរិត និងស្ដាប់តាមការបំផុសគំនិតពីព្រះវិញ្ញាណ នោះយើងនឹងត្រូវបានបំផុសគំនិតដើម្បីឈោងទៅជួយក្នុងរបៀបដ៏មានអត្ថន័យ ។
សេចក្តីសញ្ញារបស់យើងស្តីពីសេចក្តីអាណិតអាសូរ
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់មានចិត្តអាណិតអាសូរ ( សូមមើល កូរិនថូសទី ១ ១២:២៥–២៧ ) ។ ដើម្បីក្លាយជាសិស្សដ៏ពិត នោះយើងត្រូវអភិវឌ្ឍ និងបង្ហាញសេចក្តីអាណិតអាសូរដល់មនុស្សដទៃ ជាពិសេសដល់អ្នកដែលខ្វះខាត ( គ. និង ស. ៥២:៤០ ) ។
ការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្តីសញ្ញាបុណ្យជ្រមុជទឹករបស់យើង នោះយើងធ្វើជាសាក្សីថា យើងមានឆន្ទៈដើម្បីអនុវត្តសេចក្តីអាណិតអាសូរ ។ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានបង្រៀនថា អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យធ្វើកិច្ចការនោះ ៖ « បងប្អូនគឺជាសមាជិកនៃសេចក្តីសញ្ញារបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ …
នោះជាហេតុដែលបងប្អូនមានអារម្មណ៍ចង់ជួយមនុស្សម្នាក់ ដែលពុះពារឆ្ពោះទៅមុខក្នុងភាពសោកសៅ និងក្ដីលំបាកនោះ ។ បងប្អូនសន្យាថា នឹងជួយព្រះអម្ចាស់ធ្វើឲ្យបន្ទុកពួកគេបានស្រាល និងត្រូវបានលួងលោមចិត្ត ។ ពេលបងប្អូនទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បងប្អូនត្រូវបានប្រទានឲ្យនូវអំណាចដើម្បីជួយសម្រាលបន្ទុកទាំងនោះ » ។១
ឧទាហរណ៍ បងស្រីម្នាក់នៅក្នុងប្រទេសរុស្ស៊ីមានស្ថានភាពលំបាកក្នុងគ្រួសារដែលរារាំងគាត់មិនឲ្យចូលរួមព្រះវិហារអស់រយៈពេលជាងមួយឆ្នាំ ។ បងស្រីម្នាក់ទៀតនៅក្នុងសាខាបានឈោងទៅជួយដោយសេចក្តីអាណិតអាសូរជារៀងរាល់សប្តាហ៍តាមរយៈការទូរសព្ទទៅកាន់គាត់ ហើយប្រាប់គាត់អំពីការឡើងនិយាយ មេរៀន ការហៅបម្រើបេសកកម្ម កំណើតរបស់ទារក និងព័ត៌មានដទៃទៀតអំពីសាខា ។ នៅពេលស្ថានភាពគ្រួសាររបស់បងស្រីនោះបានដោះស្រាយ គាត់បានទទួលអារម្មណ៍ថា គាត់ហាក់ដូចជានៅតែជាផ្នែកមួយនៃសាខានោះ ដោយសារការទូរសព្ទប្រាប់ជារៀងរាល់សប្តាហ៍ពីមិត្តភក្តិរបស់គាត់ ។