គោលការណ៍នៃការងារបម្រើ ខែ កុម្ភៈ ឆ្នាំ ២០២០
ការងារបម្រើតាមរយៈពង្សប្រវត្តិ
គោលការណ៍នៃការងារបម្រើ ខែកុម្ភៈ ឆ្នាំ២០១៩
ការជួយនរណាម្នាក់ជាមួយនឹងពង្សប្រវត្តិរបស់ពួកគេ គឺជារបៀបដ៏មានអានុភាពមួយក្នុងការងារបម្រើ ។ កាលអ្នកភ្ជាប់មនុស្សដទៃជាមួយនឹងបុព្វការីជនរបស់ពួកគេតាមរយៈដំណើររឿង និងសេចក្ដីលម្អិតក្នុងក្រុមគ្រួសារ អ្នកជួយបំពេញចន្លោះក្នុងដួងចិត្តរបស់ពួកគេ ដែលពេលខ្លះពួកគេមិនដែលដឹងថាពួកគេមាន ( សូមមើល ម៉ាឡាគី ៤:៥–៦ ) ។
មិនថាបុគ្គលនោះជាសមាជិកសាសនាចក្រពេញមួយជីវិត ឬនរណាម្នាក់ដែលមិនធ្លាប់បានឮពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ បុត្រាបុត្រីរបស់ព្រះទាំងអស់ចង់ដឹងយ៉ាងខ្លាំងថា ពួកគេមកពីកន្លែងណា ។
ជាញឹកញាប់ វាមិនចំណាយពេលយូរនោះទេដើម្បីមានចំណាប់អារម្មណ៍ដ៏ខ្លាំង និងយូរអង្វែង ដូចបានបង្ហាញនៅក្នុងដំណើររឿងខាងក្រោមនេះ ។
ការរកឃើញក្រុមគ្រួសារក្នុងចម្ងាយ ៩ គីឡូម៉ែត្រ
ថ្មីៗនេះ នៅលើយន្ដហោះទៅផ្ទះ ខ្ញុំបានឃើញថាខ្លួនឯងអង្គុយនៅក្បែរស្ទីវ ដែលបានចែកចាយជាមួយនឹងខ្ញុំអំពីដំណើររឿងផ្ទាល់ខ្លួនរបស់គាត់ខ្លះៗ ។ គាត់បានរៀនចប់វិទ្យាល័យ បានចូលបម្រើក្នុងកងទ័ពសហរដ្ឋអាមេរិកជាអ្នកជំនាញផ្នែកទំនាក់ទំនងម្នាក់នៅអាយុ ១៨ ឆ្នាំ ហើយឆាប់ៗនេះ នឹងចាប់ផ្ដើមធ្វើការនៅសេតវិមាន ដោយផ្ដល់ជំនួយផ្នែកទំនាក់ទំនងទៅប្រធានាធិបតីនៃសហរដ្ឋអាមេរិក ។ ពីអាយុ ១៨ ដល់ ២៦ ឆ្នាំ គាត់បានបម្រើប្រធានាធិបតីសហរដ្ឋអាមេរិកចំនួនពីរនាក់ ។ ដំណើររឿងរបស់គាត់គឺគួរឲ្យចាប់ចិត្តខ្លាំងណាស់ !
ខ្ញុំបាននិយាយថា « ស្ទីវ អ្នកត្រូវតែសរសេរដំណើររឿងទាំងនេះទុកសម្រាប់កូនចៅរបស់អ្នក ! ពួកគេត្រូវតែដឹងពីដំណើររឿងទាំងនេះចេញពីទស្សនៈរបស់អ្នក » ។ គាត់បានយល់ព្រម ។
រួចហើយ ព្រះវិញ្ញាណបានបំផុសខ្ញុំឲ្យសួរគាត់ពីអ្វីដែលគាត់បានដឹងអំពីបុព្វការីជនរបស់គាត់ ។ ស្ទីវបានដឹងយ៉ាងច្រើនអំពីខាងម្ដាយគាត់ រួមទាំងរឿងមួយអំពីរបៀបដែលគ្រួសាររបស់គាត់ធ្លាប់បានទទួលទានអាហារពេលល្ងាចជាមួយ អ័ប្រាហាំ លិនខិន ខណៈលោកបានធ្វើយុទ្ធនាការទៅតាមតំបន់ជនបទអំឡុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ១៨៦០ ទៀតផង ។
ប៉ុន្ដែ គាត់បានដឹងតិចតួចណាស់ពីខាងឪពុករបស់គាត់ ។ គាត់ពិតជាចង់ដឹងបន្ថែមទៀតណាស់ ។ ខ្ញុំទាញទូរសព្ទរបស់ខ្ញុំចេញមក ហើយបើកកម្មវិធីស្វែងរកក្រុមគ្រួសារ ។ « ស្ទីវ យើងអាចស្វែងរកក្រុមគ្រួសាររបស់អ្នកបាននាពេលឥឡូវនេះ ! »
ខ្ញុំបានភ្ជាប់ទៅនឹងអ៊ិនធើរណិតលើយន្ដហោះ ។ ខ្ញុំបានដាក់ទូរសព្ទរបស់ខ្ញុំនៅលើតុយន្ដហោះពីមុខខ្ញុំ ដើម្បីយើងអាចមើលឃើញទាំងពីរនាក់ ។ យើងបានស្រាវជ្រាវមើលមែកធាងគ្រួសារ ។ ក្នុងរយៈពេលប៉ុន្មាននាទី យើងទាំងពីរនាក់បានមើលឃើញសំបុត្រអាពាហ៍ពិពាហ៍របស់ជីតាទួតគាត់ ជាមួយនឹងជីដូនទួតរបស់គាត់ ។
គាត់បានពោលថា « នោះគឺជាពួកគាត់ ! ខ្ញុំចាំឈ្មោះត្រកូលរបស់គាត់ហើយពេលនេះ ! »
វិញ្ញាណនៃសេចក្ដីរំភើបបានចាក់ស្រោចមកលើពួកយើងទាំងពីរនាក់ ។ យើងបានបង្កើតប្រវត្តិរូបសម្រាប់បុព្វការីរបស់គាត់ផ្សេងទៀតដែលគាត់មិនសូវស្គាល់ក្នុងរយៈពេល ៤៥ នាទី បន្ទាប់ទៀត ។ គាត់បានសូមខ្ញុំឲ្យសន្យានឹងគាត់ថា យើងនឹងបន្ដស្រាវជ្រាវរួមគ្នានៅរដ្ឋខូឡូរ៉ាដូទៀត ។ យើងបានផ្លាស់ប្ដូរព័ត៌មានទាក់ទងគ្នា កាលយន្ដហោះបានចុះចត ។
នេះគឺជាយើង កំពុងហោះក្នុងរយៈកម្ពស់ ៩១៤៥ ម៉ែត្រលើអាកាស ដោយមានឧបករណ៍តូចមួយប៉ុនដៃខ្ញុំ ស្រាវជ្រាវរកបុរសម្នាក់ និងស្ដ្រីម្នាក់ដែលបានរៀបការកាលពី ១០០ ឆ្នាំមុន ដែលគាត់ និងគ្រួសារគាត់បានភ្លេច ។ អស្ចារ្យមែន ! ប៉ុន្ដែ យើងបានរកឃើញពួកគាត់ ។ ក្រុមគ្រួសារទាំងឡាយគឺទាក់ទងគ្នា ។ ដំណើររឿងទាំងឡាយត្រូវបានចងចាំ ។ យើងមានអារម្មណ៍នៃការដឹងគុណចំពោះបច្ចេកវិទ្យា និងឧបករណ៍ទាំងនោះ ។ អព្ភូតហេតុមិនដែលបាត់បង់ឡើយ ។
ចនណាថាន់ ផេតធី ខូឡូរ៉ាដូ ស.រ.អា
ហ៊ុមព័ទ្ធដោយគ្រួសារថ្មី
ម៉ារីលែងសូវសកម្មអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។ ពីរបីខែកន្លងទៅ យើងបានចំណាយពេលពីរបីម៉ោងជាមួយគាត់នៅផ្ទះរបស់យើង ស្វែងរកគ្រួសាររបស់គាត់តាមរយៈជំរឿន និងកំណត់ត្រាផ្សេងទៀត ។ នៅពេលមួយ គាត់បានយំហ៊ូដោយស្រែកថា « ខ្ញុំបានដឹងអំពីគ្រួសាររបស់ខ្ញុំច្រើនក្នុងរយៈពេលពីរម៉ោង ជាងខ្ញុំបានដឹងពេញក្នុងមួយជីវិតរបស់ខ្ញុំទៅទៀត ! »
នៅចុងបញ្ចប់នៃការជួបរបស់យើង យើងបានណែនាំមុខងារសាច់ញាតិជុំវិញខ្ញុំក្នុងកម្មវិធីមែកធាងគ្រួសារប្រាប់គាត់ ។ យើងឃើញថា ទាំងស្វាមីខ្ញុំ និងខ្ញុំជាប់សាច់ញាតិឆ្ងាយនឹងម៉ារី ។ គាត់បានយំហ៊ូម្ដងទៀត ដោយថ្លែងថា គាត់បានគិតថា គាត់ឯកោ ។ គាត់មិនដែលដឹងថា គាត់មានគ្រួសារនៅតំបន់នេះទេ ។ ពីរបីសប្ដាហ៍ក្រោយមក ម៉ារីបានទៅជួបនឹងប៊ីស្សពរបស់យើង ។ ឥឡូវនេះ គាត់កំពុងរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ហើយគាត់បានជួបនឹងបងប្អូនជីដូនមួយ « ថ្មី » ជាច្រើននៅក្នុងវួដរបស់យើង !
ខារ៉ូល រ៉ាយនើរ អេវើរិត រដ្ឋណសខារ៉ូឡៃណា ស.រ.អា
រូបមន្ដសម្រាប់ការងារបម្រើ
អាសស្លី ជាបងស្រីដែលខ្ញុំផ្ដល់ការងារបម្រើ និងខ្ញុំទាំងពីរនាក់មានសៀវភៅរូបមន្ដធ្វើម្ហូបពីជីដូនរបស់យើង ។ សៀវភៅរបស់គាត់គឺបានមកពីជីដូនទួតរបស់គាត់ ហើយសៀវភៅខ្ញុំគឺជាសៀវភៅដែលខ្ញុំបានដាក់បញ្ចូលគ្នា ពេលខ្ញុំបានទទួលប្រអប់រូបមន្ដពីលោកយាយហ្គ្រីនវូឌរបស់ខ្ញុំ ក្រោយពីគាត់បានចែកឋានទៅ ។
ទាំងអាសស្លី និងខ្ញុំបានជ្រើសរើសរូបមន្ដមួយមកពីសៀវភៅរូបមន្ដធ្វើម្ហូបរបស់យើង ហើយនាយប់មួយយើងបានជួបគ្នាបន្ទាប់ពីធ្វើការ ដើម្បីសាកធ្វើម្ហូបនោះ ។ គាត់បានជ្រើសរើសរូបមន្ដបង្អែមមួយ ដូច្នេះយើងបានធ្វើវាមុន ហើយដាក់វាទៅក្នុងឡ ។ ខ្ញុំបានជ្រើសរើសធ្វើទឹកជ្រលក់—គ្រឿងសំខាន់ជាងគេដែលមាននៅគ្រប់ពិធីជប់លៀងរបស់គ្រួសារហ្គ្រីនវូឌ ។ កូនស្រីរបស់អាសស្លី ឈ្មោះអាលីស បានជួយយើងភ្លក់អាហារសាកល្បង ។ បន្ទាប់មក ដោយសារអាសស្លីមិនចង់ឲ្យកូនៗរបស់គាត់ហូបបង្អែមទាំងអស់ គាត់បានយកបង្អែមខ្លះទៅឲ្យបងប្អូនស្រី ដែលគាត់ផ្ដល់ការងារបម្រើ ។
អ្វីដែលខ្ញុំស្រឡាញ់បំផុតអំពីយប់រូបមន្ដធ្វើម្ហូបរបស់យើងនោះគឺថា នៅពេលយើងធ្វើម្ហូប និងដុតនំ យើងបានជជែកអំពីប្រធានបទក្នុងការងារបម្រើជាទៀងទាត់ទាំងអស់—អំពីការពុះពាររបស់គាត់ និងរបស់ខ្ញុំ ។ ប៉ុន្ដែយើងក៏បានជជែកអំពីជីដូន និងម្ដាយរបស់យើងផងដែរ ដែលធ្វើឲ្យពួកយើងទាំងពីរនាក់ទឹកភ្នែករលីងរលោង ។
ជេនីហ្វើរ ហ្គ្រីនវូឌ រដ្ឋយូថាហ៍ ស.រ.អា
របៀបជាក់លាក់ដើម្បីជួយ
ពង្សប្រវត្តិអាចបើកទ្វារសម្រាប់ឱកាសការងារបម្រើ នៅពេលវាមើលទៅហាក់ដូចជាគ្មានអ្វីផ្សេងទៀតនឹងបើកទ្វារ ។ នេះគឺជាគំនិតពីរបី ដែលអ្នកអាចសាកល្បង ។
-
ជួយពួកគេឲ្យកត់ត្រា និងដាក់បញ្ចូលការថតសំឡេងដំណើររឿងពង្សប្រវត្តិនានា ជាពិសេសសំឡេងដែលត្រូវគ្នានឹងរូបថត ។
-
បង្កើតតារាងផ្លិតមួយ ឬឯកសារពង្សប្រវត្តិដែលអាចបោះពុម្ពបានផ្សេងទៀត ដែលអ្នកអាចផ្ដល់ជាអំណោយបាន ។
-
បង្រៀនពីរបៀបដើម្បីរក្សាប្រវត្តិរបស់ពួកគេផ្ទាល់ តាមរយៈការរក្សាកំណត់ហេតុតាមរបៀបមួយ ដែលពួកគេពេញចិត្ត ។ កំណត់ហេតុជាសំឡេង ? កំណត់ហេតុរូបថត ? ការថតវីដេអូ ? មានជម្រើសជាច្រើនសម្រាប់អ្នកទាំងឡាយណាដែលមិនចូលចិត្តទម្រង់សៀវភៅកំណត់ហេតុស្ដង់ដា ។
-
ទៅព្រះវិហារបរិសុទ្ធរួមគ្នាដើម្បីធ្វើពិធីបរិសុទ្ធឲ្យបុព្វការីជន ។ ឬ ជួយធ្វើពិធីបរិសុទ្ធសម្រាប់ឈ្មោះគ្រួសាររបស់ពួកគេ ប្រសិនបើពួកគេមានឈ្មោះច្រើនជាងអ្វីដែលពួកគេអាចធ្វើបាន ។
-
ជួបជុំគ្នាចែកចាយប្រពៃណីគ្រួសារនានា ។
-
ចូលរៀនថ្នាក់ពង្សប្រវត្តិមួយរួមគ្នា ។
© 2020 by Intellectual Reserve, Inc. All rights reserved ។ បោះពុម្ពនៅ ស.រ.អា ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៩ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Ministering Principles, February 2020. Cambodian. 16995 258