ការ​ធ្វើ​ការងារ​បម្រើ
ការងារ​បម្រើ​តាមរយៈ​ការប្រជុំ​សាក្រាម៉ង់
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារ​បម្រើ

ការងារ​បម្រើ​តាមរយៈ​ការប្រជុំ​សាក្រាម៉ង់

ការប្រជុំ​សាក្រាម៉ង់​ផ្ដល់​ឱកាស​ដើម្បី​ភ្ជាប់​ទំនាក់ទំនង និង​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ​ទៀត ។

people seated in a heart shape

រចនា​រូបភាព​ដោយ អែឌវ៉ដ ម៉ាក់​គូវ៉ាន

ការប្រជុំ​សាក្រាម៉ង់​គឺជា​ពេលវេលា​មួយ​សម្រាប់​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ និង​ជា​ការសញ្ជឹង​គិត​ដោយ​ផ្ទាល់​ពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។ ពេល​យើង​ទទួលទាន​សាក្រាម៉ង​ជា​រៀងរាល់​សប្ដាហ៍ យើង​ត្រូវបាន​ស្អាង​ឡើង​ជាមួយ​គ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១១០ ) ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នៅក្នុង​វួដ និង​សាខា​របស់​យើង​មក​ជាមួយ​នឹង​បន្ទុក​ដ៏​ធ្ងន់ ឬ​មិន​បាន​នៅ​ទីនោះ​ទាល់តែ​សោះ ។

នេះ​ជា​ឱកាស​មួយ​ចំនួន​ពី​របៀប​ដែល​យើង​អាច​ប្រើ​ពេល​វេលា​ដ៏​ពិសិដ្ឋ​នោះ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ​ទៀត ហើយ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​មួយ​ក្នុង​ជីវិត​របស់​ពួកគេ ។

ជួយ​ធ្វើ​ឲ្យ​ការប្រជុំ​សាក្រាម៉ង់​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​មនុស្ស​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់

ជំហាន​ទីមួយ​នៅក្នុង​ការរៀន​ពី​របៀប​ដើម្បី​ផ្ដល់​ការងារ​បម្រើ គឺ​ការស្គាល់​បុគ្គល ឬ​គ្រួសារ​នោះ និង​តម្រូវការ​របស់​ពួកគេ ។ ប្រហែល​ជា​មាន​របៀប​នានា​ដែល​អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការថ្វាយ​បង្គុំ​សាក្រាម៉ង់​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង ដោយ​គ្រាន់តែ​រៀន​បន្ថែម​ទៀត​អំពី​ពួកគេ ។

សម្រាប់​មីនឌី ជា​ម្ដាយ​វ័យក្មេង​ដែល​មាន​កូនភ្លោះ​តូចៗ កិច្ច​ប្រឹងប្រែង​យ៉ាង​សាមញ្ញ​របស់​បងស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ដល់​នាង បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដ៏​ធំ​នៅក្នុង​បទពិសោធន៍​នៃ​ការប្រជុំ​សាក្រាម៉ង់​របស់​នាង​ជា​រៀងរាល់​សប្ដាហ៍ ។

មីនឌី​ពន្យល់​ថា « ដោយសារ​កាលវិភាគ​ការងារ​របស់​ស្វាមី​ខ្ញុំ ខ្ញុំ​យក​កូនស្រី​ភ្លោះ​ទាំងពីរ​របស់​ខ្ញុំ​ទៅ​ព្រះវិហារ​ដោយ​ខ្លួនឯង​ជា​រៀងរាល់​សប្ដាហ៍ » ។ « វា​ពិត​ជា​មាន​អារម្មណ៍​សន្ធប់​ណាស់ ក្នុង​ការព្យាយាម​នៅ​ឲ្យ​ចប់​ការប្រជុំ​សាក្រាម៉ង់​ជាមួយ​នឹង​កូនតូចៗ​ដ៏​រពឹស​ពីរ​នាក់​នោះ ប៉ុន្តែ​បងស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​របស់​ខ្ញុំ​បាន​យក​បន្ទុក​នោះ​ដាក់​ខ្លួន​គាត់​ដើម្បី​ជួយ​ខ្ញុំ ។

« គាត់​អង្គុយ​ក្បែរ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ថែទាំ​កូន​ស្រី​ខ្ញុំ​ជា​រៀងរាល់​សប្ដាហ៍ ។ គ្រាន់តែ​មាន​គាត់​អង្គុយ​ជិត​ខ្ញុំ​គឺ​មានន័យ​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ហើយ​ពិត​ជា​ជួយ​សម្រួល​ដល់​ការថប់​បារម្ភ​របស់​ខ្ញុំ​នៅពេល​ពួកគេ​ម៉ួម៉ៅ​ខ្លាំង ។ ខ្ញុំ​គិត​ថា គាត់​ពុំ​ដែល​បាន​ដឹង​ទេ​ថា ទង្វើ​របស់​គាត់​បាន​មាន​ផលប៉ះពាល់​យ៉ាង​ណា​ចំពោះ​ខ្ញុំ​នៅ​គ្រា​នោះ​នៃ​ជីវិត​របស់​ខ្ញុំ ។ គាត់​បានឃើញ​ពី​តម្រូវការ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ម្ដាយ​វ័យក្មេង​ដែល​ពោរពេញ​ដោយ​ការថប់​បារម្ភ ហើយ​គាត់​ជួយ​ធ្វើ​ឲ្យ​ព្រះវិហារ​ជា​កន្លែង​នៃ​ភាពសុខសាន្ត និង​រីករាយ​សម្រាប់​យើង​ទាំងអស់​គ្នា » ។

គំនិត​ដើម្បី​ជួយ​ដល់​ពួកអ្នក​ដែល​មាន​តម្រូវការ​ជាក់លាក់

  • សូម​ប្រឹក្សា​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​កូរ៉ុម​អែលឌើរ និង​ថ្នាក់ដឹកនាំ​សមាគម​សង្រ្គោះ អំពី​តម្រូវការ​របស់​សមាជិក ។

  • ថ្នាក់​ដឹកនាំ​ដាក់​ផែនការ​ការឡើង​និយាយ​នៅ​ការប្រជុំ​សាក្រាម៉ង់ ដើម្បី​ជួយ​បំពេញ​តាម​តម្រូវការ​របស់​សមាជិក ។ ប្រសិនបើ​ពួកអ្នក​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់ នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការស្ដាប់ឮ​សារ​ជាក់លាក់​មួយ នោះ​សូម​ចែកចាយ​គំនិត​នោះ​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​អ្នក ។

  • ប្រសិន​បើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​មាន​ពិការភាព ឬ​មាន​ប្រតិកម្ម​ម្ហូបអាហារ ដែល​រារាំង​ពួកគេ​ពី​ការរីករាយ​នឹង​ពរជ័យ​នៃ​សាក្រាម៉ង់ សូម​សុំ​ព័ត៌មាន​ពិស្ដារ​ពី​ពួកគេ និង​ពី​ដំណោះស្រាយ​អ្វី​ដែល​អាច​ត្រូវបាន​ធ្វើ​ឡើង ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការថ្វាយ​បង្គំ​របស់​ពួកគេ​បាន​ប្រសើរ​ឡើង ។ សូម​ចែកចាយ​ព័ត៌មាន​នេះ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​របស់​អ្នក ។

  • ប្រសិន​បើ​នរណា​ម្នាក់​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់ ឬ​ស្គាល់ ជាប់​នៅក្នុង​ផ្ទះ​ដោយ​ប្រការ​ណាមួយ​ដោយ​អចិន្ត្រៃយ៍ ឬ​បណ្ដោះ​អាសន្ន​ក្ដី សូម​សួរ​ដល់​ប៊ីស្សព​របស់​អ្នក​ថា​ប្រសិន​បើ​អាច​ផ្ដល់​សាក្រាម៉ង់​ដល់​ពួកគេ​នៅ​ផ្ទះ ។ ម្យ៉ាង​ទៀត​អ្នក​អាច​សូម្បី​តែ​ធ្វើ​ការកត់ត្រា​ទុក​នូវ​អ្វី​ដែល​បាន​និយាយ​នៅ​អំឡុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​ចែកចាយ​ដល់​ពួកគេ​តាម​ទូរសព្ទ តាម​អ៊ីម៉ែល ឬ​ដោយ​ផ្ទាល់​ក៏​បាន ។

  • ប្រសិន​បើ​នរណា​ម្នាក់​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់ មាន​កូន​តូចៗ អ្នក​អាច​ជួយ​ពួកគេ​នៅ​អំឡុង​ការប្រជុំ​សាក្រាម៉ង់ ។

  • ប្រសិន​បើ​អ្នក​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់ ពុំ​មក​ការប្រជុំ​សាក្រាម៉ង់​ជា​ញឹកញាប់​ទេ សូម​ព្យាយាម​យល់ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ ។ ប្រសិន​បើ​ពួកគេ​ត្រូវការ​មធ្យោបាយ​ធ្វើ​ដំណើរ អ្នក​អាច​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​ពួកគេ ។ ប្រសិន​បើ​ពួកគេ​ពុំ​ទទួល​ការគាំទ្រ​ពី​គ្រួសារ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អង្គុយ​ជាមួយ​អ្នក ។ អ្នក​អាច​ធ្វើ​ការអញ្ជើញ​ពិសេស​នានា ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍ និង​សំខាន់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។

people sitting together

សូម​ចង់ចាំ កាយវិការ​ដ៏​សាមញ្ញ​នាំ​ឲ្យ​មាន​ផល​យូរ​អង្វែង

និយាយ​ដល់​ការងារ​បម្រើ ស៊ីស្ទើរ ជេន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖ « ជួនកាល យើង​គិត​ថា យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ធំ​ដុំ និង​ដូចជា​វីរជន ‹ ដើម្បី​រាប់​ថា › ជា​ការបម្រើ​ដល់​អ្នក​ជិតខាង​របស់​យើង ។ ប៉ុន្ដែ​ទង្វើ​សាមញ្ញៗ​នៃ​ការ​បម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នក​ដទៃ—ក៏​ដូចជា​ខ្លួន​យើង​ផងដែរ » ។

នៅក្នុង​វួដ​ដ៏​តូច​មួយ​នៅក្នុង​ប្រទេស​បែលហ្ស៊ិក អ៊ីវីតា​តែង​សូម​ជួយ​បកប្រែ​សម្រាប់​ភ្ញៀវ និង​សមាជិក​ដែល​និយាយ​ភាសា​អេស្ប៉ាញ អំឡុង​ការប្រជុំ​នៅ​ព្រះវិហារ ។ មាន​ម្ដង អ៊ីវីតា​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​មនុស្ស​ម្នាក់​ពី​សាធារណរដ្ឋ​ដូមីនីហ្គែន ដែល​កំពុង​រៀន​អំពី​សាសនាចក្រ ។ គាត់​ចេះ​ភាសា​អង់គ្លេស​ខ្លះៗ ប៉ុន្តែ​ភាសា​អេស្ប៉ាញ​គឺ​ជា​ភាសា​កំណើត​របស់​គាត់ ។ ដូច្នេះ អ៊ីវីតា​បាន​សូម​ជួយ​បកប្រែ​ដោយ​ស្ងាត់ស្ងៀម​សម្រាប់​គាត់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ដើម្បី​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​កាន់តែ​កក់ក្តៅ ។

អ៊ីវីតា​និយាយ​ថា « ជួនកាល ការបកប្រែ​អាច​ធ្វើ​ឲ្យ​ថ្ងៃ​បរិសុទ្ធ​របស់​ខ្ញុំ​មាន​ភាព​មមាញឹក​បន្តិច » ។ « ប៉ុន្តែ​ការធ្វើ​តាម​ការបំផុស​គំនិត​ឲ្យ​សួរ​អ្នក​ដទៃ​ទៀត​ថាតើ​ពួកគេ​ត្រូវការ​អ្នក​បកប្រែ​ដែរ​ឬ​ទេ ពិត​ជា​ផ្ដល់​នូវ​អារម្មណ៍​នៃ​អំណរ និង​ភាពកក់ក្ដៅ​ដល់​ខ្ញុំ ដោយ​ដឹង​ថា ខ្ញុំ​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​រីករាយ​នឹង​ការប្រជុំ​របស់​ពួកគេ » ។

គំនិត​ដើម្បី​ជួយ​តាមរយៈ​ទង្វើ​ដ៏​សាមញ្ញៗ

  • សូម​និយាយ​ទៅកាន់​ថ្នាក់​ដឹកនាំ​របស់​អ្នក ដើម្បី​មើល​ថា​តើ​នរណា​អាច​នឹង​ត្រូវការ​ការបម្រើ​បន្ថែម​អំឡុង​ការប្រជុំ​សាក្រាម៉ង់ ។ ឬ​ប្រសិនបើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​ត្រូវការ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​ថ្នាក់​ដឹកនាំ​របស់​អ្នក​ដឹង​ពី​ពួកគេ ។

  • អង្គុយ​ដោយ​ស្ងៀមស្ងាត់​ពេល​អ្នក​រង់ចាំ​ការប្រជុំ​ចាប់ផ្ដើម ។ ការណ៍​នេះ​នឹង​ជួយ​ដល់ « ​មនុស្ស​ដទៃ​ដែល​ខូច​ចិត្ត និង​មាន​ទុក្ខ​ដែល​នៅ​ជុំវិញ​យើង » ដែល​ត្រូវការ​ភាពសុខសាន្ត​ដែល​អាច​បានមក​តាមរយៈ​គារវភាព​នៅក្នុង​កន្លែង​បរិសុទ្ធ ។

  • នៅ​ថ្ងៃ​អាទិត្យ​តម​អាហារ សូម​ពិចារណា​ពី​ការឧទ្ទិស​ការតម​អាហារ និង​ការអធិស្ឋាន​របស់​អ្នក​ទៅកាន់​នរណា​ម្នាក់​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់ ដែល​អាច​នឹង​ត្រូវការ​ការលួងលោម​បន្ថែម​ទៀត ។

  • សូម​អធិស្ឋាន​ដើម្បី​ដឹង​ថា​បើ​មាន​នរណា​ម្នាក់ ដែល​អាច​ទទួល​ផល​ពី​អ្នក​អង្គុយ​ក្បែរ ឬ​ជិត​ពួកគេ​អំឡុង​ការប្រជុំ​សាក្រាម៉ង់ ឬ​បើ​មាន​របៀប​ផ្សេង​ទៀត​ដែល​អ្នក​អាច​ជួយ​បាន ។

ការប្រជុំ​សាក្រាម៉ង់​អាច​ជា​កន្លែង​ស្វាគមន៍​មួយ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ១៨៧៦–១៩៧២ ) បាន​បង្រៀន​ថា « ការប្រជុំ​សាក្រាម៉ង់​គឺ​ជា​ការប្រជុំ​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​បំផុត​លើស​អស់​ការប្រជុំ​ទាំងអស់​របស់​សាសនាចក្រ » ។ ដូច្នេះ​ហើយ វា​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ទាំងអស់​ដែល​ចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់ មាន​អារម្មណ៍​ស្វាគមន៍ និង​បីបាច់​ខាង​វិញ្ញាណ—ជា​ពិសេស​សមាជិក​ថ្មី ឬ​សមាជិក​ដែល​ពុំ​បាន​ចូលរួម​ព្រះវិហារ​អស់​មួយ​រយៈ ។

មេរ៉ានៀ មកពី​ញូវសៅ​វេលស៍ ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ជា​មិត្ត​នឹង​ស្ត្រី​ម្នាក់​ដែល​កំពុង​រៀន​អំពី​សាសនាចក្រ​នៅក្នុង​វួដ​របស់​គាត់ ។ មេរ៉ានៀ​និយាយ​ថា « គាត់​បាន​ក្លាយ​ជា​មិត្ត​ជាទី​ស្រឡាញ់​ម្នាក់​របស់​ខ្ញុំ​ឥឡូវនេះ » ។ « ខ្ញុំ​ចូលចិត្ត​អង្គុយ​ជាមួយ​គាត់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ជារៀងរាល់​សប្ដាហ៍ ហើយ​ខ្ញុំ​តែងតែ​សួរ​ថាតើ​គាត់​សុខសប្បាយ​ទេ ហើយ​ថា​បើ​មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​សម្រាប់​គាត់​បាន » ។ មួយ​រយៈ​ក្រោយមក មិត្ត​របស់​មេរ៉ានៀ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ កិច្ច​ប្រឹងប្រែង​របស់​សមាជិក​វួដ ក៏​ដូច​ជា​បរិយាកាស​ស្វាគមន៍​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ជា​ផ្នែក​ដ៏​ធំ​មួយ​ក្នុង​ការសម្រេច​ចិត្ត​របស់​គាត់ ។

គំនិត​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​ដែល​ត្រឡប់​មកវិញ ឬ​សមាជិក​ថ្មី

  • ពេល​អ្នក​ត្រូវ​ឡើង​និយាយ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ អ្នក​អាច​អញ្ជើញ​មិត្តភក្ដិ គ្រួសារ និង​អ្នក​ដទៃ​ទៀត​មក​ស្ដាប់​សារ​របស់​អ្នក ។

  • អ្នក​អាច​រកមើល ហើយ​ស្វាគមន៍​ពួក​អ្នក​ដែល​នៅ​ម្នាក់ឯង ឬ​អ្នក​ដែល​អាច​នឹង​ត្រូវការ​ជំនួយ ។ សួរ​ថា​បើ​​អ្នក​អាច​អង្គុយ​ក្បែរ​ពួកគេ ឬ​អញ្ជើញ​ពួកគេ​ឲ្យ​អង្គុយ​ជាមួយ​អ្នក ។

  • ពេល​ការប្រជុំ​ចប់ អ្នក​អាច​អញ្ជើញ​ពួក​អ្នក​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់ និង​អ្នក​ដទៃ​ទៀត​ឲ្យ​មក​កាន់​សកម្មភាព​សាសនាចក្រ​ខាងមុខ​ទៀត មកកាន់​ព្រះវិហារ​បរិសុទ្ធ ឬ​កម្មវិធី​សង្គម​មួយ ។

  • ប្រសិន​បើ​នរណា​ម្នាក់​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់ ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ប៉ុន្តែ​ពុំ​បាន​មក​មួយ​រយៈ អ្នក​អាច​សួរ​ពួកគេ​ថាតើ​ពួកគេ​មាន​សំណួរ​អ្វី​ដែរ​ឬ​ទេ​អំពី​អ្វី​ដែល​បាន​បង្រៀន ។ សូម​ប្រាប់​ពួកគេ​ថា អ្នក​ស្វាគមន៍​ពួកគេ​ជានិច្ច ប្រសិន​បើ​មាន​ពាក្យ រឿង ឬ​ផ្នែក​ណា​នៃ​គោលលទ្ធិ​ដែល​ពួកគេ​មិន​យល់ ។ អ្នក​អាច​រកមើល​ចម្លើយ​ជាមួយ​គ្នា​ប្រសិន​បើ​ចាំបាច់ ។

កំណត់​ចំណាំ

  1. សូម​ពិចារណា​ក្នុង​ការអាន « របៀប ៤ យ៉ាង​ដើម្បី​បម្រើ​ក្រុមគ្រួសារ​ដែល​ពិការ » ( អត្ថបទ​មានតែ​ជា​ឌីជីថល ) លីអាហូណា ខែ មិថុនា ឆ្នាំ ២០១៨ ឬ « ការគ្រប់គ្រង​ការប្រតិកម្ម​ចំណី​អាហារ​នៅ​ព្រះវិហារ » នៅក្នុង​ច្បាប់​នេះ​នៅទំព័រ ២២ ។

  2. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ ។

  3. ជែហ្វ្រី អ័រ ហូឡិន « នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៦ ។

  4. យ៉ូសែប ហ្វីលឌីង ស្ម៊ីធ នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩២៩ ទំព័រ ៦០–៦១ ។