គោលការណ៍នៃការងារបម្រើ
ការងារបម្រើគឺជាការមើលទៅមនុស្សដទៃ ដូចព្រះអង្គសង្គ្រោះទ្រង់ទត
ព្រះយេស៊ូវបានចំណាយពេលរបស់ទ្រង់ជាច្រើន គង់នៅជាមួយអស់អ្នកដែលត្រូវបានគេមើលឃើញថា មានភាពខុសពីគេ ទ្រង់បានទតឃើញសក្តានុពលនៃនិស្ស័យជាព្រះរបស់ពួកគេ ។
លីអាហូណា ខែ មិថុនា ឆ្នាំ ២០១៨
នៅក្នុងកិច្ចខិតខំដើម្បីផ្តល់ការងារបម្រើរបស់យើងដូចព្រះអង្គសង្គ្រោះ យើងអាចត្រូវបានសុំឲ្យផ្តល់ការងារបម្រើដល់អ្នកដែលមានលក្ខណៈប្លែកពីយើង ។ ការណ៍នេះតំណាងឲ្យឱកាសមួយសម្រាប់ឲ្យយើងរៀន និងរីកចម្រើន។
វប្បធម៌ ការអប់រំ ពូជសាសន៍ សេដ្ឋកិច្ច អាយុ ឥរិយាបថពីអតីតកាល និងបច្ចុប្បន្នកាល ឬភាពខុសប្លែកផ្សេងទៀត អាចធ្វើឲ្យយើងងាយនឹងវិនិច្ឆ័យបុគ្គលម្នាក់ ពីមុនយើងស្គាល់ពួកគេទៅទៀត ។ ការវិនិច្ឆ័យជាមុននេះគឺជាផ្នែកដ៏ធំនៃការរើសអើង ហើយព្រះអង្គសង្គ្រោះបានព្រមានទាស់នឹងការវិនិច្ឆ័យបែបនេះ ( សូមមើល សាំយូអែលទី ១ ១៦:៧; យ៉ូហាន ៧:២៤ ) ។
តើយើងអាចមើលរំលងភាពខុសគ្នាទាំងនោះ ហើយមើលទៅមនុស្សដទៃដូចព្រះអង្គសង្គ្រោះទ្រង់ទតបានដែរឬទេ ? តើយើងអាចរៀនស្រឡាញ់មនុស្សដទៃ ទោះបីពួកគេជានរណា ហើយទោះបីពួកគេអាចក្លាយជាអ្វីក៏ដោយដោយរបៀបណា ?
ការមើល និងសេចក្ដីស្រឡាញ់
ព្រះគម្ពីរប៊ីបប្រាប់រឿងមួយពីកម្លោះអ្នកមាន ដែលបានសួរពីរបៀបដើម្បីទទួលបានជីវិតអស់កល្បជានិច្ច ៖ « ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់ ហើយមានព្រះបន្ទូលថា អ្នកនៅខ្វះកិច្ចមួយទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ » ( ម៉ាកុស ១០:២១ ) ។
ពេលអែលឌើរ អេស ម៉ាក ផាលម៉ា ក្នុងពួកចិតសិបនាក់បានសិក្សាខគម្ពីរនេះកាលពីប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកថ្មីមួយនៃរឿងនេះបានធ្វើឲ្យលោកចាប់អារម្មណ៍ភ្លាមៗ ។
« ‹ ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់ › ។
នៅពេលខ្ញុំឮពាក្យទាំងនេះ រូបភាពដ៏ច្បាស់លាស់មួយបានផុសឡើងក្នុងចិត្តខ្ញុំអំពីព្រះអម្ចាស់ ឈប់គង់មួយសន្ទុះ ហើយ ទតទៅ កម្លោះម្នាក់នោះ ។ ទតទៅ—គឺជាការទតមើលឲ្យស៊ីជម្រៅ និងទតមើលធ្លុះដល់ព្រលឹងកម្លោះនោះ ដោយទទួលស្គាល់សេចក្តីល្អសប្បុរសរបស់គាត់ ព្រមទាំងសក្តានុពលរបស់គាត់ ក៏ដូចជាការញែកដឹងពីតម្រូវការដ៏ធំធេងរបស់គាត់ ។
បន្ទាប់មកពាក្យសាមញ្ញនេះ—ព្រះយេស៊ូវ ស្រឡាញ់គាត់ ។ ទ្រង់មានក្តីស្រឡាញ់ និងសេចក្តីអាណិតមេត្តាដ៏ច្រើនលើសលុបដល់កម្លោះល្អម្នាក់នេះ ហើយ ដោយសារ សេចក្តីស្រឡាញ់ និង ជាមួយ នឹងសេចក្តីស្រឡាញ់នេះ ព្រះយេស៊ូវបានសុំឲ្យគាត់ធ្វើកិច្ចការកាន់តែច្រើនបន្ថែមទៀត ។ ខ្ញុំបានស្រមៃមើលថា តើកម្លោះម្នាក់នេះមានអារម្មណ៍បែបណា ចំពោះសេចក្តីស្រឡាញ់ដ៏ខ្លាំងបែបនេះដែលគាត់បានទទួល ខណៈដែលត្រូវបានសុំឲ្យធ្វើកិច្ចការដ៏សែនលំបាក ដូចជាការលក់ទ្រព្យសម្បត្តិដែលគាត់មានទាំងអស់ ហើយចែកវាដល់អ្នកក្រ ។ …
[ ខ្ញុំបានសួរខ្លួនឯងថា ] ‹ តើខ្ញុំអាចបំពេញសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទក្នុងចិត្តខ្ញុំតាមរបៀបណា ដើម្បីឲ្យ [ មនុស្សដទៃ ] អាចទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះតាមរយៈខ្ញុំ ហើយមានបំណងផ្លាស់ប្តូរនោះ ? › តើខ្ញុំអាច មើល [ បុគ្គលម្នាក់ៗដែលនៅជុំវិញខ្ញុំ ] ដូចព្រះអម្ចាស់បានទតមើលកម្លោះអ្នកមាននោះយ៉ាងដូចម្តេច ដោយការមើលថា តើពួកគេជាមនុស្សបែបណា ហើយពួកគេអាចប្រែទៅជាបែបណា ជាជាងការគ្រាន់តែមើលថា តើពួកគេធ្វើ ឬមិនធ្វើអ្វីខ្លះ ? តើខ្ញុំអាចប្រែកាន់តែដូចជាព្រះអង្គសង្គ្រោះបានតាមរបៀបណា ? »១
ការរៀនដើម្បីមើលទៅមនុស្សដទៃ
ការរៀនដើម្បីមើលទៅមនុស្សដទៃដូចព្រះអង្គសង្គ្រោះទ្រង់ទត នាំមកនូវរង្វាន់ដ៏ច្រើនលើសលុប ។ នេះគឺជារបៀបមួយចំនួនដែលអាចជួយ ពេលយើងធ្វើកិច្ចការឆ្ពោះទៅកាន់គោលដៅនេះ ។
-
ស្គាល់ពួកគេឲ្យច្បាស់
សូមព្យាយាមរៀនស្គាល់មនុស្សឲ្យច្រើនលើសពីសំបកក្រៅរបស់ពួកគេ ។ ទទួលស្គាល់ថា ការបង្កើតទំនាក់ទំនងត្រូវចំណាយពេល និងកិច្ចខិតខំដោយស្មោះសរ ។ ( សូមមើលអត្ថបទគោលការណ៍នៃការងារបម្រើខែសីហាឆ្នាំ ២០១៨ « ការបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ » សម្រាប់ជាជំនួយ ) ។ -
ពិនិត្យមើលខ្លួនឯង
សូមយកចិត្តទុកដាក់លើការវិនិច្ឆ័យដែលអ្នកអាចធ្វើដោយចេតនា ឬអចេតនា ។ សូមកត់ចំណាំពីការស្មាននានា ដែលអ្នកកំពុងមានអំពីមនុស្សដទៃ ហើយព្យាយាមយល់ពីមូលហេតុដែលអ្នកមានអារម្មណ៍បែបនោះចំពោះពួកគេ ។ -
កុំវិនិច្ឆ័យគេ
ទទួលស្គាល់ថា កាលៈទេសៈពុំកំណត់ពីតម្លៃរបស់បុគ្គលម្នាក់ណាឡើយ ។ ព្យាយាមយល់ពីស្ថានភាពរបស់ពួកគេ និងពិចារណាពីរបៀបដែលអ្នកចង់ឲ្យនរណាម្នាក់យល់ពីអ្នក ប្រសិនបើអ្នកស្ថិតនៅក្នុងកាលៈទេសៈដូចគ្នានោះ ។ ការញែកចេញនូវជម្រើស និងឥរិយាបថរបស់នរណាម្នាក់ពីតម្លៃក្នុងខ្លួន និងសក្តានុពលនៃភាពជាព្រះរបស់ពួកគេ អាចជួយយើងឲ្យមើលពួកគេដូចព្រះអង្គសង្គ្រោះទ្រង់ទត ។ -
អធិស្ឋានដើម្បីស្រឡាញ់ពួកគេ
សូមអធិស្ឋានសម្រាប់ពួកគេជានិច្ចតាមឈ្មោះ និងអធិស្ឋានទូលសូមការអត់ធ្មត់ដើម្បីអភិវឌ្ឍមិត្តភាពដ៏ពិតប្រាកដមួយ ។ សូមក្រឡេកមើលការបម្រើរបស់អ្នកប្រកបដោយការអធិស្ឋាន ។ តើមានចន្លោះប្រហោងរវាងអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលពួកគេពិតជាត្រូវការដែរឬទេ ?
ព្រះយេស៊ូវបានចំណាយពេលវេលារបស់ទ្រង់ជាមួយមនុស្សគ្រប់ប្រភេទ ៖ អ្នកមាន អ្នកក្រ អ្នកគ្រប់គ្រង និងមនុស្សសាមញ្ញ ។ ជារឿយៗ ទ្រង់គឺជាជនរងគ្រោះនៃការវិនិច្ឆ័យខុសពីមនុស្សដទៃ ពេលពួកគេមើលទៅទ្រង់ និងរូបរាងក្រីក្រ ឬកាលៈទេសៈមិនសំខាន់របស់ទ្រង់ ។ « ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ ។ … ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល » ( អេសាយ ៥៣:២–៣ ) ។
ទស្សនវិស័យដូចជាព្រះគ្រីស្ទ
បងស្រីម្នាក់ចែកចាយរឿងនេះអំពីការរៀនមើលអ្នកជិតខាងម្នាក់ដោយកែវភ្នែកដូចជាព្រះគ្រីស្ទ ៖
« ជូលៀ ( ឈ្មោះត្រូវបានផ្លាស់ប្តូរ ) បានរស់នៅក្បែរខ្ញុំ ហើយហាក់ដូចជាគ្មានមិត្តភក្តិណាទេ ។ គាត់មើលទៅដូចជាអន់ចិត្ត និងមានកំហឹងជានិច្ច ។ ទោះជាយ៉ាងនោះក្តី ខ្ញុំបានសម្រេចចិត្តធ្វើជាមិត្តនឹងគាត់ ។ ពុំមែនគ្រាន់តែជាមិត្តភក្តិធម្មតានោះទេ ប៉ុន្តែជាមិត្តដ៏ពិតម្នាក់ ។ ខ្ញុំបាននិយាយទៅកាន់គាត់ ពេលណាខ្ញុំបានឃើញគាត់ ហើយខ្ញុំបានបង្ហាញចំណាប់អារម្មណ៍លើអ្វីដែលគាត់កំពុងធ្វើ ។ ដោយសន្សឹមៗ ខ្ញុំបានបង្កើតមិត្តភាពដ៏ស្អិតរមួតមួយជាមួយគាត់ ដែលធ្វើឲ្យចិត្តខ្ញុំមានអំណរ ។
នៅថ្ងៃមួយ ខ្ញុំបានសម្រេចចិត្តទៅសួរសុខទុក្ខជូលៀ ហើយសួរគាត់អំពីការសម្រេចចិត្តគាត់មិនចូលសាសនាចក្រ ។
ខ្ញុំបានដឹងថា គាត់គ្មានគ្រួសារ ឬសាច់ញាតិនៅក្បែរគាត់ឡើយ ។ បងប្អូនបង្កើតតែម្នាក់គត់របស់គាត់គឺប្អូនប្រុសរបស់គាត់រស់នៅឆ្ងាយណាស់ ប្អូនប្រុសគាត់ទាក់ទងមកគាត់មួយឆ្នាំតែម្តងគត់តាមរយៈទូរសព្ទ ។ ពេលខ្ញុំស្តាប់ការនិយាយពីភាពល្វីងជូរចត់ កំហឹង និងភាពស្មុគស្មាញអំពីគ្រួសារគាត់ និងសាសនាចក្រ នោះអារម្មណ៍នៃក្តីអាណិតអាសូរដែលពុំអាចបដិសេធបាន និងសេចក្តីស្រឡាញ់ចំពោះបងស្រីនេះបានស្ថិតមកលើខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំទទួលអារម្មណ៍ឈឺចាប់ និងភាពស្មុគស្មាញរបស់គាត់ ។ ខ្ញុំបានដឹងពីជីវិតដ៏ឯកោរបស់គាត់ ។ ខ្ញុំបានឮឃ្លាមួយពីក្រោយខ្ញុំថា ៖ ‹ យើងក៏ស្រឡាញ់គាត់ដែរ ។ ចូរស្រឡាញ់ និងគោរពគាត់ › ។
« ខ្ញុំបានអង្គុយ ហើយស្តាប់រហូតដល់គាត់គ្មានអ្វីនិយាយទៀត ។ ខ្ញុំមានអារម្មណ៍នៃសេចក្តីស្រឡាញ់ និងក្តីអាណិតអាសូរដល់គាត់ ។ នេះគឺជាបងស្រីម្នាក់ដែលពុំធ្លាប់ដឹងថា តើអារម្មណ៍ដែលមានគេស្រឡាញ់នោះមានសភាពបែបណាឡើយ ។ រំពេចនោះ ខ្ញុំបានយល់ពីគាត់កាន់តែខ្លាំងឡើង ។ ខ្ញុំថ្លែងអំណរគុណគាត់ ដែលបានអនុញ្ញាតឲ្យខ្ញុំទៅសួរសុខទុក្ខគាត់ ហើយខ្ញុំបានលាគាត់ដោយឱបគាត់ និងមានសេចក្តីស្រឡាញ់ ព្រមទាំងគោរពគាត់ ។ គាត់នឹងពុំដឹងថា គាត់បានរំជួលចិត្តខ្ញុំប៉ុណ្ណាទេជាមួយនឹងការសួរសុខទុក្ខនោះ ។ ព្រះវរបិតាសួគ៌បានបើកភ្នែកខ្ញុំ ហើយបានបង្រៀនខ្ញុំថា ខ្ញុំមានសមត្ថភាពដើម្បីស្រឡាញ់ជាមួយនឹងការអាណិតអាសូរដែលបានកើនឡើង ។ ខ្ញុំបានប្តេជ្ញាក្នុងចិត្តខ្ញុំថា ពុំគ្រាន់តែធ្វើជាមិត្តនឹងគាត់នោះទេ ខ្ញុំនឹងធ្វើជាគ្រួសាររបស់គាត់ផងដែរ » ។
វាគឺជារឿងពិសិដ្ឋមួយដើម្បីត្រូវបានអញ្ជើញឲ្យធ្វើជាផ្នែកមួយក្នុងជីវិតរបស់មនុស្សដទៃទៀត ។ ជាមួយនឹងការអធិស្ឋាន ការអត់ធ្មត់ និងជំនួយពីព្រះវិញ្ញាណ នោះយើងអាចរៀនធ្វើកិច្ចការនោះជាមួយនឹងទស្សនវិស័យកាន់តែដូចព្រះគ្រីស្ទ ។