គោលការណ៍នៃការងារបម្រើ
អ្វីដែល រឿងអំពីបុណ្យគ្រីស្ទម៉ាស់ បង្រៀនយើងអំពី ការងារបម្រើ
« នេះគឺជារដូវកាលដ៏គួរឲ្យពេញចិត្តបំផុតនៅក្នុងឆ្នាំ ។ ច្រៀងចម្រៀង រដូវកាលបុណ្យគ្រីស្ទម៉ាស់នឹងមកដល់ឆាប់ៗ ។ ប្រាប់រឿងពិតពីការប្រសូតរបស់ព្រះយេស៊ូវ កាលទ្រង់នៅតូច ទ្រង់បានយាងមកកាន់ផែនដី » ( « The Nativity Song » Children’s Songbook ទំព័រ ៥២ ) ។
លីអាហូណា ខែ ធ្នូ ឆ្នាំ ២០១៩
រដូវកាលបុណ្យគ្រីស្ទម៉ាស់គឺជាពេលវេលាដ៏អស្ចារ្យ ពេលចៀម អ្នកគង្វាល ស្នូក និងផ្កាយបានផ្តល់អត្ថន័យថ្មីៗ ។ វាក្លាយជាតួអង្គដ៏សំខាន់នៅក្នុងការនិទានប្រាប់ឡើងវិញអំពីព្រឹត្តការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោកគឺ ៖ ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ក្រុមគ្រួសារជាច្រើនដាក់តាំងរូបភាពប្រសូតកម្មក្នុងគេហដ្ឋានរបស់ពួកគេ ។ មានអ្នកខ្លះទៀតយកការអានរឿងអំពីការប្រសូតរបស់ទ្រង់ ឬចូលរួមក្នុងការសម្តែងល្ខោនជាអាទិភាព ។ ដូចរឿងទាំងអស់អំពីព្រះគ្រីស្ទដែរ រឿងអំពីការប្រសូតរបស់ទ្រង់ពោរពេញដោយមេរៀន ដែលយើងអាចរៀនអំពីការងារបម្រើ អំពីការចែកចាយពន្លឺរបស់ទ្រង់ដើម្បីបំភ្លឺពិភពលោក ។ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា « រឿងអំពីបុណ្យគ្រីស្ទម៉ាស់គឺជារឿងនៃសេចក្តីស្រឡាញ់ ។
… នៅក្នុងរឿងនានាអំពីការប្រសូតរបស់ព្រះគ្រីស្ទ យើងអាចមើលឃើញ ហើយទទួលអារម្មណ៍ថា ទ្រង់ធ្លាប់ជានរណា ហើយទ្រង់គឺជានរណា ។ ការណ៍នោះសម្រាលបន្ទុកយើងនៅក្នុងដំណើរជីវិតនេះ ។ ហើយវានឹងដឹកនាំយើងឲ្យបំភ្លេចខ្លួនយើង ហើយសម្រាលបន្ទុករបស់មនុស្សដទៃ » ។១
« ក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ » ( លូកា ២:៧ )
ម្ចាស់ផ្ទះសំណាក់ពុំបានរៀបចំកន្លែងសម្រាប់ព្រះអង្គសង្គ្រោះទេ ប៉ុន្តែយើងពុំត្រូវធ្វើកំហុសនោះទេ ! យើងអាចរៀបចំកន្លែងសម្រាប់ព្រះអង្គសង្គ្រោះនៅក្នុងចិត្តយើង តាមរយៈការទុកកន្លែងសម្រាប់បងប្អូនប្រុសស្រីរបស់យើងនៅតុអាហារយើង ក្នុងផ្ទះយើង និងតាមរយៈប្រពៃណីរបស់យើង ។ ប្រពៃណីជាច្រើនរបស់គ្រួសារអាចធ្វើឲ្យកាន់តែផ្អែមល្ហែម ហើយកាន់តែគួរឲ្យចងចាំ តាមរយៈការរាប់អានមនុស្សដទៃ ។ ដាយអាណា និងគ្រួសាររបស់គាត់មានប្រពៃណីនៃការអញ្ជើញមនុស្សឲ្យចូលរួមបុណ្យគ្រីស្ទម៉ាស់ជាមួយពួកគេ ។ រៀងរាល់ខែធ្នូ ពួកគេពិភាក្សាគ្នា ហើយសម្រេចចិត្តថា តើពួកគេចង់អញ្ជើញនរណាគេ ។២ ប្រហែលជាគ្រួសាររបស់អ្នកអាចចាប់ផ្តើមប្រពៃណីស្រដៀងគ្នានេះដែរ ។ ប្រហែលបុគ្គលដែលអ្នកផ្តល់ការងារបម្រើនឹងចង់ចូលរួមគ្រួសាររបស់អ្នក ក្នុងការច្រៀងរួមគ្នានូវចម្រៀងបុណ្យគ្រីស្ទម៉ាស់ដែលចូលចិត្ត ។ អ្នកក៏អាចរៀបចំកន្លែងនៅតុអាហារពេលល្ងាចនៃបុណ្យគ្រីស្ទម៉ាស់ សម្រាប់នរណាម្នាក់ដែលពុំមានគ្រួសារនៅក្នុងតំបន់នោះ ។
តើអ្វីជារបៀបដ៏ប្រសើរដើម្បីសាទរចំពោះព្រះអង្គសង្គ្រោះ ជាងការធ្វើតាមគំរូរបស់ទ្រង់ក្នុងការរាប់អានមនុស្សដទៃនោះ ? ចូរចាំថា ទ្រង់អញ្ជើញយើងទាំងអស់គ្នាឲ្យ « មករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី ហើយទ្រង់នឹកចាំដល់ពួកអ្នកឥតសាសនា ក៏ដូចគ្នានៅចំពោះព្រះដែរ ( នីហ្វៃទី២ ២៦:៣៣ ) ។ សូមរៀបចំកន្លែងមួយ ហើយបង្កើតការអាប់អាន ។
« រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាល ដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់ » ( លូកា ២:៨ )
វាទំនងថា ពួកអ្នកគង្វាលដ៏រមទម្យទាំងនោះគឺជាមនុស្សដំបូងគេដែលថ្វាយបង្គំព្រះឱរសព្រះអង្គសង្គ្រោះ ។ ព្យាការីពីបុរាណបានថ្លែងពីព្រះយេស៊ូវគ្រីស្ទថាជា « អ្នកគង្វាលអ៊ីស្រាអែល » ( ទំនុកដំកើង ៨០:១ ) និងជា « អ្នកគង្វាលមួយប៉ុណ្ណោះ នៅលើផែនដីទាំងមូល » ( នីហ្វៃទី១ ១៣:៤១ ) ។ ហើយព្រះផ្ទាល់បានមានបន្ទូលថា « ឯខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ » ( យ៉ូហាន ១០:១៤ ) ។ ការស្គាល់ចៀមយើង ហើយបន្តមើលថែពួកគេ គឺជាផ្នែកមួយដ៏សំខាន់នៃការឃ្វាល និងផ្តល់ការងារបម្រើ ដូចព្រះអង្គសង្គ្រោះធ្វើ ។
ជាមួយនឹងពន្លឺភ្លើងដ៏ចិញ្ចែងចិញ្ចាច និងការតុបតែងលម្អនានា នោះមានអ្វីជាច្រើនដែលត្រូវមើលអំឡុងរដូវកាលបុណ្យគ្រីស្ទម៉ាស់ ។ ប៉ុន្តែប្រហែលជាសម្រស់ដ៏ស្រស់ត្រកាលបំផុតនៃរដូវកាលនោះអាចរកឃើញបាន ពេលយើងចងចាំក្នុងការបំបែរការផ្តោតចិត្តយើងទៅអ្នកដែលយើងផ្តល់ការងារបម្រើ ហើយបន្តមើលថែហ្វូងចៀមផ្ទាល់របស់យើង ។ ការបន្តមើលថែអាចជាការសម្គាល់ឃើញពីនំដែលបុគ្គលណាម្នាក់ចូលចិត្ត ឬការសួរពីផែនការឈប់លំហែរកាយរបស់នរណាម្នាក់ ។ យើងបន្តមើលថែ ពេលយើងមើល និងបំពេញតម្រូវការរបស់មនុស្សដទៃ—ទាំងមើលឃើញជាក់ស្តែង និងមិនមើលឃើញ ។
ពេលឆើរៀលបានបាត់បង់ស្វាមីរបស់នាងគឺម៉ាយ នាងក្រៀមក្រំខ្លាំងណាស់ ។ នៅពេលបុណ្យគ្រីស្ទម៉ាស់ដំបូងរបស់នាងដែលគ្មានស្វាមីនាងនៅក្បែរ នោះនាងមានភាពឯកោកាន់តែខ្លាំង ។ ដោយអំណរគុណ បងស្រីស្ស៊ូណាដែលផ្តល់ការងារបម្រើដល់នាងបាននៅទីនោះសម្រាប់នាង ។ ស៊ូណា និងជីម ជាស្វាមីគាត់ បានអញ្ជើញឆើរៀលទៅដើរកម្សាន្តក្នុងឱកាសសម្រាកលំហែកាយជាច្រើនដង ។ ពួកគេបានដឹងថាអាវធំរបស់ឆើរៀលចាស់ ហើយបានសម្រេចចិត្តធ្វើអ្វីមួយអំពីរឿងនោះ ។ ពីរបីថ្ងៃពីមុនថ្ងៃបុណ្យគ្រីស្ទម៉ាស់ ស៊ូណា និងជីមបានទិញអំណោយបុណ្យគ្រីស្ទម៉ាស់មួយឲ្យឆើរៀល ៖ គឺអាវធំមួយថ្មីដ៏ស្រស់ស្អាត ។ ពួកគេបានដឹងពីតម្រូវការខាងសាច់ឈាមរបស់ឆើរៀលដើម្បីមានអាវធំមួយកក់ក្តៅ ប៉ុន្តែពួកគេក៏ដឹងពីតម្រូវការផ្នែកអារម្មណ៍ ដើម្បីទទួលការលួងលោម និងមានគ្នីគ្នា ។ ពួកគេបានឈោងទៅបំពេញតម្រូវការទាំងនោះអស់ពីលទ្ធភាពរបស់ពួកគេ ហើយធ្វើជាគំរូដ៏ប្រពៃអំពីរបៀបដែលយើងអាចមើលថែហ្វូងចៀមផ្ទាល់របស់យើង ។៣
« នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម » ( លូកា ២:១៥ )
« ចូរយើងទៅ » គឺជាការអញ្ជើញមួយដ៏រីករាយ ។ ពួកអ្នកគង្វាលពុំគិតថា មិត្តភក្ដិរបស់ពួកគេហត់នឿយខ្លាំងពេកដើម្បីធ្វើដំណើរទេ ។ ពួកគេពុំធ្វើដំណើរទៅបេថ្លេហិមដោយខ្លួនឯងដោយស្ងាត់ស្ងៀមទេ ។ ពួកគេបានងាកមើលគ្នាដោយអំណរ ហើយនិយាយថា « ចូរយើងទៅ ! »
ដោយសារយើងពុំអាចអញ្ជើញមិត្តភក្តិយើងឲ្យមកមើលព្រះឱរសព្រះអង្គសង្គ្រោះទេ យើងអាចអញ្ជើញពួកគេឲ្យទទួលអារម្មណ៍អំពីស្មារតីនៃបុណ្យគ្រីស្ទម៉ាស់ ( ឬស្មារតីនៃព្រះគ្រីស្ទ ) តាមរយៈការបម្រើជាមួយយើង ។ បូនី អិល. អូស្ការសុន អតីតប្រធានយុវនារីទូទៅបានមានប្រសាសន៍ថា « របៀបដើម្បីពង្រឹងស្មារតីនៃបុណ្យគ្រីស្ទម៉ាស់ គឺត្រូវជួយដល់អ្នកជុំវិញខ្លួនយើងដោយចិត្តសប្បុរស ហើយលះបង់ខ្លួន » ។៤ សូមស្រមៃថា អ្នកកំពុងកាន់ទៀនមួយ ។ មនុស្សដទៃអាចមើលពិតប្រាកដ និងបានប្រយោជន៍ពីពន្លឺទៀនរបស់អ្នក ប៉ុន្តែសូមស្រមៃពីភាពកក់ក្តៅដែលពួកគេអាចទទួលអារម្មណ៍ ប្រសិនបើអ្នកប្រើទៀនរបស់អ្នកបំភ្លឺទៀនរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេកាន់ពន្លឺសម្រាប់ខ្លួនពួកគេ ។
ព្រះគ្រីស្ទផ្ទាល់បានបង្រៀនថា អ្នកដែលធ្វើតាមទ្រង់នឹងមានពន្លឺនៃជីវិត ( សូមមើល យ៉ូហាន ៨:១២ ) ។ ការបម្រើដូចទ្រង់បានធ្វើគឺជារបៀបមួយដែលយើងអាចធ្វើតាមទ្រង់ ហើយរីករាយនឹងពន្លឺដែលបានសន្យានោះ ។ ដូច្នេះសូមចែកចាយពន្លឺដោយការអញ្ជើញអ្នកដទៃដើម្បីបម្រើជាមួយអ្នក ! តើអ្នក និងអស់អ្នកដែលអ្នកផ្តល់ការងារបម្រើអាចបម្រើជាមួយគ្នាដោយរបៀបណា ?អ្នកអាចរៀបចំអាហារដែលអ្នកចូលចិត្ត ឬធ្វើឲ្យមនុស្សម្នាក់ភ្ញាក់ផ្អើល ដោយសារអំណោយតូចមួយ ឬសារខ្លីមួយរួមគ្នា ។ ជាមួយគ្នាអ្នកអាចទទួលអារម្មណ៍នៃពន្លឺដែលកើតមកពីការធ្វើតាមគំរូនៃការបម្រើរបស់ព្រះគ្រីស្ទ ។
« គេក៏រ៉ាយរ៉ាប់រឿងពីសេចក្តីដែលទេវតាបានប្រាប់ពីព្រះឱរស » ( លូកា ២:១៧ )
វាជារឿងងាយស្រួល ដើម្បីស្រមៃឃើញពីក្តីរំភើបដ៏រីករាយនៃពួកអ្នកគង្វាល ពេលពួកគេចែកចាយដំណឹងដ៏អស្ចារ្យអំពីការប្រសូតរបស់ព្រះគ្រីស្ទ ជាមួយមនុស្សជាច្រើនដែលពួកគេអាចធ្វើបាន ។ ការប្រកាសដោយពួកទេវតាគឺថា ព្រះមែស៊ីដែលត្រូវបានព្យាករទុកបានយាងមកហើយ ! ទ្រង់បានយាងមក ! ប្រាកដណាស់ ការចែកចាយដំណឹងល្អអំពីព្រះអង្គសង្គ្រោះគឺជាប្រធានបទដ៏ធំអំពីរឿងប្រសូតកម្ម ។ ពួកទេវតាបានច្រៀង ។ ផ្កាយបានចង្អុលបង្ហាញប្រាប់ផ្លូវ ។ ហើយពួកអ្នកគង្វាលបានស្គាល់ដែនដីដ៏ឆ្ងាយនោះ ។
យើងអាចបន្ថែមសំឡេងយើងទៅលើរឿងបុណ្យគ្រីស្ទម៉ាស់ តាមរយៈការចែកចាយដំណឹងល្អ និងការថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀនថា « នៅពេលបងប្អូនមានឯកសិទ្ធិដើម្បីធ្វើជាតំណាងព្រះអង្គសង្គ្រោះនៅក្នុងការខិតខំបម្រើរបស់បងប្អូន ចូរសួរខ្លួនឯងថា ‹ តើខ្ញុំអាចចែកចាយពន្លឺនៃដំណឹងល្អជាមួយនឹងបុគ្គលនេះ ឬគ្រួសារនេះយ៉ាងដូចម្ដេច ? › តើព្រះវិញ្ញាណបំផុសឲ្យខ្ញុំធ្វើអ្វីខ្លះ ? »៥
នេះគឺជាយោបល់មួយចំនួនសម្រាប់ឲ្យអ្នកពិចារណា ពេលអ្នកស្វែងរកចង់ដឹងពីរបៀបដែលអ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ៖
-
ស្វែងរកខគម្ពីរមួយដែលពិពណ៌នាពីអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ឬបង្ហាញពីមូលហេតុដែលអ្នកមានអំណរគុណចំពោះទ្រង់ ។ សូមចែកចាយខគម្ពីរនោះជាមួយមនុស្សដែលអ្នកផ្តល់ការងារបម្រើ ។
-
ផ្ញើសារតាមទូរសព្ទ ឬផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនូវវីដេអូបុណ្យគ្រីស្ទម៉ាស់ ។ មានវីដេអូអស្ចារ្យមួយចំនួននៅលើគេហទំព័រ ChurchofJesusChrist.org !
-
ប្រាប់មិត្តភក្តិម្នាក់អំពីការចងចាំពិសេសមួយ ឬប្រពៃណីមួយដែលរំឭកអ្នកអំពីព្រះគ្រីស្ទ ។
មានសេចក្តីជំនឿថា ព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពីសេចក្តីពិតអំពីទីបន្ទាល់របស់អ្នក គឺដូចទ្រង់បានថ្លែងទីបន្ទាល់ដល់ ស៊ីម៉ូន និង អាណ ថា ព្រះឱរសយេស៊ូវគឺជាព្រះអង្គសង្គ្រោះ ( សូមមើល លូកា ២:២៦, ៣៨ ) ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ដើម្បីផ្ដល់កិត្តិយសពិតចំពោះការយាងមកក្នុងពិភពលោកនេះ [ របស់ព្រះយេស៊ូវគ្រីស្ទ ] យើងត្រូវធ្វើដូចជាទ្រង់បានធ្វើ ហើយឈោងទៅជួយដោយសេចក្ដីមេត្តាករុណាដល់បងប្អូនយើង ។ ការណ៍នេះយើងអាចធ្វើរាល់ថ្ងៃ ដោយពាក្យសម្ដី និងទង្វើ ។ ចូរឲ្យកិច្ចការនេះក្លាយជាទំនៀមទម្លាប់បុណ្យគ្រីស្ទម៉ាស់របស់យើង មិនថាយើងនៅទីណាទេ—ចូរយើងមានចិត្តល្អថែមបន្តិចទៀត អភ័យទោសឲ្យបានច្រើនជាងមុន កុំសូវកាត់សេចក្ដីគេ មានអំណរគុណច្រើនជាងមុន និងមានសេចក្ដីសប្បុរសកាន់តែច្រើនក្នុងការចែកចាយភាពសម្បូរណ៌របស់យើងជាមួយនឹងជនខ្វះខាត » ។៦