ព្រះគម្ពីរ
អាលម៉ា 13


ជំពូក​ទី ១៣

មនុស្ស​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់ ដោយ​សារ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ និង​កិច្ចការ​ដ៏​ល្អ​ទាំង​ឡាយ​របស់​គេ — ពួក​គេ​ត្រូវ​បង្រៀន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ — តាម​រយៈ​សេចក្ដី​សុចរិត នោះ​ពួក​គេ​នឹង​បាន​ញែក​ជា​បរិសុទ្ធ ហើយ​នឹង​បាន​ចូល​ទៅ​ក្នុង​ទី​សម្រាក​នៃ​ព្រះ​អម្ចាស់ — លោក​ម៉ិលគីស្សាដែក គឺជា​ពួក​ផង​នោះ — ពួក​ទេវតា​ប្រកាស​ប្រាប់​ដំណឹង​ដ៏​រីករាយ​ទូ​ទៅ​ទាំង​ដែនដី — ពួក​គេ​នឹង​បើក​សម្ដែង​ប្រាប់​អំពី​ការ​យាង​មក​ដ៏​ពិតប្រាកដ​នៃ​ព្រះ​គ្រីស្ទ។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ហើយ​ម្យ៉ាង​ទៀត ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​រំឭក​អ្នក​ទៀត​ឲ្យ​នឹក​ឃើញ​ដល់​ពេល ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ព្រះ​បញ្ញត្តិ​ទាំង​នេះ​ដល់​កូន​ចៅ​របស់​ទ្រង់ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចាំ​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​តែងតាំង​ពួក​សង្ឃ​ទាំង​ឡាយ​ឡើង តាម​របៀប​ដ៏​បរិសុទ្ធ​របស់​ទ្រង់ គឺ​តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​បង្រៀន​ការណ៍​ទាំង​នេះ​ទៅ​កាន់​ប្រជាជន។

ហើយ​ពួក​សង្ឃ​ទាំង​នោះ​ត្រូវ​បាន​តែងតាំង​ឡើង តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ តាម​វិធី​ដែល​អាច​ឲ្យ​ប្រជាជន​ដឹង​ថា តាម​របៀប​ណាមួយ ដើម្បី​ទន្ទឹង​ចាំ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ សម្រាប់​ការ​ប្រោស​លោះ។

ហើយ​នេះ​គឺជា​វិធី​ដែល​គេ​ត្រូវ​បាន​តែងតាំង​ឡើង — ដោយ​បាន​ហៅ ហើយ​រៀបចំ​ទុក ចាប់​តាំង​ពី​កំណើត​លោកិយ​មក ស្រប​តាម​បុព្វ​វិជ្ជា​នៃ​ព្រះ ដោយ​សារ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ និង​កិច្ចការ​ដ៏​ល្អ​ទាំង​ឡាយ​របស់​គេ ជា​ពិសេស គេ​ត្រូវ​បាន​ទុក​ឲ្យ​រើស​ការ​ល្អ ឬ​ការ អាក្រក់ ហេតុ​ដូច្នេះ​ហើយ គេ​បាន​រើស​យក​ល្អ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ធំ​លើសលប់ ត្រូវ​បាន​ហៅ​ដោយ​តំណែង​ដ៏​បរិសុទ្ធ មែន​ហើយ ដោយ​តំណែង​ដ៏​បរិសុទ្ធ​ដែល​បាន​រៀបចំ​ទុក​មក និង​ស្រប​តាម​ការ​ប្រោស​លោះ​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​មនុស្ស​បែប​នេះ។

ហើយ​ដោយ​ហេតុ​នេះ ពួក​គេ​ត្រូវ​បាន​ហៅ​មក​កាន់​តំណែង​ដ៏​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ជំនឿ​របស់​គេ នៅ​ពេល​អ្នក​ឯ​ទៀត​បដិសេធ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដោយ​មក​ពី​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ និង​ភាព​ងងឹតងងល់​នៃ​គំនិត​របស់​គេ ពេល​នោះ​ប្រសិនបើ​ពុំ​មក​ពី​ហេតុ​នេះ​ទេ ពួក​គេ​ច្បាស់​ជា​មាន​ឯក​សិទ្ធ​ដ៏​ធំ​ស្មើ​នឹង​បង​ប្អូន​គេ​ដែរ។

ឬ​ក៏​សរុប​សេចក្ដី​មក ជា​ពិសេស គេ​មាន​ថ្នាក់​ស្មើ​គ្នា​នឹង​បង​ប្អូន​គេ​ដែរ ម្ល៉ោះ​ហើយ តំណែង​ដ៏​បរិសុទ្ធ​ដែល​បាន​រៀបចំ​ឡើង ចាប់​តាំង​ពី​កំណើត​លោកិយ​មក សម្រាប់​មនុស្ស​ណា​ដែល​ពុំ​ធ្វើ​ចិត​រឹងរូស ដោយ​បាន​រៀបចំ​ឡើង​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ ដែល​បាន​រៀបចំ​ទុក —

ហើយ​ដោយ​ហេតុ​នេះ ត្រូវ​បាន​ហៅ​ដោយ​តំណែង​ដ៏​បរិសុទ្ធ ហើយ​បាន​តែងតាំង​ឡើង​ក្នុង​បព្វជិត​ភាព​ជាន់​ខ្ពស់ នៃ​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ ដើម្បី​ទៅ​បង្រៀន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ដល់​កូន​ចៅ​មនុស្ស ក៏​ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់​ផង —

បព្វជិត​ភាព​ជាន់​ខ្ពស់​នេះ គឺ​តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺជា​របៀប​ចាប់​តាំង​ពី​កំណើត​លោកិយ​មក ឬ​និយាយ​ម្យ៉ាង​ទៀត គឺ​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ឆ្នាំ​បញ្ចប់​ឡើយ គឺ​បាន​រៀបចំ​ពី​ភាព​អស់​ទាំង​កល្ប​ជានិច្ច ទៅ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច ស្រប​តាម​បុព្វ​វិជ្ជា​របស់​ទ្រង់​លើ​ការណ៍​ទាំង​អស់ —

ឥឡូវ​នេះ ពួក​គេ​ត្រូវ​បាន​តែងតាំង​ឡើង​តាម​វិធី​នេះ — ដោយ​បាន​ហៅ​ដោយ​តំណែង​ដ៏​បរិសុទ្ធ ហើយ​បាន​តែងតាំង​ឡើង​ដោយ​ពិធី​បរិសុទ្ធ ហើយ​លើក​យក​ដាក់​លើ​ខ្លួន​នូវ​បព្វជិត​ភាព​ជាន់​ខ្ពស់ នៃ​របៀប​ដ៏​បរិសុទ្ធ គឺជា​តំណែង និង​ពិធី​បរិសុទ្ធ និង​បព្វជិត​ភាព​ជាន់​ខ្ពស់ ដែល​គ្មាន​ការ​ចាប់​ផ្ដើម ឬ​ទី​បញ្ចប់​ឡើយ —

ម្ល៉ោះ​ហើយ ពួក​គេ​ក្លាយ​ទៅ​ជា​សង្ឃ​ជាន់​ខ្ពស់​រហូត​ត​ទៅ តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា ដែល​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​នៃ​ព្រះ​វរបិតា ទ្រង់​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ឆ្នាំ​បញ្ចប់​ឡើយ ទ្រង់​ពោរពេញ​ទៅ​ដោយ​ព្រះ​គុណ សេចក្ដី​ទៀងត្រង់ និង​សេចក្ដី​ពិត។ ហើយ​គឺ​យ៉ាង​ដូច្នោះ មែន។ អាម៉ែន។

១០ឥឡូវ​នេះ ដូច​ជា​ខ្ញុំ​បាន​និយាយ​អំពី​របៀប​ដ៏​បរិសុទ្ធ ឬ​បព្វជិត​ភាព​ជាន់​ខ្ពស់​នេះ នោះ​មាន​មនុស្ស​ជា​ច្រើន ដែល​ត្រូវ​បាន​តែងតាំង​ឡើង ហើយ​បាន​ក្លាយ​ទៅ​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់​នៃ​ព្រះ ហើយ​ដោយ​សារ​តែ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ និង​ការ​ប្រែចិត្ត​របស់​គេ និង​អំពើ​សុចរិត របស់​គេ​ចំពោះ​ព្រះ នោះ​គេ​បាន​ជ្រើសរើស​យក​ការ​ប្រែចិត្ត ហើយ​ធ្វើ​ការ​សុចរិត ជាជាង​ការ​វិនាស

១១ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​បាន​ហៅ​តាម​របៀប​ដ៏​បរិសុទ្ធ​នេះ ហើយ​បាន​ញែក​ជា​បរិសុទ្ធ ហើយ​សំលៀកបំពាក់​របស់​គេ​ក៏​បាន​ជំរះ​ឲ្យ​ស តាម​រយៈ​ឈាម​នៃ​កូន​ចៀម។

១២ឥឡូវ​នេះ បន្ទាប់​ពី​គេ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​មាន​សំលៀកបំពាក់​បាន​ធ្វើ​ឲ្យ​ស ដោយ​បាន​បរិសុទ្ធ ហើយ​គ្មាន​ទោស​នៅ​ចំពោះ​ព្រះ នោះ​គេ​ពុំ​អាច​សម្លឹង​មើល​អំពើ​បាប​ទៀត​ឡើយ លើក​លែង​តែ​មើល​ដោយ​ស្អប់​ខ្ពើម​ប៉ុណ្ណោះ ហើយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ដែល​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

១៣ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​បន្ទាប​ខ្លួន​ចំពោះ​ព្រះ ហើយ​នាំ​មក​នូវ​ផល​ដែល​សម​នឹង​សេចក្ដី​ប្រែចិត្ត ដើម្បី​ឲ្យ​អ្នក​អាច​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ​ដែរ។

១៤មែន​ហើយ ចូរ​បន្ទាប​ខ្លួន​ឲ្យ​ដូច​មនុស្ស​ជំនាន់​លោក​ម៉ិលគីស្សាដែក ដែល​ជា​សង្ឃ​ជាន់​ខ្ពស់​ម្នាក់​ដែរ​តាម​របៀប​ដូច​គ្នា ដែល​ខ្ញុំ​បាន​និយាយ​នេះ ដែល​បាន​លើកដាក់​លើ​ខ្លួន​លោក​នូវ​បព្វជិត​ភាព​ជាន់​ខ្ពស់​នេះ​រៀង​រហូត។

១៥ហើយ​គឺ​ម៉ិលគីស្សាដែក​នេះ​ហើយ​ដែល​លោក​អ័ប្រាហាំ​បាន​ថ្វាយ​ដង្វាយ​១​ភាគ​១០ មែន​ហើយ គឺ​លោក​អ័ប្រាហាំ ជា​អយ្យកោ​របស់​យើង បាន​ថ្វាយ​១​ក្នុង​១០​នូវ​អ្វីៗ​ដែល​លោក​មាន​ដែរ។

១៦ឥឡូវ​នេះ ពិធី​បរិសុទ្ធ​ទាំង​នេះ​បាន​ចាត់​តាម​វិធី​នេះ ដើម្បី​តាម​របៀប​នេះ ប្រជាជន​អាច​ទន្ទឹង​ចាំ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​ជាគំរូ​មួយ​នៃ​របៀប​របស់​ទ្រង់ ឬ​វា​ជា​របៀប​របស់​ទ្រង់ ហើយ​ពួក​គេ​ទន្ទឹង​ចាំ​ទ្រង់​តាម​របៀប​នេះ ដើម្បី​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ ដើម្បី​គេ​អាច​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់​បាន។

១៧ឥឡូវ​នេះ ម៉ិលគីស្សាដែក​នេះ​គឺជា​ស្ដេច​នៃ​ស្រុក​សាឡិម ហើយ​ប្រជាជន​របស់​ទ្រង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​អំពើ​ដ៏​គួរ​ខ្ពើម​ឆ្អើម​យ៉ាង​ក្រាស់ក្រែល មែន​ហើយ ពួក​គេ​ទាំង​អស់​បាន​ដើរ​វង្វេង ហើយ​ពួក​គេ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង

១៨ប៉ុន្តែ​ម៉ិលគីស្សាដែក ដោយ​បាន​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង ហើយ​បាន​ទទួល​មុខងារ​នៃ​បព្វជិត​ភាព​ជាន់​ខ្ពស់ ស្រប​តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ បាន​បង្រៀន​ការ​ប្រែចិត្ត​ដល់​ប្រជាជន​របស់​ទ្រង់។ ហើយ​មើល​ចុះ ពួក​គេ​បាន​ប្រែចិត្ត ហើយ​ម៉ិលគីស្សាដែក​បាន​បង្កើត​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ស្រុក​នៅ​សម័យ​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ទ្រង់​ត្រូវ​បាន​ហៅ​ថា ជា​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត ព្រោះ​ទ្រង់​ជា​ស្ដេច​នៃ​ស្រុក​សាឡិម ហើយ​ទ្រង់​បាន​គ្រងរាជ្យ​ក្រោម​អំណាច​របស់​បិតា​ទ្រង់។

១៩ឥឡូវ​នេះ មាន​មនុស្ស​ជា​ច្រើន​មុន​ទ្រង់ ហើយ​មាន​មនុស្ស​ជា​ច្រើន​ក្រោយ​ទ្រង់​ដែរ តែ​គ្មាន​នរណា​ប្រសើរ​ជាង​ទ្រង់​ឡើយ ហេតុ​ដូច្នេះ​ហើយ ទើប​គេ ជា​ពិសេស និយាយ​អំពី​ទ្រង់​ច្រើន​ជាងគេ។

២០ឥឡូវ​នេះ ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ផ្ទួន​ឡើង​វិញ​នូវ​ការណ៍​នេះ​ឡើយ អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ​មក​នេះ គឺ​ល្មម​គ្រប់​គ្រាន់​ហើយ។ មើល​ចុះ បទគម្ពីរ​ទាំង​ឡាយ​មាន​នៅ​ចំពោះ​មុខ​អ្នក​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​បង្វែរ​ន័យ​នៃ​បទគម្ពីរ​ទាំង​ឡាយ គឺ​អ្នក​នឹង​នាំ​មក​នូវ​ការ បំផ្លិចបំផ្លាញ​ដល់​ខ្លួន​ឯង។

២១ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អាលម៉ា​បាន​និយាយ​ពាក្យ​ទាំង​នេះ​ដល់​គេ​ចប់​ហើយ នោះ​លោក​បាន​លាត​ដៃ​ទៅ​រក​គេ ហើយ​ស្រែក​ដោយ​សំឡេង​ខ្លាំង​ថា ៖ ឥឡូវ​នេះ គឺជា​ពេល​ដែល​ត្រូវ​ប្រែចិត្ត ព្រោះ​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ ខិត​មក​ជិត​ដល់ ហើយ

២២មែន​ហើយ ហើយ​មាន​សំឡេង​នៃ​ព្រះ​អម្ចាស់ តាម​មាត់​ពួក​ទេវតា បាន​ប្រកាស​ប្រាប់​ការណ៍​នេះ​ដល់​សាសន៍​ទាំង​អស់ មែន​ហើយ គឺ​ប្រកាស​ប្រាប់​ការណ៍​នេះ ដើម្បី​ឲ្យ​គេ​បាន​ដំណឹង​ដ៏​រីករាយ អំពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ មែន​ហើយ ទ្រង់​ផ្សាយដំណឹង​ដ៏​រីករាយ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​របស់​ទ្រង់ មែន​ហើយ គឺ​ដល់​ពួក​អ្នក​ដែល​ខ្ចាត់ខ្ចាយ​ក្រៅ​ប្រទេស នៅ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហេតុ​ដូច្នោះ​ហើយ ដំណឹង​ដ៏​រីករាយ​ទាំង​នោះ​បាន​មក​ដល់​យើង។

២៣ហើយ​ដំណឹង​ដ៏​រីករាយ​នោះ បាន​មក​ឲ្យ​យើង​ដឹង​ដោយ​ពាក្យ​ដ៏​ច្បាស់លាស់ ដើម្បី​ឲ្យ​យើង​អាច​យល់ ដើម្បី​កុំ​ឲ្យ​យើង​អាច​ភាន់​ច្រឡំ​បាន​ឡើយ ហើយ​ការណ៍​នេះ គឺ​ដោយ​សារ​យើង​ជា​ជន​រសាត់​ព្រាត់​នៅ​ក្នុង​ដែនដី​ចម្លែក ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​បាន​ប្រោស​ប្រណី​ជា​ខ្លាំង ព្រោះ​ដំណឹង​ដ៏​រីករាយ​ទាំង​នេះ បាន​ប្រកាស​ប្រាប់​មក​ដល់​យើង ដល់​គ្រប់​ផ្នែក​នៃ​ចម្ការ​យើង​ហើយ។

២៤ត្បិត​មើល​ចុះ ពួក​ទេវតា​កំពុងតែ​ប្រកាស​ការណ៍​នេះ ប្រាប់​ដល់​មនុស្ស​ជា​ច្រើន នៅ​ពេល​នេះ​នៅ​ក្នុង​ដែនដី​យើង ហើយ​ការណ៍​នេះ​មាន​គោលបំណង ដើម្បី​រៀបចំ​ចិត្ត​នៃ​កូន​ចៅ​មនុស្ស​ឲ្យ​ទទួល​ព្រះ​បន្ទូល​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​នឹង​យាង​មក​នៅ​ក្នុង​សិរី​ល្អ​របស់​ទ្រង់។

២៥ហើយ​ឥឡូវ​នេះ យើង​គ្រាន់តែ​រង់ចាំ​ស្ដាប់​ដំណឹង​ដ៏​រីករាយ ដែល​បាន​ប្រកាស​ប្រាប់​មក​យើង ដោយ​មាត់​របស់​ពួក​ទេវតា​អំពី​ការ​យាង​មក​របស់​ទ្រង់​ប៉ុណ្ណោះ ព្រោះ​ពេល​នោះ​នឹង​មក​ដល់ តែ​យើង​មិន​ដឹង​ពេល​ណា​ទេ។ សូម​បួងសួង​ដល់​ព្រះ​ឲ្យ​ពេល​នោះ​មក​ដល់​នៅ​ក្នុង​ជីវិត​ខ្ញុំ​ចុះ តែ​ទោះ​ជា​យូរ ឬ​ឆាប់​ក្ដី គង់តែ​ខ្ញុំ​ត្រេក​អរ​ដែរ។

២៦ហើយ​នៅ​ពេល​ដែល​ទ្រង់​នឹង​យាង​មក ដំណឹង​នោះ​នឹង​ត្រូវ​បាន​ផ្សាយ​ដល់​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ដោយ​មាត់​របស់​ពួក​ទេវតា​ដើម្បី​ឲ្យ​ពាក្យ​របស់​ពួក​អយ្យកោ​យើង​បាន​បំពេញ ស្រប​តាម​អ្វីៗ​ដែល​គេ​បាន​និយាយ​អំពី​ទ្រង់ គឺ​ស្រប​តាម​វិញ្ញាណ​នៃ​ការ​ព្យាករណ៍​ដែល​នៅ​ក្នុង​គេ។

២៧ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ខ្ញុំ​មាន​បំណង​ពី​ជម្រៅ​ចិត្ត​ខ្ញុំ មែន​ហើយ ដោយ​ក្ដី​បារម្ភ​ដ៏​ធំ គឺ​ដល់​ការ​ឈឺ​ចាប់ សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ខ្ញុំ ហើយ​បោះបង់​ចោល​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ហើយ​កុំ​បង្អែរ​បង្អង់​ដល់​ថ្ងៃ សម្រាប់​ប្រែចិត្ត​របស់​អ្នក​ឡើយ។

២៨តែ​សូម​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន​ចំពោះ​ព្រះ​អម្ចាស់ ហើយ​អំពាវនាវ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ចាំ​យាម និង​អធិស្ឋាន​ជានិច្ច ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​ល្បួង​លើស​ជាង​អ្វី​ដែល​អ្នក​រាល់​គ្នា​អាច​អត់ទ្រាំ​បាន​ឡើយ ម្ល៉ោះ​ហើយ សូម​ឲ្យ​បាន​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ សូម​ឲ្យ​បាន​ក្លាយ​ទៅ​ជា​រាបទាប ស្លូតបូត ចុះ​ចូល ទ្រាំទ្រ ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​គ្រប់​ទាំង​សេចក្ដី​អត់ធ្មត់

២៩សូម​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់ សូម​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​មួយ​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច សូម​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​នៅ​ក្នុង​ចិត្ត​អ្នក​ជា​និច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់។

៣០ហើយ​សូម​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ដល់​អ្នក​នូវ​ការ​ប្រែចិត្ត ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​នាំ​ព្រះ​ពិរោធ​របស់​ទ្រង់​មក​លើ​អ្នក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ជាប់​ច្រវាក់​ទាំង​ឡាយ​នៃ​ស្ថាន​នរក ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​នូវ​សេចក្ដី​ស្លាប់​ទី​ពីរ​ឡើយ។

៣១ហើយ​អាលម៉ា​បាន​និយាយ​ពាក្យ​ជា​ច្រើន​ទៀត​ទៅ​កាន់​ប្រជាជន ដែល​ពុំ​បាន​កត់​នៅ​ក្នុង​គម្ពីរ​នេះ​ទេ៕