កណ្ឌទី ៣៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ថ្ងៃទី២ ខែមករា ឆ្នាំ១៨៣១ (History of the Church, ១:១៤០–១៤៣)។ ជាពេលវេលានៅឯសន្និសីទនៃសាសនាចក្រ។
១–៦, ព្រះគ្រីស្ទបានបង្កើតរបស់សព្វសារពើ; ៧–៨, ទ្រង់គង់នៅកណ្ដាលពួកបរិសុទ្ធរបស់ទ្រង់ ជាពួកអ្នកដែលនឹងឃើញព្រះអង្គឆាប់; ៩–១២, គ្រប់ទាំងសាច់សុទ្ធតែពុករលួយនៅចំពោះព្រះអង្គ; ១៣–២២, ទ្រង់បានទុកដែនដីសន្យាមួយ សម្រាប់ពួកបរិសុទ្ធរបស់ព្រះអង្គ ក្នុងវេលាកាល និងក្នុងអស់កល្បអស់កាល; ២៣–២៧, ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យរួបរួមគ្នាតែមួយ ហើយគោរពគ្នាទៅវិញទៅមក ដូចជាបងប្អូន; ២៨–២៩, សង្គ្រាមទាំងឡាយត្រូវបានទាយទុក; ៣០–៣៣, ពួកបរិសុទ្ធត្រូវបានប្រទានដោយព្រះចេស្ដាមកពីស្ថានលើ ហើយឲ្យចេញទៅក្នុងចំណោមគ្រប់អស់ទាំងសាសន៍; ៣៤–៤២, សាសនាចក្រត្រូវបានបញ្ជាឲ្យថែរក្សាពួកអ្នកទាល់ក្រ និងពួកអ្នកទុគ៌ត ហើយឲ្យស្វែងរកទ្រព្យសម្បត្តិខាងភាពអស់កល្បជានិច្ច។
១ព្រះអង្គទ្រង់មានព្រះបន្ទូលដូច្នេះថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏មហិមា គឺអាលផា និងអូមេកា ជាដើម និង ជាចុង ជាព្រះដដែល ដែលទតមើលមកលើផ្ទៃមេឃនៃភាពអស់កល្បជានិច្ច និងអស់ទាំងពួកពលបរិវារសេរភីមនៃស្ថានសួគ៌ មុនកំណើតលោកិយមកម្ល៉េះ
២ជាព្រះដដែល ដែលជ្រាបគ្រប់ការណ៍ទាំងអស់ ត្បិតគ្រប់ការណ៍ទាំងអស់មានវត្តមាននៅចំពោះព្រះនេត្ររបស់យើង
៣យើងជាព្រះដដែល ដែលបានមានព្រះបន្ទូល ហើយក៏មានលោកិយកើតមក ហើយរបស់សព្វសារពើបានកើតមកដោយសារយើង។
៤យើងជាព្រះដដែល ដែលបានយកក្រុងស៊ីយ៉ូននៃលោកហេណុក មកឯឱរារបស់យើង ហើយប្រាកដមែន យើងនិយាយថា សូម្បីតែអស់អ្នកណាដែលបានជឿដល់ព្រះនាមរបស់យើង ត្បិតយើងជាព្រះគ្រីស្ទ ហើយដោយនូវព្រះនាមរបស់យើងផ្ទាល់ ដោយសារព្រះគុណធម៌នៃព្រះលោហិត ដែលយើងបានច្រួច នោះយើងបានអង្វរជំនួសពួកគេនៅចំពោះព្រះវរបិតា។
៥ប៉ុន្តែមើលចុះ ពួកទុច្ចរិតទាំងប៉ុន្មានដែលនៅសល់ នោះយើងបានទុកឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹត លុះដល់សេចក្ដីជំនុំជំរះនៅថ្ងៃដ៏ធំ ដែលនឹងបានមកដល់ នៅចុងបំផុតនៃផែនដី
៦ហើយយើងនឹងបណ្ដាលឲ្យពួកទុច្ចរិតយ៉ាងដូច្នោះហើយ ដែលមិនព្រមឮសំឡេងរបស់យើង ប៉ុន្តែបានពង្រឹងចិត្តរបស់ពួកគេ ហើយវេទនា វេទនា វេទនា គឺជាទោសរបស់ពួកគេ។
៧ប៉ុន្តែមើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ព្រះនេត្ររបស់យើងកំពុងទតមើលមកលើអ្នក។ យើងនៅកណ្ដាលពួកអ្នក ហើយអ្នករាល់គ្នាពុំអាចមើលយើងឃើញទេ
៨ប៉ុន្តែថ្ងៃនោះមកដល់យ៉ាងឆាប់ៗ ដែលអ្នករាល់គ្នានឹងមើលឃើញយើង ហើយនឹងស្គាល់ថាយើងជាព្រះ ត្បិតវាំងនននៃសេចក្ដីងងឹត នឹងត្រូវបានរហែកយ៉ាងឆាប់ ហើយអ្នកណាដែលពុំបានជ្រះបរិសុទ្ធ នោះនឹងមិនធន់នៅថ្ងៃនោះទេ។
៩ហេតុដូច្នោះហើយ ចូរក្រវាត់ចង្កេះអ្នក ហើយប្រុងប្រៀបចុះ។ មើលចុះ នគរជារបស់ផងអ្នករាល់គ្នាហើយ ហើយខ្មាំងសត្រូវនឹងពុំបានឈ្នះឡើយ។
១០យើងប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នាស្អាតបាត ប៉ុន្តែមិនមែនទាំងអស់គ្នាទេ ហើយគ្មាននរណាឯទៀត ដែលយើងសព្វព្រះហឫទ័យឡើយ
១១ត្បិតគ្រប់អស់ទាំងសាច់សុទ្ធតែពុករលួយនៅចំពោះយើង ហើយអំណាចទាំងឡាយនៃសេចក្ដីងងឹតគ្របដណ្ដប់មកលើផែនដីក្នុងចំណោមកូនចៅមនុស្ស នៅចំពោះវត្តមាននៃអស់ទាំងពួកពលបរិវារស្ថានសួគ៌ —
១២ដែលបណ្ដាលឲ្យភាពស្ងប់ស្ងាត់សោយរាជ្យ ហើយអស់ទាំងភាពអស់កល្បត្រូវឈឺចាប់ ហើយពួកទេវតាកំពុងរង់ចាំបញ្ជាដ៏ធំ ដើម្បីទៅច្រូតទម្លាក់ផែនដី ដើម្បីទៅប្រមូលស្រងែទាំងឡាយ ដើម្បីឲ្យបានដុតបន្សុសចោល ហើយមើលចុះ ខ្មាំងសត្រូវកំពុងរួមគ្នា។
១៣ហើយឥឡូវនេះ យើងបង្ហាញដល់អ្នកនូវសេចក្ដីអាថ៌កំបាំងមួយ ជាការណ៍ដែលមាននៅក្នុងបន្ទប់សម្ងាត់ ដើម្បីនាំឲ្យកើតមានសេចក្ដីបំផ្លិចបំផ្លាញដល់អ្នក កន្លងពេលក្រោយមក ហើយអ្នករាល់គ្នាពុំបានដឹងសោះ
១៤ប៉ុន្តែឥឡូវនេះ យើងប្រាប់រឿងនេះដល់អ្នក ហើយអ្នករាល់គ្នាមានពរហើយ ពុំមែនដោយសារសេចក្ដីទុច្ចរិតរបស់អ្នក ឬដោយចិត្តដ៏ឥតជំនឿរបស់អ្នកឡើយ ត្បិតអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាប្រាកដជាមានទោសនៅចំពោះយើង ប៉ុន្តែយើងនឹងមានចិត្តអាណិតអាសូរដល់ភាពកម្សោយរបស់អ្នក។
១៥ហេតុដូច្នេះហើយ ចូរអ្នកមានកម្លាំងខ្លាំងក្លា ចាប់តាំងពីពេលនេះតទៅចុះ ចូរកុំខ្លាច ត្បិតនគរជារបស់ផងអ្នកហើយ។
១៦ហើយសម្រាប់សេចក្ដីសង្គ្រោះដល់អ្នក នោះយើងប្រទានដល់អ្នកនូវបញ្ញត្តិមួយ ត្បិតយើងបានឮពាក្យអធិស្ឋានទាំងឡាយរបស់អ្នក ហើយពួកអ្នកទាល់ក្របានត្អូញត្អែរនៅចំពោះយើង ហើយពួកអ្នកមាន នោះយើងបានបង្កើត ហើយគ្រប់អស់ទាំងសាច់ជារបស់ផងយើង ហើយយើងមិនរើសមុខមនុស្សណាឡើយ។
១៧ហើយយើងបានធ្វើឲ្យផែនដីបានបរិបូរ ហើយមើលចុះ ផែនដីជាកំណល់កល់ជើងយើង ហេតុដូច្នោះហើយ យើងនឹងឈរនៅលើផែនដីម្ដងទៀត។
១៨ហើយយើងហុច ហើយមេត្តាប្រទានដល់អ្នកនូវទ្រព្យសម្បត្តិដ៏ប្រសើរលើសលែងទៅទៀត គឺជាដែនដីសន្យា ជាដែនដីដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ នៅលើដែនដីនោះ នឹងពុំដែលមានបណ្ដាសាឡើយ ក្នុងកាលព្រះអម្ចាស់ទ្រង់នឹងយាងមក
១៩ហើយយើងនឹងប្រទានដល់អ្នក ទុកជាដែនដីនៃកេរ្តិ៍អាកររបស់អ្នក បើសិនជាអ្នកស្វែងរក ដោយអស់ពីចិត្តអ្នក។
២០ហើយនេះនឹងត្រូវបានទៅជាសេចក្ដីសញ្ញារបស់យើងជាមួយនឹងអ្នកថា អ្នករាល់គ្នានឹងបានដែនដីនេះទុកជាដែនដីនៃកេរ្តិ៍អាកររបស់អ្នក ហើយជាកេរ្តិ៍អាករដល់កូនចៅរបស់អ្នក ជារៀងដរាបតទៅ ដរាបណាផែនដីនឹងនៅគង់វង្ស ហើយអ្នករាល់គ្នានឹងបានដែនដីនេះម្ដងទៀតក្នុងភាពអស់កល្ប គឺគ្មានអ្វីនឹងកន្លងផុតទៅឡើយ។
២១ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា នៅពេលនោះ អ្នករាល់គ្នានឹងពុំមានស្ដេច ឬអ្នកត្រួតត្រាឡើយ ត្បិតយើងនឹងបានទៅជាមហាក្សត្ររបស់អ្នក ហើយនឹងមើលថែទាំអ្នក។
២២ហេតុដូច្នោះហើយ ចូរស្ដាប់តាមសំឡេងរបស់យើង ហើយដើរតាមយើងចុះ ហើយអ្នកនឹងបានទៅជាមនុស្សសេរី ហើយអ្នករាល់គ្នានឹងពុំមានក្រឹត្យវិន័យឯណាក្រៅពីក្រឹត្យវិន័យយើងឡើយក្នុងកាលយើងនឹងយាងមក ត្បិតយើងជាអ្នកតែងក្រឹត្យវិន័យឲ្យអ្នករាល់គ្នា ហើយតើមានអ្នកណាអាចនឹងឃាត់ទប់ដៃយើងបាន?
២៣ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា ចូរបង្រៀនគ្នាទៅវិញទៅមក ស្របតាមតំណែងដែលយើងបានតែងដល់អ្នកចុះ
២៤ហើយចូរបណ្ដោយឲ្យមនុស្សគ្រប់រូបគោរពបងប្អូនខ្លួន ដូចជាខ្លួនឯងផ្ទាល់ ហើយប្រព្រឹត្តដោយគុណធម៌ និងដោយបរិសុទ្ធភាពនៅចំពោះយើងចុះ។
២៥ហើយជាថ្មីទៀត យើងប្រាប់អ្នកថា ចូរបណ្ដោយឲ្យមនុស្សគ្រប់រូប គោរពបងប្អូនខ្លួន ដូចជាខ្លួនឯងផ្ទាល់ចុះ។
២៦ត្បិតតើមានមនុស្សណានៅចំណោមអ្នក ដែលមានកូនប្រុស១២នាក់ ហើយមិនរើសមុខនរណាសោះ ហើយពួកគេបម្រើលោកដោយគោរព ហើយលោកមានប្រសាសន៍ទៅកាន់ម្នាក់ថា ៖ ចូរឯងពាក់អាវ ហើយមកអង្គុយនៅទីនេះចុះ ហើយទៅកាន់ម្នាក់ទៀតថា ៖ ចូរឯងពាក់កន្ទប ហើយអង្គុយនៅទីនោះចុះ — ហើយមើលទៅកូនប្រុសទាំងឡាយរបស់លោក ហើយមានប្រសាសន៍ថា ខ្លួនខ្ញុំយុត្តិធម៌ ឬទេ?
២៧មើលចុះ ការណ៍នេះយើងបានប្រទានដល់អ្នក ទុកជាពាក្យប្រៀបប្រដូច ហើយគឺដូចជាយើងដូច្នោះហើយ។ យើងមានបន្ទូលមកកាន់អ្នកថា ចូររួមគ្នាតែមួយ ហើយបើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ។
២៨ហើយជាថ្មីទៀត យើងប្រាប់អ្នកថា ខ្មាំងសត្រូវដែលនៅក្នុងបន្ទប់សម្ងាត់ កំពុងតែស្វែងរកជីវិតរបស់អ្នក។
២៩អ្នករាល់គ្នាបានឮអំពីសង្គ្រាមទាំងឡាយពីស្រុកឆ្ងាយ ហើយអ្នកនិយាយថា បន្តិចទៀតនឹងមានសង្គ្រាមដ៏ធំពីស្រុកឆ្ងាយ ប៉ុន្តែអ្នករាល់គ្នាពុំស្គាល់ចិត្តមនុស្សនៅដែនដីរបស់ខ្លួនឯងសោះ។
៣០យើងប្រាប់អ្នកពីការណ៍ទាំងនេះ ដោយសារតែពាក្យអធិស្ឋានរបស់អ្នកទាំងឡាយ ហេតុដូច្នោះហើយ ចូររក្សាប្រាជ្ញាទុកនៅក្នុងដួងចិត្តរបស់អ្នកចុះ ក្រែងអំពើទុច្ចរិតនៃមនុស្ស បើកសម្ដែងប្រាប់ពីការណ៍ទាំងនេះដល់អ្នក ដោយអំពើទុច្ចរិតរបស់ពួកគេ តាមរបៀបណាមួយ ដែលនឹងនិយាយដាក់ត្រចៀកអ្នក ដោយសំឡេងខ្លាំងជាងអ្វីដែលនឹងកម្រើកផែនដីទៅទៀត ប៉ុន្តែបើសិនជាអ្នករាល់គ្នា បានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ។
៣១ហើយប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានរួចផុតពីអំណាចនៃខ្មាំងសត្រូវ ហើយបានប្រមូលគ្នាជារាស្ត្រសុចរិតមករកយើង ដោយឥតប្រឡាក់ និងឥតទោស —
៣២ដូច្នោះ ដោយហេតុនេះហើយ យើងបានប្រទានបញ្ញត្តិមួយដល់អ្នកថា អ្នករាល់គ្នាត្រូវទៅរដ្ឋអូហៃអូ ហើយនៅទីនោះ យើងនឹងប្រទានក្រឹត្យវិន័យមួយដល់អ្នក ហើយនៅទីនោះ អ្នកនឹងត្រូវបានទទួលព្រះចេស្ដាមកពីស្ថានលើ
៣៣ហើយចេញពីទីនោះ អ្នកណាក៏ដោយដែលយើងសព្វព្រះហឫទ័យ នោះនឹងចេញទៅក្នុងចំណោមគ្រប់អស់ទាំងសាសន៍ ហើយនឹងត្រូវប្រាប់ដល់ពួកគេពីអ្វីដែលពួកគេនឹងត្រូវធ្វើ ត្បិតយើងមានកិច្ចការដ៏ធំរក្សាទុក ត្បិតសាសន៍អ៊ីស្រាអែលនឹងត្រូវបានសង្គ្រោះ ហើយយើងនឹងនាំពួកគេទៅកន្លែងណាតាមព្រះហឫទ័យរបស់យើង ហើយគ្មានអំណាចឯណានឹងឃាត់ទប់ដៃយើងបានឡើយ។
៣៤ហើយឥឡូវនេះ យើងប្រទានបញ្ញត្តិមួយដល់សាសនាចក្រនៅភូមិភាគទាំងនេះថា មានមនុស្សខ្លះនៅចំណោមពួកគេ ដែលនឹងត្រូវបានតែងតាំងឡើង ហើយពួកគេនឹងត្រូវបានតែងតាំងឡើងដោយសំឡេងនៃសាសនាចក្រ
៣៥ហើយពួកគេនឹងមើលពួកអ្នកទាល់ក្រ និងពួកអ្នកទុគ៌ត ហើយឧបត្ថម្ភដល់ការរំដោះពួកគេ ដើម្បីកុំឲ្យពួកគេត្រូវរងទុក្ខ ហើយចាត់ពួកគេឲ្យចេញទៅកន្លែង ដែលយើងបានបញ្ជាដល់ពួកគេ
៣៦ហើយនេះជាកិច្ចការរបស់ពួកគេ គឺដើម្បីត្រួតត្រាការងារនៃទ្រព្យសម្បត្តិរបស់សាសនាចក្រនេះ។
៣៧ហើយពួកអ្នកណាដែលមានស្រែចម្ការ ដែលពុំអាចលក់បានទេ នោះចូរទុកចោល ឬក៏ដាក់ជួល តាមតែឃើញថាល្អដល់ពួកគេចុះ។
៣៨ចូរមើលឲ្យឃើញថាគ្រប់ការណ៍ទាំងអស់ បានរក្សាទុកឲ្យបានគង់វង្ស ហើយកាលណាមនុស្សបានទទួលអំណោយទានដោយព្រះចេស្ដាមកពីស្ថានលើ ហើយត្រូវបានចាត់ឲ្យចេញទៅ នោះគ្រប់ការណ៍ទាំងអស់នឹងត្រូវបានប្រមូលមកក្នុងឱរានៃសាសនាចក្រ។
៣៩ហើយបើសិនជាអ្នករាល់គ្នាស្វែងរកទ្រព្យសម្បត្តិ ដែលព្រះវរបិតាសព្វព្រះហឫទ័យនឹងប្រទានឲ្យ នោះអ្នករាល់គ្នានឹងបានទៅជាមនុស្សមានជាងគេបំផុត ត្បិតអ្នករាល់គ្នានឹងមានទ្រព្យសម្បត្តិខាងភាពអស់កល្បជានិច្ច ហើយជាចាំបាច់ថា ទ្រព្យសម្បត្តិទាំងឡាយនៃផែនដី គឺជារបស់ផងយើង ទុកសម្រាប់ប្រទានឲ្យ ប៉ុន្តែចូរប្រយ័ត្នពីសេចក្ដីឆ្មើងឆ្មៃ ក្រែងអ្នករាល់គ្នាក្លាយទៅដូចជាពួកសាសន៍នីហ្វៃពីបុរាណ។
៤០ហើយជាថ្មីទៀត យើងប្រាប់អ្នកថា យើងប្រទានបញ្ញត្តិមួយដល់អ្នក ដើម្បីឲ្យមនុស្សរាល់គ្នា ទាំងអែលឌើរ ទាំងសង្ឃ ទាំងគ្រូ និងទាំងសមាជិកផង ឲ្យទៅធ្វើដោយអស់ពីពលំរបស់ខ្លួននូវការងារនៃដៃរបស់ខ្លួន ដើម្បីរៀបចំ និងសម្រេចនូវអ្វីៗដែលយើងបានបញ្ជាចុះ។
៤១ហើយចូរបណ្ដោយឲ្យការផ្សាយរបស់អ្នកទៅជាសំឡេងនៃការព្រមានចុះ គឺមនុស្សម្នាក់ៗចំពោះអ្នកជិតខាងរបស់ខ្លួនដោយនូវភាពទន់ភ្លន់ និងស្លូតបូត។
៤២ហើយចូរអ្នករាល់គ្នាចេញពីចំណោមពួកទុច្ចរិតទៅ។ ចូរជួយសង្គ្រោះខ្លួនឲ្យរួច។ ចូរអ្នករាល់គ្នាដែលកាន់ប្រដាប់ទាំងឡាយនៃព្រះអម្ចាស់បានជ្រះស្អាតចុះ។ គឺដូច្នោះមែន។ អាម៉ែន៕