« ពិធីជប់លៀងដ៏ឥតខ្ជោះរបស់លោកតា » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ១៨–១៩ ។
ពិធីជប់លៀងដ៏ឥតខ្ចោះរបស់លោកតា
ចុះបើភ្លៀងមិនឈប់វិញ ?
ដំណើររឿងនេះបានកើតឡើងនៅ សាម័រ ។
ពពកខ្មៅអាប់អួររសាត់លើមេឃ ។ អាឡិច សម្លឹងមើលវា ។
ក្តាំង !
សំឡេងផ្គរលាន់បន្លឺឡើងថែមទៀត ។ ភ្លៀងធ្លាក់យ៉ាងខ្លាំងកក្រើកគ្រប់ទីកន្លែង ។
អាឡិចបានគ្រវីក្បាលគាត់ ។ វាច្បាស់ជាមិនល្អទេ ។ ឥតល្អទាល់តែសោះ ។ នៅសាម័រពេលខ្លះ មេឃអាចភ្លៀងរាប់ថ្ងៃឥតឈប់ ។ ប៉ុន្តែគាត់ចង់ឲ្យថ្ងៃប្រារព្ធខួបកំណើតជីតាគាត់ប្រព្រឹត្តិទៅយ៉ាងល្អឥតខ្ចោះ ។
អាឡិច បានទៅបន្ទប់របស់គាត់ ហើយបានលុតជង្គង់ចុះអធិស្ឋានក្បែរគ្រែគាត់ ។
គាត់បានអធិស្ឋានថា « ឱព្រះវរបិតាសួគ៌ ។ សូមឲ្យភ្លៀងឈប់ទៅនៅពេលប្រារព្ធពិធីជប់លៀងខួបកំណើតលោកតានៅថ្ងៃស្អែក ។ យើងបានផ្ញើលិខិតអញ្ជើញចេញទៅអស់ហើយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។
នៅពេលអាឡិច ក្រោកឡើង គាត់បានឃើញម៉ាក់ និងប៉ាឈរនៅក្លោងទ្វាររបស់គាត់ ។ ពួកគាត់កំពុងញញឹម ។
ម៉ាក់បានមានប្រសាសន៍ថា « ម៉ាក់សង្ឃឹមថា កូនមិនប្រកាន់ទេ ដែលពួកយើងបានស្តាប់ការអធិស្ឋានរបស់កូន » ។
អាឡិចបានញញឹម ។ « វាមិនអីនោះទេ ។ កូនគ្រាន់តែចង់ឲ្យថ្ងៃស្អែកគឺជាថ្ងៃដ៏ពិសេសសម្រាប់លោកតា ។ ពិធីជប់លៀងនេះនឹងមិនប្រព្រឹត្តិទៅល្អទេ បើយើងធ្វើនៅខាងក្នុងផ្ទះនោះ ។ យើងមិនមានកន្លែងសម្រាប់រាំទេ ! »
ប៉ាបានច្របាច់ស្មារបស់អាឡិច ។ « មិនថា អាកាសធាតុបែបណានោះទេ លោកតានឹងដឹងថា កូនស្រឡាញ់គាត់ប៉ុនណា » ។
នៅព្រឹកស្អែក ម៉ាក់ និងប៉ាបានសុំឲ្យអាឡិច អធិស្ឋានជាគ្រួសារ ។ វា នៅតែ ភ្លៀងយ៉ាងខ្លាំង ។ ហើយវា នៅតែ ហាក់ដូចជានឹងមិនឈប់ភ្លៀងឡើយ ។
អាឡិចបាននិយាយថា « សូមប្រទានពរឲ្យភ្លៀងឈប់ទៅនៅពេលធ្វើពិធីជប់លៀង ។ ហើយសូមប្រទានពរដល់យើងទាំងអស់គ្នាឲ្យបានសប្បាយរីករាយ ។ ជាពិសេសលោកតា ! »
អាឡិច បានសម្លឹងមើលមេឃពេញមួយព្រឹក ។ អស់រយៈពេលយ៉ាងយូរ គ្មានអ្វីផ្លាស់ប្តូរឡើយ ។ ប៉ុន្តែក្រោយមក មានអ្វីមួយអស្ចារ្យបានកើតឡើង ។
« មើលន៏ ! » អាឡិច បានស្រែក ។ « ផ្ទៃមេឃពណ៌ខៀវ ! » គ្រួសាររបស់គាត់បានរត់ទៅទីធ្លា ។ មេឃចាប់ផ្ដើមស្រឡះ ។
ក្នុងរយៈពេលពីរបីម៉ោង ពពកក៏រសាត់បាត់អស់ ! សូម្បីតែភក់នៅលើដីក៏បានស្ងួតដែរ ។ អាឡិច បានប្រញាប់ប្រញាលតុបតែងទីធ្លា ។ លោកតា និងភ្ញៀវផ្សេងទៀតនឹងមកដល់ក្នុងពេលឆាប់ៗហើយ ។
ពេលលោកតាទៅដល់ទីនោះ គាត់បានភ្ញាក់ផ្អើល ។ គាត់បានមើលភ្លើង ខ្សែចងចម្រុះពណ៌ និងភ្ញៀវទាំងអស់ ។ គាត់បានមានប្រសាសន៍ថា « គ្រប់យ៉ាងស្អាតណាស់ ។ អរគុណខ្លាំងណាស់ ! »
ពិធីជប់លៀងគឺបានសប្បាយដូចជាអ្វីដែលអាឡិចសង្ឃឹមចង់បាន ។ ពួកគេបានរាំបទដែលលោកតាចូលចិត្ត ។ អាហារមានរសជាតិឆ្ងាញ់—ជាពិសេសនំបុ័ងផ្អែមដែលមានរសជាតិដូង ។ អាឡិច ថែមទាំងបានច្រៀងជាមួយលោកតាទៀតផង ។
ផ្នែកដ៏ល្អបំផុត គឺនៅពេលដែល ស៊ីវ៉ា ទូឡុហ្គា ។ ការរាំបែបនេះគឺតែងតែសម្តែងដោយអ្នកដែលសំខាន់បំផុតនៅក្នុងថ្ងៃនោះ ។ ហើយពិតប្រាកដណាស់ នោះគឺជាលោកតា !
លោកតាបានក្រោកឡើងរាំ ប៉ុន្តែក្រោយមកគាត់មើលមកអាឡិច ។ « អាឡិច មករាំជាមួយលោកតា ! » លោកតា បានហៅ ។ អាឡិច បានស្ទុះឡើង ហើយបានរាំជាមួយលោកតា ។ មិនយូរប៉ុន្មានអ្នកផ្សេងទៀតទាំងអស់ក៏បានរាំដែរ ។
លោកតា បានឱនចុះឱបអាឡិច ។ លោកតាបានមានប្រសាសន៍ថា « ចៅធ្វើឲ្យតាមានអារម្មណ៍ថាពិសេសណាស់ថ្ងៃនេះ ។ « នេះគឺជា ពិធីជប់លៀង ថ្ងៃខួបកំណើតដ៏ឥតខ្ចោះ » ។
បន្ទាប់ពីពីធីជប់លៀងបានចប់ អាឡិច បានមើលទៅលើមេឃ ។ ពពកពណ៌ខ្មៅក្រាស់បានត្រឡប់មកវិញ ។ ភ្លៀងចាប់ផ្ដើមធ្លាក់លើពួកគេម្តងទៀត ។ ប៉ុន្តែលើកនេះ អាឡិច មិនខ្វល់ទេ ។ គាត់បានដឹងថា ព្រះវរបិតាសួគ៌បានជួយឲ្យអាកាសធាតុល្អយូរគ្រប់គ្រាន់សម្រាប់ធិធីជប់លៀងរបស់លោកតាហើយ ។
អាឡិច បានអធិស្ឋានថា « សូមអរព្រះគុណទ្រង់សម្រាប់អាកាសធាតុដ៏ល្អ ។ ហើយសូមអរព្រះគុណទ្រង់សម្រាប់លោកតាដ៏ល្អ » ។