« ប្អូនអាចធ្វើឲ្យមានភាពផ្លាស់ប្តូរបាន » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៣២ ។
មិត្តទៅកាន់មិត្ត
ប្អូនអាចធ្វើឲ្យមានភាពផ្លាស់ប្តូរបាន
ដកស្រង់ពីការសម្ភាសមួយជាមួយ អូលីវ៉ា ឃីធឺមែន និងរ៉ាឆែល ភីធឺសុន ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ប្អូនខ្លាំងណាស់ ។ ដោយសារទ្រង់ទាំងទ្វេស្រឡាញ់ប្អូន នោះទ្រង់ទាំងទ្វេបានអញ្ជើញប្អូនៗឲ្យចុះសេចក្តីសញ្ញា ឬការសន្យាជាមួយទ្រង់ទាំងទ្វេ ។ ប្អូនៗចាប់ផ្ដើមធ្វើការសន្យាទាំងនោះនៅពេលប្អូនៗទទួលពិធីបុណ្យជ្រមុជទឹក ។
បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ប្អូន នោះប្អូនទទួលបានអំណោទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ប្អូនគឺជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នោះមានន័យថា ព្រះវរបិតាសួគ៌ទុកចិត្តប្អូនឲ្យរក្សាសេចក្តិសញ្ញារបស់ប្អូន ។
តើប្អូនអាចធ្វើអ្វីក្នុងនាមជាសមាជិកពេញលេញនៃសាសនាចក្រក្នុងការរក្សាសេចក្តីសញ្ញារបស់ប្អូន ? ប្អូនអាចស្វាគមន៍អ្នកដទៃចូលអង្គការបឋមសិក្សា ។ ប្អូនៗអាចអង្គុយនៅជិតនរណម្នាក់ដែលមកថ្មី និងជួយពួកគាត់រៀនបទចម្រៀង ។ ប្អូនៗអាចជួយនៅក្នុងសកម្មភាពអង្គការបឋមសិក្សា ។ ប្អូនៗក៏អាចធ្វើជាអ្នកដឹកនាំម្នាក់នៅក្នុងគ្រួសាររបស់ប្អូនផងដែរ ។ ប្អូនៗអាចសុំឲ្យអធិស្ថានជាគ្រួសារ ឬចែកចាយអ្វីដែលប្អូនៗបានរៀននៅក្នុងអង្គការបឋមសិក្សា ។
បន្ទាប់ពីប្អូនទទួលបានព្រះវិញ្ញាណបរិសុទ្ធ នោះប្អូនៗអាចមើលឃើញសេចក្តីត្រូវការរបស់អ្នកដទៃតាមរបៀបថ្មីមួយ ។ ប្អូនៗអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ និងនិយាយថា « សូមជួយទូលបង្គំដឹងថាតើនរណាដែលទូលបង្គំអាចជួយនៅថ្ងៃនេះ » ។ បន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធអាចជួយប្អូនៗសម្គាល់ឃើញនរណាម្នាក់អង្គុយតែម្នាក់ឯង ឬប្រាប់ប្អូនទៅនិយាយសួរសុខទុក្ខមិត្តភក្តិម្នាក់ ។ ប្អូនៗអាចធ្វើឲ្យមានភាពខុសគ្នា នៅពេលប្អូនៗជ្រើសរើសជួយអ្នកដទៃ ។ ប្អូនៗកំពុងធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះវរបិតាសួគ៌ ។
ព្រះវរបិតាសួគ៌ស្រឡាញ់ប្អូន ។ ទ្រង់ចង់ឲ្យប្អូនដឹកនាំតាមគំរូរបស់ប្អូននៅគ្រប់ទីកន្លែងដែលប្អូនទៅ ដើម្បីប្អូនអាចនាំអ្នកដទៃមកជិតទ្រង់ ។ ប៉ុន្តែប្អូនមិនចាំបាច់ធ្វើវាដោយខ្លួនរបស់ប្អូននោះទេ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងមិនឈប់ជួយប្អូនឡើយ ។ ប្អូនអាចមានទំនុកចិត្តដោយសារប្អូនដឹងថាទ្រង់ទាំងទ្វេគង់នៅជាមួយប្អូន ។ ប្អូនអាចស្រមៃថាព្រះយេស៊ូវគង់នៅក្បែរប្អូនជានិច្ច ។