« ពេលអានព្រះគម្ពីរដ៏ងងុយគេង » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៣០–៣១ ។
ពេលអានព្រះគម្ពីរដ៏ងងុយគេង
ទោះបីជាវានៅព្រឹកព្រលឹមក៏ដោយ ក៏អេលវីរ៉ាបានដឹងថាការអានព្រះគម្ពីរគឺមានតម្លៃ។
ដំណើររឿងនេះបានកើតឡើងនៅ ន័រវេស ។
អេលីវ៉ា បានក្រោកឡើងពេលប៉ាហៅ ។ គាត់បានមានប្រសាសន៍ថា « ដល់ពេលអានព្រះគម្ពីរហើយ » ។
នាងបានក្រោកអង្គុយនៅលើគ្រែ ហើយបានញីភ្នែករបស់នាង ។ វានៅងងឹតនៅឡើងនៅខាងក្រៅ ។ វាត្រជាក់ណាស់ ! អេលីវ៉ា មិនចង់ចេញពីគ្រែដ៏ទន់របស់នាងទេ ។
ម៉ាក់បានមានប្រសាសន៍ថា ការអានព្រះគម្ពីរគឺជារបៀបដែលពួកគេអាចស្គាល់ព្រះយេស៊ូវបានកាន់តែច្បាស់ ។ ប៉ុន្តែការអានព្រះគម្ពីរជារៀងរាល់ព្រឹកគឺលំបាកណាស់ !
អេលីវ៉ា ដើរយឺតៗឡើងលើជណ្តើរ ហើយអង្គុយក្បែរបងស្រីរបស់នាងឈ្មោះ ស៊ីហ្គ្រីដ នៅលើសាឡុង ។ នាងបានឱបខ្នើយ ហើយឱបភួយដ៏កក់ក្ដៅ និងទន់របស់នាង ។ បងប្អូនប្រុសរបស់នាងនៅបន្ទប់ផ្សេងទៀតកំពុងរៀនថ្នាក់សិក្ខាសាលាតាមអនឡាន ។
ទូរសព្ទរបស់ប៉ាបានរោទិ៍ឡើង ។ គាត់បានលើកទូរសព្ទ ហើយសមាជិកគ្រួសារក៏បង្ហាញនៅលើអេក្រង់ ។ អ្នកមីង លីវ រៀបចំខ្លួនរួចរាល់ទៅធ្វើការ ។ បងប្អូនជីដូនមួយរបស់ពួកគាត់ឈ្មោះ ឌ័រធា នៅតែពាក់ខោអាវគេងយប់ដូចជា អេលីវ៉ាដែរ ។
អេលីវ៉ា បានគ្រវីដៃដាក់ពួកគេតាមការហៅជាវីដេអូ ហើយស្ងាប ។ ពួកគេតែងតែអានព្រះគម្ពីរជាមួយអ្នកមីង លីវ និង ឌ័រធា ។ ពួកគាត់រស់នៅផ្នែកផ្សេងទៀតដែលមានចម្ងាយបួនម៉ោងនៃប្រទេសន័រវេស ។ វាងាយស្រួលជាងសម្រាប់ពួកគាត់ទាំងអស់គ្នាក្នុងការអានព្រះគម្ពីរ នៅពេលដែលពួកគេមានគោលដៅហៅទូរសព្ទគ្នាទៅវិញទៅមករាល់ថ្ងៃ ។ ហើយអេលីវ៉ា ចូលចិត្តជួបនឹងបងប្អូនជីដូនមួយរបស់នាង !
ពីរបីនាទីក្រោយមក ម៉ាក់បានចូលរួមនិយាយទូរសព្ទដែរ ។ គាត់បាននិយាយថា « សួស្ដី ក្មេងៗ ! » គាត់បានធ្វើដំណើរទៅធ្វើការក្នុងសប្តាហ៍នេះ ប៉ុន្តែគាត់នៅតែទូរសព្ទមកពេលអានព្រះគម្ពីរជាគ្រួសារ ។
ពួកគាត់បានអធិស្ឋាន ។ បន្ទាប់មក អេលីវ៉ា បានបើកព្រះគម្ពីររបស់នាង ។ ពួកគាត់បានអានព្រះគម្ពីរមរមនជាមួយគ្នា ។ ម្នាក់ៗប្តូរវេនគ្នាអានខគម្ពីរនានា ។
អេលីវ៉ា បានស្តាប់ពេលដែលអ្នកផ្សេងអាន ប៉ុន្តែវាពិបាកដើម្បីបើកភ្នែក ។ ស៊ីហ្គ្រីដ បានដេកលក់នៅលើសាឡុង ។ អេលីវ៉ា បានចាក់នាង ។ ប៉ុន្តែមានអ្វីមួយនៅក្នុងខគម្ពីរនោះដែលទាក់ទាញចំណាប់អារម្មណ៍របស់នាង ។
ឌ័រធា បានអានថា « ហើយឪពុកបានឃើញដំបងដែកមួយ ហើយដំបងដែកនោះផ្ដេកបណ្ដោយតាមមាត់ទន្លេ ហើយតម្រង់ទៅឯដើមឈើដែលឪពុកឈរជិត » ។*
អេលីវ៉ា បាននិយាយថា « ខ្ញុំដឹងពីដំណើររឿងនេះ ! » « សុបិនរបស់លីហៃ » ។ នាងបានមើលវីដេអូពីព្រះគម្ពីរអំពីរឿងនេះ ។ មានដើមឈើដ៏ស្រស់ស្អាតមួយមានផ្លែពណ៌ស ហើយមនុស្សកាន់ដំបងដើម្បីជួយពួកគេចូលទៅដល់ដើមឈើនោះ ។
ម៉ាក់បានសួរថា « តើកូនចងចាំថាដំបងដូចជាអ្វីទេ ? »
« ព្រះគម្ពីរមែនទេ ? »
« ត្រឹមត្រូវហើយ ! » ប៉ាបាននិយាយ ។ « ក្រោយមក នីហ្វៃបង្រៀនថា ដំបងគឺដូចជាព្រះបន្ទូលនៃព្រះ ។ តើកូនគិតថាយើងអាចកាន់ដំបងដូចមនុស្សក្នុងសុបិនរបស់លីហៃដោយរបៀបណា ?
« យើងកំពុងកាន់ដំបងឥឡូវនេះ ! ! អេលីវ៉ា បានលើកព្រះគម្ពីរមរមនឡើង ។ « តាមរយៈការមានពេលវេលាអានព្រះគម្ពីរ » ។
ម៉ាក់បានងក់ក្បាល ។ « នៅពេលយើងអានព្រះគម្ពីរ យើងចូលទៅជិតព្រះយេស៊ូវគ្រីស្ទ ។ ដូចជាមនុស្សចូលទៅជិតដើមជីវិត ពេលគេកាន់ដំបងដែរ » ។
នៅពេលដែលពួកគេបន្តអាន អេលវីរ៉ា បានស្រមៃថាខ្លួននាងកំពុងកាន់ដំបង ហើយដើរទៅកាន់ដើមឈើដ៏ស្រស់ស្អាតនោះ ។ នាងមិនមានអារម្មណ៍ងងុយគេងទៀតទេ ។
មិនយូរប៉ុន្មានក៏ដល់ម៉ោងទៅ ។ អ្នកមីង លីវ និងម៉ាក់ត្រូវទៅធ្វើការ ។ ហើយ អេលវីរ៉ា ស៊ីហ្គ្រីដ និង ឌ័រធា ត្រូវរៀបចំខ្លួនទៅសាលា ។
« លាហើយទាំងអស់គ្នា ! » អេលវីរ៉ា គ្រវីដៃនៅលើអេក្រង់ដាក់គ្រួសាររបស់នាង ។ « ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា ! »
ពេលនាងរត់ចុះមកក្រោមដើម្បីរៀបចំខ្លួនទៅសាលា អេលវីរ៉ា មានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្ត ។ ហើយមិនមែនមកពីភួយដ៏ទន់របស់នាងនោះទេ ។ នាងបានដឹងថាអារម្មណ៍កក់ក្ដៅនោះគឺជាព្រះវិញ្ញាណបរិសុទ្ធប្រាប់នាងថា ព្រះគម្ពីរមរមនពិត ។ វាគឺជារបៀបដ៏អស្ចារ្យដើម្បីចាប់ផ្ដើមថ្ងៃថ្មី !