« គោលដៅអំណាន » ទស្សនាវដ្តី ប្រិយមិត្ត ខែ មករា ឆ្នាំ ២០២៤ ទំព័រ ៣៦–៣៧ ។
គោលដៅ អំណាន
អាន់ឌើរស៍មិនចូលចិត្តអានឮៗទេ ។
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។
អាន់ឌើរស៍ បានស្តាប់បងស្រីរបស់គាត់អានអំឡុងពេលសិក្សាព្រះគម្ពីរជាគ្រួសារ ។ គាត់ព្យាយាមអានតាមនៅលើថាប្លិតរបស់គាត់ ។ ប៉ុន្តែវាពិបាកដើម្បីផ្ដោតលើពាក្យ ។
អាន់ឌើរស៍ តែងលំបាកក្នុងការអានជានិច្ច ។ នៅឆ្នាំមុន គាត់បានដឹងថា គាត់មានពិការភាពក្នុងការរៀនអាន ឬសរសេរត្រឹមត្រូវ ។ ការលូតលាស់មិនប្រក្រតីដែលជាពិការភាពក្នុងការរៀនសូត្រ ធ្វើឲ្យពិបាកអានអក្សរ ។ ខួរក្បាលរបស់គាត់លាយពាក្យ និងអក្សរបញ្ចូលគ្នា ហើយភ្នែកគាត់ក្រឡឹងពេញទំព័រនៅពេលគាត់ព្យាយាមអាន ។
បងស្រីគាត់បានអានខគម្ពីររបស់នាងចប់ ហើយបងប្រុសរបស់គាត់បានអានខគម្ពីរបន្ទាប់ ។ ប៉ុន្តែអាន់ឌើរស៍ មិនបានអានទេ ។ គាត់មិនចូលចិត្តអានវាឮៗនោះទេ ។ ការពង្រីកពាក្យធំៗនៅលើថាប្លិតរបស់គាត់ជួយបានបន្តិចបន្តួច ។ ប៉ុន្តែគាត់មិនចូលចិត្តការអានរបស់គាត់ដែលយឺត និងឆ្គងខ្លាំងណាស់ ។ គាត់អានខុសច្រើនណាស់ ! គាត់ត្រូវខិតខំយ៉ាងខ្លាំងចំពោះអ្វីដែលងាយស្រួលសម្រាប់អ្នកផ្សេង ។
នៅពេលពួកគេអានចប់ គ្រួសាររបស់អាន់ឌើរស៍បានមើលវីដេអូមួយ ។ វីដេអូនោះគឺអំពីកម្មវិធីកុមារ និងយុវវ័យ ។
អែលឌើរ ហ្គង បានមានប្រសាសន៍នៅក្នុងវីដេអូថា « ដាក់គោលដៅផ្ទាល់ខ្លួនដែលពិបាក និងអភិវឌ្ឍអ្នក » ។ « ស្វែងរកទេពកោសល្យ ចំណាប់អារម្មណ៍ និងជំនាញថ្មី » ។*
អាន់ឌើរស៍ បានគិតអំពីគោលដៅដែលគាត់បានដាក់ ។ ប្រហែលជាគាត់អាចរៀនធ្វើនំឃុកឃី ។ ឬលេងបាល់ទាត់ឲ្យបានល្អជាងមុន !
បន្ទាប់មកគាត់បានមើលទៅព្រះគម្ពីរមរមននៅលើតុ ។ ការអានឲ្យបានល្អជាងមុន មិនមែនជាគោលដៅសប្បាយៗនោះទេ ។ ប៉ុន្តែគាត់ចង់អានព្រះគម្ពីរជាមួយគ្រួសាររបស់គាត់ ។
គាត់បានប្រាប់ប៉ាថា « កូនបានដឹងថាកូនគួរដាក់គោលដៅអ្វីហើយ » ។
ប៉ាបានសួរ « តើគោលដៅនោះជាអ្វីទៅ »
អាន់ឌើរស៍ បានលើកព្រះគម្ពីរមរមនឡើង ។ « កូនចង់អានខគម្ពីរមួយនៅក្នុងព្រះគម្ពីរមរមនឲ្យឮៗរាល់ថ្ងៃ » ។
ប៉ាបានមានប្រសាសន៍ថា « គោលដៅហ្នឹងល្អណាស់ » ។ « តើកូនចង់ចាប់ផ្ដើមនៅពេលណា ? »
« ឥឡូវនេះ ! »
អាន់ឌើរស៍ បានចូលបន្ទប់របស់គាត់ ហើយបានបិទទ្វារ ។ គាត់មិនចង់ឲ្យនរណាឮគាត់ទេ ។ បន្ទាប់មកគាត់បានបើកព្រះគម្ពីរមរមនរបស់គាត់ ។ គាត់បានអានពាក្យខ្លះៗចូលគ្នា ប៉ុន្តែវាចំណាយពេលតែមួយនាទីប៉ុណ្ណោះដើម្បីអានខគម្ពីរមួយខចប់ ។ គាត់បាននិយាយថា មិនអន់ពេកឯណា ។
អាន់ឌើរស៍ អានព្រះគម្ពីរជារៀងរាល់ថ្ងៃ ។ កាលមុនវាពិបាក ! គាត់ក៏មិនបានគិតថា គាត់អាចធ្វើបានល្អជាងមុននោះដែរ ។ ប៉ុន្តែគាត់បន្តរៀនអាន ។
បន្ទាប់មកនៅថ្ងៃមួយនៅឯសាលា គ្រូបង្រៀនរបស់គាត់បានមានប្រសាសន៍ថា « អូហូ ! គ្រូមិនចង់ជឿទេថាកូនរៀនអានបានលឿនយ៉ាងនេះ » ។
អាន់ឌើរស៍ បានងើបមុខឡើង ។ « មែនឬ ? »
អ្នកគ្រូបានងក់ក្បាល ។ « កូនរីកចម្រើនខ្លាំងណាស់ » ។
អាន់ឌើរស៍ បានមើលទៅពាក្យនៅលើក្រដាសរបស់គាត់ ។ វាងាយស្រួលអានជាងពីមុនឆ្ងាយណាស់ ។ គោលដៅហាត់អានព្រះគម្ពីររបស់គាត់ ថែមទាំងជួយគាត់រៀននៅសាលាផងដែរ ។
នៅពេលគាត់ត្រឡប់មកផ្ទះវិញ គាត់បានរត់ឡើងលើដើម្បីអានព្រះគម្ពីរ ។ នៅពេលគាត់មើលលើទំព័រនោះ ពាក្យនៅតែរត់ចុះឡើងពេញទំព័រ ។ ប៉ុន្តែវាងាយស្រួលយល់ជាងមុនពីអ្វីដែលគេបាននិយាយ ។
អាន់ឌើរស៍ រំភើបចិត្តដើម្បីសិក្សាព្រះគម្ពីរជាគ្រួសារនៅយប់នោះ ។
គាត់បាននិយាយថា « ប៉ា អើយ ។ តើកូនអាចជួយអាននៅថ្ងៃនេះបានដែរឬទេ ? »
ប៉ាបានញញឹម ។ « ប៉ាពេញចិត្តយោបល់នេះណាស់ ! »
អាន់ឌើរបានធ្វើតាមដោយយកចិត្តទុកដាក់ ពេលបងប្រុស និងបងស្រីរបស់គាត់ម្នាក់ៗអានខគម្ពីរមួយ ។ ពេលដល់វេនគាត់ គាត់អានខគម្ពីរនោះយឺតៗ ដើម្បីឲ្យប្រាកដថាគាត់អានគ្រប់ពាក្យត្រឹមត្រូវ ។ បន្ទាប់ពីអានចប់ គាត់ក៏ងើបមុខឡើង ។ មនុស្សគ្រប់គ្នាញញឹមដាក់គាត់ ។
ទោះបីជាគាត់មិនមែនជាអ្នកអានដ៏ល្អឥតខ្ចោះក៏ដោយ អាន់ឌើរស៍ មានមោទនភាពចំពោះខ្លួនគាត់ ។ គាត់បានដឹងថា នៅពេលគាត់ខិតខំប្រឹងប្រែង នោះព្រះវរបិតាសួគ៌នឹងគង់នៅទីនោះជួយគាត់ជានិច្ច ។