ឆ្នាំ ២០១០-២០១៩
ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ
ខែ តុលា ឆ្នាំ ២០១៨


2:3

ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ

បងប្អូន​ប្រុស​ស្រី សូមមាន​ភាព​សុទិដ្ឋិនិយម​ឡើង ។ ប្រាកដ​មែន យើង​រស់​នៅ​ក្នុង​គ្រា​លំបាក​ណាស់ ប៉ុន្តែ​កាល​ណា​យើង​បន្ត​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ យើង​ពុំ​ចាំបាច់​ត្រូវ​ភ័យ​ខ្លាច​ឡើយ ។

ខ្ញុំ​សូម​បន្ថែម​សាក្សី​របស់​ខ្ញុំ​ចំពោះ​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន និង​អែលឌើរ ឃ្វីនថីន អិល ឃុក ដែលបាន​លើក​ឡើង​កាល​ពី​មុន​នេះ​បន្តិច​ស្ដីពី​ភាព​សុខដុម និង​ការ​ឯកភាព​នៃ​ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ ខ្ញុំ​ដឹង​ថា ការ​ប្រកាស​ប្រកប​ដោយ​វិវរណៈ​ទាំង​នេះ​គឺជា​ព្រះតម្រះ និង​ព្រះទ័យ​របស់​ព្រះអម្ចាស់ ហើយ​នឹង​ប្រទាន​ពរ និង​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​ជំនាន់​បន្ទាប់ ។

ប៉ុន្មាន​ឆ្នាំ​មុន កូន​ស្រី​របស់​យើង​ម្នាក់ និង​ស្វាមី ដែល​ពួកគេ​ទើប​នឹង​រៀបការ​បាន​សួរ​ស៊ិស្ទើរ រ៉ាសបាន និង​ខ្ញុំ​នូវ​សំណួរ​ដ៏​សំខាន់​បំផុត​មួយ​ថា « តើ​វា​នៅ​តែ​មាន​សុវត្ថិភាព ហើយ​ជា​រឿង​ដ៏​ឆ្លាត​វៃ​ដែរ​ឬ​ទេ ដើម្បី​បង្កើត​កូន​នៅ​ក្នុង​ពិភពលោក​ដ៏​ទុច្ចរិត និង​គួរ​ឲ្យ​ភ័យ​ខ្លាច​ដែល​យើង​កំពុង​រស់​នៅ​នេះ ? »

ឥឡូវ នោះ​គឺជា​សំណួរ​ដ៏សំខាន់​មួយ​សម្រាប់​ឪពុក​ម្ដាយ​ដើម្បី​ពិចារណា​ជាមួយ​នឹង​កូនៗ​ជាទីស្រឡាញ់​របស់​ពួកគេ​ដែល​បាន​រៀប​ការ​រួច ។ យើង​អាច​ស្ដាប់​ឮ​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​សំឡេង​របស់​ពួកគេ ហើយ​ដឹង​ពី​ការ​ភ័យ​ខ្លាច​នោះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ ។ ចម្លើយ​របស់​យើង​ចំពោះ​ពួកគេ​គឺជា​ចម្លើយ​ដ៏​រឹង​ប៉ឹង​មួយ​ថា « ពិតណាស់ វា​មិនអីទេ » នៅពេល​យើង​ចែកចាយ​ការ​បង្រៀន​ដ៏​សំខាន់​នៃ​ដំណឹងល្អ ព្រមទាំង​អារម្មណ៍​ចេញ​ពី​ដួង​ចិត្ត និង​បទពិសោធន៍​របស់​យើង​ផ្ទាល់ ។

ភាព​ភ័យ​ខ្លាច​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ។ ពួក​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ កាល​នៅ​លើ​សមុទ្រ​កាលីឡេ បាន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​« ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក » នៅ​យប់​នោះ ។ សព្វ​ថ្ងៃនេះ ក្នុង​នាម​ជា​ពួក​សាវក​របស់​ទ្រង់ យើង​ក៏​មាន​ការ​ភ័យ​ខ្លាច​ដែរ ។ ពួក​យុវមជ្ឈិម​វ័យ​របស់​យើង​ភ័យ​ខ្លាច​ដើម្បី​ធ្វើ​ការតាំង​ចិត្ត​ផ្សេងៗ​ដូចជា ការ​រៀបការ​ជា​ដើម ។ ស្វាមី​ភរិយា​ថ្មោង​ថ្មី ដូចជា​កូនៗ​របស់​យើង អាច​មាន​ការភ័យ​ខ្លាច​ក្នុង​ការ​បង្កើត​កូន​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​អំពើ​ទុច្ច​រិត​កើន​ឡើង​យ៉ាង​ខ្លាំង ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ភ័យ​ខ្លាច​ចំពោះ​រឿង​ច្រើន​យ៉ាង ជាពិសេស​ការ​និយាយ​នឹង​មនុស្ស​ដែល​ពុំ​ស្គាល់ ។ ពួក​ស្ត្រី​មេម៉ាយ​ភ័យ​ខ្លាច​ចំពោះ​ការរស់នៅ​តែ​ម្នាក់​ឯង ។ ពួក​យុវវ័យ​ជំទង់ៗ​ភ័យ​ខ្លាច​ថា​មិត្តភ័ក្រ​គេ​ពុំ​រាប់រក កុមារ​តូចៗ​ខ្លាច​ថ្ងៃ​ចូល​រៀន​លើក​ដំបូង សិស្ស​សាកលវិទ្យាល័យ​ភ័យ​ខ្លាច​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង ។ យើង​ភ័យ​ខ្លាច​ចំពោះ​ភាព​បរាជ័យ ការ​បដិសេធ ការ​ខក​ចិត្ត និង​អ្វីៗ​ដែល​ពុំ​ស្គាល់ ។ យើង​ភ័យ​ខ្លាច​ចំពោះ​ព្យុះ​សង្ឃរា ការ​រំជួយ​ដី និង​អគ្គីភ័យ​ដែល​បំផ្លិច​បំផ្លាញ​ដែនដី និង​ជីវិត​របស់​យើង ។ យើង​ភ័យ​ខ្លាច​ចំពោះ​ការ​ពុំ​ត្រូវការ​បាន​គេ​ជ្រើស​រើស ហើយ​ក្នុង​ស្ថានភាព​ផ្សេង​ទៀត យើង​ភ័យ​ខ្លាច​ចំពោះ​ការត្រូវ​បាន​គេ​ជ្រើស​រើស ។ យើង​ភ័យ​ខ្លាច​ចំពោះ​ការ​ពុំ​ល្អ​គ្រប់​គ្រាន់ យើង​ភ័យ​ខ្លាច​ថា ព្រះអម្ចាស់​គ្មាន​ពរជ័យ​សម្រាប់​យើង​ទេ ។ យើង​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្លាស់​ប្ដូរ ហើយ​ការ​ភ័យ​ខ្លាច​របស់​យើង​អាច​នាំ​ឲ្យ​មាន​សភាព​កាន់​តែ​វឹកវរ​ខ្លាំង​ឡើង ។ តើ​ខ្ញុំ​បាន​រៀបរាប់​ពី​ការ​ភ័យខ្លាច​អស់​ហើយ​ឬ​នៅ ?

ចាប់​តាំង​ពី​បុរាណ​មក ការ​ភ័យ​ខ្លាច​បាន​ដាក់​កម្រិត​ដល់​ទស្សនវិស័យ​នៃ​បុត្រា​បុត្រី​រ​បស់​ព្រះ ។ ខ្ញុំ​តែង​តែ​ចូល​ចិត្ត​អំពី​ដំណើរ​រឿង​របស់​អេលីសេ​នៅ​ក្នុង​ពង្សាវតារក្សត្រ​ទី ២ ។ ស្ដេច​ស្រុក​ស៊ីរី​បាន​ចាត់​ទាហាន​មួយ​ក្រុម​ឲ្យ​« ទៅ​ឡោម​ព័ទ្ធ​ទីក្រុង​នោះ​ទាំង​យប់ » ។ ពួកគេ​មាន​បំណង​ដើម្បី​ចាប់​ខ្លួន ហើយ​សម្លាប់​ព្យាការី​អេលីសេ ។ យើង​អាន​ថា ៖

« ឯអ្នក​បម្រើ​នៃ​អ្នក​សំណព្វ​របស់​ព្រះ កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពលទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចម្បាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង ។ រួច​អ្នក​បម្រើ​ជម្រាប​លោក​ថា វរហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច ? »

អ្នក​បម្រើ​នោះ​សួរ​ទាំង​ភ័យ​ខ្លាច ។

« [ អេលីសេ ] ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ។

ប៉ុន្តែ​លោក​ពុំ​បាន​បញ្ចប់​ត្រឹម​នោះ​ទេ ។

« នោះ​អេលីសេ​ក៏​អធិស្ឋាន​ថា ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ។ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ » ។

យើង​ប្រហែល​ជា​អាច​មាន ឬ​ក៏​ពុំ​អាច​មាន​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​ជួយ​លុប​បំបាត់​ការ​ភ័យ​ខ្លាច​របស់​យើង ហើយវាយ​ផ្ចាញ់​ពួកសត្រូវ​របស់​យើង​ឡើយ ប៉ុន្តែ​មេរៀន​នេះ​មាន​ភាព​សាមញ្ញ​ណាស់ ។ ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​យើង ខ្វល់​ព្រះទ័យ​ចំពោះ​យើង ហើយ​កំពុង​ប្រទាន​ពរ​យើង​តាម​របៀប​ដែលមាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន ។ ការ​អធិស្ឋាន​អាច​ធ្វើ​ឲ្យ​កើត​មាន​កម្លាំង និង​វិវរណៈ​ដែល​យើង​ត្រូវការ​ដើម្បី​ផ្តោត​គំនិត​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​ធួន​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​ជ្រាប​ថា ពេលខ្លះ​យើង​នឹង​មាន​នូវ​ការ​ភ័យ​ខ្លាច ។ ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​នោះ ហើយ​បងប្អូន​ដ៏​ដូចគ្នា​ដែរ ជា​ហេតុផល​ដែល​បទគម្ពីរ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​ថា ៖

« ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ » ។

« ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។

« កុំ​ឲ្យ​ខ្លាច​ឡើយ ហ្វូង​តូច​អើយ » ។ ខ្ញុំ​ស្រឡាញ់​ភាព​ទន់​ភ្លន់​នៃ​ពាក្យ « ហ្វូង​តូច​អើយ » ។ នៅ​ក្នុង​សាសនាចក្រ​នេះ យើង​ប្រហែល​ជា​មាន​ចំនួន​តិច​ដើម្បី​មាន​ឥទ្ធិពល​នៅ​ក្នុង​ពិភពលោក​នេះ ប៉ុន្តែ​នៅពេល​យើង​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង « ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ។ បន្ទាប់​មក អ្នក​គង្វាល​ជាទីស្រឡាញ់​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​បន្ទូល​បន្ត​ថា « ចូរ​ឲ្យ​ផែនដី និង​ស្ថាន​នរក​រួម​គ្នា​ប្រឆាំង​នឹង​អ្នកចុះ ដ្បិត​បើសិន​ជា​អ្នករាល់គ្នា​បាន​សង់​នៅ​លើ​ថ្មដា​របស់​យើង នោះ​ពួកគេ​ពុំ​អាច​យក​ឈ្នះ​បាន​ឡើយ » ។

តើ​ការ​ភ័យ​ខ្លាច​ត្រូវ​បាន​លុប​បំបាត់​ចោល​តាម​របៀប​ណា ? ចំពោះ​អ្នក​បម្រើ​វ័យ​ក្មេងនោះ​គឺ​គាត់​បាន​ឈរ​នៅ​ក្បែរ​អេលីសេ ដែល​ជា​ព្យាការី​មួយ​រូប​របស់​ព្រះ ។ យើង​ក៏​មាន​នូវ​ការ​សន្យាដូចគ្នា​នោះ​ដែរ ។ នៅពេល​យើង​ស្ដាប់​តាម​ប្រធាន រ័សុល អិម ណិលសុន នៅពេល​យើង​ស្ដាប់​តាម​ការ​ប្រឹក្សា​របស់​លោក នោះ​យើង​កំពុង​ឈរ​ជាមួយ​នឹង​ព្យាការី​មួយ​រូប​របស់​ព្រះ​ហើយ ។ សូម​ចងចាំ​ពី​ពាក្យ​សម្ដី​របស់​យ៉ូសែប ស្ម៊ីធ​ថា « ហើយ​ឥឡូវនេះ បន្ទាប់ពី​ទីបន្ទាល់​ជាច្រើន ដែល​បាន​ថ្លែង​អំពី​ទ្រង់ នេះ​ជា​ទីបន្ទាល់​ចុងក្រោយ​បង្អស់ ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ ៖ គឺ​ថា​ទ្រង់​មាន​ព្រះជន្ម​នៅ​រស់ ! » ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះ​ជន្ម​រស់ ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ និង​ចំពោះ​ដំណឹងល្អ​របស់​ទ្រង់​លុប​បំបាត់​ការ​ភ័យ​ខ្លាច ។

បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​« បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ » នឹង​យើង​ជា​ដរាប  នឹង​បណ្ដេញ​ការ​ភ័យ​ខ្លាច​ចេញ ដើម្បី​មើល​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​អស់​កល្ប​ជានិច្ច​មួយ​អំពី​ជីវិត​រមែង​ស្លាប់​របស់​យើង ។ ប្រធាន​ណិលសុន​បាន​ព្រមាន​ថា « នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​សង្គ្រាម​ដែល​នឹង​គ្រប​ដណ្ដប់​លើ​ដែនដី ហើយ​នឹងធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ចិត្ត​រឹង​រូស ថា « ពួក​សិស្ស​របស់​យើង​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​នឹង​ពុំ​ត្រូវ​បាន​រើ​ឡើយ » ។

ហើយ​បន្ទាប់​មក​ទៀត​ទ្រង់​មាន​បន្ទូល​ថា « ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​កាលណា​ការណ៍​ទាំងនេះ​នឹង​កើត​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ដឹង​ថា សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន ដែល​បាន​ធ្វើ​ដល់​អ្នក នោះ​នឹង​ត្រូវ​បាន​សម្រេច​ហើយ » ។​

សូម​ឈរ​នៅក្នុង​ទីបរិសុទ្ធ—ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ—ហើយ​ការ​សន្យា​ទាំង​អស់​នឹង​ត្រូវ​បាន​បំពេញ ។ ចូរ​យើង​ពិចារណា​ពី​ចំណុច​នីមួយៗ​ទាំង​នេះ​ដែល​ទាក់​ទង​នឹង​ការ​ភ័យ​ខ្លាច​របស់​យើង ។

ទីមួយ ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ។ នៅ​ពេល​យើង​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ—ផ្ទះ​ដ៏​សុចរិត​របស់​យើង សាលាប្រជុំ​របស់​យើង​ដែល​បាន​ឧទ្ទិស​ឆ្លង ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិស​—យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​យើង ។ យើង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​ធ្វើ​ឲ្យ​យើង​ខ្វល់​ខ្វាយ​ចិត្ត ឬ​ភាព​សុខសាន្ត​ដើម្បី​ទុក​វា​មួយ​អន្លើ​សិន ។ នោះ​គឺ​ជា​ព្រះវិញ្ញាណ​កំពុង​ដំណើរ​ការ ។ ទីដ៏​ពិសិដ្ឋ​ទាំង​នេះនៅ​ក្នុង​នគរ​ព្រះ​នៅ​លើ​ផែនដី​តម្រូវ​ឲ្យ​មាន​គារវភាព​របស់​យើង ការគោរព​របស់​យើង​ចំពោះ​គ្នា ការ​ខិតខំ​របស់​យើង​ដើម្បី​រស់​នៅ​តាម​ដំណឹងល្អ និង​សេចក្ដីសង្ឃឹម​របស់​យើង​ដើម្បី​ទុក​ការ​ភ័យ​ខ្លាច​មួយ​អន្លើ​សិន ហើយ​ស្វែង​រក​ព្រះចេស្ដា​ព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

នៅ​ទី​បរិសុទ្ធ​របស់​ព្រះ ឬ​នៅ​ក្នុង​ដួង​ចិត្ត​នៃ​បុត្រា​បុត្រី​របស់​ទ្រង់​គ្មាន​កន្លែង​សម្រាប់​ការ​ភ័យ​ខ្លាច​ឡើយ ។ ហេតុអ្វី​ទៅ ? ដោយសារ​តែ​សេចក្ដី​ស្រឡាញ់ ។ ព្រះ​ស្រឡាញ់​យើង—ជានិច្ច—ហើយ​យើង​ស្រឡាញ់​ទ្រង់ ។ សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​បដិសេធ​រាល់​ការ​ភ័យ​ខ្លាច ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​មាន​យ៉ាង​បរិបូរណ៍​នៅ​ក្នុង​ទីបរិសុទ្ធ ។ សូម​គិត​ពី​ការណ៍​នេះ ។ នៅពេល​យើង​ពុំ​ប្រាកដ​នៅ​ក្នុង​ការ​តាំង​ចិត្ត​របស់​យើង​ចំពោះ​ព្រះអម្ចាស់ នៅពេល​យើង​ឃ្លាត​ឆ្ងាយ​ពី​ផ្លូវ​របស់​ទ្រង់​ដែល​ដឹកនាំ​ទៅ​រក​ជីវិត​ដ៏​អស់កល្ប នៅ​ពេល​យើង​មាន​សំណួរ ឬ​សង្ស័យ​ពី​តម្លៃ​របស់​យើង​នៅ​ក្នុង​ផែនការណ៍​ដ៏​ទេវភាព​រ​បស់​ទ្រង់ នៅ​ពេល​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​នៃ​ការ​ភ័យ​ខ្លាច—ការ​បាក់​ទឹក​ចិត្ត កំហឹង ភាព​ស្មុគស្មាញ ការ​ខក​បំណង—នោះ​ព្រះវិញ្ញាណ​នឹង​ចាក​ចេញ​ពី​យើង ហើយ​យើង​នឹង​គ្មាន​ព្រះអម្ចាស់ ។ ប្រសិន​បើ​បងប្អូន​ដឹង​ថា​វា​មាន​ទិដ្ឋភាព​បែប​ណា នោះ​បងប្អូន​ដឹង​ថា វា​ពុំ​មែន​ជា​កន្លែង​ល្អ​ដើម្បី​រស់​នៅ​ឡើយ ។ ផ្ទុយ​ទៅ​វិញ នៅពេល​យើង​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​« សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​បណ្ដេញ​ការ​ភ័យខ្លាច​ចេញ​អស់​ទៅ » ។

ការ​សន្យា​បន្ទាប់​ទៀត​គឺ​« ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ » ។ មិន​ថា​ផែនដី​នេះ​ពោរពេញ​ដោយ​ភាពទុច្ចរិត និង​ភាព​វឹកវរ​ប៉ុណ្ណា​ទេ យើង​ត្រូវបាន​សន្យា​តាមរយៈ​ភាព​ស្មោះត្រង់​ដ៏​ប្រចាំ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​នូវ​« សេចក្តី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » ។ ហើយ​នៅពេល​ព្រះគ្រីស្ទ​យាង​មក​នៅក្នុង​គ្រប់​ទាំង​ព្រះចេស្ដា និង​សិរីល្អ នោះ​អំពើ​ទុច្ចរិត ការ​បះបោរ និង​ភាពអយុត្តិធម៌​នឹង​បញ្ចប់ ។

ជាយូរ​យារ​មក​ហើយ សាវក​ប៉ុល​បាន​ព្យាករ​ពី​ជំនាន់​របស់​យើង ដោយ​ពោល​ទៅ​កាន់​យុវជន​ធីម៉ូថេ​ថា ៖

« ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ។

« ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួត​អាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើលងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមឹលគុណ មាន​ចិត្ត​មិន​បរិសុទ្ធ …

…ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ » ។

សូម​ចងចាំ​ថា « ពួក​ដែល​នៅ​ខាង​យើង »នៅ​ទាំង​សង​ខាង​នៃ​វាំង​នន ជា​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​អស់​ពី​ចិត្ត ពលំ គំនិត និង​កម្លាំង​របស់​ពួកគេ« មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ។ ប្រសិន​បើយើង​ពិត​ជា​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ផ្លូវ​របស់​ទ្រង់ ប្រសិន​បើ​យើង​ចូល​រួម​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ នោះ​យើង​នឹង​ពុំ​ភ័យខ្លាច​ចំពោះ​ទំនោរ​នៃ​លោកិយ ឬ​ខ្វល់​ខ្វាយ​ដោយ​សារ​តែ​វា​ឡើយ ។ ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ឲ្យ​ដាក់​ឥទ្ធិពល និង​សម្ពាធ​ខាង​លោកិយ​មួយ​អន្លើ ហើយ​ស្វែង​រក​ជីវភាព​ខាង​វិញ្ញាណ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ។ សូម​ស្រឡាញ់​អ្វី​ដែល​ព្រះអម្ចាស់​ស្រឡាញ់—រួម​មាន​បទបញ្ញត្តិ​របស់​ទ្រង់ ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​របស់យើង​ជាមួយ​នឹង​ទ្រង់ ពិធី​សាក្រាម៉ង់​រាល់​ថ្ងៃ​ឈប់​សម្រាក ការ​ប្រាស្រ័យ​ទាក់​ទង​របស់​យើង​តាមរយៈ​ការ​អធិស្ឋាន—ហើយ​បងប្អូន​នឹង​ពុំ​ចិត្ត​ថប់​បារម្ភ​ឡើយ ។

ចំណុច​ចុង​ក្រោយ ៖ សូម​ទុក​ចិត្ត​ព្រះអម្ចាស់ និង​ការ​សន្យា​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា រាល់​ការ​សន្យា​របស់​ទ្រង់​នឹង​ត្រូវ​បាន​បំពេញ ។ ខ្ញុំ​ដឹង​រឿង​នេះយ៉ាង​ច្បាស់ កាល​ខ្ញុំ​ឈរ​នៅ​ទីនេះ​ចំពោះ​មុខ​បងប្អូន នៅ​ក្នុង​ការ​ប្រជុំ​ដ៏​ពិសិដ្ឋ​នេះ ។

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា « ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត—យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ » ។

នេះគឺជា​ហេតុផល​ដែល​យើង​ពុំ​គួរ​មាន​ចិត្ត​ថប់​បារម្ភ​ដោយសារ​តែភាព​ជ្រួល​ច្របល់​នា​សព្វ​ថ្ងៃ​នេះ ដោយ​សារ​ពួក​អ្នក​ដែលនៅ​ក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ ដោយ​សារ ពួកអ្នក​ដែលចំអក​លើ​ការ​ខិតខំ​ដ៏​ស្មោះត្រង់ និង​ការ​បម្រើ​ដែល​មាន​ការ​លះបង់​ចំពោះ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ សុទិដ្ឋិនិយម ភាព​ក្លាហាន រួម​ទាំង​សេចក្ដី​សប្បុរស​ផង​ដែរ កើត​ចេញ​ពី​ដួង​ចិត្ត​មួយ​ដែល​ពុំ​ខ្វល់ខ្វាយ​ពី​បញ្ហា ឬ​ភាព​ជ្រួល​ច្របល់​ឡើយ ។ ប្រធាន​ណិលសុន​ដែល​ជា​បុគ្គល​« មាន​ភាព​សុទិដ្ឋិនិយម​ចំពោះ​អនាគត » បាន​រំឭក​យើង​ថា « បើ​យើង​សង្ឃឹម​ចង់​ស្វែង​រក​អ្វី​មួយ​ដែល​មាន​តម្លៃ​តាមរយៈ​ទស្សនៈ​ជាច្រើន និង​ទស្សនវិជ្ជា​របស់​មនុស្ស​ដែល​វាយ​ប្រហារ​ដល់​សេចក្ដី​ពិត នោះ​យើង​ត្រូវ​តែ​រៀន​ទទួល​វិវរណៈ » ។

ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន យើង​ត្រូវ​តែ​ដាក់​អាទិភាព​ចំពោះ​ការ​រស់​នៅ​តាម​ដំណឹងល្អ និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ភាពស្មោះត្រង់ និង​ជីវភាព​ខាង​វិញ្ញាណ​ក្នុង​មនុស្ស​ដទៃ ក៏​ដូចជា​ខ្លួន​យើង​ដែរ ។

ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល គឺជា​ព្យាការី​មួយ​រូប កាល​ខ្ញុំ​នៅ​ជា​យុវវ័យ ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បន្ទាប់​ពី​ត្រូវបាន​ហៅ​ជា​សាវក​មួយ​រូប​មក ខ្ញុំ​បាន​រក​ឃើញ​ភាព​សុខសាន្ត​នៅ​ក្នុង​សារ​លិខិត​ដំបូង​របស់​លោក​នៅ​ឯ​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​១៩៤៣ ។ លោក​មាន​ការ​ថប់​បារម្ភ​ដោយ​សារ​ការហៅ​របស់​លោក ខ្ញុំ​យល់​ពី​អារម្មណ៍​នោះ ។ អែលឌើរ ឃឹមបឹល​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​គិត ហើយ​បាន​អធិស្ឋាន​ព្រមទាំង​បាន​តម​អាហារ ហើយ​អធិស្ឋាន​យ៉ាង​ច្រើន ។ ខ្ញុំ​មាន​គំនិត​ដ៏​ច្របូល​ច្របល់​យ៉ាង​ច្រើន—ដូចជា​មាន​សំឡេង​និយាយ​មក​កាន់​ខ្ញុំ​ថា ‹ ឯង​ធ្វើ​កិច្ចការ​នេះ​ពុំ​កើត​ទេ ។ ឯង​ពុំ​មាន​ភាព​ស័ក្ដិសម​ទេ ។ ឯង​គ្មាន​សមត្ថភាព​ទេ ›—ហើយ​នៅ​ទីបំផុត​ខ្ញុំ​បាន​មាន​គំនិត​ដ៏​រីករាយ​មួយ​ថា ‹ អ្នក​ត្រូវ​តែ​ធ្វើ​កិច្ចការ​ដែល​បាន​ចាត់​មក—អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សមត្ថភាព ស័ក្ដិសម ហើយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ › ។ ប៉ុន្តែ​វា​ពុំ​ងាយ​ស្រួល​ឡើយ » ។

ខ្ញុំ​ត្រូវ​បានលើក​ទឹក​ចិត្ត​ដោយ​ទីបន្ទាល់​បរិសុទ្ធ​ចេញ​ពីចិត្ត​របស់​សាវក​រូប​នេះ ដែល​បាន​ក្លាយ​ជា​ប្រធាន​ទី ១២ នៃ​សាសនាចក្រ​ដ៏​អស្ចារ្យ​នេះ ។ លោក​បាន​ដឹង​ថា លោក​ត្រូវ​បំភ្លេច​ភាព​ភ័យ​ខ្លាច​របស់​លោក ដើម្បី​« ធ្វើ​កិច្ចការ​ដែល​បាន​ចាត់ » ហើយ​ថា​លោក​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ ដើម្បី​ទទួល​បាន​កម្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​លោក​មាន« សមត្ថភាព ស័ក្ដិសម ហើយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ » ។ យើង​ក៏​អាច​ធ្វើ​បាន​ដែរ ។ វា​ពុំ​ងាយ​ស្រួលទេ ប៉ុន្តែ​យើង​នឹង​ប្រឈម​វា​ដោយ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ យើង​នឹង​« ពុំ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ » ដោយសារ​នៅពេល​យើង​នៅ​ឈរ​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​ឈរ​ការពារ​គោលការណ៍​របស់​ទ្រង់ និង​ផែនការ​ដ៏​អស់​កល្ប​របស់​ទ្រង់ នោះ​យើង​កំពុង​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ​ហើយ ។

ឥឡូវ​នេះ តើ​កូនស្រី និង​កូន​ប្រសារ​របស់​យើង​ដែល​បាន​សួរសំណួរ​ផ្ទាល់​ខ្លួន​ចេញ​ពី​ចិត្ត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយសារ​តែ​មាន​ការ​ភ័យ​ខ្លាច​នោះ ទៅ​ជា​យ៉ាង​ណា​វិញ? ពួកគេ​បាន​ពិចារណា​យ៉ាង​ហ្មត់​ចត់​ចំពោះ​ការ​សន្ទនា​របស់​យើង​នៅ​យប់​នោះ ពួកគេ​បាន​អធិស្ឋាន ហើយ​បាន​តម​អាហារ ហើយ​មាន​នូវ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ផ្ទាល់ ។ វាជា​ភាព​រីករាយ និង​អំណរ​ចំពោះពួកគេ ព្រមទាំង​ពួក​យើង​ដែល​ជា​លោក​តា​លោក​យាយផង​ដែរ ឥឡូវ​នេះ​ពួកគេមាន​ពរ​ដោយ​មាន​កូនដ៏​ស្រស់​ស្អាត​ប្រាំពីរ​នាក់ កាល​ពួកគេ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ។

ចៅ​ទាំង​ប្រាំពីរ​នាក់​របស់​អែលឌើរ និង ស៊ីស្ទើរ រ៉ាសបាន

បងប្អូន​ប្រុស​ស្រី សូម​មាន​ភាព​សុទិដ្ឋិនិយម​ឡើង ។ ប្រាកដ​ណាស់ យើង​រស់​នៅ​ក្នុង​គ្រា​លំបាក​ណាស់ ប៉ុន្តែ​កាល​ណា​យើង​បន្ត​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ យើង​ពុំ​ចាំបាច់​ត្រូវ​ភ័យ​ខ្លាច​ឡើយ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​បងប្អូនថា នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ បងប្អូន​នឹង​ពុំ​មាន​ចិត្ត​ថប់​បារម្ភ​ដោយសារ​តែ​គ្រា​ដែល​យើង​រស់​នៅ ឬ​បញ្ហា​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​បងប្អូន​ឡើយ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​ឲ្យ​ជ្រើសរើស​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ហើយ​ពុំ​រើ​ឡើយ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​ឲ្យ​ជឿ​លើ​ការ​សន្យា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​កំពុង​ការពារ​យើង មើល​ថែ​យើង និង​កំពុង​ឈរ​ក្បែរ​យើង ។ ក្នុង​នាម​នៃ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​នៃ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។