ចូរកុំឲ្យមានចិត្តថប់បារម្ភឡើយ
បងប្អូនប្រុសស្រី សូមមានភាពសុទិដ្ឋិនិយមឡើង ។ ប្រាកដមែន យើងរស់នៅក្នុងគ្រាលំបាកណាស់ ប៉ុន្តែកាលណាយើងបន្តដើរនៅលើផ្លូវនៃសេចក្ដីសញ្ញានោះ យើងពុំចាំបាច់ត្រូវភ័យខ្លាចឡើយ ។
ខ្ញុំសូមបន្ថែមសាក្សីរបស់ខ្ញុំចំពោះសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន និងអែលឌើរ ឃ្វីនថីន អិល ឃុក ដែលបានលើកឡើងកាលពីមុននេះបន្តិចស្ដីពីភាពសុខដុម និងការឯកភាពនៃក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ខ្ញុំដឹងថា ការប្រកាសប្រកបដោយវិវរណៈទាំងនេះគឺជាព្រះតម្រះ និងព្រះទ័យរបស់ព្រះអម្ចាស់ ហើយនឹងប្រទានពរ និងពង្រឹងដល់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយសម្រាប់ជំនាន់បន្ទាប់ ។
ប៉ុន្មានឆ្នាំមុន កូនស្រីរបស់យើងម្នាក់ និងស្វាមី ដែលពួកគេទើបនឹងរៀបការបានសួរស៊ិស្ទើរ រ៉ាសបាន និងខ្ញុំនូវសំណួរដ៏សំខាន់បំផុតមួយថា « តើវានៅតែមានសុវត្ថិភាព ហើយជារឿងដ៏ឆ្លាតវៃដែរឬទេ ដើម្បីបង្កើតកូននៅក្នុងពិភពលោកដ៏ទុច្ចរិត និងគួរឲ្យភ័យខ្លាចដែលយើងកំពុងរស់នៅនេះ ? »
ឥឡូវ នោះគឺជាសំណួរដ៏សំខាន់មួយសម្រាប់ឪពុកម្ដាយដើម្បីពិចារណាជាមួយនឹងកូនៗជាទីស្រឡាញ់របស់ពួកគេដែលបានរៀបការរួច ។ យើងអាចស្ដាប់ឮការភ័យខ្លាចនៅក្នុងសំឡេងរបស់ពួកគេ ហើយដឹងពីការភ័យខ្លាចនោះនៅក្នុងដួងចិត្តរបស់ពួកគេ ។ ចម្លើយរបស់យើងចំពោះពួកគេគឺជាចម្លើយដ៏រឹងប៉ឹងមួយថា « ពិតណាស់ វាមិនអីទេ » នៅពេលយើងចែកចាយការបង្រៀនដ៏សំខាន់នៃដំណឹងល្អ ព្រមទាំងអារម្មណ៍ចេញពីដួងចិត្ត និងបទពិសោធន៍របស់យើងផ្ទាល់ ។
ភាពភ័យខ្លាចពុំមែនជារឿងថ្មីនោះទេ ។ ពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ កាលនៅលើសមុទ្រកាលីឡេ បានមានការភ័យខ្លាចចំពោះ« ខ្យល់ព្យុះជាខ្លាំង ហើយរលក » នៅយប់នោះ ។ សព្វថ្ងៃនេះ ក្នុងនាមជាពួកសាវករបស់ទ្រង់ យើងក៏មានការភ័យខ្លាចដែរ ។ ពួកយុវមជ្ឈិមវ័យរបស់យើងភ័យខ្លាចដើម្បីធ្វើការតាំងចិត្តផ្សេងៗដូចជា ការរៀបការជាដើម ។ ស្វាមីភរិយាថ្មោងថ្មី ដូចជាកូនៗរបស់យើង អាចមានការភ័យខ្លាចក្នុងការបង្កើតកូននៅក្នុងពិភពលោកមួយដែលមានអំពើទុច្ចរិតកើនឡើងយ៉ាងខ្លាំង ។ ពួកអ្នកផ្សព្វផ្សាយសាសនាភ័យខ្លាចចំពោះរឿងច្រើនយ៉ាង ជាពិសេសការនិយាយនឹងមនុស្សដែលពុំស្គាល់ ។ ពួកស្ត្រីមេម៉ាយភ័យខ្លាចចំពោះការរស់នៅតែម្នាក់ឯង ។ ពួកយុវវ័យជំទង់ៗភ័យខ្លាចថាមិត្តភ័ក្រគេពុំរាប់រក កុមារតូចៗខ្លាចថ្ងៃចូលរៀនលើកដំបូង សិស្សសាកលវិទ្យាល័យភ័យខ្លាចចំពោះលទ្ធផលនៃការប្រឡង ។ យើងភ័យខ្លាចចំពោះភាពបរាជ័យ ការបដិសេធ ការខកចិត្ត និងអ្វីៗដែលពុំស្គាល់ ។ យើងភ័យខ្លាចចំពោះព្យុះសង្ឃរា ការរំជួយដី និងអគ្គីភ័យដែលបំផ្លិចបំផ្លាញដែនដី និងជីវិតរបស់យើង ។ យើងភ័យខ្លាចចំពោះការពុំត្រូវការបានគេជ្រើសរើស ហើយក្នុងស្ថានភាពផ្សេងទៀត យើងភ័យខ្លាចចំពោះការត្រូវបានគេជ្រើសរើស ។ យើងភ័យខ្លាចចំពោះការពុំល្អគ្រប់គ្រាន់ យើងភ័យខ្លាចថា ព្រះអម្ចាស់គ្មានពរជ័យសម្រាប់យើងទេ ។ យើងភ័យខ្លាចចំពោះការផ្លាស់ប្ដូរ ហើយការភ័យខ្លាចរបស់យើងអាចនាំឲ្យមានសភាពកាន់តែវឹកវរខ្លាំងឡើង ។ តើខ្ញុំបានរៀបរាប់ពីការភ័យខ្លាចអស់ហើយឬនៅ ?
ចាប់តាំងពីបុរាណមក ការភ័យខ្លាចបានដាក់កម្រិតដល់ទស្សនវិស័យនៃបុត្រាបុត្រីរបស់ព្រះ ។ ខ្ញុំតែងតែចូលចិត្តអំពីដំណើររឿងរបស់អេលីសេនៅក្នុងពង្សាវតារក្សត្រទី ២ ។ ស្ដេចស្រុកស៊ីរីបានចាត់ទាហានមួយក្រុមឲ្យ« ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់ » ។ ពួកគេមានបំណងដើម្បីចាប់ខ្លួន ហើយសម្លាប់ព្យាការីអេលីសេ ។ យើងអានថា ៖
« ឯអ្នកបម្រើនៃអ្នកសំណព្វរបស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចម្បាំង នៅព័ទ្ធជុំវិញទីក្រុង ។ រួចអ្នកបម្រើជម្រាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច ? »
អ្នកបម្រើនោះសួរទាំងភ័យខ្លាច ។
« [ អេលីសេ ] ឆ្លើយតបថា កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើងមានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត » ។
ប៉ុន្តែលោកពុំបានបញ្ចប់ត្រឹមនោះទេ ។
« នោះអេលីសេក៏អធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ។ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ » ។
យើងប្រហែលជាអាចមាន ឬក៏ពុំអាចមានរទេះចម្បាំង ដែលសុទ្ធតែជាភ្លើងត្រូវបានបញ្ជូនមកដើម្បីជួយលុបបំបាត់ការភ័យខ្លាចរបស់យើង ហើយវាយផ្ចាញ់ពួកសត្រូវរបស់យើងឡើយ ប៉ុន្តែមេរៀននេះមានភាពសាមញ្ញណាស់ ។ ព្រះអម្ចាស់គង់នៅជាមួយនឹងយើង ខ្វល់ព្រះទ័យចំពោះយើង ហើយកំពុងប្រទានពរយើងតាមរបៀបដែលមានតែទ្រង់ប៉ុណ្ណោះទើបអាចធ្វើបាន ។ ការអធិស្ឋានអាចធ្វើឲ្យកើតមានកម្លាំង និងវិវរណៈដែលយើងត្រូវការដើម្បីផ្តោតគំនិតរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ។ ព្រះអម្ចាស់បានជ្រាបថា ពេលខ្លះយើងនឹងមាននូវការភ័យខ្លាច ។ ខ្ញុំធ្លាប់មានអារម្មណ៍នោះ ហើយបងប្អូនដ៏ដូចគ្នាដែរ ជាហេតុផលដែលបទគម្ពីរគឺពោរពេញទៅដោយការប្រឹក្សារបស់ព្រះអម្ចាស់ថា ៖
« ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ » ។
« ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។
« កុំឲ្យខ្លាចឡើយ ហ្វូងតូចអើយ » ។ ខ្ញុំស្រឡាញ់ភាពទន់ភ្លន់នៃពាក្យ « ហ្វូងតូចអើយ » ។ នៅក្នុងសាសនាចក្រនេះ យើងប្រហែលជាមានចំនួនតិចដើម្បីមានឥទ្ធិពលនៅក្នុងពិភពលោកនេះ ប៉ុន្តែនៅពេលយើងបើកភ្នែកខាងវិញ្ញាណរបស់យើង « ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត » ។ បន្ទាប់មក អ្នកគង្វាលជាទីស្រឡាញ់របស់យើង គឺព្រះយេស៊ូវគ្រីស្ទមានបន្ទូលបន្តថា « ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ដ្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ » ។
តើការភ័យខ្លាចត្រូវបានលុបបំបាត់ចោលតាមរបៀបណា ? ចំពោះអ្នកបម្រើវ័យក្មេងនោះគឺគាត់បានឈរនៅក្បែរអេលីសេ ដែលជាព្យាការីមួយរូបរបស់ព្រះ ។ យើងក៏មាននូវការសន្យាដូចគ្នានោះដែរ ។ នៅពេលយើងស្ដាប់តាមប្រធាន រ័សុល អិម ណិលសុន នៅពេលយើងស្ដាប់តាមការប្រឹក្សារបស់លោក នោះយើងកំពុងឈរជាមួយនឹងព្យាការីមួយរូបរបស់ព្រះហើយ ។ សូមចងចាំពីពាក្យសម្ដីរបស់យ៉ូសែប ស្ម៊ីធថា « ហើយឥឡូវនេះ បន្ទាប់ពីទីបន្ទាល់ជាច្រើន ដែលបានថ្លែងអំពីទ្រង់ នេះជាទីបន្ទាល់ចុងក្រោយបង្អស់ ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ ៖ គឺថាទ្រង់មានព្រះជន្មនៅរស់ ! » ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ សេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ និងចំពោះដំណឹងល្អរបស់ទ្រង់លុបបំបាត់ការភ័យខ្លាច ។
បំណងប្រាថ្នារបស់យើងដើម្បី« បានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយ » នឹងយើងជាដរាប នឹងបណ្ដេញការភ័យខ្លាចចេញ ដើម្បីមើលឃើញនូវទិដ្ឋភាពដ៏អស់កល្បជានិច្ចមួយអំពីជីវិតរមែងស្លាប់របស់យើង ។ ប្រធានណិលសុនបានព្រមានថា « នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ » ។
ព្រះអម្ចាស់បានមានបន្ទូលអំពីសង្គ្រាមដែលនឹងគ្របដណ្ដប់លើដែនដី ហើយនឹងធ្វើឲ្យមនុស្សជាច្រើនមានចិត្តរឹងរូស ថា « ពួកសិស្សរបស់យើងនឹងឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយនឹងពុំត្រូវបានរើឡើយ » ។
ហើយបន្ទាប់មកទៀតទ្រង់មានបន្ទូលថា « ចូរកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតកាលណាការណ៍ទាំងនេះនឹងកើតឡើង នោះអ្នករាល់គ្នានឹងបានដឹងថា សេចក្ដីសន្យាទាំងប៉ុន្មាន ដែលបានធ្វើដល់អ្នក នោះនឹងត្រូវបានសម្រេចហើយ » ។
សូមឈរនៅក្នុងទីបរិសុទ្ធ—ចូរកុំឲ្យមានចិត្តថប់បារម្ភឡើយ—ហើយការសន្យាទាំងអស់នឹងត្រូវបានបំពេញ ។ ចូរយើងពិចារណាពីចំណុចនីមួយៗទាំងនេះដែលទាក់ទងនឹងការភ័យខ្លាចរបស់យើង ។
ទីមួយ ឈរនៅក្នុងទីបរិសុទ្ធ ។ នៅពេលយើងឈរនៅក្នុងទីបរិសុទ្ធ—ផ្ទះដ៏សុចរិតរបស់យើង សាលាប្រជុំរបស់យើងដែលបានឧទ្ទិសឆ្លង ព្រះវិហារបរិសុទ្ធដែលបានឧទ្ទិស—យើងទទួលអារម្មណ៍ពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅជាមួយនឹងយើង ។ យើងរកឃើញចម្លើយចំពោះសំណួរដែលធ្វើឲ្យយើងខ្វល់ខ្វាយចិត្ត ឬភាពសុខសាន្តដើម្បីទុកវាមួយអន្លើសិន ។ នោះគឺជាព្រះវិញ្ញាណកំពុងដំណើរការ ។ ទីដ៏ពិសិដ្ឋទាំងនេះនៅក្នុងនគរព្រះនៅលើផែនដីតម្រូវឲ្យមានគារវភាពរបស់យើង ការគោរពរបស់យើងចំពោះគ្នា ការខិតខំរបស់យើងដើម្បីរស់នៅតាមដំណឹងល្អ និងសេចក្ដីសង្ឃឹមរបស់យើងដើម្បីទុកការភ័យខ្លាចមួយអន្លើសិន ហើយស្វែងរកព្រះចេស្ដាព្យាបាលរបស់ព្រះយេស៊ូវគ្រីស្ទតាមរយៈដង្វាយធួនរបស់ទ្រង់ ។
នៅទីបរិសុទ្ធរបស់ព្រះ ឬនៅក្នុងដួងចិត្តនៃបុត្រាបុត្រីរបស់ទ្រង់គ្មានកន្លែងសម្រាប់ការភ័យខ្លាចឡើយ ។ ហេតុអ្វីទៅ ? ដោយសារតែសេចក្ដីស្រឡាញ់ ។ ព្រះស្រឡាញ់យើង—ជានិច្ច—ហើយយើងស្រឡាញ់ទ្រង់ ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះបដិសេធរាល់ការភ័យខ្លាច ហើយសេចក្ដីស្រឡាញ់របស់ទ្រង់មានយ៉ាងបរិបូរណ៍នៅក្នុងទីបរិសុទ្ធ ។ សូមគិតពីការណ៍នេះ ។ នៅពេលយើងពុំប្រាកដនៅក្នុងការតាំងចិត្តរបស់យើងចំពោះព្រះអម្ចាស់ នៅពេលយើងឃ្លាតឆ្ងាយពីផ្លូវរបស់ទ្រង់ដែលដឹកនាំទៅរកជីវិតដ៏អស់កល្ប នៅពេលយើងមានសំណួរ ឬសង្ស័យពីតម្លៃរបស់យើងនៅក្នុងផែនការណ៍ដ៏ទេវភាពរបស់ទ្រង់ នៅពេលយើងអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍នៃការភ័យខ្លាច—ការបាក់ទឹកចិត្ត កំហឹង ភាពស្មុគស្មាញ ការខកបំណង—នោះព្រះវិញ្ញាណនឹងចាកចេញពីយើង ហើយយើងនឹងគ្មានព្រះអម្ចាស់ ។ ប្រសិនបើបងប្អូនដឹងថាវាមានទិដ្ឋភាពបែបណា នោះបងប្អូនដឹងថា វាពុំមែនជាកន្លែងល្អដើម្បីរស់នៅឡើយ ។ ផ្ទុយទៅវិញ នៅពេលយើងឈរនៅក្នុងទីបរិសុទ្ធ យើងអាចមានសេចក្ដីស្រឡាញ់របស់ព្រះ ហើយ« សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះបណ្ដេញការភ័យខ្លាចចេញអស់ទៅ » ។
ការសន្យាបន្ទាប់ទៀតគឺ« ចូរកុំឲ្យមានចិត្តថប់បារម្ភឡើយ » ។ មិនថាផែនដីនេះពោរពេញដោយភាពទុច្ចរិត និងភាពវឹកវរប៉ុណ្ណាទេ យើងត្រូវបានសន្យាតាមរយៈភាពស្មោះត្រង់ដ៏ប្រចាំរបស់យើងលើព្រះយេស៊ូវគ្រីស្ទនូវ« សេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិត » ។ ហើយនៅពេលព្រះគ្រីស្ទយាងមកនៅក្នុងគ្រប់ទាំងព្រះចេស្ដា និងសិរីល្អ នោះអំពើទុច្ចរិត ការបះបោរ និងភាពអយុត្តិធម៌នឹងបញ្ចប់ ។
ជាយូរយារមកហើយ សាវកប៉ុលបានព្យាករពីជំនាន់របស់យើង ដោយពោលទៅកាន់យុវជនធីម៉ូថេថា ៖
« ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ។
« ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ …
…ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ » ។
សូមចងចាំថា « ពួកដែលនៅខាងយើង »នៅទាំងសងខាងនៃវាំងនន ជាអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អស់ពីចិត្ត ពលំ គំនិត និងកម្លាំងរបស់ពួកគេ« មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត » ។ ប្រសិនបើយើងពិតជាទុកចិត្តលើព្រះអម្ចាស់ និងផ្លូវរបស់ទ្រង់ ប្រសិនបើយើងចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ នោះយើងនឹងពុំភ័យខ្លាចចំពោះទំនោរនៃលោកិយ ឬខ្វល់ខ្វាយដោយសារតែវាឡើយ ។ ខ្ញុំសូមអង្វរដល់បងប្អូនឲ្យដាក់ឥទ្ធិពល និងសម្ពាធខាងលោកិយមួយអន្លើ ហើយស្វែងរកជីវភាពខាងវិញ្ញាណនៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូន ។ សូមស្រឡាញ់អ្វីដែលព្រះអម្ចាស់ស្រឡាញ់—រួមមានបទបញ្ញត្តិរបស់ទ្រង់ ដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ សេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់យើងជាមួយនឹងទ្រង់ ពិធីសាក្រាម៉ង់រាល់ថ្ងៃឈប់សម្រាក ការប្រាស្រ័យទាក់ទងរបស់យើងតាមរយៈការអធិស្ឋាន—ហើយបងប្អូននឹងពុំចិត្តថប់បារម្ភឡើយ ។
ចំណុចចុងក្រោយ ៖ សូមទុកចិត្តព្រះអម្ចាស់ និងការសន្យារបស់ទ្រង់ ។ ខ្ញុំដឹងថា រាល់ការសន្យារបស់ទ្រង់នឹងត្រូវបានបំពេញ ។ ខ្ញុំដឹងរឿងនេះយ៉ាងច្បាស់ កាលខ្ញុំឈរនៅទីនេះចំពោះមុខបងប្អូន នៅក្នុងការប្រជុំដ៏ពិសិដ្ឋនេះ ។
ព្រះអម្ចាស់បានបើកសម្ដែងថា « ពួកអ្នកណាដែលមានប្រាជ្ញា ហើយបានទទួលសេចក្ដីពិត ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន ហើយដែលពុំត្រូវគេបញ្ឆោត—យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងពុំត្រូវកាប់បោះចោលទៅក្នុងភ្លើងឡើយ ប៉ុន្តែនឹងធន់នៅថ្ងៃនោះ » ។
នេះគឺជាហេតុផលដែលយើងពុំគួរមានចិត្តថប់បារម្ភដោយសារតែភាពជ្រួលច្របល់នាសព្វថ្ងៃនេះ ដោយសារពួកអ្នកដែលនៅក្នុងអគារដ៏ធំ ហើយទូលាយ ដោយសារ ពួកអ្នកដែលចំអកលើការខិតខំដ៏ស្មោះត្រង់ និងការបម្រើដែលមានការលះបង់ចំពោះព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទឡើយ ។ សុទិដ្ឋិនិយម ភាពក្លាហាន រួមទាំងសេចក្ដីសប្បុរសផងដែរ កើតចេញពីដួងចិត្តមួយដែលពុំខ្វល់ខ្វាយពីបញ្ហា ឬភាពជ្រួលច្របល់ឡើយ ។ ប្រធានណិលសុនដែលជាបុគ្គល« មានភាពសុទិដ្ឋិនិយមចំពោះអនាគត » បានរំឭកយើងថា « បើយើងសង្ឃឹមចង់ស្វែងរកអ្វីមួយដែលមានតម្លៃតាមរយៈទស្សនៈជាច្រើន និងទស្សនវិជ្ជារបស់មនុស្សដែលវាយប្រហារដល់សេចក្ដីពិត នោះយើងត្រូវតែរៀនទទួលវិវរណៈ » ។
ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន យើងត្រូវតែដាក់អាទិភាពចំពោះការរស់នៅតាមដំណឹងល្អ និងការលើកទឹកចិត្តឲ្យមានភាពស្មោះត្រង់ និងជីវភាពខាងវិញ្ញាណក្នុងមនុស្សដទៃ ក៏ដូចជាខ្លួនយើងដែរ ។
ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល គឺជាព្យាការីមួយរូប កាលខ្ញុំនៅជាយុវវ័យ ។ កាលពីប៉ុន្មានឆ្នាំមុននេះ បន្ទាប់ពីត្រូវបានហៅជាសាវកមួយរូបមក ខ្ញុំបានរកឃើញភាពសុខសាន្តនៅក្នុងសារលិខិតដំបូងរបស់លោកនៅឯសន្និសីទទូទៅខែតុលា ឆ្នាំ១៩៤៣ ។ លោកមានការថប់បារម្ភដោយសារការហៅរបស់លោក ខ្ញុំយល់ពីអារម្មណ៍នោះ ។ អែលឌើរ ឃឹមបឹលបានមានប្រសាសន៍ថា « ខ្ញុំបានគិត ហើយបានអធិស្ឋានព្រមទាំងបានតមអាហារ ហើយអធិស្ឋានយ៉ាងច្រើន ។ ខ្ញុំមានគំនិតដ៏ច្របូលច្របល់យ៉ាងច្រើន—ដូចជាមានសំឡេងនិយាយមកកាន់ខ្ញុំថា ‹ ឯងធ្វើកិច្ចការនេះពុំកើតទេ ។ ឯងពុំមានភាពស័ក្ដិសមទេ ។ ឯងគ្មានសមត្ថភាពទេ ›—ហើយនៅទីបំផុតខ្ញុំបានមានគំនិតដ៏រីករាយមួយថា ‹ អ្នកត្រូវតែធ្វើកិច្ចការដែលបានចាត់មក—អ្នកត្រូវតែធ្វើឲ្យខ្លួនឯងមានសមត្ថភាព ស័ក្ដិសម ហើយមានគុណសម្បត្តិគ្រប់គ្រាន់ › ។ ប៉ុន្តែវាពុំងាយស្រួលឡើយ » ។
ខ្ញុំត្រូវបានលើកទឹកចិត្តដោយទីបន្ទាល់បរិសុទ្ធចេញពីចិត្តរបស់សាវករូបនេះ ដែលបានក្លាយជាប្រធានទី ១២ នៃសាសនាចក្រដ៏អស្ចារ្យនេះ ។ លោកបានដឹងថា លោកត្រូវបំភ្លេចភាពភ័យខ្លាចរបស់លោក ដើម្បី« ធ្វើកិច្ចការដែលបានចាត់ » ហើយថាលោកត្រូវតែពឹងផ្អែកលើព្រះអម្ចាស់ ដើម្បីទទួលបានកម្លាំងក្នុងការធ្វើឲ្យខ្លួនលោកមាន« សមត្ថភាព ស័ក្ដិសម ហើយមានគុណសម្បត្តិគ្រប់គ្រាន់ » ។ យើងក៏អាចធ្វើបានដែរ ។ វាពុំងាយស្រួលទេ ប៉ុន្តែយើងនឹងប្រឈមវាដោយមានព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ យើងនឹង« ពុំមានចិត្តថប់បារម្ភឡើយ » ដោយសារនៅពេលយើងនៅឈរជាមួយនឹងព្រះអម្ចាស់ ហើយឈរការពារគោលការណ៍របស់ទ្រង់ និងផែនការដ៏អស់កល្បរបស់ទ្រង់ នោះយើងកំពុងឈរនៅក្នុងទីបរិសុទ្ធហើយ ។
ឥឡូវនេះ តើកូនស្រី និងកូនប្រសាររបស់យើងដែលបានសួរសំណួរផ្ទាល់ខ្លួនចេញពីចិត្តកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែមានការភ័យខ្លាចនោះ ទៅជាយ៉ាងណាវិញ? ពួកគេបានពិចារណាយ៉ាងហ្មត់ចត់ចំពោះការសន្ទនារបស់យើងនៅយប់នោះ ពួកគេបានអធិស្ឋាន ហើយបានតមអាហារ ហើយមាននូវការសម្រេចចិត្តរបស់ពួកគេផ្ទាល់ ។ វាជាភាពរីករាយ និងអំណរចំពោះពួកគេ ព្រមទាំងពួកយើងដែលជាលោកតាលោកយាយផងដែរ ឥឡូវនេះពួកគេមានពរដោយមានកូនដ៏ស្រស់ស្អាតប្រាំពីរនាក់ កាលពួកគេឆ្ពោះទៅមុខដោយសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ ។
បងប្អូនប្រុសស្រី សូមមានភាពសុទិដ្ឋិនិយមឡើង ។ ប្រាកដណាស់ យើងរស់នៅក្នុងគ្រាលំបាកណាស់ ប៉ុន្តែកាលណាយើងបន្តដើរនៅលើផ្លូវនៃសេចក្ដីសញ្ញានោះ យើងពុំចាំបាច់ត្រូវភ័យខ្លាចឡើយ ។ ខ្ញុំសូមផ្ដល់ពរជ័យដល់បងប្អូនថា នៅពេលបងប្អូនធ្វើដូច្នោះ បងប្អូននឹងពុំមានចិត្តថប់បារម្ភដោយសារតែគ្រាដែលយើងរស់នៅ ឬបញ្ហាដែលកើតមានក្នុងជីវិតរបស់បងប្អូនឡើយ ។ ខ្ញុំសូមផ្ដល់ពរជ័យដល់បងប្អូនឲ្យជ្រើសរើសឈរនៅក្នុងទីបរិសុទ្ធ ហើយពុំរើឡើយ ។ ខ្ញុំសូមផ្ដល់ពរជ័យដល់បងប្អូនឲ្យជឿលើការសន្យារបស់ព្រះយេស៊ូវគ្រីស្ទ ហើយថាទ្រង់មានព្រះជន្មរស់ ថាទ្រង់កំពុងការពារយើង មើលថែយើង និងកំពុងឈរក្បែរយើង ។ ក្នុងនាមនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនៃយើងគឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។