ការក្លាយជាអ្នកគង្វាលម្នាក់
ខ្ញុំសង្ឃឹមថា ជនដែលបងប្អូនទៅផ្តល់ការងារបម្រើនឹងឃើញថា បងប្អូនគឺជាមិត្តម្នាក់ ហើយដឹងថា បងប្អូនគឺជាអ្នកគាំទ្រ និងជាអ្នកដែលគេអាចទុកចិត្តបាន ។
មួយឆ្នាំមុន កុមារថ្នាក់បឋមសិក្សាម្នាក់ជួបខ្ញុំនៅប្រទេសឈីលីបានធ្វើឲ្យខ្ញុំញញឹម ។ គាត់បាននិយាយថា « ជម្រាបសួរអ្នកមីង ខ្ញុំឈ្មោះដាវីឌ ។ តើអ្នកមីងនឹងនិយាយពីខ្ញុំនៅក្នុងសន្និសីទទូទៅដែរឬទេ ? »
នៅគ្រានោះ ខ្ញុំបានពិចារណាអំពីការស្វាគមន៍ដែលពុំបានរំពឹងទុករបស់ដាវីឌ ។ យើងទាំងអស់គ្នាចង់ឲ្យគេស្គាល់យើង ។ យើងចង់ធ្វើជាមនុស្សសំខាន់ មនុស្សដែលគេចងចាំ និងមនុស្សដែលមានគេស្រឡាញ់រាប់អាន ។
បងប្អូនប្រុសស្រី បងប្អូនគ្រប់រូបមានសារៈសំខាន់ណាស់ ។ ទោះបីជាបងប្អូនពុំត្រូវបានលើកមកនិយាយនៅក្នុងសន្និសីទក្តី ព្រះអង្គសង្គ្រោះស្គាល់ និងស្រឡាញ់បងប្អូន ។ ប្រសិនបើបងប្អូនសង្ស័យថា តើរឿងនោះពិតដែរឬអត់ នោះបងប្អូនត្រូវពិចារណាថា ទ្រង់បាន « ចារិក [ បងប្អូន ] ទុក នៅផ្ទៃព្រះហស្ត [ របស់ទ្រង់ ] ។
ការដឹងថា ព្រះអង្គសង្គ្រោះស្រឡាញ់យើង នោះយើងឆ្ងល់ថា តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ដោយរបៀបណា ?
ព្រះអង្គសង្គ្រោះបានសួរពេត្រុសថា « តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ…? »
ពេត្រុសបានឆ្លើយថា « ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ។ ទ្រង់មានព្រះបន្ទូលទៅលោកថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង » ។
ពេលសួរសំណួរនេះទាំងលើកទីពីរ និងទីបីថា « តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ ? » ពេត្រុសមានចិត្តព្រួយ ប៉ុន្តែបានបញ្ជាក់សេចក្តីស្រឡាញ់របស់លោកថា ៖ « ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង » ។
តើពេត្រុសពុំបានបង្ហាញថា គាត់ជាអ្នកដើរតាមដែលមានក្តីស្រឡាញ់របស់ព្រះគ្រីស្ទទេឬអី ? ចាប់តាំងពីការជួបលើកដំបូងនៅឆ្នេរសមុទ្រមក លោកបានទុកសំណាញ់ចោលទៅតាមព្រះអង្គសង្គ្រោះ « ភ្លាម » ។ ពេត្រុសបានក្លាយជាអ្នកនេសាទមនុស្សដ៏ពិតប្រាកដ ។ លោកបានអមដំណើរជាមួយព្រះអង្គសង្គ្រោះអំឡុងការងារបម្រើផ្ទាល់របស់ទ្រង់ និងជួយបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់មនុស្សដទៃ ។
ប៉ុន្តែឥឡូវព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបានជ្រាបថា ទ្រង់នឹងពុំអាចនៅក្បែរពេត្រុសទៀត ដើម្បីបង្ហាញលោកអំពីរបៀប និងពេលដែលលោកគួរតែបម្រើទៀតឡើយ ។ នៅពេលគ្មានវត្តមានរបស់ព្រះអង្គសង្គ្រោះ ពេត្រុសត្រូវស្វែងរកការណែនាំពីព្រះវិញ្ញាណ ទទួលវិវរណៈដោយខ្លួនលោកផ្ទាល់ រួចមានចិត្តក្លាហាន និងមានសេចក្តីជំនឿដើម្បីធ្វើសកម្មភាព ។ ដោយបានផ្តោតទៅលើចៀមរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះបានប្រាថ្នាឲ្យពេត្រុសធ្វើអ្វីដែលទ្រង់នឹងធ្វើ ប្រសិនបើទ្រង់បានគង់នៅទីនោះ ។ ទ្រង់បានសូមឲ្យពេត្រុសធ្វើជាអ្នកគង្វាលម្នាក់ ។
កាលពីខែមេសា ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ការអញ្ជើញស្រដៀងនេះដល់យើងឲ្យផ្តល់ចំណីដល់ចៀមរបស់ព្រះវរបិតាយើងតាមមធ្យោបាយមួយកាន់តែបរិសុទ្ធ ហើយធ្វើកិច្ចការនេះតាមរយៈការងារបម្រើ ។
ដើម្បីទទួលយកការអញ្ជើញនេះឲ្យមានប្រសិទ្ធភាព យើងត្រូវអភិវឌ្ឍដួងចិត្តជាអ្នកគង្វាល ហើយយល់អំពីតម្រូវការនៃចៀមរបស់ព្រះអម្ចាស់ ។ ដូច្នេះតើយើងក្លាយជាអ្នកគង្វាលដែលព្រះអម្ចាស់ត្រូវការឲ្យយើងប្រែក្លាយយ៉ាងដូចម្តេច ?
ដូចជាសំណួរទាំងអស់ដែរ យើងអាចសម្លឹងទៅកាន់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទថា—ជាអ្នកគង្វាលល្អ ។ ចៀមរបស់ព្រះអង្គសង្គ្រោះត្រូវបានស្គាល់ និងត្រូវបានរាប់ ត្រូវបានមើលថែ និងត្រូវបានប្រមូលចូលក្នុងក្រោលនៃព្រះ ។
ស្គាល់ និងរាប់
នៅពេលយើងព្យាយាមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដំបូងយើងត្រូវស្គាល់ និងរាប់ចៀមរបស់ទ្រង់សិន ។ យើងត្រូវបានចាត់ទៅបុគ្គល និងក្រុមគ្រួសារជាក់លាក់ ដើម្បីមើលថែ ដើម្បីយើងមានទំនុកចិត្តថា ហ្វូងចៀមរបស់ព្រះអម្ចាស់ទាំងអស់ត្រូវបានរាប់ ហើយគ្មាននរណាម្នាក់ត្រូវបានបំភ្លេចឡើយ ។ ប៉ុន្តែការរាប់នេះពុំមែនគ្រាន់តែជាការរាប់ចំនួននោះទេ វាជាការប្រាកដថា បុគ្គល គ្រប់រូប ទទួលក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះតាមរយៈបុគ្គលដែលទៅបម្រើ ជំនួស ទ្រង់ ។ តាមវិធីនោះ មនុស្សទាំងអស់អាចដឹងថា ពួកគេត្រូវបានស្គាល់ដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងដែលគង់នៅស្ថានសួគ៌ ។
ថ្មីៗនេះ ខ្ញុំបានជួបយុវនារីម្នាក់ដែលត្រូវបានចាត់ឲ្យផ្តល់ការងារបម្រើដល់បងស្រីម្នាក់ដែលមានអាយុច្រើនជាងគាត់ជិតប្រាំដង ។ ជួបគ្នាយូរៗទៅ ពួកគេបានរកឃើញថា ពួកគេចូលចិត្តតន្ត្រីដូចគ្នា ។ ពេលយុវនារីនេះទៅសួរសុខទុក្ខ ពួកគេច្រៀងចម្រៀងជាមួយគ្នា ហើយពួកគេចែកចាយចំណង់ចំណូលចិត្តពួកគេ ។ ពួកគេកំពុងបង្កើតមិត្តភាពមួយដែលផ្តល់ពរដល់ជីវិតពួកគេទាំងពីរនាក់ ។
ខ្ញុំសង្ឃឹមថា ជនដែលបងប្អូនទៅផ្តល់ការងារបម្រើនឹងឃើញថា បងប្អូនគឺជាមិត្តម្នាក់ ហើយដឹងថា បងប្អូនគឺជាអ្នកគាំទ្រ និងជាអ្នកគេអាចទុកចិត្តបាន—ជាមនុស្សម្នាក់ដែលដឹងអំពីស្ថានភាពពួកគេ ហើយជួយជ្រោមជ្រែងពួកគេនៅក្នុងសេចក្តីសង្ឃឹម និងបំណងប្រាថ្នារបស់ពួកគេ ។
ថ្មីៗនេះ ខ្ញុំបានទទួលការចាត់តាំងមួយឲ្យផ្តល់ការងារបម្រើដល់បងស្រីម្នាក់ដែលពុំមែនជាដៃគូខ្ញុំ ហើយខ្ញុំក៏ពុំស្គាល់គាត់ផងដែរ ។ ពេលខ្ញុំបានពិភាក្សាគ្នាជាមួយ ចេស ដែលជាដៃគូធ្វើការងារបម្រើរបស់ខ្ញុំដែលមានអាយុ ១៦ ឆ្នាំ នោះនាងបានផ្តល់យោបល់ដ៏ឆ្លាតវៃថា « យើងត្រូវតែរៀនស្គាល់គាត់សិន » ។
យើងបានសម្រេចចិត្តភ្លាមថា យើងថតរូបសែលហ្វី រួចហើយផ្ញើសារណែនាំខ្លួនយើងឲ្យគាត់ស្គាល់ ។ ខ្ញុំបានកាន់ទូរសព្ទ ហើយចេសបានចុចប៊ូតុងថតរូប ។ ឱកាសដំបូងនៃការផ្តល់ការងារបម្រើរបស់យើងគឺកិច្ចការនៃភាពជាដៃគូរបស់យើង ។
នៅក្នុងការសួរសុខទុក្ខលើកដំបូងរបស់យើង យើងបានសួរបងស្រីនោះ ប្រសិនបើគាត់មានអ្វីដែលយើងអាចអធិស្ឋានសម្រាប់គាត់ ។ គាត់បានចែកចាយឧបសគ្គផ្ទាល់ខ្លួនដោយរាបសា ហើយបាននិយាយថា គាត់ចង់ឲ្យយើងអធិស្ឋានសម្រាប់គាត់ ។ ភាពស្មោះត្រង់ និងទំនុកចិត្តរបស់គាត់បានបង្កើតឲ្យមានចំណងនៃសេចក្តីស្រឡាញ់មួយភ្លាមៗ ។ ឱវាជាឯកសិទ្ធិល្អអ្វីម៉្លេះដើម្បីចងចាំចៀមរបស់ទ្រង់នៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់យើង ។
នៅពេលបងប្អូនអធិស្ឋាន បងប្អូននឹងទទួលសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ជនដែលបងប្អូនផ្តល់ការងារបម្រើ ។ សូមចែកចាយសេចក្តីស្រឡាញ់នោះជាមួយពួកគេ ។ តើមានរបៀបណាដែលប្រសើរជាងនេះដើម្បីផ្តល់ចំណីដល់ចៀមរបស់ទ្រង់ក្រៅពីជួយពួកគេឲ្យទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ទ្រង់—តាមរយៈបងប្អូននោះ ?
មើលថែ
របៀបទីពីរដើម្បីអភិវឌ្ឍដួងចិត្តនៃអ្នកគង្វាលនោះគឺ ត្រូវមើលថែចៀមរបស់ទ្រង់ ។ ក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងអាចបន្តទៅមុខ ជួសជុល កែលម្អ និងសាងឡើងវិញនូវអ្វីគ្រប់យ៉ាង ។ យើងរហ័សនឹងជួបមនុស្សទ័លក្រជាមួយនឹងជំនួយ ឬនំឃុកឃីមួយចាន ។ ប៉ុន្តែតើមានអ្វីលើសពីនោះដែរទេ ?
តើចៀមរបស់យើងដឹងថា យើងកំពុងមើលថែពួកគេដោយក្តីស្រឡាញ់ ហើយយើងនឹងចាត់វិធានការជួយដែរទេ ?
នៅក្នុង ម៉ាថាយ ២៥ យើងអានថា ៖
« ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរតកចុះ គឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នា…៖
ពីព្រោះយើងបានឃ្លានហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង ៖ …
នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំ បានឃើញ ទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា ?
តើយើងខ្ញុំ បានឃើញ ទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ? »
បងប្អូនប្រុសស្រី ពាក្យគន្លឹះនោះគឺ បានឃើញ ។ ជនសុចរិតបានឃើញមនុស្សទាំងនោះមានការខ្វះខាត ដោយសារពួកគេកំពុងមើល និងកត់សម្គាល់ ។ យើងក៏អាចធ្វើជាភ្នែកជាច្រមុះដើម្បីជួយ និងលួងលោម សាទរ និងមើលឃើញសូម្បីតែក្តីសុបិនរបស់ពួកគេ ។ ពេលយើងធ្វើដូច្នេះ យើងអាចត្រូវបានបញ្ជាក់អះអាងអំពីការសន្យានៅក្នុងម៉ាថាយថា ៖ « ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ…នោះឈ្មោះថា បានធ្វើដល់យើងដែរ » ។
មានមិត្តម្នាក់—យើងហៅគាត់ថាចន—បានចែកចាយអ្វីដែលអាចកើតឡើង នៅពេលយើងមើលឃើញតម្រូវការដែលពុំសូវឃើញជាក់ស្តែង ៖ « ស្ត្រីម្នាក់នៅក្នុងវួដខ្ញុំបានប៉ងធ្វើអត្តឃាត ។ ពីរខែក្រោយមក ខ្ញុំបានឃើញថា គ្មាននរណាម្នាក់នៅក្នុងកូរ៉ុមខ្ញុំបានទៅជួបស្វាមីរបស់ស្ត្រីរូបនោះ ដើម្បីនិយាយពីរឿងដ៏សោកនាដ្ឋកម្មនេះទេ ។ គួរឲ្យស្តាយណាស់ ខ្ញុំក៏ពុំបានសាកសួរដែរ ។ ទីបំផុត ខ្ញុំបានសូមស្វាមីគាត់មកបរិភោគអាហារថ្ងៃត្រង់ជាមួយខ្ញុំ ។ ជារឿយៗ គាត់ជាមនុស្សខ្មាសអៀន ។ ប៉ុន្តែពេលខ្ញុំបាននិយាយថា ‹ ភរិយារបស់លោកប៉ងធ្វើអត្តឃាត ។ រឿងនេះអាចធ្វើឲ្យលោកពិបាកចិត្ត ។ តើលោកចង់និយាយអំពីរឿងនេះទេ ? › គាត់បានទ្រហោយំឡើង ។ យើងមានការសន្ទនាមួយដ៏រំជួលចិត្ត និងស្និទ្ធស្នាល ហើយយើងបានមានភាពជិតស្និទ្ធ និងទំនុកចិត្តមួយដ៏អស្ចារ្យក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ » ។
ចនបានបន្ថែមថា « ខ្ញុំគិតថា ទំនោរចិត្តរបស់យើងគឺគ្រាន់តែចង់ធ្វើល្អ ជាជាងចង់យល់ពីរបៀបដោះស្រាយស្ថានភាពនានាដោយស្មោះត្រង់ និងក្តីស្រឡាញ់ » ។
ចៀមរបស់យើងអាចឈឺចាប់ បាត់បង់ ឬវង្វេងដោយចេតនា តែក្នុងនាមជាអ្នកគង្វាលរបស់ពួកគេ នោះយើងអាចនៅក្នុងចំណោមមនុស្សដំបូងគេដើម្បីមើលឃើញសេចក្តីត្រូវការរបស់ពួកគេ ។ យើងអាចស្តាប់ ហើយស្រឡាញ់ដោយគ្មានការវិនិច្ឆ័យ ហើយផ្តល់ក្តីសង្ឃឹម និងជំនួយដោយការណែនាំញែកឲ្យដឹងពីព្រះវិញ្ញាណបរិសុទ្ធ ។
បងប្អូនប្រុសស្រី ពិភពលោកនេះកាន់តែពោរពេញដោយក្តីសង្ឃឹម និងអំណរ ដោយសារទង្វើដ៏បំផុសគំនិតនៃសន្តានចិត្តល្អដែលបងប្អូនធ្វើ ។ ពេលបងប្អូនស្វែងរកការណែនាំពីព្រះអម្ចាស់អំពីរបៀបបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ហើយមើលឃើញតម្រូវការនៃអស់អ្នកដែលបងប្អូនផ្តល់ការងារបម្រើ នោះភ្នែករបស់បងប្អូននឹងបានបើកឡើង ។ ការចាត់តាំងទៅធ្វើការងារបម្រើដ៏ពិសិដ្ឋរបស់បងប្អូនផ្តល់សិទ្ធិដ៏ទេវភាពដើម្បីទទួលការបំផុសគំនិតដល់បងប្អូន ។ បងប្អូនអាចស្វែងរកការបំផុសគំនិតនោះដោយទំនុកចិត្ត ។
បានបម្រូលទុកទៅក្នុងក្រោលនៃព្រះ
ទីបី យើងចង់ឲ្យចៀមយើងត្រូវបានបម្រូលទុកទៅក្នុងក្រោលនៃព្រះ ។ ដើម្បីធ្វើដូច្នោះ យើងត្រូវពិចារណាអំពីការរីកចម្រើនរបស់ពួកគេនៅលើផ្លូវនៃសេចក្តីសញ្ញា និងមានឆន្ទៈដើរជាមួយពួកគេនៅលើផ្លូវនៃសេចក្តីជំនឿរបស់ពួកគេ ។ យើងមានឯកសិទ្ធិមួយដ៏ពិសិដ្ឋ ដើម្បីស្គាល់ចិត្តពួកគេ ហើយដឹកនាំពួកគេទៅរកព្រះអង្គសង្គ្រោះរបស់យើង ។
បងស្រីហូស៊ីវីនីនៅប្រទេសហ្វីជីមានការលំបាកនឹងមើលឃើញផ្លូវរបស់គាត់នៅផ្លូវនៃសេចក្តីសញ្ញា—គឺពិបាកណាស់ ។ មិត្តភក្ដិរបស់គាត់បានឃើញថា ហូស៊ីវីនីមានភ្នែកងងឹតពិបាកនឹងអានព្រះគម្ពីរ ។ មិត្តនោះបានឲ្យវ៉ែនតាអានអក្សរថ្មីមួយគូទៅហូស៊ីវីនី និងខ្មៅដៃពណ៌លឿងភ្លឺមួយ ដើម្បីគូសចំណាំគ្រប់ខគម្ពីរដែលថ្លែងពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះគម្ពីរមរមន ។ បំណងប្រាថ្នាដ៏សាមញ្ញមួយដើម្បីចាប់ផ្តើមធ្វើការងារបម្រើ និងជួយឲ្យសិក្សាព្រះគម្ពីរកើតចេញជាលទ្ធផល ដែលធ្វើឲ្យហូស៊ីវីនីចូលរួមព្រះវិហារបរិសុទ្ធជាលើកដំបូងរបស់គាត់គឺ ២៨ ឆ្នាំបន្ទាប់ពីគាត់ជ្រមុជទឹក ។
ទោះបីជាចៀមយើងរឹងមាំ ឬទន់ខ្សោយ រីករាយ ឬឈឺចាប់ក្តី យើងត្រូវប្រាកដថា គ្មាននរណាម្នាក់មានអារម្មណ៍ឯកោឡើយ ។ យើងអាចស្រឡាញ់ពួកគេ ទោះពួកគេមានជីវភាពខាងវិញ្ញាណយ៉ាងណាក៏ដោយ ហើយផ្តល់ការគាំទ្រ និងការលើកទឹកចិត្តពួកគេឲ្យបោះជំហានទៅមុខ ។ ពេលយើងអធិស្ឋាន និងព្យាយាមយល់ចិត្តរបស់ពួកគេ នោះខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌នឹងដឹកនាំយើង ហើយព្រះវិញ្ញាណទ្រង់នឹងគង់នៅជាមួយយើង ។ យើងមានឱកាសដើម្បីធ្វើជា « ពួកទេវតានៅព័ទ្ធជុំវិញពួកគេ » នៅពេលទ្រង់យាងទៅមុខពួកគេ ។
ព្រះអម្ចាស់អញ្ជើញយើងឲ្យផ្ដល់ចំណីឲ្យចៀមរបស់ទ្រង់ ឲ្យមើលថែហ្វូងចៀមទ្រង់ដូចទ្រង់បានធ្វើ ។ ទ្រង់អញ្ជើញយើងឲ្យធ្វើជាអ្នកគង្វាលដល់គ្រប់ជាតិសាសន៍ គ្រប់ប្រទេស ។ ( ហើយមែនហើយប្រធានអុជដុហ្វ យើងចូលចិត្ត និងត្រូវការសុនកអាល្លឺម៉ង់ណាស់ ) ។ ហើយទ្រង់សព្វព្រះទ័យឲ្យយុវវ័យចូលរួមនៅក្នុងបុព្វហេតុនេះ ។
យុវវ័យរបស់យើងអាចក្លាយជាអ្នកគង្វាលដ៏រឹងប៉ឹងបំផុតរបស់យើង ។ ដូចប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ពួកគេនៅក្នុង « ចំណោមមនុស្សល្អបំផុតដែលព្រះអម្ចាស់ បាន បញ្ជូនមកកាន់លោកិយនេះ » ។ ពួកគេគឺជា « វិញ្ញាណដ៏អស្ចារ្យបំផុត», ជា« ក្រុមដ៏ល្អបំផុត » ដែលដើរតាមព្រះអង្គសង្គ្រោះ ។ តើអ្នកអាចស្រមៃឃើញអំណាចដែលអ្នកគង្វាលបែបនោះនឹងកើតមាន ពេលពួកគេមើលថែចៀមរបស់ទ្រង់ដែរឬទេ ? ដោយចេញទៅធ្វើការងារបម្រើជាមួយយុវវ័យទាំងនេះ នោះយើងនឹងឃើញពីការណ៍អស្ចារ្យនេះ ។
យុវជនយុវនារីអើយយើងត្រូវការក្មួយៗ ! ប្រសិនបើក្មួយៗពុំទាន់មានការចាត់តាំងឲ្យទៅធ្វើការងារបម្រើទេ សូមទៅជួបជាមួយប្រធានសមាគមសង្គ្រោះ ឬប្រធានកូរ៉ុមអែលឌើររបស់ក្មួយ ។ ពួកគាត់នឹងរីករាយព្រោះតែឆន្ទៈរបស់ក្មួយៗដើម្បីប្រាកដថា ចៀមរបស់ទ្រង់ត្រូវបានស្គាល់ និងរាប់ មើលថែ ព្រមទាំងបានប្រមូលវាចូលក្នុងក្រោកនៃព្រះ ។
នៅពេលថ្ងៃនោះមកដល់ យើងនឹងលុតជង្គង់នៅព្រះបាទារបស់ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង ដោយបានបីបាច់ហ្វូងចៀមទ្រង់ នោះខ្ញុំសូមអធិស្ឋានថា យើងអាចឆ្លើយដូចពេត្រុសបានឆ្លើយថា ៖ « ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ » ។ ចៀមរបស់ទ្រង់ទាំងនេះត្រូវបាន ស្រឡាញ់ ពួកគេ មានសុវត្ថិភាព ហើយពួកគេ បានទៅផ្ទះវិញ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។