ការក្លាយជាពួកបរិសុទ្ធថ្ងៃចុងក្រោយគំរូ
ខ្ញុំសូមបន្សល់ទុកសេចក្ដីស្រឡាញ់ និងពរជ័យដល់បងប្អូន ដើម្បីបងប្អូនអាចទទួលទានព្រះបន្ទូលនៃព្រះអម្ចាស់ ហើយអនុវត្តតាមការបង្រៀនរបស់ទ្រង់នៅក្នុងជីវិតរស់នៅផ្ទាល់ខ្លួនរបស់បងប្អូន ។
នេះគឺជាសន្និសីទដ៏បំផុសគំនិត និងជាប្រវត្តិសាស្ត្រមួយ ។ យើងមើលទៅអនាគតដោយភាពសុទិដ្ឋិនិយម ។ យើងត្រូវបានលើកទឹកចិត្ត ធ្វើ ឲ្យល្អប្រសើរ ហើយ ក្លាយជា មនុស្សកាន់តែល្អប្រសើរ ។ សារលិខិតដ៏អស្ចារ្យរបស់អ្នកមានសិទ្ធិអំណាចទូទៅ និងអ្នកមានតំណែងទូទៅ ដែលបានថ្លែងចេញពីវេទិកានេះ ព្រមទាំងតន្ត្រីគឺវិសេសវិសាលណាស់ ! ខ្ញុំសូមជំរុញទឹកចិត្តបងប្អូនឲ្យសិក្សាសារលិខិតទាំងនេះ ដោយចាប់ផ្ដើមពីសប្ដាហ៍នេះតទៅ ។ សារលិខិតទាំងនេះប្រាប់អំពីព្រះទ័យ និងព្រះឆន្ទៈរបស់ព្រះអម្ចាស់ចំពោះរាស្ត្រទ្រង់នៅពេលបច្ចុប្បន្ននេះ ។
កម្មវិធីសិក្សាបញ្ចូលគ្នាថ្មីដែលផ្ដោតទៅលើគេហដ្ឋាន មានការគាំទ្រពីសាសនាចក្រ មានសក្ដានុពលដើម្បីបើកសម្ដែងឡើងនូវអំណាចនៃគ្រួសារ នៅពេលគ្រួសារនីមួយៗធ្វើតាមកម្មវិធីនោះប្រកបដោយមនសិកា និងដោយយកចិត្តទុកដាក់ ដើម្បីផ្លាស់ប្រែគេហដ្ឋានរបស់ពួកគេទៅជាទីបរិសុទ្ធនៃសេចក្ដីជំនឿ ។ ខ្ញុំសន្យាថា នៅពេលបងប្អូនធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីរៀបចំគេហដ្ឋានរបស់បងប្អូនឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ នោះយូរៗទៅថ្ងៃឈប់សម្រាករបស់បងប្អូន នឹងបានជាទីរីករាយចិត្តយ៉ាងពិតប្រាកដ ។ កូនចៅរបស់បងប្អូន នឹងមានចិត្តរំភើបក្នុងការរៀន និងរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយឥទ្ធិពលរបស់មារសត្រូវនៅក្នុងជីវិត របស់បងប្អូន និងគេហដ្ឋាន របស់បងប្អូន នឹងត្រូវសាបរលាប ។ ការផ្លាស់ប្ដូរនៅក្នុងគ្រួសាររបស់បងប្អូននឹងមានយ៉ាងខ្លាំង និងរឹងមាំ ។
អំឡុងសន្និសីទនេះ យើងត្រូវបានពង្រឹងការតាំងចិត្តរបស់យើងដើម្បីប្រតិបត្តិកិច្ចខិតខំដ៏សំខាន់ក្នុងការគោរពតាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទគ្រប់ ពេលវេលា ដែលយើងថ្លែងពីសាសនាចក្ររបស់ទ្រង់ ។ ខ្ញុំសន្យានឹងបងប្អូនថា ការយកចិត្តទុកដាក់ដ៏ខ្លាំងបំផុតរបស់យើងដើម្បីប្រើប្រាស់ឈ្មោះសាសនាចក្រនៃព្រះអង្គសង្គ្រោះ និងឈ្មោះសមាជិកនៃសាសនាចក្រនេះឲ្យត្រឹមត្រូវ នឹងនាំឲ្យចម្រើនដល់សេចក្ដីជំនឿ ហើយអាចទទួលបាននូវអំណាចខាងវិញ្ញាណកាន់តែខ្លាំងសម្រាប់សមាជិកនៃសាសនាចក្ររបស់ទ្រង់ ។
ឥឡូវចូរបង្វែរទៅកាន់ប្រធានបទអំពីព្រះវិហារបរិសុទ្ធ ។ យើងដឹងថាពេលវេលារបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធគឺសំខាន់ចំពោះសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើង និងក្រុមគ្រួសាររបស់យើង ។
បន្ទាប់ពីយើងទទួលបានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួន ហើយចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយនឹងព្រះរួចហើយ យើងម្នាក់ៗត្រូវការកម្លាំង និងការបង្រៀនខាងវិញ្ញាណជានិច្ច ដែលវាអាចមាន តែ នៅក្នុងដំណាក់នៃព្រះអម្ចាស់ប៉ុណ្ណោះ ។ ហើយជីដូនជីតារបស់យើងត្រូវការយើងធ្វើពិធីជំនួសឲ្យពួកគាត់ ។
សូមពិចារណាអំពីសេចក្ដីមេត្តាករុណា និងភាពយុត្តិធម៌ដ៏ធំរបស់ព្រះ ដែលទ្រង់បានប្រទានផ្លូវមួយដើម្បីប្រទានពរជ័យក្នុងព្រះវិហារបរិសុទ្ធទៅដល់អស់អ្នកដែលបានស្លាប់ដោយពុំទទួលបានចំណេះដឹងនៃដំណឹងល្អ ចាប់តាំងពីមុនកំណើតនៃលោកិយមកម៉្លេះ ។ ពិធីដ៏ពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធទាំងនេះគឺមានតាំងពីបុរាណ ។ ចំពោះរូបខ្ញុំ ពិធីពីបុរាណគឺជារឿងគួរឲ្យរំភើប និងជាភស្ដុតាងមួយទៀតអំពីភាពដើមរបស់វា ។
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ ការវាយប្រហាររបស់មារសត្រូវកំពុងតែមានភាពខ្លាំងឡើងៗយ៉ាងក្លៀវក្លា និងមានគ្រប់មធ្យោបាយ ។ តម្រូវការរបស់យើងដើម្បីនៅក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ គឺចាំបាច់នៅក្នុងពេលនេះជាងពេលណាៗទាំងអស់ ។ ខ្ញុំសូមអង្វរបងប្អូនឲ្យពិចារណាទៅលើការចំណាយពេលវេលារបស់បងប្អូនប្រកបដោយការអធិស្ឋាន ។ សូមចំណាយពេលសម្រាប់អនាគត និងគ្រួសាររបស់បងប្អូន ។ បើបងប្អូនមានព្រះវិហារបរិសុទ្ធនៅជិតបងប្អូន ខ្ញុំសូមជំរុញចិត្តបងប្អូនឲ្យស្វែងរករបៀបមួយដើម្បីធ្វើការណាត់ជួបនឹងព្រះអម្ចាស់ជាទៀងទាត់—ដើម្បីនៅក្នុងព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់— បន្ទាប់មកបន្តការណាត់ជួបនោះដោយត្រឹមត្រូវ និងអំណរ ។ ខ្ញុំសន្យានឹងបងប្អូនថា ព្រះអម្ចាស់នឹងនាំអព្ភូតហេតុដែលទ្រង់បានញាណដឹងថា បងប្អូនត្រូវការ នៅពេលបងប្អូនធ្វើការលះបង់ដើម្បីបម្រើ និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
បច្ចុប្បន្ន យើងមានព្រះវិហារបរិសុទ្ធចំនួន ១៥៩ ដែលបានឧទ្ទិសឆ្លងរួច ។ ការថែរក្សា និងការថែទាំដ៏ត្រឹមត្រូវចំពោះព្រះវិហារបរិសុទ្ធទាំងនោះគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះយើង ។ កាលពេលវេលាចេះតែកន្លងទៅ នោះព្រះវិហារបរិសុទ្ធត្រូវតម្រូវឲ្យមានភាពស្រស់ស្អាត និងបន្តដំណើរការជានិច្ច ។ ដើម្បីសម្រេចកិច្ចការនោះ ឥឡូវនេះ មាននូវគម្រោងការដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាពលើព្រះវិហារបរិសុទ្ធ សលត៍ លេក និងព្រះវិហារបរិសុទ្ធផ្សេងទៀតនៅជំនាន់ត្រួសត្រាយ ។ ព័ត៌មានលំអិតអំពីគម្រោងទាំងនេះនឹងត្រូវបានចែកចាយ នៅពេលវាត្រូវបានបង្កើតឡើង ។
ថ្ងៃនេះយើងរីករាយដើម្បីប្រកាសនូវគម្រោងសាងសង់ព្រះវិហារបរិសុទ្ធចំនួន ១២ បន្ថែមទៀត ។ ព្រះវិហារបរិសុទ្ធទាំងនោះនឹងសាងសង់នៅទីតាំងដូចតទៅនេះ ទីក្រុងមែនដូស្សា ប្រទេសអាហ្សង់ទីន, ទីក្រុងសាលវ៉ាឌ័រ ប្រទេសប្រេស៊ីល, ទីក្រុងយ៉ូបា រដ្ឋ កាលីហ្វ័រញ៉ា, ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា, ទីក្រុងប្រាអៀ ប្រទេស ខេប វើរឌី, ទីក្រុងយីហ្គូ ប្រទេសហ្គោម, ទីក្រុងហ្វើប្លា ប្រទេសម៉ិកស៊ិក, ទីក្រុងអូក្លែន ប្រទេសណូវែលសេឡង់, ទីក្រុងឡាហ្គូស ប្រទេសនីសេរីយ៉ា, ទីក្រុងដាវ៉ោ ប្រទេសហ្វីលីពីន, ទីក្រុង សាន ហ័ន ប្រទេស ពើតូ រីកូ, និងទីក្រុងវ៉ាស៊ីងតុង រដ្ឋយូថាហ៍ ។
ការសងសង់ និងការថែទាំព្រះវិហារបរិសុទ្ធពុំអាចផ្លាស់ប្ដូរជីវិតរបស់បងប្អូនទេ ប៉ុន្តែការចំណាយពេលរបស់បងប្អូននៅក្នុងព្រះវិហារបរិសុទ្ធនឹងផ្លាស់ប្ដូរជីវិតបងប្អូនដ៏ពិត ។ ចំពោះបងប្អូនដែលបានអវត្តមានទៅព្រះវិហារបរិសុទ្ធជាយូរ ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យរៀបចំខ្លួន ហើយត្រឡប់មកវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។ បន្ទាប់មកខ្ញុំអញ្ជើញបងប្អូនឲ្យថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ហើយអធិស្ឋានដើម្បីដឹងក្នុងចិត្តពីសេចក្ដីស្រឡាញ់ដ៏និរន្ដររបស់ព្រះអង្គសង្គ្រោះចំពោះបងប្អូន ដើម្បីបងប្អូនម្នាក់ៗអាចទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនថា ទ្រង់ដឹកនាំកិច្ចការដ៏ពិសិដ្ឋ និងជានិរន្ដរនេះដោយផ្ទាល់ ។
បងប្អូនប្រុសស្រី ខ្ញុំសូមអរគុណចំពោះសេចក្ដីជំនឿ និងកិច្ចខិតខំគាំទ្ររបស់បងប្អូន ។ ខ្ញុំសូមបន្សល់ទុកសេចក្ដីស្រឡាញ់ និងពរជ័យដល់បងប្អូន ដើម្បីបងប្អូនអាចទទួលទានព្រះបន្ទូលនៃព្រះអម្ចាស់ ហើយអនុវត្តតាមការបង្រៀនរបស់ទ្រង់នៅក្នុងជីវិតរស់នៅផ្ទាល់ខ្លួនរបស់បងប្អូន ។ ខ្ញុំសូមអះអាងនឹងបងប្អូនថា វិវរណៈបន្ដមាននៅក្នុងសាសនាចក្រនេះ ហើយនឹងបន្ដរហូតដល់ « គោលបំណងរបស់ព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមា នឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ » ។
ខ្ញុំសូមផ្តល់ពរដល់បងប្អូនឲ្យចម្រើនសេចក្ដីជំនឿទៅលើទ្រង់ និងកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់ ហើយមានសេចក្ដីជំនឿ និងការអត់ធ្មត់ដើម្បីស៊ូទ្រាំនឹងឧបសគ្គផ្ទាល់ខ្លួននៅក្នុងជីវិតរបស់បងប្អូន ។ ខ្ញុំសូមផ្តល់ពរដល់បងប្អូនឲ្យក្លាយជាពួកបរិសុទ្ធថ្ងៃចុងក្រោយគំរូ ។ ខ្ញុំសូមផ្តល់ពរដល់បងប្អូន ហើយថ្លែងទីបន្ទាល់របស់ខ្ញុំថា ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ! នេះគឺជាសាសនាចក្ររបស់ទ្រង់ ។ ពួកយើងគឺជារាស្ត្ររបស់ទ្រង់ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។